បែកធ្លាយគម្រោងផ្តល់សញ្ជាតិដល់ជនជាតិវៀតណាម ៧០ ម៉ឺននាក់នៅលើបណ្តាញសង្គម ពលរដ្ឋខ្មែរគ្រាន់តែដឹង ខឹងសម្បាយ៉ាងខ្លាំង

សន្តិសុខជាតិចាត់ជាបេះដូងរបស់ប្រទេស បើប្រទេសមួយគ្មានប្រព័ន្ធសន្តិសុខជាតិរឹងមាំទេ ពត៌មានអាយុជីវិតជាតិសំខាន់ៗ ប្រាកដជាបែកធ្លាយដល់ដៃជនបរទេស ជាហេតុនាំឲ្យគ្រោះថ្នាក់ដល់​ប្រជាជាតិទាំងមូល ហេតុនោះ នៅក្នុងប្រទេសជឿនលឿនទើបគេប្រុងប្រយ័ត្នបំផុតទាក់ទងនឹងសន្តិសុខជាតិនេះ ។

មិនបាច់និយាយដល់ប្រទេសឆ្ងាយពីខ្មែរទេ សូម្បីតែប្រទេសជិតខាងខ្មែរ គឺ ប្រទេសថៃ ក៏គេមានប្រព័ន្ធការពារសន្តិសុខជាតិបានយ៉ាងរឹងមាំ មិនងាយមានជនបរទេសណាជ្រៀតចូលសញ្ជាតិបានងាយ ៗ ឡើយ បើជនបរទេសជិតខាងទៀតរឹតតែគ្មានឱកាសដើម្បីចូលឡើយ ព្រោះគេត្រូវការស្រូបយកប្រយោជន៍ពីជនជាតិជិតខាងនោះ ។

ប៉ុន្តែសម្រាប់ប្រទេសខ្មែរក្រោមការដឹកនាំរបស់លោក ហ៊ុន សែន វាហាក់ដូចជាឱកាសមាសសម្រាប់ជនបរទេសដែលត្រូវការសញ្ជាតិខ្មែរក្រោមហេតុផលណាមួយមិនប្រាកដ ។

ត្រឹមឆ្នាំ ២០១៧ កម្ពុជា​មាន​ជន​អន្តោប្រវេសន៍​សរុប​ចំនួន ១៧៦ ៨១២ នាក់ ក្នុង​នោះ​ស្រី​ចំនួន ៧៩ ៧២៨ នាក់ មាន ៤៦ ៧៧៦ គ្រួសារ ហើយ​វៀតណាម​មានចំនួន​លើសគេ។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍​ពេល​ថ្មីៗ​នេះ។ ក្នុង​នោះ អ្នក​ដែល​​ប្រើប្រាស់​ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី ចំនួន ២០ ២១៨ គ្រួសារ មនុស្សចំនួន ៧៣ ៣៩៧ នាក់ ស្រី ៣៥ ៨៨៨ នាក់ មាន៥សញ្ជាតិ លើ៧។
មន្ត្រី​អន្តោប្រវេសន៍​កម្ពុជា​រក​ឃើញ​ថា ជន​អន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា មាន​ចំនួន​ច្រើន​លើសលប់ក្នុងចំណោម​ជនអន្តោប្រវេសន៍​ដទៃ​ទៀត។

សារព័ត៌មាន​ក្នុងស្រុក បាន​ដកស្រង់​សម្ដី​លោក សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ របស់​ក្រសួងមហាផ្ទៃ ដែល​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ អំពី​បញ្ហា​អន្តោប្រវេសន៍ នៅ​ថ្ងៃទី ៦ ខែ​ធ្នូ ថា តាម​ការ​ស្រង់​ឯកសារ ឃើញ​ថា ក្នុង​ចំណោម​ជនអន្តោប្រវេសន៍​សរុប ជនអន្តោប្រវេសន៍​វៀតណាម មាន​ចំនួន​ច្រើន​លើស​គេ តែ​នៅ​មិន​ទាន់​មាន​ឯកសារ​បញ្ជាក់​ថា​វៀតណាម​ទាំង​នោះ​មាន​ចំនួន​ជា​តួលេខ​ប៉ុន្មាន​ឲ្យ​ប្រាកដ​ឡើយ ។

ស្រាប់តែនៅថ្ងៃនេះ ២៨ កុម្ភៈ ២០១៨ រដ្ឋាភិបាលមានគម្រោងផ្តល់សញ្ជាតិឲ្យជនជាតិវៀតណាម ៧០ ម៉ឺននាក់ គ្រាន់តែឮដំណឹងនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន សម្តែងសេចក្តីមិនពេញចិត្ត និង ថ្កោលទោសចំពោះគម្រោងនោះ ជាពិសេស លោក ឆាំ ឆានី បានចេញសេចក្តីប្រឆាំងនៅលើទំព័ររបស់លោក ថា

ប្រឆាំងដាច់ខាតចំពោះរបប ហ៊ុន សែន ដែលផ្តល់ភាពស្របច្បាប់ឲ្យយួននៅកម្ពុជា
—-
សារព៌មានជាច្រើននៅកម្ពុជា បានដកស្រង់សម្ដីលោក នូវ លក្ខិណា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ មកចុះផ្សាយឲ្យដឹងនៅថ្ងៃនេះ ២៨ កុម្ភៈ ២០១៨ ថា របប ហ៊ុន សែន នឹងផ្តល់ភាពស្របច្បាប់ឲ្យយួនខុសច្បាប់ប្រមាណជាង ៧០ ម៉ឺននាក់ រស់នៅក្នុងប្រទេសកម្ពុជា ។

ដើម្បីទទួលបាន​សញ្ជាតិ​ខ្មែរ តាម​សញ្ជាតូបនីយកម្ម​ ជនបរទេស​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយចំនួន​ជាចាំបាច់៖

ត្រូវមាន​លិខិត​បញ្ជាក់ថា ជននោះ​មាន​ទីលំនៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ស្នាក់​នៅ​​ជាប់ជា​ប្រចាំ​ដោយស្របច្បាប់​​ ក្នុងរយៈពេល​យ៉ាងតិច ៧ឆ្នាំ ហើយ​កំពុង​បន្ត​មាន​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​ពេល​ដាក់ពាក្យសុំ​សញ្ជាតិ ។

ត្រូវមាន​លិខិត​បញ្ជាក់ថា​ជននោះ​មាន​គំនិត​មារយាទ និង​សីលធម៌​ល្អ ដែល​ចេញ​ដោយ​មេឃុំ ឬ​ចៅសង្កាត់ នៃ​ទីលំនៅ​របស់​ខ្លួន ។

ត្រូវមាន​លិខិត​ថ្កោលទោស ដែល​បញ្ជាក់ថា ពុំដែល​មាន​ទោស​ពី​បទព្រហ្មទណ្ឌ​ណាមួយ ។

ត្រូវ​ចេះ​និយាយ​ភាសា​ខ្មែរ ចេះ​អក្សរខ្មែរ និង​យល់ដឹង​ប្រវត្តិសាស្រ្ត​ខ្មែរ​ខ្លះៗ ហើយ​បង្ហាញ​ភស្តុតាង​ថា ខ្លួន​អាច​រស់នៅ​ក្នុង​សង្គម​ខ្មែរ​បាន​ដោយ​សុខដុម ព្រមទាំង​ទទួលយក​នូវ​ទំនៀមទម្លាប់ និង​ប្រពៃណីល្អ​របស់​ខ្មែរ ជាដើម ។

ការផ្តល់ភាពស្របច្បាប់របស់របប ហ៊ុន សែន ឲ្យពលរដ្ឋយួននៅពេលនេះគឺរំលោភទាំងកំរោលលើច្បាប់សញ្ជាតិ ដែលទង្វើរនេះគឺជាការឃុបឃិតគ្នារវាងយួនហាណូយ នឹងរបប ហ៊ុន សែន ក្នុងការលេបត្របាក់យកកម្ពុជាតាមនយោបាយឈ្លានរបស់យួន ។

ខ្ញុំ ឆាំ ឆានី ថ្កោសទោសយ៉ាងដាច់អហង្ការ និងសូមអំពាវនាវដល់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស មន្ត្រីរាជការ ប៉ូលីស ទាហាន កម្មករ គ្រូបង្រៀន និងអង្គការសង្គមស៊ីវីលនានា សូមរួបរួមគ្នាប្រឆាំងដាច់ខាតចំពោះទង្វើក្បត់ជាតិរបស់របប ហ៊ុន សែន និងទាមទារឲ្យរបបនេះបញ្ឈប់ជាបន្ទាន់នូវការផ្តល់ភាពស្របច្បាប់ឲ្យពលរដ្ឋយួន ៕

ឃើញថា បើគម្រោងផ្តល់សញ្ជាតិនេះក្លាយជាការពិត គ្រោះថ្នាក់ជាតិប្រាកដជានឹងកើតឡើង ព្រោះប្រទេសខ្មែរពុំទាន់មានបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យពលរដ្ឋបានល្អនៅឡើយ ។

Leave a comment