ដឹកនាំប្រទេសមកជិត ៤០ ឆ្នាំ លោក ហ៊ុន សែន ទើបភ្ញាក់ខ្លួនរឿងឱសថក្លែងក្លាយដែលបំផ្លាញសុខភាពពលរដ្ឋខ្មែរ

ដឹកនាំប្រទេសមកជិត ៤០ ឆ្នាំ លោក ហ៊ុន សែន ទើបភ្ញាក់ខ្លួនរឿងឱសថក្លែងក្លាយដែលបំផ្លាញសុខភាពពលរដ្ឋខ្មែរ

លោក​ ហ៊ុន សែន បាន​សម្តែង​ការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការកើនឡើង​កាន់តែ​ច្រើន​នូវ​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​ដែល​លោក​អះអាង​ថា​វា​ជា​ឃាតករ​លាក់​មុខ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ហើយ​បាន​និង​កំពុង​ចរាចរ​យ៉ាង​សកម្ម​នៅ​តាម​ទីផ្សារ​អនឡាញ​ដែល​ធ្វើឲ្យ​អាជ្ញាធរ​ពិបាក​គ្រប់គ្រង​។

loading...

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សន្និសីទ​អន្តរជាតិ ថ្នាក់​តំបន់​ស្តីពី​ «​ការប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​» ដែល​ធ្វើ​ឡើង​រយៈពេល​ ២ ​ថ្ងៃ​ចាប់ពី​ម្សិលមិញ (​ថ្ងៃទី​ ៥-៦) ខែ​វិច្ឆិកា​នា​សណ្ឋាគារ​សូហ្វីតែល រាជធានី​ភ្នំពេញ​លោក​ ហ៊ុន សែន ថ្លែង​ថា​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​បាន​និង​កំពុង​មាន​ការកើនឡើង និង​រីករាលដាល​ដ៏គួរ​ឲ្យ​ព្រួយបារម្ភ​ក្នុង​នោះ​ការលក់​តាម​អនឡាញ​ក៏​មាន​យ៉ាងច្រើន​ដែល​ធ្វើឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​។ ពិធី​នេះ​មាន​ការ​ចូលរួម​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល មន្ត្រីរាជការ​រាជធានី-ខេត្ត ភ្ញៀវ​ជាតិ និង​អន្តរជាតិ និង​តំណាង​វិស័យ​ឯកជន​សរុប​ប្រមាណ​ ៤៥០ ​នាក់​។

loading...

លោក​បញ្ជាក់​ថា​៖ «​បច្ចុប្បន្ន​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​កំពុង​រីករាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​ក្នុង​នោះ​ផលិតផល​ឱសថ​មួយ​ចំនួន​កំពុង​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​ online ដែល​ជា​ឱសថ​គ្មាន​ប្រភព​ច្បាស់លាស់ ក្លែងក្លាយ ហើយ​ស្រដៀង​ទៅ​នឹង​ឱសថ​ពិត​ដែល​ធ្វើឲ្យ​អាជ្ញាធរ​ពិបាក​គ្រប់គ្រង​»​។

លោក​ ហ៊ុន សែន បន្ថែម​ថា​៖ «​ការរីករាលដាល​ចំនួន​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​នេះ​អាច​បណ្តាល​មកពី​កត្តា​ជាច្រើន​រួមមាន តម្លៃ​ឱសថ​ពិតប្រាកដ​មាន​តម្លៃ​ខ្ពស់​យន្តការ​នៃ​ការគ្រប់គ្រង​ឱសថ​ក្នុង​ពេល​ផលិត និង​ចរាចរ​នៅ​លើ​ទីផ្សារ​មិន​មាន​ប្រសិទ្ធភាព ការបណ្តុះ​បណ្តាល​មន្ត្រី​សុខាភិបាល​ស្តីពី​ជំនាញ​ការត្រួតពិនិត្យ​គុណភាព​ឱសថ​ព្រម​ទាំង​ការផ្សព្វផ្សាយ​ដល់​ប្រជាជន​ឲ្យ​បាន​យល់ដឹង​ពី​ឱសថ​ក្លែងក្លាយ និង​ការត្រួតពិនិត្យ​ដោយ​សមត្ថកិច្ច​នៅ​មាន​កម្រិត​។ កត្តា​ទាំងអស់​នេះ​បាន​ផ្តល់​ឱកាស​ឲ្យ​ពួក​ឧក្រិដ្ឋជន​អាច​កេង​យក​ប្រយោជន៍​ពី​សង្គមជាតិ ហើយ​បាន​គំរាម​កាន់តែ​ធ្ងន់ធ្ងរ​ដល់​សុខុមាលភាព និង​អាយុ​ជីវិត​របស់​ប្រជាជន​»​។

លោក​បន្ត​ថា​មិន​មាន​ប្រទេស​ណា​មួយ​ធ្វើ​ម្នាក់ឯង​បាន​ទេ​ក្នុង​ការ​បង្ក្រាប​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​ឲ្យ​ទទួល​បាន​ជោគជ័យ​នោះ​គឺ​ត្រូវ​តែ​មាន​ការ​សហការ​គ្នា​ឲ្យ​បានល្អ និង​ជិតស្និទ្ធ​ទាំង​ការផ្លាស់ប្តូរ​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញ​ទៅមក ការអនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង ដើម្បី​ប្រយុទ្ធប្រឆាំង និង​លុបបំបាត់ ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​។

ទន្ទឹម​នឹង​នេះ​លោក​ ហ៊ុន សែន ក៏​បាន​ផ្តល់​អនុសាសន៍​ដល់​អង្គ​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​ត្រូវ​រៀបចំ និង​ចាត់​វិធានការ​កែទម្រង់​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​នានា​តាម​ការចាំបាច់​របស់​ប្រទេស​រៀងៗ​ខ្លួន ដើម្បី​ធានា​ឲ្យ​បាន​នូវ​ក្របខ័ណ្ឌ​ច្បាប់​ដែល​អនុលោម​ជាមួយ​យន្តការ​អន្តរជាតិ និង​ការអនុវត្ត​វិធានការ​ប្រយុទ្ធប្រឆាំង​បទល្មើស​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ជាពិសេស​ត្រូវ​ផ្ដន្ទាទោស​យ៉ាង​តឹងរ៉ឹង​ចំពោះ​ជនល្មើស និង​ជន​ទាំងឡាយ​ណា​ដែល​មាន​ការពាក់ព័ន្ធ​។

លោក​ ហ៊ុន សែន ថា​៖ «​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​នីមួយៗ​ត្រូវ​ផ្តល់​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​គ្នា​ក្នុង​ការ​ស្វែងរក​បទល្មើស​ពាក់ព័ន្ធ​នឹង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ហើយ​ត្រូវ​បង្កើត​កម្មវិធី​ផ្លាស់ប្ដូរ​ព័ត៌មាន​ដើម្បី​ស៊ើបអង្កេត​រក​ប្រភព​ចង្វាក់​ផលិត ការចែកចាយ និង​អត្តសញ្ញាណ​ឧក្រិដ្ឋជន​ទាំង​នោះ​»​។

លោក មាជ សុផាន់ណា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួង​មហាផ្ទៃ​ថ្លែង​ថា​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​មិន​ត្រឹម​តែ​បង្ក​ទុក្ខភ័យ​ដល់​សុខភាព​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ឧក្រិដ្ឋជន​ដែល​កំពុង​តែ​រីករាលដាល​នៅ​តាម​ផ្នែក​ជាច្រើន​នៃ​ពិភពលោក​ហើយ​វា​បាន​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ និង​នីតិរដ្ឋ​។ លោក​ថា​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​នេះ​គឺជា​វេទិកា​ពិសេស​មួយ​ដែល​ប្រតិភូ​តំណាង​ស្ថាប័ន​សុខាភិបាល យុត្តិធម៌ និង​សន្តិសុខ​របស់​រដ្ឋ​ទាំង​ ៥ នៃ​អនុតំបន់​មេគង្គ​ដែល​រួម​មាន​កម្ពុជា ជា​ម្ចាស់​ផ្ទះ ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម ចិន និង​បារាំង ព្រមទាំង​ស្ថាប័ន​ជា​ដៃគូ​ដទៃ​ទៀត​ដូចជា​អង្គការ​សុខភាព​ពិភពលោក ប៉ូលិស​អន្តរជាតិ យូនីសែហ្វ​ធ្វើការ​ជួបជុំ​គ្នា ដើម្បី​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​រួមគ្នា និង​បង្កើន​កិច្ចសហប្រតិបត្តិការ​តាមរយៈ​ការអនុម័ត​យុទ្ធសាស្ត្រ​រួម​គ្នា​លើ​បច្ចេកទេស នីតិកម្ម​សន្តិសុខ និង​ធ្វើ​យ៉ាង​ណា​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ការផលិត ការចែកចាយ​ឱសថ​ក្លែងក្លាយ​ក្នុង​រដ្ឋ​នីមួយៗ​ និង​ក្នុង​តំបន់​ទាំងមូល​។

លោក​ សុផាន់ណា ប្រាប់​អ្នកកាសែត​ក្នុង​ពិធី​បើក​សន្និសីទ​ថា​៖ «​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​មិន​អាច​គណនា​ថា តើ​មាន​ឱសថ​ក្លែងក្លាយ​ចំនួន​ប៉ុន្មាន​ដែល​បាន​និង​កំពុង​ចរាចរ​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ​»​។

កាលពី​ខែ​សីហា ឆ្នាំ​ ២០១៨ ​គណៈកម្មាធិការ​នេះ​បាន​បង្ហាញ​វត្ថុតាង​ផលិតផល​ក្លែងក្លាយ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ចំនួន​ ៥៨ ​តោន​ដែល​ត្រូវ​បាន​រឹបអូស​រួមមាន កាហ្វេ​ក្លែងក្លាយ សាច់​ប៉ាតេ ផលិតផល​ម្រេច ទឹក​សុទ្ធ​ម៉ាក Evian ស្រាបៀរ​ម៉ាក Corona និង​ផលិតផល​មួយ​ចំនួន​ទៀត​ហើយ​កាលពី​ពាក់​កណ្តាល​ខែ​មិថុនា ឆ្នាំ​ ២០១៨ ​នេះ​គ្រឿង​បរិភោគ​ក្លែងក្លាយ​ហួស​កាលបរិច្ឆេទ និង​ខុស​ច្បាប់​ចំនួន​ជាង​ ១០០ ​តោន​ត្រូវ​បាន​កម្ទេចចោល​នៅ​ខេត្ត​កំពង់ស្ពឺ​។

លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus នាយក​អង្គការ សុខភាព​ពិភពលោក​ (WHO) ថ្លែង​ថា​៖ «​ជា​រៀងរាល់​ថ្ងៃ​អង្គការ WHO បាន​ទទួល​ផលិតផល​ក្លែងក្លាយ​គ្រប់​ប្រភេទ និង​គ្មាន​ស្តង់ដារ ហើយ​គ្មាន​តំបន់​ ឬ​ប្រទេស​ណា​មួយ​ដែល​មិន​ប៉ះពាល់​ពី​បញ្ហា​នេះ​ទេ​។ ជាង​ ១០ ​ភាគរយ​នៅក្នុង​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម​មិន​អាច​កែខៃ​លក្ខខណ្ឌ​ដែល​ពួកគេ​ចង់​បាន​នោះ​ទេ​។ ឱសថ​ក្លែងក្លាយ និង​គ្មាន​ស្តង់ដារ​គឺ​គ្មាន​ផ្តល់​ផលប្រយោជន៍​អ្វី​ទាំងអស់​ក្រៅពី​ធ្វើឲ្យ​ជំងឺ​កាន់តែ​ដុនដាប​ខ្ជះខ្ជាយ​លុយកាក់​និង​បន្សល់​ជា​កាកសំណល់​»​។

លោក​បន្ថែម​ថា​៖ «​អ្វី​ដែល​កាន់តែ​អាក្រក់​ជាង​នេះ​ទៀត​នោះ​គឺ​វា​បណ្តាល​ឱ្យ​ស្លាប់ វា​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាច្រើន​ដែល​នេះ​ជា​ករណី​ដែល​ត្រូវ​គេ​រាយការណ៍​ជា​បន្តបន្ទាប់​មក​អង្គការ WHO​។ ឧស្សាហកម្ម​បោក​បញ្ឆោត​​មួយ​នេះ​ធ្វើ​ឱ្យ​ប្រព័ន្ធ​សុខភាព​របស់​យើង​ជួប​បញ្ហា និង​ជា​ការ​បោកប្រាស់​ចំពោះ​ប្រជាពលរដ្ឋ​»៕ ភ្នំពេញប៉ូស្ត

loading...

Leave a comment