រឿងពិតនៅប្រទេសបារាំង ព្រហ្មចារី ពេស្យាកម្ម និង អាពាហ៍ពិពាហ៍

ព្រហ្មចារី

នាងឈ្មោះ អមរា នាងមកដល់ក្រុងប៉ារីស  នៅឆ្នាំ ២០០៥ កាលណោះ នាងមានអាយុ ២៥ឆ្នាំ ។ ខ្ញុំជួបនាង នៅឆ្នាំ ២០០៧  ខ្ញុំអង្គុយចាំនាងក្នងឡាន … ” ចាស ខ្ញុំចុះទៅឥឡូវ ហើយបង ” នាងប្រាប់ខ្ញុំតាមទូរស័ព្ទ ខ្ញុំក៏ប្រាប់នាង វិញថាឡានខ្ញ្ញំ ម៉ាក Rover200 ពណ៌ទឹកប្រាក់ ចតនៅមុខ ឱសថដ្ឋាន ។ ខ្ញុំចេះតែ រំពៃក្រសែភ្នែកជុំវិញខ្លួន រង់ចាំមើល “អមរា” នារីដែលអាចជា គូអនាគតរបស់ខ្ញុំ ។

loading...

នេះជាលើកដំបូង ដែលខ្ញុំបានឃើញ “អមរា” នាងដើរអូស វ៉ាលីស៍ បោះជំហានមួយៗ សំដៅតម្រង់មករកឡានខ្ញុំ ។ អមរា ខំសម្លឹងខ្ញុំ មិនប៉ព្រិចភ្នែក របៀបដូចខ្ញំសម្លឹងនាង ដូច្នោះដែរ :
អមរា មានកំពស់ប្រហែល ១,៥៧ម. សម្បុរស ភ្នែកធំៗ សក់វែងគ្របខ្នង … កំពុងតែលង់នឹងសម្រស់អមរា អស់ពីរបីដង្ហើម នាងប្រគុំដៃសំពះ ធ្វើគារវកិច្ច ” ជំរាបសួរ បង ! ” នាងពោលដោយញញឹម មករក
ខ្ញុំ ។ “បាទ ជំរាបសួរ អមរា” ខ្ញុំសំពះតបវិញ ។

តាមផ្លូវខ្ញុំជជែកគ្នា ជាមួយ អមរា មិនឈប់មាត់ ។ តាមធម្មតា ខ្ញុំមានការធុញទ្រាន់ នឹងចរាចរ ដែលស្ទះផ្លូវ នៅជុំវិញទីក្រុងប៉ារីស ណាស់ ។ ថ្ងៃនេះ បានអមរា អង្គុយជិត ធ្វើឲ្យខ្ញុំភ្លេចអស់ នូវសភាពរាំងស្ទះ
នៃចរាចរ ដែលមានជាអលជ្ជី នៅក្រុងប៉ារីស ។

loading...

អមរា បានប្រាប់ខ្ញុំថា នាងមានបងប្អូនប្រាំនាក់ នាងមានបំណង ផ្សងព្រេង និងសាងអនាគត នៅប្រទេសបារាំង ។ ពីរឆ្នាំកន្លងមកនេះ នាងបានរស់នៅក្រុងលីយ៉ុង (Lyon) ចម្ងាយប្រហែល ៥០០គម.
ពីក្រុងប៉ារីស ។ នាងក៏ពុំទាន់បានជួប បុរសណាល្មមផ្ញើរអនាគត នៅឡើយ ។ នាងបានធ្វើការបន្តិចបន្តួចតាមផ្ទះ ដើម្បីចិញ្ចឹមជីវិត ។ ពេលនេះនាងបានសម្រេចចិត្ត ផ្លាស់ប្តូរមកប៉ារីស វិញម្តង ។
ព្រឹកនោះ ខ្ញុំមានភារៈកិច្ច ទៅទទួល អមរា អំពីផ្ទះគេម្នាក់ ហើយជូននាង ទៅផ្ទះគេម្នាក់ទៀត ។

ដោយពិតទៅ នេះជាដំណើរជីវិតផ្សងព្រេង របស់ អមរាក្នុងរយៈពេល ពីរឆ្នាំកន្លងមកនេះ ដែលនាងរស់នៅប្រទេសបារាំង : ផ្លាស់ប្តូរទីកន្លែង ពីទីមួយ ទៅទីមួយទៀត ពីផ្ទះមួយ ទៅផ្ទះមួយទៀត ។
ការងារ ដែលនាងអាចធ្វើបាន ដើម្បីបានលុយកាក់បន្តិចបន្តួច ដោះស្រាយជីវភាពប្រចាំថ្ងៃ គឺមើលមនុស្សចាស់តាមផ្ទះ ឬ មើលកូនក្មេងតាមផ្ទះ ពេលឪពុកម្តាយទៅធ្វើការ ។ នាងអាចរកបាន ពី ៣០០ ទៅ ៥០០ អុឺរ៉ូក្នុងមួយខែ ។

ថ្ងៃនោះខ្ញុំបានបបួលនាង ទៅញុាំអាហារថ្ងៃត្រង់ មុនជូននាងទៅផ្ទះដែលនាងត្រូវស្នាក់នៅ ប៉ុន្តែនាងបានសូមទោសខ្ញុំ មិនអាចបំពេញបំណងនេះបាន ។ បន្ទាប់ពីបានប្តូរលេខទូរស័ព្ទគ្នា ទៅវិញទៅមក យើងក៏បែកគ្នា ។ ចាប់ពីថ្ងៃនោះមក ខ្ញុំទូរស័ព្ទសួរសុខទុក្ខអមរា ស្ទើរតែរាល់ថ្ងៃ ។ នាងប្រាប់ខ្ញុំថា អាយុខុសគ្នារវាងនាងនឹងខ្ញុំ ២៣ឆ្នាំ មិនចោទជាបញ្ហាសំរាប់នាងទេ ។ នាងប្រាប់ខ្ញុំដូច្នេះ មកពីខ្ញុំប្រាប់នាងថា នាងមានអាយុក្មេងណាស់ សំរាប់រូបខ្ញុំ ។ ខ្ញុំបានសួរសំណួរមួយ ដែលមិនគួរគប្បីនឹងសួរទៅនាង …… នាងបានឆ្លើយប្រាប់ខ្ញុំវិញ យ៉ាងធម្មតាបំផុត មិនប្រកាន់អ្វីទាំងអស់ ចំពោះសំណួរផ្តេសផ្តាស របស់ខ្ញុំ : « ចាស … ខ្ញុំពិតជានៅក្រមុំព្រហ្មចារី ណាបង ! »

បន្តិចម្តងៗ តាមរយៈការឆ្លើយឆ្លងទូរស័ព្ទ ខ្ញុំបានស្គាល់ អមរា កាន់តែច្បាស់ ។ អមរា មានបងប្អូនប្រាំនាក់នាងជាកូនកណ្តាល ។ គ្រួសារនាង មានជីវភាពមធ្យមមិនមាន មិនក្រ ។ កាលនាងនៅស្រុកខ្មែរ នាងមិន
ដែលមានសង្សារ អ្វីទាំងអស់ ។ បំណងស្វែងរកគូអនាគត នៅប្រទេសបារាំង ជាការសំរេចចិត្តផ្ទាល់ខ្លួនរបស់នាង ។

មិនយូរប៉ុន្មាន នាងបានការងារមួយនៅជិតផ្ទះ គឺនៅមើលថែទាំ យាយបារាំងម្នាក់ នៅពេលថ្ងៃ ហើយពេលយប់នាងត្រឡប់ មកទីស្នាក់នៅរបស់នាងវិញ ។ អមរា បានប្រាប់ខ្ញុំថា យាយបារាំងមានកូនប្រុស
ពោះម៉ាយ មួយរូបឧស្សាហ៍ចុះឡើង មើលម្តាយរបស់ខ្លួន ហើយគាត់របៀបពេញចិត្ត នឹងនាងដែរ ។

នៅប្រទេសបារាំង អាពាហ៍ពិពាហ៍ ជាមធ្យោបាយមួយ ដែលអនុញាត្តិឲ្យ អមរា មានសិទ្ធិជ្រកកោន ពេញច្បាប់ ។ ចៅសង្កាត់ ( le maire ) ជាមន្ត្រីសមត្ថកិច្ច ក្នុងការសំរេចចិត្ត អនុញ្ញាត្តិឲ្យរៀបអាពាហ៍ពិពាហ៍ ។
មុននឹងឲ្យរៀបការ ចៅសង្កាត់ ត្រូវមើលថា : សាមុីខ្លួន ម្នាក់ក្នុងចំណោមទាំងពីរ ត្រូវមាន ការងារអាច ធានាជីវភាពគូស្វាមីភរិយា និងមានលំនៅដ្ឋានពិតប្រាកដ ។

ខ្ញុំពេញចិត្តនឹង អមរា ជាខ្លាំង ប៉ុន្តែពេលនោះ ដោយខ្ញុំមិនទាន់មានលំនៅដ្ឋានពិតប្រាកដ ហើយដោយឃើញ បុរសម្នាក់ទៀត ពេញចិត្តនឹង អមរា ដែរ ខ្ញុំបានប្រាប់ អមរា ថា បើនាងពេញចិត្តនឹងគេដែរ សូមនាងសម្រេចចិត្ត រៀបការជាមួយគេចុះ ។ របៀបនេះ អមរា នឹងមានសិទ្ធិជ្រកកោន ដោយឆាប់រហ័ស ព្រោះគេមានការងារមានលំនៅដ្ឋានពិតប្រាកដ និងជា បារាំងទៅទៀត ។

ខ្ញុំបានពន្យល់ អមរា ជាច្រើនថ្ងៃ អំពីហេតុផលខាងលើ ។ ទីបំផុត នាងបានសម្រេចចិត្ត រស់នៅជាមួុយ បារាំងពោះម៉ាយនោះ ហើយនឹងរៀបចំ ដាក់រត់ក្រដាសស្នាម ដើម្បីរៀបអាពាហ៍ពិពាហ៍នៅថ្ងែក្រោយ ។
អមរា បានអញ្ជើញខ្ញុំ ឲ្យចូលរួមពិធីសែនព្រែន បន្តិចបន្តួចរបស់នាង ជាមួយជាគូអនាគត ប៉ុន្តែខ្ញុំបានប្រាប់នាងថា ខ្ញុំជាប់រវល់ការងារ … ការពិត ខ្ញុំមិនចង់ឃើញព្រិត្តិការណ៍នេះ តែម្តង ។

ថ្ងៃក្រោយមក ទើបខ្ញុំដឹងថាគឺ អមរា ជាអ្នកចេញសោហ៊ុយទាំងអស់ បានអំពីការសន្សំបន្តិចបន្តួចរបស់នាង ចំណាយក្នុងពិធីសែនព្រែន និងជប់លៀង ចំណែកឯ លោកបារាំងនោះ ពុំបានចេញអ្វីទាំងអស់ ។

ខ្ញុំ និង អមរា នៅតែមានទំនាក់ទំនងតាមទូរស័ព្ទ មួយដងមួយកាល ជារៀងរហូតមក ។ ជួនកាលនាងទូរស័ព្ទមកខ្ញុំ ជួនកាលខ្ញុំ ជាអ្នកទូរស័ព្ទ ទៅសួរសុខទុក្ចនាង ។ ខ្ញុំទទួលអារម្មណ៍ថា អមរា ហាក់មានលាក់ ក្តីកង្វល់ទុក្ខព្រួយអ្វីមួយ មិនចង់ប្រាប់ខ្ញុំ ។ ខ្ញុំក៏មិនបានជជីកសួរនាងខ្លាំងពេក ព្រោះនាងហាក់ដូចជា ពិបាកចិត្តខ្លាំងឡើង នៅពេលខ្ញុំសួរនាង ពីរឿងដែលនាងពិបាកចិត្តនេះ ។

ប្រាំឆ្នាំកន្លងមក នៅដើមឆ្នាំ ២០១២ កាលណោះខ្ញុំកំពុងតែមានគំរោងរៀបអាពាហ៍ពិពាហ៍ ជាមួយមាលតី (ភរិយារបស់ខ្ញុំ) ខ្ញុំបានទទួលទូរស័ព្ទពី អមរា នាងបានប្រាប់ខ្ញុំថា នាងសម្រេចចិត្ត ចាកចេញអំពី លោកបារាំង ត្បិតអីនាងមិនអាច ទ្រាំរស់នៅ ជាមួយគេទៀតបាន ។ លោកបារាំង មិនត្រឹមតែមិនបានគិតគូរ រៀបអាពាហ៍ពិពាហ៍ ជាមួយអមរា ដើម្បីឲ្យនាងមានសិទ្ធិរស់នៅក្នងប្រទេសបារាំងនោះទេ គាត់ថែមទាំងយកលុយនាងចាយអស់ទៀត ។

អមរា បានមើលថែទាំលោកយាយ ជាម្តាយលោកបារាំង រហូតអស់ជីវិត បន្ទាប់មក នាងបានធ្វើការ ក្នុងផ្ទះអ្នកមាន ជាការងារបោកអ៊ុត និងរៀបចំបន្ទប់ នាងបានកម្រៃ ជាស្ហែក ( Chèque ) 500€ក្នុងមួយខែ ។
ដោយសារនាងមិនទាន់អាច បើកគណនេយ្យ នៅធនាគារបាន នាងត្រូវបញ្ចូលទឹកប្រាក់ ជាស្ហែក ដាក់ក្នុងគណនេយ្យ លោកបារាំង ។ លោកបារាំងយកលុយ អមរា ទាំងអស់ ។

ខ្ញុំមានសេចក្តីអាណិតអាសូរ ចំពោះ អមរា យ៉ាងខ្លាំង។ ខ្ញុំបានប្រាប់នាងថា ខ្ញុំកំពុងតែរត់ក្រដាសស្នាម ដើម្បីរៀបអាពាហ៍ពិពាហ៍ ជាមួយនារីម្នាក់ទៀត ។ ដំណឹងនេះកាន់តែធ្វើឲ្យនាងអស់សង្ឃឹមខ្លាំងថែមទៀត ត្បិតអីខ្ញុំធ្លាប់និយាយលើកទឹកចិត្តនាងថា ថ្ងៃណាមួយដែលនាងរស់នៅ មិនបានសុខសាន្ត ជាមួយលោកបារាំង ខ្ញុំនឹងសុខចិត្តទទួលយក អមរា ។

ពេស្យាកម្ម

បញ្ជីរាយឈ្មោះ ទំនាក់ទំនងទូរស័ព្ទ នៅលើSmart-Phone របស់ខ្ញុំ ចាប់ផ្តើមដោយ “00” :

00 A Baby

00 A Chhi

00 A Huoy

00 Lyly

00 Mina

00 Phy-Phy

00 Titi

00 Wan ៘

Wan ជាស្ត្រ្តីវៀតណាមតែម្នាក់គត់ នាងផ្សេងៗទៀតសុទ្ធតែជាស្រ្ត្តីចិន មកពីប្រទេសចិន ។ ខ្ញុំនិងមិត្តភ័ក្តិឧស្សាហ៍ប្តូរលេខទូរស័ព្ទ “ពួកនាងៗ” ដូច្នេះម្នាក់ៗមានយ៉ាងតិច លេខទំនាក់ទំនងសម្ងាត់ ១០នាក់ ។
មានគេធ្លាប់ឲ្យលេខទូរស័ព្ទ ស្រ្តីខ្មែរ មកខ្ញុំ ប៉ុន្តែនាងមិនព្រមលើកទូរស័ព្ទខ្ញុំ ទាល់តែសោះ ពុំដឹងជាហេតុអ្វី ។

ចំណុចនេះខ្ញុំសូមសរសើរ ស្រ្តីខ្មែរដែលដាច់ចិត្ត មករក សាងអនាគតនៅប្រទេសបារាំង តស៊ូលំបាក ប្រឈមមុខនឹង ក្តីលំបាកគ្រប់បែបយ៉ាង មិនប្តូរកិត្តិយស នឹងលុយកាក់ជាដាច់ខាត … បើមាន ក៏តិចតួចណាស់ ដែលខ្ញុំមិនដែលបានជួប បានស្គាល់ ។ថ្ងៃនេះ ខ្ញុំទើបបានលេខទូរស័ព្ទថ្មី មួយទៀត :

នាងឈ្មោះ “ស៊ាវលី” នាងមកដល់ប្រទេសបារាំងនៅឆ្នាំ ២០០៧ កាលណោះនាងអាយុ ៣៤ឆ្នាំ ។ នាងជាស្រ្តីម៉េម៉ាយ ប្តីនាងត្រូវបានទទួលទោសប្រហារជីវិត អំពីបទជួញដូរគ្រឿងញៀន ។ នាងមានកូនស្រី
មួយរូប ដែលនាងផ្ញើ ទុកឲ្យរស់នៅជាមួយឪពុកម្តាុយដែលរស់នៅ ខេត្តមួយស្ថិតនៅទិសខាងកើត នៃទីក្រុងប៉េកាំង ។ នាងជាជនជាតិចិន ដែលនិយាយភាសាកំណើត ជាចិនកុកងឺ ( 中国普通话 ) តែម្តង ។

ខ្ញុំជួប “ស៊ាវលី” ពីរបីដងក្នុងមួយខែ ។ ពេលនោះ ខ្ញុំបានចាប់រៀននិយាយចិន ជាមួយ”ស៊ាវលី” ហើយក៏ជួយបង្រៀនភាសាបារាំងដល់ “ស៊ាវលី” វិញដែរ ។ ស៊ាវលី ប្រាប់ខ្ញុំថា នាងស្គាល់តែមនុស្សម្នាក់គត់នៅ
ប្រទេសបារាំង គឺប្អូនថ្លៃរបស់នាង(ប្អូនស្រីរបស់ប្តីនាង)ដែលមកដល់បារាំង មុននាងពីរបីឆ្នាំ ។

សព្វថ្ងៃនាងមានថៅកែចិនម្នាក់ចិញ្ចឹម ជាប្រពន្ធចុង ។ នាងជួលបន្ទប់នៅ ជាមួយប្អូនថ្លៃ ដែលមានតម្លៃ 300€ ក្នុងមួយខែ ។ នាងឆ្លៀតពេលជួបជាមួយ បុរសផ្សេងៗទៀត ដើម្បីបង្កើនប្រាក់ចំណូល ដែលនាងផ្ញើរឲជូនឪពុកម្តាយ និង កូនស្រីនាង 1000€ ជារៀងរាល់ខែ ។

ថ្ងៃមួយស្រាប់តែ “ស៊ាវលី” ឈប់លើកទូរស័ព្ទខ្ញុំតែម្តង ។ ខ្ញុំផ្ញើជា SMS ផង ដាក់ជាសារសម្លេងផង នៅតែមិនឆ្លើយ មិនដឹងជាហេតុអ្វី ។

អាពាហ៍ពិពាហ៍

ពេលខ្លះខ្ញុំចេះតែនឹកដល់ “អមរា” ។ ខ្ញុំធ្លាប់បានប្រាប់នាងថា ព្រហ្មចារីយ៍ គ្មានតម្លៃអ្វីទាំងអស់សំរាប់បុរសបារាំង ។ នេះជាការពិត ក្នុងសង្គមរបស់គេ បុរស និងស្រ្តី មានសិទ្ធស្មើគ្នា បើបុរស មានសិទ្ធិស្គាល់ នារីច្រើនមុនពេលរៀបការ … ស្រ្តី ក៏មានសិទ្ធិនេះដូចគ្នា ។

…. ខ្ញុំនឹកឃើញ មុនពេលនាងសំរេចចិត្តរស់នៅជាមួយលោកបារាំង នាងបានប្រាប់ខ្ញុំថា នាងមានពេលអាចដើរលេងបានមួយថ្ងៃ ជាមួយខ្ញុំ មុនពេលបែកគ្នា។ ប៉ុន្តែខ្ញុំគិតថា មិនចង់ឲ្យមានអនុស្សាវរីយ៍ របៀបនេះ
នាំតែឲ្យមានការឈឺចាប់ផ្លូវចិត្ត ឥតប្រយោជន៍ ទៅថ្ងៃមុខ ។ ខ្ញុំក៏បាននឹកឃើញដល់ “ស៊ាវលី” ដែរ ។ ស្រាប់តែថ្ងៃមួយ ខ្ញុំបានទទួល ទូរស័ព្ទពីនាង ។

នាងបានប្រាប់ខ្ញុំថា ឈប់ទាក់ទងជាមួយនាងទៀតទៅ។ នាងបានរៀបការជាមួយ “ហ្សង់ប៉ូល” (Jean Paul)ជាបុរសបារាំងម្នាក់ ។ អតីតមិត្តប្រុស របស់ អមរា ក៏មានឈ្មោះ ហ្សង់ប៉ូល ដែរ ។ ខ្ញុំគិតថា “ហ្សង់ប៉ូល” ជាមនុស្សតែមួយ ។ ត្បិតអី អមរា បានប្រាប់ខ្ញុំថា បន្ទាប់ពីបែកគ្នាអំពី អមរាលោកហ្សង់ប៉ូល មានការសោកស្តាយ អមរា យ៉ាងខ្លាំង ។ គាត់បានស្វែងរក អមរា គ្រប់ទីកន្លែងតែ អមរា ឆ្អែតចិត្តនឹងគាត់ខ្លាំងពេក គេចមិនឲ្យជួប ។  លោកហ្សង់ប៉ូល បានយល់ថា ស្រ្តីអាសុី ល្អណាស់ ។

គាត់បានជួបស្រ្តីចិនម្នាក់ គាត់ភ័យខ្លាច ស្រ្តីចិនរត់ចោលគាត់ដូច អមរា គាត់ក៏ប្រញាប់ប្រញាល់ រៀបការនឹងស្ត្រីចិនតែម្តង ។ រឿងមួយទៀត ដែលពុំសូវមានអ្នកណាដឹង :មាននារីចិនដែលភាគច្រើន​ជាស្រ្តីម៉េ​ម៉ាយ មករកអនាគតថ្មី នៅប្រទេសបារាំង ចាប់ផ្តើមដំបូង អំពីពេស្យាកម្ម ដើម្បីរកលុយកាក់ផ្ញើដោះស្រាយជីវភាពក្រុមគ្រួសារ នៅឯស្រុក មុននឹងស្វែងរក បុរសណាមួយដើម្បីរៀបអាពាហ៍ពិពាហ៍ ជាមួយនាង ។

ក៏ត្រូវដឹងដែរថា នៅប្រទេសបារាំង មានជនជាតិចិនជាច្រើនដែលជា អ្នកឯកទេស ជានិស្សិត ជាអ្នករកសុីមានលុយកាក់រាប់លាន ។ខ្ញុំគ្រាន់តែចង់ លាតត្រដាង អយុត្តិធម៌មួយដែល អមរាបានទទួល …. ខ្ញុំនឹកឃើញដល់ ព្រហ្មចារីយ៍ របស់Geisha នៅប្រទេសជប៉ុន ដែលគេលក់តម្លៃរាប់លានចំណែកឯ ព្រហ្មចារីយ៍នារីខ្មែរ ត្រូវគេយកធ្វើជាល្បែង ។

ទិដ្ឋភាពមួយដែលខ្ញុំចងចាំមិនភ្លេច គឺ អមរា ដែលដើរអូស វ៉ាលីស៍ ពីទីមួយ ទៅទីមួយ ដើម្បីស្វែងរក អនាគត ។

សព្វថ្ងៃ ខ្ញុំបាត់ដំណឹងឈឹង អំពី “អមរា” ។៚

នេះជារឿងពិត ប៉ុន្តែឈ្មោះតួអង្គទាំងអស់ បានផ្លាស់ប្តូរក្នុងបំណងគោរពសិទ្ធម្ចាស់ខ្លួន ។

អាចមានសំណួរថា តើ”ខ្ញុំ” នៅក្នុងរឿងនេះ  ជាខ្ញុំ ពិតប្រាកដ ឬទេ ?
ហេ ហេ ខ្ញុំសូមរក្សាសិទ្ធ មិនឆ្លើយ  ខ្ញុំគិតថា ទុកឲ្យមានអាថ៌កំបាំងខ្លះ ទើបសាច់រឿងដែលប្រិយមិត្តបានអានកន្លងមកនេះមានតម្លៃ ៕

ប្រភព ៖ Saveth Chea

loading...

Leave a comment