ចលនាសង្រ្គោះជាតិនឹងនាំឲ្យកើតផលប៉ះពាល់មួយចំនួនដល់អ្នកគាំទ្រ

លោក​ សម រង្សី ផ្តួចផ្តើមគំនិតនៅថ្ងៃទី ១៤ មករា ២០១៨ ដោយមានគោលដៅ គឺ ចលនាសង្គ្រោះជាតិ នឹងផ្តល់ផលប្រយោជន៍ឲ្យគណបក្សសង្គ្រោះជាតិ ដូចតទៅ ៖

១ ៖ ចលនាសង្គ្រោះជាតិ ជាក្របខណ្ឌថ្មីមួយ ដែលគ្មាននរណាអាចប៉ះពាល់បាន ហើយគ្មាននរណាអាចរំលាយបាន សូម្បីតែលើក្រដាសក៏មិនអាចធ្វើអ្វីយើងបានដែរ ។ ចលនាសង្គ្រោះជាតិ អាចអំពាវនាវឲ្យប្រជាពលរដ្ឋ រៀបចំធ្វើបាតុកម្ម និងកូដកម្ម ហើយឲ្យកងកម្លាំងប្រដាប់អាវុធ ឈរខាងប្រជារាស្ត្រ កុំឲ្យឈរខាងជនផ្តាច់ការ។

២ ៖ ចលនាសង្គ្រោះជាតិ នឹងផ្តល់ភាពកក់ក្តៅ និងសេចក្តីសង្ឃឹមឡើងវិញ ដល់សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ ដែលនឹងឃើញយ៉ាងច្បាស់ថា គណបក្សសង្គ្រោះជាតិ នៅតែបន្តសកម្មភាពរបស់ខ្លួន តាមរូបភាពថ្មីមួយ ដែលខ្លាំងជាងមុន និងមានប្រសិទ្ធភាពប្រសើរជាងមុនទៅទៀត។

៣ ៖ ចលនាសង្គ្រោះជាតិ នឹងប្រមូលកម្លាំងអ្នកគាំទ្រច្រើនជាងមុនទៅទៀត ពីព្រោះរូបភាពជាចលនា អាចទទួលសមាជិក ពីមជ្ឈដ្ឋានផ្សេងៗ ដូចជាសង្គមស៊ីវិល ដែលមិនអាចធ្វើជាសមាជិកគណបក្សនយោបាយណាមួយបានទេ ។

៤ ៖ ចលនាសង្គ្រោះជាតិ នឹងរៀបចំក្បាលម៉ាស៊ីនរបស់ខ្លួន ដែលភាគច្រើនមកពី​គណបក្ស​សង្គ្រោះជាតិ ដើម្បីធានាឲ្យមានការទំនាក់ទំនងគ្នា ប្រកបដោយសេរីភាព ដោយចំហ ទូលំទូលាយ និងរលូន ហើយក៏អាចធ្វើសេចក្តីសម្រេច ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងរហ័សទាន់ពេលវេលា។

៥ ៖ ចលនាសង្គ្រោះជាតិ នឹងជម្រុញ ឲ្យមានការដោះលែងលោកប្រធាន កឹម សុខា និងអ្នកទោសមនសិការ​ទាំងអស់ ឲ្យប្រជារាស្ត្រខ្មែរមានសិទ្ធិសេរីភាពពេញលេញ ហើយឲ្យមានការបោះឆ្នោត ដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ មានន័យថា ត្រូវតែមានការចូលរួមដាច់ខាត ពីគណបក្សសង្គ្រោះជាតិ។ ពេលយើងបានសម្រេចគោលបំណងនេះហើយ ចលនាសង្គ្រោះជាតិ នឹងរំលាយខ្លួនឯង ហើយអ្នកតស៊ូ ក្នុងចលនានេះ នឹងមកចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិ វិញទាំងអស់គ្នា ដើម្បីឲ្យគណបក្សនេះ ទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតខាងមុខ ហើយសង្គ្រោះជាតិយើង ឲ្យទាល់តែបាន។

ពិធីប្រកាស ការបង្កើតចលនាសង្គ្រោះជាតិ នៅទីក្រុង ឡង បុិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ថ្ងៃ ២៨ មករា ២០១៨  ។

ខាងក្រោមនេះជាសេចក្តីយល់ឃើញ និង សង្កេតឃើញតាមហេតុការណ៍កន្លងមក ៖

ចលនាសង្រ្គោះជាតិនាំឲ្យកើតជម្រើស ២ សម្រាប់អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ

១.អ្នកគាំទ្រក្រៅប្រទេស

២.អ្នកគាំទ្រក្នុងប្រទេស

អ្នកគាំទ្រក្រៅប្រទេសចែកជា ៤ ប្រភេទ គឺ ជនចំណាកស្រុកខុសច្បាប់ អ្នកកាន់លិខិតឆ្លងដែនខ្មែរ ជនភៀសខ្លួនខ្មែរ និង អ្នកកាន់សញ្ជាតិបរទេស


សូមជំរាបថា ចលនាសង្រ្គោះជាតិនេះកើតឡើងដោយអ្នកកាន់សញ្ជាតិបរទេសភាគច្រើន

នៅពេលជន ៣ ប្រភេទខាងដើម គាំទ្រចលនានេះ នឹងនាំឲ្យកើតផល ២ យ៉ាង គឺ

១ ៖ ផលអវិជ្ជមាន គឺ នឹងរងបទចោទប្រកាន់ពីសម្នាក់រដ្ឋាភិបាលថា គាំទ្រចលនាបដិវត្តន៍ពណ៌ ផ្តួលរំលំរដ្ឋាភិបាល ហើយនៅពេលវិលត្រឡប់ទៅវិញ នឹងរងការចាប់ខ្លួន ឬ រដ្ឋាភិបាលបញ្ជូន​ភ្នាក់ងារ​មក​ចាប់ខ្លួនដល់កន្លែង ឬ ទីតាំង ដូចករណី ចលនាខ្លាហោះ ឬ ខ្លារំដោះ ។

២ ៖ ផលវិជ្ជមាន គឺ អ្នកទាំងនោះអាចដាក់ពាក្យស្នើសុំជាជនភៀសខ្លួន

នយោបាយបានស្របតាមលក្ខន្តិកៈស្តីពីឋានៈជនភៀសខ្លួនហើយភៀសខ្លួនទៅរស់នៅប្រទេសទី ៣ ។ សម្រាប់អ្នកកាន់សញ្ជាតិបរទេស រដ្ឋាភិបាលនឹងបិទទិដ្ឋាការដល់ជននោះ ។


សម្រាប់អ្នកគាំទ្រចលនាសង្គ្រោះជាតិក្នុងប្រទេស នាំឲ្យកើតផលអវិជ្ជមាន ២ យ៉ាង  គឺ

១ ៖ នឹងរងបទចោទប្រកាន់ពីសម្នាក់រដ្ឋាភិបាលហើយចាប់ខ្លួនភ្លាម ៗ ដាក់គុកក្រោមបទចោទគាំទ្រចលនាខុសច្បាប់ ឬ ចលនាឧទ្ទាម ។

២ ៖ បើរដ្ឋាភិបាលចាប់ខ្លួនមិនបាន អ្នកនោះក៏ក្លាយជាជនចំណាកស្រុកខុសច្បាប់ ហើយអាចនឹងដាក់ពាក្យស្នើជាជនភៀសខ្លួននយោបាយបាន ។

ឃើញថា ចលនាសង្រ្គោះជាតិនឹងនាំឲ្យកើតផលអវិជ្ជមានច្រើនជាងផលវិជ្ជមាន ហើយបានផលតិច តួចក្នុងការតតាំងនឹងរដ្ឋាភិបាល ៕

Leave a comment