ពត៌មានក្តៅ ៗ ហុយ ៗ រឿងអយុត្តិធម៌របស់លោក សន សំនៀង មិនទាន់ចប់ទេ ថ្ងៃនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថដោះសាគ្រប់យ៉ាង ទម្លាក់កំហុសបន្ថែម(មានឃ្លិប)

អតីត​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​បារាយ​ខេត្ត​កំពង់ធំ​ម្នាក់ ត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន បន្ទាប់ពី​លោក​បាន​លាតត្រដាង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​ចាប់​គ្រឿងញៀន ជិត ២​ រយ​គីឡូក្រាម ជា​របស់​អ្នក​មានអំណាច។ អតីតមន្ត្រី​អាវុធហត្ថ​រូប​នោះ ឈ្មោះ សន សំនៀង បាន​ថត​វីដេអូ​ផ្សាយ​ផ្ទាល់​ឬ​ឡាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទម្លាយ​អាថ៌កំបាំង​យ៉ាង​កក្រើក​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា រូបលោក​ធ្លាក់ខ្លួន​ក្រ និង​ទទួល​ភាព​អយុត្តិធម៌​ឈឺចាប់​បំផុត ដោយសារ​ចាប់​គ្រឿងញៀន​ប៉ះ​ខ្សែ​អ្នកធំ។

loading...

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១៦ កក្កដា ថា ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង ក្រោយពី​អតីតមន្ត្រី​អាវុធហត្ថ​រួប​នោះ​បំផ្លើស​ព័ត៌មាន ធ្វើ​ឲ្យ​សាធារណជន យល់​ច្រឡំ ប៉ះពាល់​កិត្តិយស​កងរាជអាវុធហត្ថ។ លោក​ថា អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ធ្លាប់​ផ្ដល់​ដំណឹង ឲ្យ​បុរស​រូប​នោះ​បញ្ឈប់​សកម្មភាព​នេះ​ដែរ តែ​គាត់​នៅតែ​មិន​ព្រម​ឈប់។ លោក​បន្ថែម​ថា ជនសង្ស័យ​រូប​នោះ កំពុង​ឋិត​ក្នុង​ការ​ស៊ើបសួរ​ពី​ព្រះរាជអាជ្ញា​ខេត្ត​កំពង់ធំ ហើយ​សំណុំ​រឿង​នេះ​គឺ​ហួស​ពី​សមត្ថភាព​មន្ត្រី​អាវុធហត្ថ។ លោក​ថា កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ធ្វើ​កិច្ចការ​នេះ ផ្អែក​តាមច្បាប់​ជា​មូលដ្ឋាន ក៏ប៉ុន្តែ​ប្រសិនបើ​ជនសង្ស័យ មិន​បាន​ប្រព្រឹត្ត​ខុស​ទេ គាត់​នឹង​មាន​សិទ្ធិ​សេរីភាព​ឡើងវិញ៖ «និយាយ​អ្វី​មិន​ពិត ធ្វើ​ឲ្យ​សាធារណជន​យល់​ច្រឡំ ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​អាវុធហត្ថ។ អាវុធហត្ថ​យើង​ធ្វើ​អ្វី​តាម​ផ្លូវ​ច្បាប់ បើ​គាត់​មិន​ខុស​ទេ ពុំ​មាន​ច្បាប់​ចែង​ទេ គឺ​សិទ្ធិ​សេរីភាព​ព្រះរាជអាជ្ញា​មិន​ចោទប្រកាន់​ទេ»។

loading...

កាលពី​ថ្ងៃ​ទី១៥ កក្កដា កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​បដិសេធ​ថា ការ​បង្ហោះ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឈ្មោះ យមរាជ លោកកីយ៍ គឺជា​រឿង​មិន​ពិត​នោះ​ទេ។ លើស​ពី​នេះ អតីតមន្ត្រី​អាវុធហត្ថ​ឈ្មោះ សន សំនៀង រូប​នោះ ត្រូវ​បាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ កងរាជអាវុធហត្ថ​កាលពី​ឆ្នាំ​២០១៧ ដោយ​ក្រុមប្រឹក្សាវិន័យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។ សេចក្ដីប្រកាស​ព័ត៌មាន​បន្ត​ថា លោក សន សំនៀង បាន​ប្រព្រឹត្ត​ខុសឆ្គង ជា​បន្តបន្ទាប់ ម្ដង​ហើយ​ម្ដងទៀត​ដូចជា​៖ បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​នៅ​នឹង​កន្លែង បាញ់​បោះ​សេរី និង​បាន​ប្រើ​ហិង្សា​លើ​បងថ្លៃ​ស្រី​ម្នាក់ បណ្ដាល​ឲ្យ​សន្លប់។

ថ្មីៗ​នេះ អតីត​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​បារាយ ខេត្ត​កំពង់ធំ លោក សន សំនៀង ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​នោះ បាន​លាតត្រដាង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ភ្ជាប់​រថយន្ត​កាមរី (Camry)​សេរី​ចាស់​មួយ​គ្រឿង​ជា​ភស្តុតាង ដែល​លោក​អះអាង​ថា ជា​រថយន្ត​ដឹកជញ្ជូន​គ្រឿងញៀន ១៧២ គីឡូក្រាម ពី​ខេត្ត​ព្រះវិហារ ទៅ​រាជធានី​ភ្នំពេញ រហូតដល់​ស្រុក​បារាយ​ខេត្ត​កំពង់ធំ ត្រូវ​លោក​ស្ទាក់​ចាប់​បាន និង​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​អ្នកបើកបរ ឈ្មោះ សោ ប៊ុនណា កាល​ពី​ឆ្នាំ​២០១៣។ លោក​ថា ក្រោយ​ពី​លោក ឃាត់​គ្រឿងញៀន​នេះ ធ្វើ​ឲ្យ​គ្រួសារ​លោក​រលាយ ខាតបង់​ប្រាក់​ជាង ៣០​ម៉ឺន​ដុល្លារ និង​ត្រូវ​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក ដែល​ខ្ចីបុល​ដើម្បី​តតាំង​រឿង​ក្តី​នៅ​តុលាការ​រយៈពេល ៣​ឆ្នាំ៖ «ឡាន​មួយ​នេះ លោក ហុង ថុល បានធ្វើ​ឲ្យ​ខ្ញុំ​អស់​ច្រើន​ណាស់ គឺ​អស់​ចូល ជាង ៣០​ម៉ឺន​ដុល្លារ​ដឹង ៣​ឆ្នាំ​ហើយ​អត់​បាន​ធ្វើ​អី​កើត​សោះ។ អត់​មាន​រកស៊ី​អី​កើត ឡាន​អ៊ីចឹង គេ​អាច​ដឹក​គ្រឿងញៀន ១៧២​គីឡូក្រាម ពី​ខេត្ត​ព្រះវិហារ​មក។ រឿង​ធំ​បំផុត​រឿង​ឡាន ដែល​ខ្ញុំ​ឈឺ​ចាប់ យក​ឈ្មោះ​ខ្ញុំ​ដើម្បី​បំបិទ​រឿង»។

បុរស​ដដែល​បញ្ជាក់​ថា ម្ចាស់​គ្រឿងញៀន ១៧២​ គីឡូក្រាម​នោះ អាវុធហត្ថ​នៅ​មិនទាន់​ស្វែងរក​ឲ្យ​មក​ទទួលខុសត្រូវ​ផ្លូវច្បាប់​នៅឡើយ​ទេ គឺ​ចាប់​បានតែ​អ្នកបើកបរ​ម្នាក់​ហើយ​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក ២០​ឆ្នាំ។ លោក​ថា ការ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដើម្បី​ឲ្យ​មហាជន និង​មន្ត្រី​អាវុធហត្ថ​ទាំងអស់​ជ្រាប ពី​ភាព​អយុត្តិធម៌ និង​ភាព​ឈឺចាប់ និង​អស់​ទ្រព្យ​សម្បត្តិ​ដោយសារ ចាប់​គ្រឿងញៀន​ប៉ះចំ​ខ្សែ​ធំ៖ «មិន​ចាប់​បាន​ឡាន​នេះ​ត្រូវ​ចំណាយ​ដាក់​បណ្ដាញ តែ​ស្នាដៃ​មិនបាន​ខ្ញុំ​ទេ គឺ​បាន​មេ​ខេត្ត​ទេ។ ចាប់​ឡាន​នេះ​បាន​ភ្លាម បណ្ដាញ​រាយការណ៍​ថា មាន ៣ តោន​ទៀត​នៅ​ភ្នំពេញ។ អត់​បាន​ស្នាដៃ​ទេ មាន​តែ​អស់​ទ្រព្យ​សម្បត្តិ រលាយ​គ្រួសារ បាន​ចូល​តុលាការ ៣ឆ្នាំ»។

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី បដិសេធ​ថា ការ​លើកឡើង​របស់​បុរស​នោះ គឺជា​រឿង​មិន​ពិត។ លោក​ថា ការសម្រេច​ដក លោក សន សំនៀង ពី​ក្របខ័ណ្ឌ​អាវុធហត្ថ ដោយសារ​លោក​បាន​ប្រព្រឹត្ត​អំពើ​ខុសឆ្គង ផ្ទុយ​ពី​លក្ខន្តិកៈ​មន្ត្រី​អាវុធហត្ថ និង​បាន​បើក​រថយន្ត​បុក​ពលរដ្ឋ​ម្នាក់​ស្លាប់ ប្រើ​កាំភ្លើង​បាញ់​បោះ​សេរី និង​បង្ក​ហិង្សា​លើ​ប្អូនថ្លៃ​ជា​ស្ត្រី។ លោក​ថា មន្ត្រី​អធិការកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចុះ​ស៊ើបអង្កេត​រឿង​នេះ​ដែរ និង​បញ្ជូន​របាយការណ៍​ទៅ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស៖ «គាត់​ធ្វើ​ខុស​នីតិវិធី នៅ​ពេល​ធ្វើ​ខុស គឺ​ក្រុម​អធិការកិច្ច​គេ​ចុះ​ត្រួត​ពិនិត្យ និង​ដាក់​ពិន័យ​គាត់។ គាត់​បាន​បាញ់​បោះ​សេរី បើកឡាន​បុក​ពលរដ្ឋ​ម្នាក់​ស្លាប់ និង​បាន​ធ្វើ​ឲ្យ​ប្អូនថ្លៃ​ស្រី​សន្លប់ អ៊ីចឹង​ក្រុម​អធិការកិច្ច​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ »។

ក្រោយពី​អតីតមន្ត្រី​អាវុធហត្ថ លោក សន សំនៀង បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម គេ​ឃើញ​មាន​មន្ត្រី​អាវុធហត្ថ​មួយ​ចំនួន បញ្ចេញមតិ​ក្នុង​ប្រអប់​សារ ឬ Comment ដោយ​បង្ហាញ​អារម្មណ៍​អាណិតអាសូរ​ដល់​អតីត​មន្ត្រី​អាវុធហត្ថ​រូប នោះ។ ម្ចាស់​គណនេយ្យ​ហ្វេសប៊ុក​ឈ្មោះ Sdeug Chenda Grk បាន ​Comment ថា សូម​បង​កុំ​ខ្លាច​បងប្អូន​ទូទាំង​ប្រទេស​គាំទ្រ អាណិត​បង​ណាស់ ក្នុងនាម​ខ្ញុំ​ជា​មន្ត្រី​អាវុធហត្ថ ១​រូប​ដែរ​ខ្ញុំ​គាំទ្រ​បង និង​ផ្ដល់​កម្លាំងចិត្ត​អោយ​បង​តស៊ូ​ដល់​ទី​បញ្ចប់ ព្រោះ​នឹង​មាន​ប្រជាជន​រាប់​លាន​នាក់​គាំទ្រ និង​ចង់​ឃើញ​បង​មាន​សិទ្ធ​សេរីភាព​ទទួល​បាន​យុត្តិធម៌​ស៊ូៗ។

មន្ត្រី​នាំ​ពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់​ថា ករណី​នេះ​អាច​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ដែល​គួរតែ​បើក​ការស៊ើបអង្កេត​ឲ្យ​ទូលំទូលាយ។ លោក​ថា ការ​ចាត់​វិធានការ​លើ​អតីតមន្ត្រី​អាវុធហត្ថ​រូប​នោះ និង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មន្ត្រី​អាវុធហត្ថ​ថ្មីៗ​នេះ ហាក់​មាន​មន្ទិលសង្ស័យ​ច្រើន ខណៈ​ដែរ​អតីតមន្ត្រី​អាវុធហត្ថ​លោក សន សំនៀង បាន​ចាប់​គ្រឿងញៀន​ជិត ២ ​រយ​គីឡូក្រាម ពុំ​ឃើញ​មានការ​លើកទឹកចិត្ត បែរជា​មាន​ចំណាត់​ការ​យ៉ាង​លឿន រហូត​មក​ទល់​ពេលនេះ​គ្មាន​នរណា​ដឹង​ថា ម្ចាស់​គ្រឿងញៀន​នោះ​ជា​នរណា​នៅឡើយ​ទេ៖ «ចៀសវាង​អំពើ​អយុត្តិធម៌​មក​លើ​គាត់ អ៊ីចឹង​គួរតែ​មាន​គណៈកម្មការ​ថ្នាក់​ជាតិ​មួយ ព្រោះ​យើង​ដឹង​ហើយ​ថា អាច​មាន​សាមី​អង្គភាព​អាច​ធ្វើ​ការ​មិន​ឯករាជ គិត​ថា អាច​ធ្វើ​កិច្ចការ​ហ្នឹង​ការពារ​អង្គភាព​ខ្លួន មិនបាន​គិត​គួរ​ភាព​យុត្តិធម៌​មក​លើ​គាត់។ គួរតែ​ស៊ើបអង្កេត​ឡើងវិញ ដើម្បី​ជម្រះ​មន្ទិលសង្ស័យ»។

ក្រោយពី​អាជ្ញាធរ​ឃាត់ខ្លួន​អតីតមន្ត្រី​អាវុធហត្ថ​ខេត្ត​កំពង់ធំ​នោះ​ភ្លាមៗ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ខ្លះ បង្ហោះ​សារ​រិះគន់ និង​សម្ដែង​អារម្មណ៍​មិន​ពេញចិត្ត។ ម្ចាស់​គណនេយ្យ​ហ្វេសប៊ុក​ឈ្មោះ កំពូល​អ្នកនយោបាយ បង្ហោះ​ថា បើ​នៅ​ប្រទេស​ហ្វីលីពីន​វិញ លោក សន សំនៀង នឹង​ក្លាយ​ជា​វីរបុរស​បង្ក្រាប​គ្រឿងញៀន តែ​នៅ​ស្រុក​ខ្មែរ​គួរ​ឲ្យ​ស្ដាយ​លោក​ប្រឹងប្រែង​បង្ក្រាប​គ្រឿងញៀន ជិត ២០០​គីឡូក្រាម ប៉ះចំ​អ្នក​មាន​អំណាច ត្រូវ​រង​ទុក្ខវេទនា​ដាក់ខ្លួន និង​អយុត្តិធម៌​ជាទីបំផុត ។

នៅថ្ងៃនេះ ទី ១៨ កក្កដា ២០១៨ អ្នកនាំពាក្យកងរាជអាវុធហត្ថបានធ្វើសន្និសិទកាសែតបដិសេធរឿងគ្រប់យ៉ាងដែលលោក សន សំនៀងបាននិយាយនៅលើបណ្តាញសង្គម ថែមទាំងមានការទម្លាក់លើរូប​គាត់បន្ថែម មិនបានបង្ហាញមុខមេឈ្មួញគ្រឿងញៀន ឬ ប្រាប់ថា គ្រឿងញៀននោះឥឡូវនេះស្ថិតនៅទីណាទេ ហើយរថយន្តដែលដឹកគ្រឿងញៀននោះក៏ត្រូវបានកងរាជអាវុធហត្ថដឹកទៅទុកនៅតុលាការ ។

ចំណុចដែលគួរចាប់អារម្មណ៍ និង បង្ហាញពីភាពអយុត្តិធម៌លើករណីថ្លែងការណ៍នេះ គឺ មិនអនុញ្ញាតឲ្យអ្នកកាសែតសាកសួរលោក សន ​សំនៀង ដោយផ្ទាល់ទេ អ្នកនាំពាក្យកងរាជអាវុធហត្ថនិយាយ​ដាក់បន្ទុកតែម្យ៉ាង ដោយគ្មានលោក សន សំនៀង ឆ្លើយដោះបន្ទុកទាំងនោះទេ ៕

loading...

Leave a comment