បទវិភាគគួរអាន ៖ រាជការញុះញង់ ឆ្នាំឆុងស៊ីភីភី នាទីដង្ហើមចង្រិត ជីវិតនយោបាយចុងក្រោយរបស់ ហ៊ុន​ សែន

រាជការញុះញង់?
——-
១/ បង្ហាញការកាប់ឈើ ដាក់ទាំងភស្តុតាងអោយមើល គេថាញុះញង់។
២/ ប្រាប់រឿងដីសម្បទាន ដាក់ទិន្នន័យជាក់ស្តែង គេថាញុះញង់។

loading...

៣/ ស្លាប់ជាង១០នាក់ ឈឺជិត២០០នាក់ ដោយពុលទឹក ប្រាប់អោយពលរដ្ឋរងគ្រោះ ត្រូវចេះតស៊ូសួរនាំរាជការ អោយទទួលខុសត្រូវក្នុងនាមជារដ្ឋ គេថាញុះញង់។
៤/ និយាយរឿងពុករលួយក្នុងជួររាជការ មានតែរាជការ រាស្ត្រមិនស៊ូវមាន គេថាញុះញង់។ (តែថា មានតែអ្នកធ្លាប់ធ្វើក្នុងរាជការទេ ទើបដឹងថាស្ថានភាពឆ្អឹងសាច់រាជការតាមក្រសួងតាមន្ទីយ៉ាងម៉េច)។
៥/ សុខភាពសាធារណៈ មានការពុកផុយ ហើយងាយរងគ្រោះសម្រាប់រាស្ត្រក្រីក្រ គេថាញុះញង់។

loading...

៦/ កសិករដាំដំណាំកសិផល លក់បានថោក ឬអត់មានទីផ្សារលក់ គេថាញុះញង់។
៧/ ថតមន្ត្រីរាជការមួយចំនួន ទាំងកងកម្លាំងប្រដាប់អាវុធ ទាំងសមាជិករដ្ឋសភា ឬព្រឹទ្ធសភាមួយចំនួនដេកលក់ពេលប្រជុំ គេថាញុះញង់។
៨/ បង្ហាញមន្ត្រីរាជការមួយចំនួន ប្រើសម្បត្តិរាជការ ម៉ោងរាជការ បម្រើបក្ស គេថាញុះញង់។

៩/ យករឿងអសីលធម៌របស់សង្ឃមួយចំនួនមកផ្សាយ គេថាញុះញង់ ហើយអាចគុក។
១០/ រាស្ត្រត្រូវគេរំលោភយកដី គ្នាចេញតវ៉ា មានអ្នកទៅជួយ គេថាញុះញង់ និង បដិវត្តន៍ពណ៌។
១១/ ប្រាប់ថាកងកម្លាំងមួយចំនួន ពាក់ព័ន្ធការប្រព្រឹត្ត និង ការការពាររឿងឧក្រិដ្ឋ គេថាញុះញង់។
១២/ ប្រាប់ពលរដ្ឋថា បើមិនពេញចិត្ត មិនបាច់ទៅបោះឆ្នោតឡើយ គេថាញុះញង់។

១៣/ ថ្ងៃបោះឆ្នោត ចង្អុយដៃមិនខ្មៅ គេថាញុះញង់ ហើយខ្មៅខុសរឿងគុក។
១៤/ រាស្ត្រថាមានក្រុមសម្តេចបំពាន សិទ្ធមហាក្សត្រ គេថាញុះញង់។
១៥/ កម្មករធ្វើការ ថៅកែរោងចក្ររត់បាត់ កម្មករចេញតវ៉ា គេថាញុះញង់។

១៦/ ធ្វើបក្សនយោបាយ ការពារសិទ្ធមនុស្ស និងប្រជាធិបតេយ្យ គេថាញុះញង់។ បក្សជាង២០ ដែលចុះឈ្មោះហើយ តើមានបក្សណា ដែលមិននិយាយពីសិទ្ធ មែនទែនទៅ បក្សកាប់អាពត ក៏និយាយដែរថា ខ្លួនជាអ្នករំដោះពលរដ្ឋខ្មែរ អោយមានសិទ្ធ មានសេរីភាពឡើងវិញ ។ល។ សុទ្ធតែក្រុមបដិវត្តន៍ពណ៌ហើយនឹង?
១៧/ រំលាយឆន្ទះរាស្ត្រជាង ៣លាននាក់ រាស្ត្រចេញតវ៉ា គេថាញុះញង់។

១៨/ ឧទាហរណ៍៖ ឃើញមនុស្សជក់បារី យើងថាកុំជក់ ព្រោះងាប់ឆាប់ គេថាកុំចេះញុះញង់។
១៩/ ឧទាហរណ៍៖ មមាចលេងភ្លើង យើងថាកុំលេង ព្រោះអាចងាប់នឹងភ្លើង មមាចថា កុំចេះញុះញង់។
២០/ ឧទាហរណ៍៖ មុខរាជការប្រឡាក់ធ្យូង យើងថារាជការមុខធ្យូង គេថាកុំចេះញុះញង់ ហើយគេក៏វៃកញ្ចក់ថ្លាចោល ម្តងមួយៗ ហើយតាំងកញ្ចក់ប្រឡាក់ធ្យូងក្នុង “វិមានហិង្សា” ជំនួសវិញ។ មុខក៏ខ្មៅ កញ្ចក់ក៏ខ្មៅ ឆ្លុះម្តងៗ អត់មានឃើញអីផង។

ឆ្នាំទៅ(២០១៦+២០១៧) ជាឆ្នាំជួប គឺ ជួបសម្លាប់, ជួបប្តឹង, ជួបសួរ, ជួបខាំ, ជួបគំរាម, ជួបចាប់, ជួបគុក, ជួបវៃ ។ល។ ឆ្នាំនេះ(២០១៨) ហាក់ដូចជាឆ្នាំញុះញង់ និង តែៗស្កៗ។ ញុះញង់ៗ តែស្កៗ តាំងពីចុងជើងរហូតដល់ចុងសក់ អាចធ្វើអោយជាតិឆ្កួតមួយនគរ។ មែនទែនទៅ ស្ថានភាពនៃការគ្រប់គ្រងដឹកនាំរាជការខ្មែរ របៀបសព្វថ្ងៃ គឺរស់តែមិនខ្លាំង បើថ្ងៃណាមួលដួល គឺ ដួលដូចមេឃបាក់។

ប្រព័ន្ធរាជការដែលសាងឡើង ដើម្បីការពារតែបក្ស ជាប្រព័ន្ធដែលធ្វើអោយរាជការតឿ ហើយរាស្ត្ររួញ។ យើងគួរដូរទៅជា ឆ្នាំជាតិជាជាងឆ្នាំបក្ស ឆ្នាំកសាងជាជាងឆ្នាំបំផ្លាញ ឆ្នាំឯកភាពជាជាងឆ្នាំបែកបាក់ ឆ្នាំសាមគ្គីជាជាងឆ្នាំលាបពណ៌ ឆ្នាំសន្ទនាជាជាងឆ្នាំជួបវៃ ឆ្នាំមិត្តជាជាងឆ្នាំសត្រូវ ឆ្នាំបងប្អូនជាជាងឆ្នាំគុំគួន ឆ្នាំយើងជាជាងឆ្នាំឯងឆ្នាំអញ។ គេថាភ្នែកទល់ភ្នែក ធ្មេញទល់ធ្មេញ ដៃទល់ដៃ ជើងទល់ជើង ទីបំផុតមានការពិការជាតិ។ ជាតិមួយ មានអ្នកមិនជា ពីរបីនាក់ នៅអាចកែបាន តែបើមានប្រព័ន្ធមួយឈឺទាំងមូល សង្ឃឹមរស់តិច។

រាស្ត្រញុះញ៉ង់ ឬ រាជការញុះញ៉ង់? រាស្ត្រកំពងុឈឺ ឬ រាជការកំពុងឈឺធ្ងន់? រាស្ត្រជាបញ្ហា ឬ រាជការជាបញ្ហា?

ដោយ សូរ សមយុទ្ធ🇰🇭

loading...

Leave a comment