ហួសចិត្តកម្រិត ISO ៖ ហ៊ុន សែន ប្រាប់កម្មករថា អឺរ៉ុបនឹងមិនដកហូតប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាទេ ព្រោះរដ្ឋាភិបាលគោរពលទ្ធិប្រជាធិបតេយ្យយ៉ាងខ្ជាប់ខ្ជួន
មេដឹកនាំរបបក្រុងភ្នំពេញ ហ៊ុន សែន អះអាងថា មិនទាន់មានការដកប្រព័ន្ធអនុគ្រោះពន្ធនៅឡើយ ហើយកម្មករនៅតែមានការងារធ្វើ និងមានប្រាក់ខែដដែល មកទល់នឹងពេលនេះ។ លោកថា រឿងដកប្រព័ន្ធអនុគ្រោះពន្ធនេះ មិនទាន់សម្រេចថា យ៉ាងណានៅឡើយទេ។ សហជីពថា នេះគ្រាន់តែជាសារនយោបាយបែបប្រជាភិថុតិរបស់លោក ហ៊ុន សែន ប៉ុណ្ណោះ ព្រោះដំណើរការនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធនេះ ត្រូវបានសហភាពអឺរ៉ុប ប្រកាសកាលពីពេលថ្មីៗនេះរួចទៅហើយ។
មេដឹកនាំរបបឯកបក្សលោក ហ៊ុន សែន បន្តអះអាងពីរឿងមិនបារម្ភនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដដែល បើទោះបីជានៅពីក្រោយឆាករបបរបស់លោកបានព្យាយាមបញ្ចុះបញ្ចូលឱ្យសហភាពអឺរ៉ុបបន្តប្រព័ន្ធអនុគ្រោះពន្ធនេះដល់កម្ពុជាបែបណាក្តី។
ថ្លែងប្រាប់ក្រុមអ្នកគាំទ្ររបស់លោកពីទីក្រុងប្រ៊ុចសែល (Brussels) ប្រទេសបែលហ្ស៊ិក (Belgium) ដែលជាមជ្ឈមណ្ឌលនៃសហភាពអឺរ៉ុប កាលពីយប់ថ្ងៃទី១៩ តុលា លោកអះអាងថា មុន ឬក្រោយ កម្ពុជាគង់តែបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះដដែល ដោយសារតែកំណើនសេដ្ឋកិច្ច៖ «តើពេលនេះបងប្អូនបានបាត់បង់ការងារ បានបាត់បង់ប្រាក់ចំណូលហើយឬនៅ? អត់ទាន់បាត់អ្វីទាំងអស់ នៅមូលដូចនំក្រូចអ៊ីចឹង ប៉ុន្តែគេយកទៅធ្វើជាសង្គ្រាមចិត្តសាស្ត្រវាយប្រហារ។ ខ្ញុំសូមជម្រាបជូនថា នៅក្នុងប្រទេសអាស៊ានទាំង១០ អ្នកដែលទទួលភាពអនុគ្រោះ “អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA)” គឺមានតែប្រទេស ៣ ទេ គឺកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ ហេតុអ្វីបានជាវៀតណាម ឥណ្ឌូណេស៊ី ឬថៃ អត់ទទួលបាន? គឺដោយសារកម្រិតកើនឡើងនៃសេដ្ឋកិច្ចរបស់គេ អ៊ីចឹងកម្ពុជាយើង មុននឹងក្រោយអាហ្នឹង (EBA) គង់តែបាត់ទេ»។
លោកអះអាងទៀតថា ពន្ធគយជិត ៧ រយលានដុល្លារអាមេរិក ដែលមិនត្រូវបានបង់នោះ គឺជាប្រាក់ចំណេញរបស់ក្រុមហ៊ុនប៉ុណ្ណោះ ហើយបើទោះជាត្រូវបាត់បង់ ៧រយលានដុល្លារអាមេរិកនេះមែន ក៏មិនមែនមានន័យថា កម្ពុជាត្រូវបាត់បង់ទីផ្សារសម្រាប់នាំចេញទៅអឺរ៉ុបនោះដែរ។ លោកថា ផលវិបាកដែលកើតចេញពីការដកដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ គឺគ្រាន់តែខាងក្រុមហ៊ុនទទួលបានប្រាក់ចំណេញតិចជាងមុនប៉ុណ្ណោះ៖ «អាលុយត្រូវបង់ពន្ធឱ្យគេនេះ អាហ្នឹងបើមិនបង់ពន្ធ វាចំណេញក្រុមហ៊ុនទេតើ។ គ្រាន់តែក្រុមហ៊ុនគេយកទៅ មួយភាគគេចំណេញ មួយភាគគេយកទៅសងធនាគារ ហើយមួយភាគគេយកទៅដើម្បីរួមចំណែកដំឡើងបៀរវត្សឱ្យកម្មករតែប៉ុណ្ណឹងទេ។ បើបាត់អាហ្នឹង ទីផ្សារក៏វានៅដែរ។ ខ្ញុំសូមជម្រាប យើងធ្លាប់បាត់ហើយតើ។ យើងធ្លាប់នាំទៅអាមេរិកដោយមិនបង់ពន្ធ តែគេឱ្យត្រឹមតែរយៈពេលប៉ុណ្ណឹង គឺត្រឹមឆ្នាំ២០០៤ គេបញ្ចប់។ ឥលូវយើងនាំទៅអាមេរិក យើងបង់ពន្ធតើ។ ឥលូវ យើងចោទជាសំណួរថា ចុះក្រុមហ៊ុននានាដែលនាំទៅអាមេរិក បង់ពន្ធនោះ ម៉េចក៏មានប្រាក់ចំណេញ ហើយចុះក្រុមហ៊ុននានាដែលនាំមកអឺរ៉ុប បើត្រូវបង់ពន្ធ ម៉េចក៏មានប្រាក់ចំណេញ? វាគ្រាន់តែចំណេញតិចតែប៉ុណ្ណឹង»។
ការអះអាងបែបនេះ ត្រូវបានខាងសហជីពឯករាជ្យច្រានចោល និងចាត់ទុកថា គ្រាន់តែជាសារនយោបាយបែបប្រជាភិថុតិ មិនហ៊ានប្រាប់ការពិតដល់ប្រជាពលរដ្ឋប៉ុណ្ណោះ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ថ្លែងថា គ្មានអ្នកណាម្នាក់យកការព្រួយបារម្ភរឿងដកប្រព័ន្ធអនុគ្រោះពន្ធនេះជាសង្គ្រាមចិត្តសាស្ត្រវាយប្រហាររបបលោក ហ៊ុន សែន ឡើយ។ លោកថា នេះបញ្ហាដែលកម្ពុជាកំពុងប្រឈម ព្រោះសហភាពអឺរ៉ុបបានព្រមានរួចហើយថា ក្នុងរយៈពេល ១២ខែទៀតនេះ បើរបបដឹកនាំបច្ចុប្បន្នមិនព្រមស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញទេនោះ សហភាពអឺរ៉ុបនឹងដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ។ លោកថា ខាងសហជីពមិនចង់ឃើញពេលវេលា និងស្ថានភាពអាក្រក់ដ៏អាក្រក់នោះកើតឡើងឡើយ ហេតុដូចនេះ លោកទទូចឱ្យរបបលោក ហ៊ុន សែន ដោះស្រាយរឿងនេះឱ្យបានឆាប់៖ «ប្រព័ន្ធអនុគ្រោះពន្ធនេះ គេផ្តល់ជូនប្រទេសក្រីក្រដូចប្រទេសកម្ពុជាអ៊ីចឹង។ ហើយបើយើងយកមូលដ្ឋានកំណើនសេដ្ឋកិច្ចជាង ៧% ពេលដែលគេដកប្រព័ន្ធអនុគ្រោះពន្ធហ្នឹងទៅ កម្ពុជាយើងមិនអាចរក្សាកំណើនសេដ្ឋកិច្ចនេះបានទេ អ៊ីចឹងវាត្រូវធ្លាក់គ្រប់វិស័យ។ ដូច្នេះវាត្រូវមានផលប៉ះពាល់ដ៏ធំមួយទៅលើការងារកម្មករ និងអ្នកដែលទទួលផលប្រយោជន៍តាមរយៈកម្មករហ្នឹងវាត្រូវប៉ះពាល់ទាំងអស់គ្នា។ អ៊ីចឹងហើយបានជាយើង ក្រើនរំឭកទាមទារម្ដងហើយម្តងទៀតឱ្យរដ្ឋាភិបាលគិតពិចារណា។ ការផ្ញើសាររបស់លោកនាយករដ្ឋមន្ត្រីគ្រាន់តែជាប្រជាភិថុតិ និងកេងចំណេញនយោបាយបតែប៉ុណ្ណឹងទេ»។
សហភាពអឺរ៉ុបបានជូនដំណឹងផ្លូវការទៅរបបលោក ហ៊ុន សែន រួចហើយ អំពីចំណាត់ការឈានទៅរកការលុបចោលប្រព័ន្ធអនុគ្រោះពន្ធ “ទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធ ឬ EBA” នោះ។ សហភាពអឺរ៉ុបទុករយៈពេល ១២ខែ ឱ្យរបបលោក ហ៊ុន សែន ស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ ហើយបើក្នុងរយៈពេលនេះ របបក្រុងភ្នំពេញ មិនអនុវត្តតាមលក្ខខណ្ឌនេះទេ នោះសហភាពអឺរ៉ុបនឹងលុបចោលប្រព័ន្ធអនុគ្រោះពន្ធនេះ។ សហភាពអឺរ៉ុបបញ្ជាក់ថា សម្រេចដាក់ចេញនូវវិធានការណ៍នេះ ពីព្រោះតែស្ថានភាពវិបត្តិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា ក្នុងរយៈកាលកន្លងទៅ មិនទាន់ត្រូវបានកែប្រែនៅឡើយ។ ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបនេះ ធ្វើឡើងដោយផ្អែកលើការស្រាវជ្រាវ និងចុះមកពិនិត្យជាក់ស្ដែងដល់ប្រទេសកម្ពុជា មិនមែនដូចការចោទប្រកាន់របស់របបក្រុងភ្នំពេញដែលថា នេះជាការសម្រេចចិត្តដោយលម្អៀង និងតាមការចង្អុលបង្ហាញរបស់គណបក្សប្រឆាំងនោះឡើយ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ អះអាងថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ មិនមែនខាតបង់តែប្រយោជន៍របស់ក្រុមហ៊ុនប៉ុណ្ណោះទេ ផ្ទុយទៅវិញវានឹងប៉ះពាល់ដល់កម្មករ-និយោជិកទូទាំងប្រទេស ជាពិសេសនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិទាំងមូល។ លោកថា ប្រសិនបើ EBA ត្រូវបានផ្តាច់ ប្រាក់ចំណេញរបស់ក្រុមហ៊ុននឹងធ្លាក់ចុះ ពេលនោះក្រុមហ៊ុនមួយចំនួនអាចនឹងដកការវិនិយោគរបស់ខ្លួនទៅប្រទេសដទៃវិញ ធ្វើឱ្យកម្មករជាច្រើននឹងត្រូវអស់ការងារធ្វើ៖ «EBA ហ្នឹងសំខាន់ ព្រោះតាមរបាយការណ៍ឆ្នាំ២០១៧ ប្រសិនបើយើងអត់មាន EBA យើងបង់ពន្ធទៅ គឺអស់ជាង ៦ រយលាន ដែលជាចំនួនដ៏ច្រើន។ វាជាលុយក្រុមហ៊ុនមែន ជាលុយចំណេញរបស់ក្រុមហ៊ុន ប៉ុន្តែពីមុនវាមានអាហ្នឹង ចុះបើគ្មានអាហ្នឹង តើគេបានអ្វីចំណេញ? មានតែរដ្ឋយើងព្យាយាមកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុន អ៊ីចឹងវាធ្វើឱ្យខាតដល់រដ្ឋយើងដែរ។ តែមិនដឹងថា រដ្ឋយើងមានមធ្យោបាយអ្វី?”
ថ្វីដ្បិតតែ លោក ហ៊ុន សែន ហាក់បង្ហាញជំហរមិនចុះញ៉មនឹងការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះពិតមែន ក៏ប៉ុន្តែនៅពីក្រោយឆាកវិញ លោកហាក់បានប្រឹងប្រែងណាស់ដើម្បីកុំឱ្យសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធនេះ។ លោកបានបញ្ជូនគណៈប្រតិភូពិសេសមួយក្រុមទៅបញ្ចុះបញ្ចូលថ្នាក់ដឹកនាំ និងស្ថាប័នទាំងឡាយរបស់សហភាពអឺរ៉ុប កុំឱ្យដាក់ចេញនូវវិធានការទណ្ឌកម្មនេះ កាលពីអំឡុងខែមិថុនាកន្លងទៅ ពោលគឺនៅមុនការបោះឆ្នោតបែបបង្គ្រប់កិច្ចខែកក្កដា ឈានចូលមកដល់។ ក៏ប៉ុន្តែបេសកកម្មនេះមិនទទួលបានជោគជ័យឡើយ ហើយស្ថានភាពប្រែជាអាក្រក់ជាងមុនទៅទៀត ក្រោយពេលសហភាពអឺរ៉ុបបានបញ្ជូនប្រតិភូរបស់ខ្លួនឱ្យទៅពិនិត្យមើលវិបត្តិប្រជាធិបតេយ្យដល់ក្នុងប្រទេសកម្ពុជាតែម្ដង។ ដោយសារតែគ្មានការកែប្រែឱ្យប្រសើរឡើង សហភាពអឺរ៉ុបក៏បានជូនដំណឹងជាផ្លូវការដល់របបលោក ហ៊ុន សែន អំពីដំណើរការអនុវត្តនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ និងទុកពេល ១២ខែឱ្យរបបនេះស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។
ក្រៅពីការបញ្ជូនប្រតិភូឱ្យទៅបញ្ចុះបញ្ចូលសហភាពអឺរ៉ុបនេះ សហជីពជាច្រើនដែលគាំទ្ររបបក្រុងភ្នំពេញក៏បានដាក់ញត្តិជាបន្តបន្ទាប់ សុំកុំឱ្យសហភាពអឺរ៉ុបផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធនេះ ចំណែកឯមន្ត្រីរបបលោក ហ៊ុន សែន និងក្រសួងការបរទេសវិញ សុទ្ធតែបានសំណូមពរឱ្យសហភាពអឺរ៉ុបពិចារណាឱ្យបានហ្មត់ចត់បន្ថែមទៀតទាក់ទងនឹងការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធនេះ ព្រោះទណ្ឌកម្មនឹងប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍរបស់កម្ពុជា។
សហជីពឯករាជ្យព្រមានថា បើប្រព័ន្ធ EBA នេះត្រូវបានកាត់ផ្តាច់មែន កម្ពុជានឹងត្រូវចំណាយពេលជាច្រើនឆ្នាំដើម្បីស្នើសុំប្រព័ន្ធអនុគ្រោះពន្ធនេះជាថ្មីទៀត ទោះបីជាមានដំណោះស្រាយនយោបាយផ្ទៃក្នុងប្រទេសក៏ដោយ ហេតុដូចនេះពួកគេអំពាវនាវយ៉ាងទទូចឱ្យរបបក្រុងភ្នំពេញរកដំណោះស្រាយសមស្របណាមួយ ដើម្បីកុំឱ្យប្រព័ន្ធអនុគ្រោះពន្ធនេះ ត្រូវបានកាត់ផ្ដាច់ ព្រោះទណ្ឌកម្មនេះ នឹងប៉ះពាល់ដល់ប្រយោជន៍ជាតិខ្មែរទាំងមូល៕ rfa khmer