ស ខេង ចាប់ផ្តើមបែកឆ្វេងបណ្តើរ ៗ ៖ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានបំផ្លាញដោយគណបក្សប្រឆាំង
ក្រុមប្រឆាំងបានកំពុងតែធ្វើឲ្យហិនហោច និងអន្តរាយដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ។ នេះបើតាមការអះអាងរបស់អនុប្រធានគណបក្សប្រជាជនកម្ពុជា ។
លោក ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាបានអះអាងថា រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានប្រតិបត្តិយ៉ាងខ្ជាប់ខ្ជូននូវដំណើរលទ្ធិប្រជាធិបតេយ្យ រហូតមកដល់ពេលនេះមានតែគណបក្សប្រជាជនកម្ពុជាទេដែលមានបំណងពិតប្រាកដក្នុងការស្តារឡើងវិញនូវរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ និង អនុវត្តយ៉ាងជាក់លាក់នៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរឡើង ។

ថ្លែងក្នុងពិធីកិច្ចប្រជុំបូកសរុបសកម្មភាព និង លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ និងទិសដៅភារកិច្ចអនុវត្តបន្តកាលពីពេលថ្មីកន្លងមកនេះ លោក ស ខេង បានបញ្ជាក់ថា ការប្រតិបត្តិនូវដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺជាបំណងពិតប្រាកដជាក់លាក់នៃគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះហើយទើបគណបក្សប្រជាជនកម្ពុជានាពេលកន្លងមកតែងបានខិតខំរិះរកគ្រប់វិធីគ្រប់បែបយ៉ាងដើម្បីបង្រួបបង្រួមជាតិដើម្បីកុំឲ្យមានការប្រឆាំងលទ្ធិប្រជាធិបតេយ្យដែលដឹកនាំដោយគណបក្សប្រជាជនបដិវត្តន៍កម្ពុជា ។
លោក ស ខេង បានគូសបញ្ជាក់ថា ៖«មជ្ឈដ្ឋានប្រឆាំងខ្លះបានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាដែលដឹកនាំរដ្ឋាភិបាលបែបផ្តាច់ការ បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមពិត ក្រុមមួយចំនួនតូចដែលជាអ្នកប្រឆាំងនោះទេដែលបានធ្វើសកម្មភាពរួចហើយនឹងកំពុងធ្វើតទៅទៀតក្នុងបំណងឲ្យហិនហោច និង អន្តរាយដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ៕