កូនខ្មែរ ៩៩ % មិនដឹងមូលហេតុដែលបាត់បង់ទឹកដីកម្ពុជាក្រោមទេ ហើយនេះជាអត្ថបទគួរអាន មិនបានអាន គង់ស្តាយក្រោយមួយជីវិត

មុនដំបូងយើងត្រូវស្គាល់ស្ថានភាពកម្ពុជាក្រោម មុនថ្ងៃ 4/6/1949 សិន

ដើមទស្សវត្សឆ្នាំ1940 ខណៈពេលពិភពលោកកំពុងកកើតសង្គ្រាម ដែលហៅថា សង្គ្រាមលោកលើកទី ២ ជប៉ុនវាយឈ្នះបារាំងនៅឥណ្ឌូចិន ហើយបង្កើតរដ្ឋាភិបាលថ្មីនៅវៀតណាម ប្ដូរឈ្មោះប្រទេសទៅជា ចក្រភពវៀតណាម (Empire of Vietnam) ដោយបូកបញ្ចូល ២ តំបន់ គឺ វៀតណាមខាងជើង និង វៀតណាមកណ្ដាល នៅថ្ងៃទី 11 ខែមីនា ឆ្នាំ1945។

loading...

រីឯទឹកដីកម្ពុជាក្រោម (Cochinchine) មានរបបគ្រប់គ្រងផ្សេង ជប៉ុនទុកឲ្យបារាំងគ្រប់គ្រងបន្តជាបណ្ដោះអាសន្ន ។ ក្រោយមក រដ្ឋាភិបាលថ្មី ចក្រភពវៀតណាម ដែលមានលោកនាយករដ្ឋមន្ត្រី ត្រឹង ទ្រុង គីម (Tran Trong Kim) ជាតំណាង ទាមទារបារាំងប្រគល់ទឹកដីកម្ពុជាក្រោមទាំងមូលទៅគេ ។ ដំបូង បារាំងមានចិត្តអល់អែក មិនចង់ប្រគល់ឲ្យ តែដោយសារខ្លាចអំណាចជប៉ុន ក៏សម្រេចប្រគល់ឲ្យដោយសន្តិវិធី នៅថ្ងៃទី14 ខែសីហា ឆ្នាំ 1945 ។ ត្រង់ចំណុចនេះ មានមតិបញ្ញវ័នវៀតណាមជាច្រើនចោទថា បារាំងចង់បំបែកបំបាក់ជាតិសាសន៍យួន ចង់ឲ្យយួនខាងត្បូងបង្កើតប្រទេស ផ្ដាច់ចេញពីមាតុភូមិរបស់គេ រីឯឯកសារខ្លះនិយាយថា បារាំង​លើក​ហេតុផលប្រវត្តិសាស្ត្រ ដែលថា Cochinchine ជាអតីតទឹកដីខ្មែរ រីឯលោក ត្រឹង ទ្រុង គីម ដែលជាប្រវត្តវិទូផងនោះ មិនបានបដិសេធហេតុផលនេះទេ តែគាត់ប្រាប់បារាំងថា ទុកឲ្យគាត់ចរចារជាមួយខ្មែរ។

loading...

ប៉ុន្តែមិនទាន់បានចរចារផង រដ្ឋាភិបាលលោក គីម ក៏រលាយទៅវិញជាមួយការចាញ់សង្គ្រាមរបស់ជប៉ុន។ ទឹកដី Cochinchine (កម្ពុជាក្រោម) ស្ថិតក្រោមការគ្រប់គ្រងរបស់ទ័ពអង់គ្លេសវិញម្ដង ។

ឆ្លៀតឱកាសនេះ ក្នុងខែសីហា ឆ្នាំ1945 ចលនាកុម្មុយនិស្ដរបស់លោក ហូ ជី មិញ ប្រកាសថា ពួកគេប្លន់បានអំណាចពីជប៉ុននៅទីក្រុង ហាណូយ ឬគេហៅថាបដិវត្តខែសីហាទទួលបានជោគជ័យ ហើយបង្កើតរដ្ឋាភិបាលថ្មីបែបកុម្មុយនិស្ត មានឈ្មោះថា សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។

ដល់ខែតុលា ឆ្នាំ 1945 ដដែល រដ្ឋាភិបាលកុម្មុយនិស្តរបស់លោក ហូ ជី មិញ បើកយុទ្ធនាការឆ្ពោះមកទិសខាងត្បូងដើម្បីជំនួសតួនាទីកងទ័ពសម្ព័ន្ធមិត្តអង់គ្លេស។ ក្នុងយុទ្ធនាការនេះ លោក ហូ ជី មិញ តែងតាំងមេទ័ពម្នាក់ ឈ្មោះ ហ្វាង ឌិញ យុង (Hoang Dinh Giong) ជនជាតិតៃ ជាអតីតចារកម្មអង់គ្លេស ឲ្យដឹកនាំ។ គាត់នេះ មានទំនាក់ទំនងល្អជាមួយខ្មែរនៅខេត្តទឹកខ្មៅ ដោយសារគាត់ធ្លាប់ជួយ​ដោះលែង​ខ្មែរដែលពួកវៀតមិញកៀងចូលជង្រុកស្រូវដើម្បីដុតសម្លាប់។

ប៉ុន្តែចលនាកុម្មុយនិស្តចូលមកកម្ពុជាក្រោមមិនទាន់បានប៉ុន្មានថ្ងៃផង ក៏បារាំងត្រឡប់មកវិញ ក្រុមបញ្ញវ័នយួនខាងត្បូង អតីតទាហានបារាំង និងក្រុមចលនាសាសនាយួនមួួយ​ចំនួននៅលើទឹកដី​កម្ពុជាក្រោម​គាំទ្របារាំង មើលទៅខុសប្លែកកពីជនជាតិយួននៅតុុងកឹង និង ក្រុងហ្វេ។ រីឯមិត្តសមាគមខ្មែរនៅខេត្តឃ្លាំក៏គាំទ្របារាំង មិនយូរប៉ុន្មាន បារាំងក៏គ្រប់គ្រងបានទីក្រុងព្រៃនគរ ទីក្រុងធំៗ និងទីប្រជុំជនសំខាន់។ ចលនាកុម្មុយនិស្ត ត្រូវបានបារាំងរុញច្រានឲ្យចូលក្នុងព្រៃ និង តំបន់ចុងកាត់មាត់ញក ។

ចលនាប្រឆាំងកុម្មុយនិស្ដល្បីជាងគេពេលនោះ គឺ ក្រុមជនជាតិវៀតណាមកាន់ព្រះពុទ្ធសាសនា និកាយហ្វាហៅ (Hoa Hao) បង្កើតក្នុងឆ្នាំ1939 នៅខេត្តមាត់ជ្រូក ដឹកនាំដោយលោក ហ្វិញ ភូ សូ (Huynh Phu So)។ បន្ទាប់ គឺ ក្រុមកាន់មហាសាសនា (Cao Dai) បង្កើតក្នុងឆ្នាំ1926 ដោយបញ្ញវន្តវៀតណាមមួយក្រុម។

ខ្មែរនៅកម្ពុជាក្រោម ពេលនោះគេស្គាល់តែ Cochinchine មិនទាន់មានឈ្មោះកម្ពុជាក្រោមទេ បើតាមស្ថិតិបារាំង មានចំនួនមិនដល់កន្លះលានទេ ប្រៀបនឹងជនជាតិយួននៅ Cochinchine ប្រហែល ១៥លាននាក់ ។  ខ្មែរយើងបង្កើតបានមិត្តសមាគមនៅឃ្លាំង កាលពីឆ្នាំ 1939 ជាអង្គការសង្គមស៊ីវិលដំបូង មានភាពស្និតស្នាលជាមួយបារាំង តែមិនធ្វើនយោបាយ ហើយគ្រាដំបូង ក៏មិនប្រឆាំងកុម្មុយនិស្ត។ តែមិនដឹងមូលហេតុអី ចុងឆ្នាំ1945 វៀតមិញ ជារណសិរ្យដឹកនាំដោយបក្សកុម្មុយនិស្ដ បង្កើតយុទ្ធនាការសម្លាប់ខ្មែរ ដូចចង់សម្លាប់ផ្ដាច់ពូជអ៊ីចឹង ធ្វើឲ្យខ្មែរគ្មានជម្រើសអ្វីផ្សេង ក្រៅពីគាំទ្របារាំង។ ចាប់ពីពេលនោះ មានយុវជនខ្មែរជាច្រើនធ្វើទាហានបារាំង។

វត្ត ចន្ទរង្សី នៅព្រៃនគរ កសាងក្នុងឆ្នាំ1947 ក៏ជាស្នាដៃរបស់យុវជនខ្មែរធ្វើទាហានបារាំង បោះទីទាំងនៅព្រៃនគរ។

សរុបមក ការបង្រួបបង្រួមទឹកដីរបស់លោក ហូ ជី មិញ ជួបឧបសគ្គធំនៅកម្ពុជាក្រោម មិនមែនដោយសារខ្មែរប្រឆាំងទេ គឺ ដោយសារជនជាតិយួនគ្នាឯងប្រឆាំង។ ជាមូលហេតុធ្វើឲ្យបារាំងបង្កើតបានមូលដ្ឋានរឹងមាំនៅព្រៃនគរ រួចសម្រុកឡើងទៅទិសខាងជើង ប្រកាសធ្វើសង្គ្រាមជាមួយចលសាកុម្មុយនិស្តបន្តថែម ៩ ឆ្នាំទៀត រហូតដល់សន្និសីទទីក្រុង Geneve ឆ្នាំ1954។

ឈានចូលឆ្នាំ1946 ស្ថានការណ៍ក្រឡាប់ចាក់ខ្លាំងណាស់ បារាំងពង្រឹងអំណាចផង ហាក់ដូចជាចង់ដកខ្លួនចេញពីឥណ្ឌូចិនផង។ ដំបូង បារាំងសម្រេចប្រគល់ទឹកដីខ្ពង់​រាបកណ្ដាលឲ្យម៉ុងតាញ៉ា​បង្កើត​រដ្ឋឯករាជ្យ​ក្នុងខែឧសភា ឆ្នាំ1946 តាមស្ថិតិបារាំង កាលនោះ ជនជាតិយួនរស់នៅតំបន់ខ្ពង់រាបកណ្ដាល មានចំនួនតែ ២៥%។

១ខែក្រោយមក គឺ ខែមិថុនា ឆ្នាំ1946 ដដែល បារាំងមិនឲ្យខ្មែរក្រោមបង្កើតរដ្ឋទេ តែឲ្យជនជាតិយួននៅកម្ពុជាក្រោមបង្កើតរដ្ឋស្វយ័តហៅថា ណាមគីក្វឹក (Nam Ky Quoc)។ ចំណែកខ្មែរ បារាំងនៅតែគាំទ្រ​មិត្ត​សមាគម​នៅឃ្លាំង​ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស និងគាំទ្រវិទ្យាស្ថានពុទ្ធសាសនាបណ្ឌិតរង រីឯវត្តអារាមនៅកម្ពុជាក្រោម បារាំងបន្តការអនុញ្ញាតឲ្យមន្ត្រីសង្ឃពីកម្ពុជាកណ្ដាលលូកដៃចូលគ្រប់គ្រង ធ្វើឲ្យមានការឯកភាពផ្នែកសាសនា អក្សរសាស្ដ្រ និងវប្បធម៌។

ចំណែកយួន ច្បាំងគ្នារហូត ដោយជនកម្មុយនិស្តចោទរដ្ឋាភិបាលណាមគីក្វឹក និងអ្នកធ្វើការឲ្យបារាំង ថា បំបែកបំបាក់ជាតិ។

មេដឹកនាំរដ្ឋាភិបាលណាមគីក្វឹក ភាគច្រើនជាបញ្ញវន្តរៀនសូត្រនៅបារាំង មានចំណេះដឹងខាងវិទ្យាសាស្ដ្រ ចេះគ្រប់គ្រងសេដ្ឋកិច្ច តែល្បិចកលនយោបាយ ចាញ់យួនខាងជើង ពេលខ្លះត្រូវពួកកុម្មុយនិស្ត​បញ្ឆោតឲ្យវាយគ្នាឯង បំបែកបំបាក់ផង គំរាមផង ធ្វើឲ្យបារាំងជួបការលំបាក ពិសេស ក្រោយពេល បក្សកម្មុយនិស្តចិនទទួលបានជោគជ័យជាបន្តបន្ទាប់នៅលើសមរភូមិប្រយុទ្ធជាមួយបក្សក្វក់មិញតាង របស់លោក ជៀង កៃជៀក។

ដល់ថ្ងៃ 4 មិថុនា ឆ្នាំ1949 បារាំងអនុម័តច្បាប់ ប្រគល់ទឹកដីកម្ពុជាក្រោមឲ្យទៅស្ដេច បាវ ដៃ។ ប៉ុន្តែច្បាប់នេះ ត្រូវគេបំភ្លេចចោលក្រោយសន្និសីទ Geneve ឆ្នាំ1954 ហើយបារាំងក៏ត្រូវដកចេញពីឥណ្ឌូចិន។ សហរដ្ឋអាមេរិចចូលមក គាំទ្រលោក ងោ ឌិញ យៀម ជាអតីតមន្ត្រីជាន់ខ្ពស់របស់ស្តេច បាវ ដៃ ឲ្យបង្កើតរដ្ឋាភិបាលយួនសេរី ក្នុងឆ្នាំ1954 នៅលើទឹកដីកម្ពុជាក្រោម ដោយមិនអើពើអ្វីដល់ច្បាប់របស់បារាំងទេ។

អ្នកកាត់ទឹកកម្ពុជាក្រោមឲ្យយួន មិនមែនមានតែបារាំងម្នាក់ឯងទេ គឺ មានមហាអំណាចដល់ទៅ ៣ ដំបូង គឺ ជប៉ុន បន្ទាប់មក បារាំង ហើយចុងក្រោយ គឺ សហរដ្ឋអាមេរិក។ ដូច្នោះហើយ បើនាំគ្នាចងគំនុំតែជា​មួយ​បារាំងវាមិនសមហេតុផលទេ។ ម៉្យាងទៀង ការស្វែងយល់ប្រវត្តិសាស្ត្រ បានត្រឹមជាមេរៀនសម្រាប់បច្ចុប្បន្ន មិនមែនសម្រាប់ចងគំនុំ ឬ ជម្រុញឲ្យមានការទាមទារទឹកដីអ្វីទេ ។

ប្រភព ៖ វិទ្យុខ្មែរក្រោម

loading...

Leave a comment