រឿងបែកធ្លាយមិនទាន់ចប់ទេ​ ពេលនេះ វីវរហើយ មហាជនចង់ឲ្យប៉ាយ៉ែម និង ម៉ែយែម ចេញមុខលាតត្រដាងជំនួញផ្លូវភេទជាមួយលោក ហ៊ុន ម៉ានី

អតីត​ប្រធាន​សមាគម​សិល្បករ​មួយ​រូប ព្រួយបារម្ភ​អំពី​វប្បធម៌ ដឹក​ញី​ប្រ​ស៊ី​ឈ្មោល ដែល​កំពុង​ចាក់​ឬ​ស​ជ្រៅ ក្នុង​ក្រុម​សិល្ប​ការិនី ឬ​ពិភព​តារា​ក្មេង​ៗ និង​ក្រុម​អ្នកមាន​លុយ មាន​អំណាច ក្នុង​របប​លោក ហ៊ុន សែន​។ លោក​យល់​ថា វប្បធម៌​ដែល​កំពុង​កើត​មាន ដូច​សព្វ​ថ្ងៃនេះ បាន​ជះ​ឥទ្ធិពល​អាក្រក់​ជាទី​បំផុត ដល់​វិស័យ​សិល្បៈ​ខ្មែរ​។ ទោះជា​យ៉ាងណា​ក៏​ដោយ សមត្ថកិច្ច​របស់​កម្ពុជា​អះអាង​ថា ពួក​គេ គ្មាន​វិធាន​អ្វី​ទាំងអស់​ចំពោះ​បញ្ហា​នេះ​។

loading...

អតីត​ប្រធាន​សមាគម​សិល្បៈ​នៅ​កម្ពុជា លោក សុះ ម៉ាច បាន​ជំរុញ​ឲ្យ​កញ្ញា ឌួ​ង ហ្សូ​រី​ដា ចេញពី​មុខ​បកស្រាយ​អំពី​ព័ត៌មាន​ដែល​បែកធ្លាយ​តាម បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) ថា តារា​រូប​នេះ​ជា​ឈ្មួញកណ្ដាល រកស៊ី​លក់​ក្រមុំ​ព្រហ្មចារី​ឲ្យ​លោក ហ៊ុន ម៉ា​នី កូនប្រុស​របស់​លោក ហ៊ុន សែន​។

លោក​បន្ត​ថា ករណី​រឿងអាស្រូវ​ជួញដូរ​ផ្លូវភេទ​ក្នុង​ចំណោម​សិល្ប​ការិនី ដូច្នេះ បាន​ធ្វើ​ឲ្យ​ប៉ះទង្គិច​ខ្លាំង​ដល់ កេរ្តិ៍ឈ្មោះ​របស់​សិល្បករ ឬ​សិល្ប​ការិនី ដទៃ​ទៀត​ដែល​ជា​អ្នក​ស្អាតស្អំ​ក្នុង​បញ្ហា​នេះ​៖ «​បើសិនជា​រឿង​នេះ ប៉ះពាល់​កិត្តិយស​របស់​គាត់ ត្រូវ​ចេញ​មុខ​បកស្រាយ យ៉ាង​ហោច​ណាស់​ក៏​មាន​សមាគម សិល្បៈ មាន​ក្រសួង វប្បធម៌​។ គាត់​អាច​ធ្វើ​លិខិត​ទៅ​ក្រសួង​វប្បធម៌​ដើម្បី​រក​ដំណោះស្រាយ គាត់​អាច​រក​ជំនួយ​ផ្លូវច្បាប់​ដើម្បី​ជួយ​ដោះស្រាយ​រក​យុត្តិធម៌​ឲ្យ​ពួក​គាត់​។ គាត់​មិន​អាច​សម្ងំ​បាន​ទេ ដើម្បី​បង្ហាញ​ថា គាត់​ជា​អ្នក​ស្អាតស្អំ គឺ​ត្រូវ​តែ​បង្ហាញ​»​។

loading...

ការ​អះអាង​របស់​លោក សុះ ម៉ាច សិល្បករ​ជើង​ចាស់ និង​ជា​អតីត​ប្រធាន​សមាគម​សិល្បៈ​រូប​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ក្រុម​ជនអនាមិក ឬ​ហៅ​ថា ហែ​គ​ឃើ​រ (Hacker) កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ បាន​លួច​ចូល គ្រប់គ្រង​គណនី​ហ្វេ​ស​ប៊ុ​ក (Facebook) របស់​លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​កូនប្រុស​របស់​លោក ហ៊ុន សែន ដែល​បាន​លាតត្រដាង​ខ្ទេចខ្ទី​គ្មាន​សល់ បង្ហាញ​ថា កញ្ញា ឌួ​ង ហ្សូ​រី​ដា ជា​ឈ្មួញកណ្ដាល ឬ​ភាសា​សាមញ្ញ ហៅ​ថា ម៉ែ​យ៉ែ​ម ក្នុង​ការ​រក​ស្រី​ក្រមុំ​ព្រហ្មចារី​ដើម្បី បម្រើ​តណ្ហា​ផ្លូវភេទ របស់​លោក ហ៊ុន ម៉ា​នី​។

អាស៊ី​សេរី​បាន​ព្យាយាម​ទូរស័ព្ទ​ជា​ច្រើន​លើក​ច្រើន​សា​ទៅ​កាន់​កញ្ញា ឌួ​ង ហ្សូ​រី​ដា ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​ករណី​បែកធ្លាយ នៃ​ការ​ជួញដូរ​ផ្លូវភេទ របស់​កញ្ញា​រូប​នេះ​ដែរ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប​អ្វី​នោះ​ឡើយ​។

ទោះជា​យ៉ាងណា​ក៏​ដោយ លោក សុះ ម៉ាច ទទួលស្គាល់​ថា នៅ​កម្ពុជា ពិតជា​មានការ​ធ្វើ​បញ្ជី​ឈ្មោះ និង​តារាង​តម្លៃ​ខ្លួន​សិល្ប​ការិនី​ទៅ​តាម​ហាងឆេង​នៃ​ទីផ្សារ​តារា សម្រាប់​បំរើ​ការ​សប្បាយ​ដល់​ក្រុម​អ្នកមាន លុយ និង​មាន​អំណាច​៖ «​ខ្ញុំ​មិន​និយាយ​ថា រឿង​របស់​កញ្ញា ដួង ហ្សូ​រី​ដា ពិត​ឬ​មិន​ពិត​ទេ ប៉ុន្តែ​មាន​ករណី​តារា​មួយ​ចំនួន​ដែល​ខ្ញុំ​មិន​ហ៊ាន​បញ្ចេញ​អត្តសញ្ញាណ របស់​គាត់​ទេ​។ វា​មាន​បញ្ជី​ឈ្មោះ​មានអី​កន្លង​មក​។ គេ​មិន​អាច​បដិសេធ​រឿង​នេះ​បាន​ទេ​»​។

កាលពី​ឆ្នាំ​២០១៣ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ថៅកែ​ហាង​កែ​សម្ផស្ស មី​កា​ហ្សា របស់​សិល្ប​ការិនី​ម្នាក់​ឈ្មោះ ជិន ស្រី​មុ​ច ហៅ ចែ មុំ ពី​បទ​ជួញដូរ​ផ្លូវភេទ ដោយសារ​ថៅកែ​ស្រី​រូប​នេះ បាន​រកស៊ី​លួងលោម និង​បោក​បញ្ឆោត​ក្មេង​ស្រី មិន​ទាន់​គ្រប់​អាយុ យក​ទៅ​ឲ្យ​រួម​ភេទ​ជាមួយ​ភ្ញៀវ​ដែល​ជា​អ្នកមាន​លុយ និង​មាន​អំណាច ឬ​ភាសា​សាមញ្ញ​ហៅ​ថា តា​តា នោះ​។

មួយ​ឆ្នាំ​ក្រោយមក គឺ​នៅ​ចុង​ខែមករា ឆ្នាំ​២០១៤ នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស បាន​ចាប់ខ្លួន​តារាចម្រៀង​ម្នាក់​ទៀត ឈ្មោះ អ៊ូ រស្មី ពី​បទ​ជួញដូរ​ផ្លូវភេទ​លើ​ក្មេង​ស្រី​មិន​ទាន់​គ្រប់ អាយុ​នោះ​ដែរ​។

ចំណែក​ករណី​កញ្ញា ឌួ​ង ហ្សូ​រី​ដា វិញ សមត្ថកិច្ច​ហាក់​នៅ​ស្ងប់ស្ងាត់​នៅ​ឡើង ទោះបីជា​មាន​តម្រុយ ឬ​ភស្តុ​តាង​ជា​ច្រើន​ដែល​បាន​បែកធ្លាយ​ផ្សព្វផ្សាយ​យ៉ាង​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) ឬ​យូ​ធូប (Youtube) យ៉ាងណា​ក៏​ដោយ​។

កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ កន្លង​ទៅ​នេះ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​ប្រាប់​អាស៊ី​សេរី​តាម​ទូរស័ព្ទ​ថា សមត្ថកិច្ច​នឹង​មិន​ខ្វល់​អំពី​ព័ត៌មាន​ដែល​បាន​បែកធ្លាយ​ពាក់ព័ន្ធ​នឹង​ករណី លោក ហ៊ុន ម៉ា​នី ដែល​ជា​កូនប្រុស​បង្កើត​របស់​ចៅហ្វាយនាយ របស់​លោក នោះ​ឡើយ​៖ «​យើងខ្ញុំ​មិន​មាន​វិធានការ​អ្វី​ទេ ហើយ​មិន​ចាត់ទុកជា​ព័ត៌មាន ដែល​ត្រូវ​យក​មក​ពិចារណា​។ យ៉ាងណា​ក៏​ដោយ​ច្បាប់ របស់​កម្ពុជា​នៅ​តែ​រក្សា​ការពារ​ពលរដ្ឋ​កម្ពុជា​»​។

ប៉ុន្តែ ការ​បដិសេធ​របស់​លោក ខៀវ សុភ័គ ហាក់​ផ្ទុយ​គ្នា​ទៅ​នឹង​ប្រសាសន៍​របស់​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២០ ខែមករា ដែល​លោក​ធ្លាប់​ជំរុញ​ឲ្យ​តារា​ៗ​ស្រី​មួយ​ចំនួន​បង្ហាញមុខ​មន្ត្រីជាន់ខ្ពស់ ទាំងឡាយ​ណា​ដែល មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​ពួក​គេ​។

លើស​ពី​នេះ​ទៅ​ទៀត​លោក ហ៊ុន សែន បាន​ប្រកាស ថា​លោក​នឹង​មិន​អត់អោន​ឲ្យ​ត្រកូល​ហ៊ុន​ណា​ដែល​ហ៊ាន​បំពាន​ច្បាប់​នោះ​ទេ​។ កាលពី​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ លោក ហ៊ុន សែន ប្រកាស​ថា ត្រកូល​ហ៊ុន​ទាំងឡាយ​ណា ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ គឺ​ត្រូវ​ទទួលទោស​ដូច​គ្នា ហើយ​សម្រាប់​អ្នក​ណា​ធ្វើ​អាក្រក់ ពួក​គេ​នឹង​ត្រូវ​ជាប់គុក​តាម​របៀប​អាក្រក់​៖ «​អ្នក​ដទៃ​មានត្រកូល​ហ៊ុន​ដែរ​។ ត្រកូល​ហ៊ុន​មាន​ល្អ មាន​អាក្រក់​។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​អាក្រក់ យក​ទៅ​អនុវត្តន៍​តាម​ច្បាប់​ទៅ​។ អ្នក​ណា​ប្រើ​ត្រកូល​ហ៊ុន ទៅ​បំពាន​ច្បាប់​គឺ ត្រូវ​អនុវត្ត​ច្បាប់​ដូច​គ្នា​។ ច្បាប់​គ្មាន​ការ​លើកលែង​សម្រាប់​ត្រកូល​ណា​ទាំងអស់​»​។

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ពួក​គេ​នឹង​រង់ចាំ​មើល​ថា តើ​លោក ហ៊ុន សែន នឹង​មាន​វិធានការ​បែប​ណា​ជុំវិញ​ករណី​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ា​នី ដែល​កំពុង​ល្បីល្បាញ​ក្នុង​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ បញ្ហា​ជួញដូរ​ផ្លូវភេទ​នោះ​។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ផង​ដែរ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ណ័​រវេ (Norway) កាលពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ កន្លង​ទៅ បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ការ​ជួញដូរ និង​ទារុណកម្ម​ផ្លូវភេទ​មួយ ក្រោយ​ពី​មានការ​បែកធ្លាយ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ករណី​អំពើ​ហិង្សា​ផ្លូវភេទ​របស់​ក្រុម​អ្នកមាន​លុយ និង​មាន​អំណាច ក្នុង​របប​លោក ហ៊ុន សែន ដែល​តែងតែ​ធ្វើបាប​ដល់​ស្ត្រី​ទន់ខ្សោយ​តាម​រយៈ នៃ​ការ​គំរាមកំហែង ល្បួងលួងលោម ទិញ​សេវាកម្ម​ផ្លូវភេទ​ដោយ​បង្ខំ និង​ធ្វើ​ទារុណកម្ម​ផ្លូវភេទ​យ៉ាងធ្ងន់ធ្ងរ​ទៅ​ស្ត្រី​ជា​ច្រើន ដូច​ករណី ហ៊ុន ម៉ា​នី ដែល​បាន​ធ្វើ​មក​លើ​កញ្ញា​ៗ​មួយ​ចំនួន ដែល​ជាតា​រា​សំដែង និង​ពិធីករ​តាម​ទូរទស្សន៍​ជាដើម​។

ក្រុម​នេះ​ក៏​កំពុង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ជា​ច្រើន ដែល​មាន​បញ្ជី​ឈ្មោះ ជន​ប្រព្រឹត្ត​ករណី​ជួញដូរ​ផ្លូវភេទ​រួម​មាន​កញ្ញា ឌួ​ង ហ្សូ​រី​ដា និង​លោក ខាំ ភូ​រិ កូនប្រុស​របស់​លោក ខាំ ភឿន អតីត​ចៅហ្វាយ​ខេត្តក្រចេះ ដើម្បី​ប្ដឹង​ទៅ​សហភាព​អន្តរ​សភា (Inter-Parliamentary Union) អង្គការ​អន្តរជាតិ​លើកកម្ពស់​សិទ្ធិ​ស្ត្រី និង​ក្រុម​អង្គការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ និង​ទារុណកម្ម​ផ្លូវភេទ​ជា​ច្រើន​ទៀត​៕​ អាស៊ីសេរី

ពត៌មានបន្ថែម

យុទ្ធនាការប្រឆាំងការជួញដូរ និងទារុណកម្មផ្លូវភេទ
—-
ដោយមើលឃើញពីភាពឃោរឃៅរបស់អ្នកមានអំណាច មានលុយ មានបុណ្យសក្កិខ្ពស់ក្នុងរបប ហ៊ុន សែន ដែលតែងតែធ្វើបាបដល់ស្ត្រីទន់ខ្សោយ តាមរយះនៃការគម្រាមកំហែង ល្បួងលូងលោម ទិញសេវាកម្មផ្លូវភេទដោយបង្ខំ និងធ្វើទារុណកម្មផ្លូវភេទយ៉ាងធ្ងន់ធ្ងរទៅស្រ្តីជាច្រើន ដូចករណី ហ៊ុន ម៉ានី បានធ្វើមកលើ ស៊ិន សក្កដា ណា សាឌី អាយីង និង ម្ចាស់គណនីហ្វេសបុក Mai Fa ជាដើម ។

ក្រុមការងារយើងខ្ញុំ បាននិងកំពុងរៀបចំឯកសារពាក់ពន្ធ័ជាច្រើន ដែលមានបញ្ជីឈ្មោះជនប្រព្រឹត្ត អ្នកជួញដូរ ដួង ហ្សូរីដា ខាំ ភូរិ និងស្ត្រីងរងគ្រោះដាក់ជូនទៅ សហភាពអន្តរសភា Inter-Parliamentary Union អង្គការអន្តរជាតិលើកកំពស់សិទ្ធិស្ត្រី និងក្រុមអង្គការប្រយុទ្ធប្រឆាំងការជួញដូរនិងទារុណកម្មផ្លូវភេទ ជាច្រើនទៀតដូចជា UN Commission on Human Rights UN Special Rapporteur on Human Rights in Cambodia CEDAW Committee ជាដើម ។

ក្នុងយុទ្ធនាការនេះ យើងខ្ញុំសូមអំពាវនាវដល់ស្ត្រីរងគ្រោះទាំងអស់ មេត្តាចូលរួមសហការ ដោយផ្ញើរមកនូវភស្តុតាងដែលក្រុមមន្ត្រីធំៗក្នុងរបប ហ៊ុន សែន បានប្រព្រឹត្ត ដោយការទិញដូរ ប្រើហឹង្សារលើខ្លួន មកឲ្យក្រុមការងារយើងខ្ញុំ ឆាំ ឆានី ខ្មែរសុវណ្ណភូមិ ម៉ែន ណាត ដើម្បីយើងខ្ញុំមានភស្តុតាងគ្រប់គ្រាន់រៀបចំឯកសារជូនទៅស្ថាប័នពាក់ព័ន្ធ ។

យើងខ្ញុំសូមបញ្ជាក់ថា យើងខ្ញុំនឹងរក្សារការសម្ងាត់ និងសុវត្តិភាពជូនអ្នកផ្តល់ឯកសារ ភស្តុតាងទាំងអស់ ហើយក្រុមការងារយើងខ្ញុំអាចនិងទៅជួបផ្ទាល់ ក្នុងករណីចាំបាច់ ៕

loading...

Leave a comment