គជប បានឆ្លើយដោះសាថា មិនបានឃើញបក្សកាន់អំណាចយកឡានរដ្ឋទៅឃោសនាទេ

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ.ជ.ប លោក ទេព នីថា អះអាង​ថា គ.ជ.ប មិន​ទាន់​ទទួល​បាន​សំណុំរឿង​របស់​មន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បាន​យក​ឡាន​រដ្ឋ​ទៅ​បិទ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​អគ្គស្នងការ​នគរបាល​ជាតិ អះអាង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១៣ កក្កដា ថា បាន​បញ្ជូន​សំណុំ​រឿង​នេះ ទៅ​គ.ជ.ប ក្រោយ​ពី​បាន​ដាក់​ពិន័យ​នៅ​ស្ថាប័ន​ប៉ូលិស​រួច

loading...

«យើងខ្ញុំ​អត់​ទាន់​បាន​ទទួល​ទេ ហើយ​ទោះយ៉ាង​ណា​ក៏ដោយ​នៅ​ពេល​ដែល​យើង​បាន​ព័ត៌មាន​ទាំងអស់​នោះ យើង​នឹង​ជូន​ព័ត៌មាន​ទៅ​គណៈកម្មការ​ខេត្ត រៀបចំ​ការបោះឆ្នោត​ទាំងអស់ ដើម្បី​រៀបចំ​ការស្រាវជ្រាវ​ករណី​នេះ​ឲ្យ​បាន​ច្បាស់ ព្រោះថា ការ​បង្ហោះ​ខ្លះ​ហ្នឹង មិន​ពិត​ប្រាកដ​ថា ជា​រឿង​ថ្មី ឬ​រឿង​ចាស់។ អ៊ីចឹង​ទេ យើង​នឹង​ស្រាវជ្រាវ​ឡើងវិញ ទន្ទឹម​ហ្នឹង​ក៏​យើង​បាន​ចាត់វិធានការ​បន្ថែម ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​អ្នក​ឃោសនា​ទាំងអស់ យកចិត្តទុកដាក់​អនុវត្ត​តាម​បទ​បញ្ជា និង​នីតិវិធី ហើយ​ខាង​ក្រសួង​ដែល​ពាក់ព័ន្ធ ក៏បាន​ចាត់វិធានការ​លើ​រឿង​នេះ​ដែរ។ អ៊ីចឹង​ទេ ខ្ញុំ​រំលឹក​ឡើងវិញ​ថា ខ្ញុំ​អត់​ទាន់​បាន​ទទួល​ឯកសារ​ទាំងអស់​នោះ​ទេ»។

loading...

សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គស្នងការ​នគរបាល​ជាតិ ចុះផ្សាយ​ថ្ងៃ​ទី​១៣ កក្កដា នៅ​លើ​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្រាវជ្រាវ​រក​ឃើញ រថយន្ត​ម៉ាក (ឡិចស៊ីស) Lexus ពាក់​ស្លាក​លេខ នគរបាល 2-0996 គឺជា​របស់​មន្ត្រី នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ។ ក្នុង​ករណី​នេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អះអាង​ថា បាន​សហការ​ជាមួយ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ដោយ​ចាត់​វិធានការ​យក​រថយន្ត​នោះ មក​បក​ស្លាក​គណបក្ស​ចេញ និង​បានដាក់​ពិន័យ​ដល់​មន្ត្រី ដែល​បាន​ប្រព្រឹត្ត​កំហុស និង​បាន​បញ្ជូន​សំណុំរឿង​ករណី​នេះ ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​ចាត់​វិធានការ​តាម​នីតិវិធី និង​ច្បាប់​បោះឆ្នោត​ផង​ដែរ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គស្នងការ​នគរបាល​ជាតិ មិន​បាន​បញ្ជាក់​ថា មន្ត្រី នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ដែល​ប្រើប្រាស់​ឡាន​រដ្ឋ ឃោសនា​ឲ្យ​បក្ស​ប្រជាជន​កម្ពុជា​នោះ ឈ្មោះ អ្វី​ទេ។ អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ បាន​ទេ កាលពី​ថ្ងៃ​ទី​១៧ កក្កដា ដោយ​មិន​លើក​ទូរស័ព្ទ។

យុទ្ធនាការ​ឃោសនាបោះឆ្នោត រយៈពេល​១១​ថ្ងៃ​មកនេះ គិត​ចាប់ពី​ថ្ងៃ​ទី​៧ កក្កដា ដល់​ថ្ងៃ​ទី​១៧ កក្កដា គ.ជ.ប អះអាង​ថា មាន​ភាព​រលូន មាន​សណ្ដាប់ធ្នាប់ ជា​ប្រក្រតី។ ប៉ុន្តែ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) រក​ឃើញ​ថា ក្បួន​ដង្ហែ​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​យក​ធនធាន​របស់​រដ្ឋ និង​ប្រើប្រាស់​ឈ្មោះ អង្គការ​សមាគម​ក្រៅ​រដ្ឋាភិបាល យក​ទៅ​ជួយ​ឃោសនា រក​សំឡេងឆ្នោត ដូចជា ឡាន​របស់​នគរបាល ឡាន​ស្លាក​លេខ ខ.ម ឬ​កងយោធពល​ខេមរៈភូមិន្ទ ឡាន​ពន្លត់​អគ្គីភ័យ រថយន្ត​សំអាត​ក្រុង និង រថយន្ត​មាន​បិទ​ស្លាក សមាគម​អ្នក​សិល្បៈ ជាដើម៕

loading...

Leave a comment