ល្បិចកខ្វក់ ៖ លោក ហ៊ុន សែន និយាយដោះសាទាំងមុខក្រាស់ថា រំលាយបក្សប្រឆាំងព្រោះខ្លាចកើតសង្រ្គាម

ជាថ្មី​ម្តង​ទៀត​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​ម្សិលមិញ​បាន​អះអាង​ថា​កម្ពុជា​មិន​អាច​ចៀសផុត​ពី​សង្គ្រាម​ទេ បើ​អតីត​មេបក្ស​ប្រឆាំង​មិន​ត្រូវ​ផ្តន្ទាទោស ហើយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ត្រូវ​បាន​រំលាយ​ទេ​នោះ ប៉ុន្តែ​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ដែល​ត្រូវ​បាន​រំលាយ​បញ្ជាក់​ថា ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​បែបណា​ក៏​កម្ពុជា​មិន​មាន​សង្គ្រាម​កើតឡើង​ស្រប​ពេល​ដែល​មាន​គោលនយោបាយ​ឯកភាព​ជាតិ និង​រួបរួម​ជាតិ​នោះ​។

loading...

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​ប្រមាណ​ ២៧ ៥០០ នាក់​មកពី​រោងចក្រ​ចំនួន​ ២៥ នៅក្នុង​ខេត្ត​កណ្តាល​កាលពី​ព្រឹក​ថ្ងៃទី​ ៥ ខែ​កក្កដា លោក​ ហ៊ុន សែន ថ្លែង​ដោយ​មិន​បញ្ចេញ​ឈ្មោះ តែ​សំដៅ​អតីត​មេបក្ស​ប្រឆាំង​លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ដោយ​និរទេស​នៅ​ក្រៅ​ប្រទេស​ថា លោក​សម រង្ស៊ី ប្រើ​គោលនយោបាយ​សងសឹក​ដែល​មិន​អាច​បង្រួបបង្រួម​ជាតិ​បាន គឺ​មាន​មួយ អត់​មួយ ដែល​នយោបាយ​បែប​នេះ​លោក​ថា មិន​អាច​ទទួល​យក​បាន​ឡើយ​។ លោក​ ហ៊ុន សែន ក៏​បាន​សួរថា កម្ពុជា​ចង់​ផ្លាស់ប្តូរ​អ្វី​ទៀត ខណៈ​កំពុង​ដឹកនាំ​ដោយ​រូប​លោក​នោះ ហើយ​ថែម​ទាំង​អះអាង​ថា កម្ពុជា​ចៀស​មិន​ផុតពី​សង្គ្រាម​ស៊ីវិល​ទេ បើ​អតីតបក្ស​សង្គ្រោះ​ជាតិ​បន្ត​មាន​វត្តមាន​។

loading...

លោក ហ៊ុន សែន ចោទសួរ​​ថា​៖ «​ដូច្នេះ​តើ​យើង​ចង់​បាន​អ្វី​ទៀត​យើង​ចង់​ដូរ​អ្វី​ទៀត មិន​ប្រាកដ​ថា​អា​អ្នក​ថ្មី​នោះ វា​មាន​លទ្ធភាព​លើស​អ្នក​ចាស់​នោះ​ទេ​»​។

លោក​បន្ត​ថា​៖ «​ធនធាន​មនុស្ស​របស់​គេ​នៅ​ទី​ណា​? ហើយ​វា​កាន់តែ​គ្រោះថ្នាក់​ទៅ​ទៀត​នៅ​ពេល​អ្នក​ដែល​គំរាម​បង្កើត​នូវ​ស្ថានភាព​ (​វឹកវរ​) ​កម្ពុជា​ចៀស​មិន​ផុតពី​សង្គ្រាម​ទេ ប្រសិន​បើ​អា​ (​មេ​) ​បក្ស​ចង្រៃ​មួយ​នោះ​វា​មិន​ត្រូវ​បាន​ផ្តន្ទាទោស រំលាយ​បក្ស​វា​នោះ​។ ព្រោះ​អ្វី​? អាង​អី​ឡើង អាង​តែ​សងសឹកៗ​។ នយោបាយ​ចេញ​មក “​មាន​អញ អត់​ឯង មាន​ឯង​អត់​អញ​” តើ​អ្នកណា​គេ​សុខចិត្ត គេ​មិន​សុខចិត្ត​ទេ​…​កុំ​ឆ្ងល់​ពេក វា​គ្មាន​អ្នក​ណា​ឲ្យ​អ្នកឯង​ធ្វើ​តែ​ពាស​អ៊ីចឹង​ទេ​»​។

លោក​បន្ថែម​ថា​៖ «​តើ​អ្នកឯង​ធ្វើ​បង្រួបបង្រួម​ជាតិ​បែប​ណា ខ្ញុំ​មិន​យល់ព្រម​ទេ​…​ដោយ​ឃើញ​ស្ថានភាព​យ៉ាង​ដូច្នេះ​ហើយ​បាន​ពូ​ប្រកាស​ថា​នឹង​បន្ត​តំណែង​ក្នុង​មុខងារ​ជា​នាយក​រដ្ឋមន្ត្រី​រយៈពេល​ ១០ ​ឆ្នាំ​យ៉ាងតិច​។ ពូ​ចង់​វ៉ៃ​អាពួក​អាចោរ​ចង្រៃ​បំផ្លាញ​ជាតិ បំផ្លាញ​ឯកភាព​ជាតិ ឯកភាព​ទឹកដី កាត់​ដី​​ ៤ ​ខេត្ត​ទៅ​ឲ្យ​បរទេស​ថែម​ទៀត ពូ​នឹង​តបត​ជាមួយ​អាហ្នឹង​ដល់​ទី​បញ្ចប់​…»​។

ប៉ុន្តែ​លោក​ អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ច្រាន​ចោល​ការចោទប្រកាន់​របស់​លោក​ ហ៊ុន សែន និង​អះអាង​ថា​អតីត​គណបក្ស​មិន​មាន​ការសងសឹក​ទេ​គឺ​ប្រកាន់​នយោបាយ​អហិង្សា​មិន​យក​ខ្មែរ​ជា​ស​ត្រូវ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​យល់​ដូច្នេះ​ទេ ព្រោះ​គណបក្ស​យើង​ឃើញ​មាន​គោលការណ៍​ច្បាស់លាស់​ក្នុង​ការ​បង្រួបបង្រួម​ក្នុង​ការ​ឯកភាព​ជាតិ​។ យើង​មិន​ដែល​មាន​គំនិត​មាន​គោលនយោបាយ​ប្រើ​ហិង្សា​ទេ​គឺ​អត់​ទាល់​តែ​សោះ​។ យើង​បាន​ប្រកាស​ជា​ញឹកញាប់​ពី​ការមិន​សងសឹក​មិន​គុំកួន មិន​យក​ខ្មែរ​ណា​ធ្វើជា​សត្រូវ យើង​បាន​ប្រកាស​ជា​សាធារណៈ​គ្រប់ពេល​ទាំងអស់​»​។

លោក​ ច័ន្ទរ័ត្ន បន្ត​ថា​៖ «​ពួកយើង​បាន​ធ្វើ​ដំណើរ​ក្នុង​គន្លង​ប្រជាធិបតេយ្យ​ជាង​ ២០ ​ឆ្នាំ​ហើយ​។ យើង​មាន​បទពិសោធ​មួយ​ចំនួន​ហើយ ដូច្នេះ​ទោះបី​ក្នុង​សភាព​បែប​ណា​ក៏ដោយ ក៏​មិន​អាច​វិល​ទៅ​រក​សង្គ្រាម​វិញ​ដែរ​។ អ្វី​ដែល​សំខាន់​គឺ​យើង​គួរតែ​រៀបចំ​មាគ៌ា​នយោបាយ​សម្រាប់​ជាតិ​ទាំងមូល​មួយ ដែល​យើង​ឯកភាព​គ្នា​ដើម្បី​សន្តិភាព ដើម្បី​ស្ថិរភាព​សម្រាប់​ប្រទេស ដូច​ប្រទេស​គេ​ដែល​មាន​បទពិសោធ​ក្នុង​ពិភពលោក​មួយ​ចំនួន​»​។

ទាក់ទង​នឹង​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​លោក​ ហ៊ុន សែន លោក Paul Chambers សាស្ត្រាចារ្យ និង​ជា​ទីប្រឹក្សា​ពិសេស​សម្រាប់​កិច្ចការ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ Naresuan បាន​ថ្លែង​តាមរយៈ​សារ​អេឡិចត្រូនិក​មក​កាន់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ពី​ម្សិលមិញ​ថា​៖ «​សម្រាប់​ទស្សនៈ​ខ្ញុំ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន វា​គ្រាន់​តែ​ជា​វោហារស័ព្ទ​នយោបាយ​ប៉ុណ្ណោះ​ក្នុង​ការ​ប៉ុនប៉ង​ដើម្បី​បំភ័យ​ដល់​កម្មករ​កាត់ដេរ​ឱ្យ​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ខណៈ​ពេល​លាប​ពណ៌​លោក​ កឹម សុខា និង គណបក្ស​សង្គ្រោះ​ជាតិ​ថា​ជា​អ្នក​រំខាន និង​ជា​សត្រូវ​របស់​រដ្ឋ​»​។

អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក កឹម សុខា កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ជិត​មួយ​ឆ្នាំ​ហើយ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​ក្បែរ​ព្រំដែន​កម្ពុជា-វៀតណាម​ក្រោយ​ពី​លោក​ត្រូវ​បាន​តុលាការ​ចោទ​ពី​​បទ​ក្បត់ជាតិ ឃុបឃិត​ជាមួយ​បរទេស​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ដែល​ករណី​ត្រូវ​បាន​គេ​ចាត់ទុក​ជា​រឿង​នយោបាយ​៕

loading...

Leave a comment