គជបប្រកាសថា ខ្លួនជាស្ថាប័នឯករាជ្យជាងស្ថាប័នណា ៗ ក្នុងប្រទេសកម្ពុជា

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) នៅ​ថ្ងៃ​ទី​ ២៩ ខែ​មេសា សម្ដែង​ការ​សោកស្ដាយ និង​ច្រានចោល​ការ​ចោទប្រកាន់​មក​លើ​ស្ថាប័ន​ខ្លួន​ថា ជា​ស្ថាប័ន​មិន​ឯករាជ្យ និង​អព្យាក្រឹត្យ។

loading...

រីឯ​គណបក្ស​នយោបាយ និង​អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត លើកឡើង​ថា ស្ថាប័ន​គ.ជ.ប គួរតែ​ពិចារណា​កែតម្រូវ​អំពី​ការ​ចោទប្រកាន់​នានា ជាជាង​គ្រាន់តែ​ធ្វើ​សេចក្ដីថ្លែងការណ៍​តប​វិញ។

គ.ជ.ប នៅតែ​អះអាង​ថា ខ្លួន​ជា​ស្ថាប័ន​ឯករាជ្យ និង​អព្យាក្រឹត្យ និង​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​លើក​ឡើង​ថា គ.ជ.ប មិន​បាន​បំពេញ​ការងារ​ត្រឹមត្រូវ។

loading...

សេចក្ដីប្រកាស​ព័ត៌មាន​របស់​គ.ជ.ប ដែល​អាស៊ីសេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា បង្ហាញ​ថា គ.ជ.ប បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ដំណើរ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាងមុខ។ ទន្ទឹម​គ្នា​នេះ គ.ជ.ប ក៏​មិន​ភ្លេច​រម្លឹក​អំពី​ការ​ចុះឈ្មោះ​គណបក្ស​នយោបាយ និង​ចុះបញ្ជី​បេក្ខជន ឈរ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ ២០១៨ រហូតដល់​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៨។

សេចក្ដីប្រកាស​គ.ជ.ប បញ្ជាក់​បន្ត​ថា គ.ជ.ប ត្រូវ​បាន​ទទួលស្គាល់​ជា​ស្ថាប័ន​ឯករាជ្យ និង​អព្យាក្រឹត ជាពិសេស​លទ្ធផល​ការងារ​របស់​ខ្លួន នៃ​ការរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ដោយមាន​ការ​កោតសរសើរ និង​ទទួលស្គាល់​ពី​គ្រប់ គណបក្ស​នយោបាយ ប្រជាពលរដ្ឋ សង្គម​ស៊ីវិល សហគមន៍​ជាតិ​និង​អន្តរ​ជាតិ​ដូចជា​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ជាដើម។ ដោយឡែក ការ​ដែល​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​ផ្ដាច់ ជំនួយ​ពី​គ.ជ.ប គឺជា​ហេតុផល​ផ្សេង​មិនមែន គ.ជ.ប ធ្វើ​ការ​មិន​ត្រឹមត្រូវ​នោះ​ទេ។

ការ​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​នេះ គឺ​បន្ទាប់ពី​មាន​គណបក្ស​អំណាច​ខ្មែរ បាន​ប្រកាស ធ្វើ​ពហិការ មិន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ នីតិកាល​ទី​៦​នោះ​ទេ ខណៈ​គណបក្ស​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​រារែក​នៅឡើយ គឺ​ដោយ​ពួកគេ​បាន​ចោទ​គ.ជ.ប ថា មិន​ឯករាជ្យ ហើយ​ធ្វើការ​មិនបាន ល្អ និង​ស្ថានភាព​នយោបាយ​ច្របូកច្របល់​គ្មាន​ការ​ដោះស្រាយ។

អ្នកនាំពាក្យ​គណបក្ស​អំណាច​ខ្មែរ លោក យិន ឈឿន នៅតែ​ប្រកាស​មិន​ទទួលស្គាល់ និង​មិន​ទទួល​យក​ការ​បកស្រាយ​របស់​ស្ថាប័ន គ.ជ.ប ឡើយ។ លោក​បញ្ជាក់​ថា ស្ថាប័ន​គ.ជ.ប គឺជា​ស្ថាប័ន ឯករាជ្យ ប៉ុន្តែ​បុគ្គល​ជា​ថ្នាក់ដឹកនាំ​គ.ជ.ប ទាំងអស់ មិនមែន​ជា​បុគ្គល​ឯករាជ្យ​ឡើយ។

ថ្វី​ដ្បិតតែ​ការបោះឆ្នោត​ឃុំ​សង្កាត់​ត្រូវ​ទទួល​ស្គាល់​អំពី​ភាព​វិជ្ជមាន​ក្តី ប៉ុន្តែ​នៅ​ក្រោយ​ការបោះឆ្នោត​ឃុំ​-​សង្កាត់​គឺ​មានការ​រិះគន់​ថា គ.ជ.ប បាន​បើកដៃ​ឲ្យ​គណបក្ស​កាន់អំណាច​រំលា​យ​គណបក្ស​សង្គ្រោះ ជាតិ ប្លន់​យក​អាសនៈ​ឃុំ​-​សង្កាត់​ទៅ​ចែក​ឲ្យ​គណបក្ស​មិន​ឈ្នះ​ឆ្នោត​ទាំងអស់។ រហូត​មក​ដល់ពេល នេះ ស្ថានភាព​នយោបាយ​នៅតែ​កំពុង​ទាល់ច្រក​ដោយសារតែ​បក្ស​ប្រឆាំង ត្រូវ​បាន​របប​លោក ហ៊ុន សែន មិន​ព្រម​ដោះស្រាយ និង​រារាំង​មិន​ឲ្យ​ចូលរួម​ការបោះឆ្នោត​ថែមទៀត។

អ្នក​ជំនាញ​ឃ្លាំមើល​កិច្ចការ​បោះឆ្នោត លោក យឿង សុធារ៉ា មាន​ប្រសាសន៍​ថា មួយ​រយៈ​នេះ គឺ មាន​គណបក្ស​នយោបាយ​មួយ​ចំនួន រួម​ទាំង​គណបក្ស​ដៃគូ​របស់​បក្ស​កាន់អំណាច​ក្ដី បាន​ត្អូញត្អែរ អំពី​ភាព​លំបាក ផ្សេងៗ​គ្នា​ដែល​បង្កឡើង​ដោយ​អាជ្ញាធរ​រដ្ឋ។ លោក​បន្ថែម​ថា ស្ថាប័ន​គ.ជ.ប​គួរតែ យកចិត្តទុកដាក់ និង​ដោះស្រាយ​បញ្ហា​នានា​ដើម្បី​ឲ្យ​គណបក្ស​នយោបាយ​នានា​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត ដោយ​រលូន និង​ដើម្បី​អាច​ធានា​ថា ការបោះឆ្នោត​នា​ពេល​ខាង​មុខ មាន​សេរីភាព យុត្តិធម៌ ត្រឹមត្រូវ។

លោក យឿង សុធារ៉ា បន្ថែម​ថា នៅ​ពេល​មាន​គណបក្ស​អំណាច​ខ្មែរ ប្រកាស​ធ្វើ​ពហិការ​មិន​ចូលរួម ការបោះឆ្នោត​ដូច្នេះ ក៏​អាច​នឹង​មាន​គណបក្ស​ជាច្រើន​ទៀត ប្រកាស​ធ្វើ​ពហិការ​ការ​បោះឆ្នោត ឬ ប្រកាស​ក្នុង​ន័យ​ស្រដៀងៗ​គ្នា​ដែរ។ លោក​បន្ត​ថា ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ដែល បាន​ផាត់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ប្រកួត​ប្រជែង​ការបោះឆ្នោត​នេះ បាន​បណ្ដាល​ឲ្យ​មានការ រិះគន់​ធ្ងន់ធ្ងរ​ទៅ​ហើយ ដូច្នេះ​ប្រសិនបើ​បង្ក​បញ្ហា​អោយ​គណបក្ស​នយោបាយ​ផ្សេងៗ​ទៀត មិន​ចូល រួមការ​បោះឆ្នោត​ដែរ​នោះ គឺ​ មុខមាត់​ស្ថាប័ន​គ.ជ.ប នៃ​របប​លោក ហ៊ុន សែន និង​ប្រទេស​កម្ពុជា នឹង រង​ការរិះគន់ និង​រង​នូវ​ប្រឈម​បញ្ហា​ជាច្រើន​ខ្លាំង​ជាង​ពីមុន​ទៅទៀត៕ អាស៊ីសេរី

loading...

Leave a comment