តូចពិតតែចិត្តគិតជាតិ ៖ បែកធ្លាយសម្តីមន្រ្តីថ្នាក់តូចប្រដែប្រដៅមន្រ្តីថ្នាក់ធំ ឲ្យគិតគូរដល់ផលប្រយោជន៍ជាតិជាងបក្សពួក

តូចពិតតែចិត្តគិតជាតិ ៖ បែកធ្លាយសម្តីមន្រ្តីថ្នាក់តូចប្រដែប្រដៅមន្រ្តីថ្នាក់ធំឲ្យគិតគូរដល់ផលប្រយោជន៍ជាតិជាងបក្សពួក

ថាមិនចង់និយាយទេ ព្រោះមិនដែលបានធ្វើធំនឹងគេ! ឥឡូវ សូមចែករំលែកនូវបទពិសោធន៍ពីកូនមន្ត្រីតូចតាចដូចរូបខ្ញុំនេះបន្តិចទៅចុះ ខុសត្រូវយ៉ាងណា សូមមេត្តាអធ្យាស្រ័យ!

ថ្នាក់ដឹកនាំនៅក្នុងស្ថាប័នកំពូលទាំង៣ (ព្រឹទ្ធសភា, រដ្ឋសភា និងរាជរដ្ឋាភិបាល) ដែលមានឋានៈចាប់ពីរដ្ឋមន្ត្រីឡើងទៅ គឺ ត្រូវបានគេចាត់ទុក ថាជាមន្ត្រីការទូតជាន់ខ្ពស់ តំណាងឱ្យជាតិ និង រដ្ឋាភិបាលនៃរដ្ឋមួយទៅជួបចរចាជាមួយរដ្ឋដទៃនានា តើត្រូវត្រៀមខ្លួនអ្វីខ្លះមុននឹងទៅជួបគេ?

loading...

១.ត្រូវសួរខ្លួនឯងមើល ថាតើ ចេះភាសាអង់គ្លេស ច្បាស់លាស់ទេ? បើមិនចេះ ត្រូវរកអ្នកជំនាញបកប្រែម្នាក់ដែលចេះភាសាអង់គ្លេសច្បាស់លាស់ ។
២.ត្រូវមានជំនួយស្មារតី (Aide-Memoire) នៅក្នុងដៃ រួចអានឱ្យយល់ឱ្យចាំ ដែលគេសង្ខេបពីប្រវត្តិនៃទំនាក់ទំនងរបស់ភាគីទាំងពីរ។

៣.ត្រូវធ្វើចំណុចពិភាក្សា (Talking Points) ដោយសង្ខេបខ្លឹមសារសំខាន់ៗ ថាតើ យើងគួរលើកយកបញ្ហាអ្វីខ្លះនៅពេលជួបពិភាក្សានោះ ហើយថាតើភាគីម្ខាងទៀតគេនឹងលើកយកបញ្ហាអ្វីមកចោទសួរយើង?
៤.មុននឹងទៅជួបគេ ត្រូវមានកិច្ចប្រជុំពិភាក្សាមួយ ដើម្បីស្តាប់ទស្សនៈ និងសំណួរចម្លើយសំខាន់ៗ (Brainstorm) ដើម្បីត្រៀមឆ្លើយតបទៅគេវិញ ឱ្យមានលក្ខណៈវិទ្យាសាស្ត្រ។
៥.ត្រូវស្គាល់ភាគីជាដៃគូរបស់យើងឱ្យបានច្បាស់ថា តើគេជានរណា? បុគ្គលិកលក្ខណៈ? គោលបំណងសំខាន់ៗតើគេចង់បានអ្វី?

៦.ពេលជួបពិភាក្សា អាចថតសំឡេង និង កត់ត្រានូវចំណុចសំខាន់ៗឱ្យបានច្បាស់លាស់។
៧.បើមានចំណុចណាដែលមិនច្បាស់សូមឱ្យគេបញ្ជាក់ម្តងទៀតឱ្យបានច្បាស់។
៨.ត្រូវចាំថាអ្វីដែលខ្លួនកំពុងនិយាយ គឺជាសម្តីថ្នាក់ដឹកនាំជាន់ខ្ពស់ដែលតំណាងឱ្យជាតិសាសន៍មួយ, តំណាងឱ្យរដ្ឋាភិបាលនៃរដ្ឋមួយ ដូច្នេះមុននឹងនិយាយអ្វីមួយត្រូវចាំថា៖

– សម្តីមួយម៉ាត់អាចបាត់បង់ជាតិ!
– សម្តីមួយម៉ាត់អាចធ្វើឱ្យជាតិវិនាស!
– សម្តីមួយម៉ាត់ អាចធ្វើឱ្យជាតិអាមាស!

– សម្តីមួយម៉ាត់ អាចបញ្ចប់សង្គ្រាមបង្ហូរឈាមរាប់ទសវត្សរ៍!
– សម្តីមួយម៉ាត់ក៏អាចធ្វើឱ្យជាតិរុងរឿងបានដែរ!
– នៅក្នុងវិស័យការទូតគេថា មុននឹងនិយាយមួយម៉ាត់ ត្រូវគិតពីលទ្ធផលរបស់វា ដែលអាចកើតមានឡើងនៅ ៥០ ឆ្នាំ ឬ ១០០ ឆ្នាំក្រោយ។

៩.ពេលធ្វើរបាយការណ៍ ក្រុមការងារត្រូវជួបពិភាក្សាគ្នាដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាត ត្រួតពិនិត្យលើអត្ថន័យ ខ្លឹមសារ អក្ខរាវិរុទ្ធ។
១០.ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និង សម្រេចជាចុងក្រោយ មុននឹងបញ្ចេញទៅឱ្យអ្នកសាព័ត៌មាន ឬ សាធារណៈ ។
១១.សូមអង្វរព្រះ “កុំទម្លាប់អាក្រក់ អ្នកធំយកត្រូវ អ្នកតូចយកខុស”។

loading...

Leave a comment