បែកធ្លាយរឿងរ៉ាវការភ័យខ្លាចសារពត៌មានភ្នំពេញប៉ុស្តិ៍ លោក ហ៊ុន សែន ទើបឲ្យ ហ៊ុន ម៉ាណា ទិញយកផ្តាច់មុខមុនការបោះឆ្នោត

ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) សម្ដែង​ការ​សោកស្ដាយ និង​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ ការ​បិទ​បញ្ចប់​សេរីភាព​សារព័ត៌មាន នៅ​កម្ពុជា។ កង្វល់ និង​ការ​សោកស្ដាយ​នេះ ធ្វើឡើង ក្រោយ​ពេល​ដែល​មាន​ការ​ប្រកាស​អំពី​ការ​ទិញ​លក់​ដ៏​ចម្រូងចម្រាស នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​ជា​កាសែត​ឯករាជ្យ​ចុងក្រោយ​នៅ​កម្ពុជា ទៅ​ឲ្យ​ម្ចាស់​ថ្មី​ដែល​មាន​ទំនោរ​ទៅ​រក​របប​លោក ហ៊ុន សែន ការ​បណ្ដេញ​បុគ្គលិក​សំខាន់ៗ និង​ការ​លាឈប់​របស់​បុគ្គលិក​កាសែត​នេះ​ជាច្រើន​រូប ជា​បន្តបន្ទាប់ កាល​ពី​ដើម​ខែ​ឧសភា​នេះ។

loading...

ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) ថ្លែង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន ផ្សាយ កាលពី​ថ្ងៃ​ទី​ ១២ ឧសភា ដោយ​គូស​បញ្ជាក់​ថា ដំណើរ​វិវត្តន៍​ចុងក្រោយ​នេះ ដែល​បាន​កើតឡើង តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ នៅ​មុន​កាលបរិច្ឆេទ​បិទ​បញ្ចប់​នៃ​ការ​ចុះឈ្មោះ​គណបក្ស​នយោបាយ​ដែល​នឹង​ត្រូវ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ខាងមុខ គឺ​ត្រឹម​ថ្ងៃ​ទី​១៤ ឧសភា នេះ បាន​រុញច្រាន​ប្រទេស​កម្ពុជា ឲ្យ​ឃ្លាត​ចាក​ឆ្ងាយ​បន្ថែម​ចេញពី​សក្ដានុពល​នៃ​ការបោះឆ្នោត​មួយ ដែល​នឹង​មិន​អាច​ត្រូវ​ចាត់ទុកថា ជា​ការ​បោះឆ្នោត​ដោយ សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ឡើយ។

loading...

សមាជិកសភា​ម៉ាឡេស៊ី និង​ជា​ប្រធាន​ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) លោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) ថ្លែង​ថា «ការសម្រេច​ជ្រើស​រើស​យក​ជំ​ហ៊ាន​ដ៏​គំហុក ក្នុង​ការ​បំលែង​ប្រទេស​កម្ពុជា ឲ្យ​ក្លាយ​ទៅ​ជា​រដ្ឋ​ដឹកនាំ​បែប​ឯកបក្ស លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទំនងជា​ជឿជាក់​ថា សូម្បីតែ​អង្គភាព​ព័ត៌មាន​ឯករាជ្យ​តែមួយ ក៏​មានន័យ​ស្មើនឹង​អង្គភាព​សារព័ត៌មាន​ឯករាជ្យ​ច្រើន​លើសលប់ ហេតុដូច្នេះ មានតែ​ការ​បិទ​បញ្ចប់​ជា​ស្ថាពរ​នៃ​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ ទើប​អាច​អាច​ធានា​នូវ​ជ័យជម្នះ​របស់​លោក​ក្នុង​ពេល​បោះឆ្នោត​ខាងមុខនេះ​បាន»។

លោក ឆាល សាន់ទីយ៉ាហ្គោ ថ្លែង​បន្ត​ថា «​ផ្អែក​តាម​ព្រឹត្តិការណ៍​ដែល​បាន​កើត​មាន​ឡើង ការ​ទិញ​លក់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នេះ ទំនងជា​កើតមានឡើង ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​ជា​ផ្លូវការ​ដើម្បី​រារាំង​ប្រជាពលរដ្ឋ​កម្ពុជា មិន​អាច​ឲ្យ​ពួកគេ​ដឹងឮ​ពី​រឿងរ៉ាវ​អ្វីៗ​ទាំងអស់ លើកលែងតែ​សារ​នយោបាយ​របស់​របប​នេះ»។ លោក​ថា ទង្វើ​នេះ គឺជា​ការ​បន្ត​រំលោភបំពាន​ឥត​ស្រាកស្រាន្ត​មក​លើ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។

តំណាងរាស្ត្រ​ហ្វីលីពីន និង​ជា​សមាជិក​ក្រុម​សភា​អាស៊ាន APHR លោក ថម វីឡារីន (Tom Villarin) លើកឡើង​ថា «​ការ​បដិសេធ​សិទ្ធិ​ជា​មូលដ្ឋាន ក្នុង​ការ​ទទួល​បាន​ព័ត៌មាន គឺជា​ដំណើរ​ផ្ទុយ​ទៅ​នឹង​សារសំខាន់​បំផុត​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​មួយ​ដែល​មាន​ដំណើរការ»។ លោក​ថា មរណភាព​នៃ​សេរីភាព​សារព័ត៌មាននៅ​កម្ពុជា កើត​មាន​ឡើង​ស្រប​ពេល​ដែល​របប​លោក ហ៊ុន សែន បាន​បដិសេធ មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​កម្ពុជា អាច​ជ្រើសរើស​មេដឹកនាំ​របស់​ពួកគេ​ដោយ​សេរី តាមរយៈ​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​មួយ»។

បន្ថែម​ពីលើ​នេះដែរ ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស APHR ក៏បាន​ប្រកាស​អាសន្ន​ជុំវិញ​ការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អះអាង​ថា រាល់​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​ពហិការ​ការ​បោះឆ្នោត គឺជា​ទង្វើ​ខុសច្បាប់។ កាលពី​ថ្ងៃ​ទី៤ ឧសភា លោក ហ៊ុន សែន បាន​គំរាម​ចាត់​វិធានការណ៍​ផ្លូវច្បាប់​ប្រឆាំង​នឹង​ជន​ទាំងឡាយ​ណា រួម​ទាំង​មេដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី ដែល​បាន​អំពាវនាវ​ឲ្យ​អ្នកបោះឆ្នោត កុំ​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ខែ​កក្កដា ខាង​មុខ​នេះ។

លោក ថម វីល្លារីន បន្ថែម​ថា «ការ​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​ការបោះឆ្នោត គឺជា​ការអនុវត្ត​សិទ្ធិ​ស្របច្បាប់​នៃ​សេរីភាព​នៃ​ការ​បញ្ចេញមតិ»។ លោក​ថា សេរីភាព​នៃ​ការ​ជ្រើសរើស​អ្នកតំណាង​របស់​ខ្លួន ក៏​រួមបញ្ចូល​ទាំង​សិទ្ធិ ក្នុង​ការ​ធ្វើ​អនុប្បវាទ ឬ​ជៀសវាង​ពី​ការចូលរួម​បោះឆ្នោត ជាពិសេស នៅ​ពេល​ដែល​ស្ថានភាព​នានា រារាំង​មិន​ឲ្យ​មានលទ្ធភាព​នៃ​ជម្រើស​ដ៏​ត្រឹមត្រូវ នៅ​ក្នុង​ហិប​ឆ្នោត»។

លោក ឆាល សាន់ទីយ៉ាហ្គោ សន្និដ្ឋាន​ថា «​ការបោះឆ្នោត​នៅ​កម្ពុជា​មិន​អាច​ត្រូវ​ចាត់ទុកថា ធ្វើឡើង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ឡើយ ប្រសិនបើ​គ្មាន​ការអនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ក្នុង​ការ​បោះឆ្នោត និង​ប្រសិនបើ​មិន​បញ្ឈប់​ការ​បង្ក្រាប​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សំឡេង​រិះគន់​នោះ​ទេ»៕ អាស៊ីសេរី

loading...

Leave a comment