កម្មតាមផ្តន្ទា ៖ រំលឹករដ្ឋប្រហារបង្ហូរឈាមដណ្តើមអំណាច ៦ កក្កដា ១៩៩៧-២០១៨

នៅ​ដើម​ខែ​កក្កដា ឆ្នាំ១៩៩៧ ​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ដែល​កាល​ណោះ​ជា​នាយករដ្ឋមន្ត្រី​ទី​១ ត្រូវ​បាន​លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី​ទី​២ ប្រើ​កម្លាំង​បាយ​ទម្លាក់​ពី​អំណាច។

រដ្ឋប្រហារ​បង្ហូរ​ឈាម​នៅ​ពេល​នោះ បាន​បណ្តាល​អោយ​មនុស្ស​ជា​ច្រើន​រយ​នាក់​ស្លាប់ និង​របួស ដែល​ក្នុង​នោះ ពល​ទាហាន និង​មន្ត្រី​ប៉ូលិស យោធា​ជាន់​ខ្ពស់​ស្មោះ​ត្រង់​នឹង​សម្តេច​ក្រុម​ព្រះ រាប់​សិប​នាក់​ត្រូវ​បាន​កង​កម្លាំង​ស្មោះ​ត្រង់​នឹង​លោក ហ៊ុន សែន សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់។

loading...

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​លើក​ឡើង​ថា គេ​ត្រូវ​តែ​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ បើ​ទោះ​ជា​ពេល​វេលា​កន្លង​ផុត​ទៅ​ជាង ២ទសវត្ស​ហើយ​ក្តី ដើម្បី​ទប់​ស្កាត់​អំពើ​និទណ្ឌភាព ដែល​មាន​ន័យ​ថា ការ​បណ្តែត​បណ្តោយ​អោយ​ជន​ល្មើស​ច្បាប់​រួច​ទោសទណ្ឌ។

loading...

ក្នុង​ខួប​ទី២១​ឆ្នាំ​នៃ​រដ្ឋប្រហារ​នេះ លោក ជី វិតា សូមជូន​សេចក្តី​រាយការណ៍​មួយ​ជុំវិញ​រឿង​នេះ៖

អង្គការ​ការពារ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​ហៅ​ការ​សម្លាប់​កង​កម្លាំង​រាជា​និយម ហ៊្វុនស៊ិនប៉ិច ដែល​គ្មាន​អាវុធ​ក្នុង​ដៃ​នៅ​ក្នុង​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ឆ្នាំ១៩៩៧ ថា ជា​ការ​សម្លាប់​ខុស​ច្បាប់ ដែល​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម។

ប្រធានគ្រប់គ្រងផ្នែក​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស អង្គការ លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា រដ្ឋប្រហារ​ថ្ងៃ​ទី៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ជា​ព្រឹត្តិការណ៍​គួរ​អោយ​សោក​ស្តាយ ដែល​បាន​បណ្តាល​អោយ​មនុស្ស​ស្លាប់ ​និង​របួស​រាប់​រយ​នាក់ ហើយ​ជាង ២០​ឆ្នាំ​កន្លង​ទៅ​នេះ មិន​មាន​បុគ្គល​ណា​ម្នាក់​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ​ទេ។ ទោះ​ជា​យ៉ាង​ណា​លោក​បន្ត​​ថា គេ​ត្រូវ​​ចងចាំ​​ព្រឹត្តិការណ៍​​បង្ហូរ​​ឈាម​​នេះ ដើម្បីជួយគ្នាទប់ស្កាត់ការ​រំលោភ​​សិទ្ធិមនុស្ស​ស្រដៀង​គ្នា​នេះ​​នៅ​ថ្ងៃ​មុខ៖ «មក​ទល់​ពេល​នេះ​យើង​មិន​ទាន់​ឃើញ​ពន្លឺ​​យុត្តិធម៌​​នៅ​​ឡើយ​​ទេ វា​​បង្ក​​ទៅ​​ជា​​និទណ្ឌភាព​មួយ​យ៉ាង​ធំ ហើយ​កង់​ប្រវត្តិសាស្ត្រ​វា​អាច​​នឹង​​វិល​​មក​​រក​​វិញ ប្រសិន​បើ​មិន​មាន​គំរូ​នៅ​ក្នុង​ការ​ទប់​ស្កាត់​ទៅ​អនាគត​បាទ។ ត្រូវ​តែ​មាន​ការ​​ស៊ើបអង្កេត​​ផ្តល់​​តម្លាភាព ហើយ​​បង្ហាញ​​របាយការណ៍​​នៃ​​ការ​​ស៊ើប​អង្កេត​ហ្នឹង ដើម្បី​ឲ្យ​ជន​រងគ្រោះ និង​គ្រូសារ​ជន​រងគ្រោះ​ទទួល​បាន​ភាព​យុត្តិធម៌»។

បីថ្ងៃក្រោយការផ្ទុះអាវុធ លោកថូម៉ាស់ ហេមម៉ាប៊ើក (Thomas Hammarberg) តំណាង​​ពិសេស​​របស់​​​អគ្គលេខាធិការ​​​អង្គការ​​​សហប្រជាជាតិ ផ្នែក​​​សិទ្ធិមនុស្ស​​​ប្រចាំ​​​នៅ​​​កម្ពុជា ហៅ​ព្រឹត្តិការណ៍​នោះ​ថា ជា​រដ្ឋប្រហារ​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទី​២ ទម្លាក់​​នាយក​រដ្ឋមន្ត្រី​ទី​១ ដែល​​ជាប់​​ឆ្នោត គឺ​​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ពីអំណាច។

ស្នូរគ្រាប់កាំភ្លើងតូចធំបានផ្ទុះឡើងកងរំពង នៅថ្ងៃទី៥-៦ កក្កដា បង្កអោយមានភាពវឹកវរជ្រួលច្របល់ក្នុងរាជធានីទាំងមូល។ អ្នកភ្នំពេញជាច្រើនពាន់នាក់បានភៀសខ្លួនចេញទៅសម្ងំនៅតាមបណ្តាខេត្តមួយរយៈ ដើម្បី​គេច​ចេញ​ពី​គ្រាប់កាំភ្លើង។

អ្នកស្រី ខេន​ ឃីម គឺ​ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ជន​រងគ្រោះ​ជា​ច្រើន​ទៀត ដែល​បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​នៅ​ក្នុង​ថ្ងៃ​រដ្ឋប្រហារ​នោះ។ អង្គុយ​នៅ​លើ​គ្រែ​ជាមួយ​កូន​ប្រុស​តូច​ដែល​មាន​របួស​ក្បាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កាល់ម៉ែត អ្នកស្រី​ ឃីម បាន​រៀបរាប់​ប្រាប់​ទូរទស្សន៍ ABC អូស្រ្តាលី (Australia) ថា គ្រាប់​កាំភ្លើង​បាន​ផ្តាច់​ជីវិត​កូន​ប្រុស​របស់​លោកស្រី​ពីរ​នាក់៖ «ឲ្យ​កូនៗ ក្រាប​ក្រោម​ផ្ទះ ស្រាប់​តែ​គ្រាប់​វា​មក​បុក​ផ្ទះ​ខ្ញុំ ហើយ​ជះ​ទៅ​​លើ​កូនៗ ខ្ញុំ។ ខ្ញុំ​ឈរ​នៅ​ម្នាក់​ឯង​អត់​អី​ទេ។ ងាក​ទៅ​ប្តីៗ ដួល ងាក​ទៅកូន​ស្លាប់​អស់។ កូន​ខ្ញុំ​ស្លាប់​ពីរ​នាក់ អាមួយ ១០ឆ្នាំ អាមួយ ៩ឆ្នាំ អា​មួយ​ដាច់​ក អាមួយ​ដេក​ដួល។ ​កូន​ខ្ញុំ​ស្លូត..រៀន​បាន​ចំណាត់​ថ្នាក់​លេខ​មួយ មិន​គួរ​កូន​ខ្ញុំ​ស្លាប់​សោះ! អាយុ​ខ្លី​ត្រូវ​ដាច់​ក»។ ​

ផ្អែកតាមរបាយការណ៍ស៊ើបអង្កេតរបស់ការិយាល័យសិទ្ធិមនុស្ស នៃអង្គការរសហប្រជាជាតិ ប្រចាំនៅកម្ពុជា ក្រៅ​តែ​ពី​មាន​មនុស្ស​ស្លាប់ និង​របួស​ដោយសារ​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​របស់​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​រូប​នោះ ក៏​មាន​ពល​ទាហាន ​និង​​មន្រ្តី​ជាន់​ខ្ពស់​ដែល​ស្មោះត្រង់​នឹង​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ប្រមាណ ៦០នាក់ ត្រូវ​​បាន​​ប្រហារ​ជីវិត​ក្រៅ​ប្រព័ន្ធ​ច្បាប់​ដោយ​​កង​​កម្លាំង​​ស្មោះ​​ត្រង់​​នឹង​​លោក ហ៊ុន សែន។ របាយការណ៍ដដែលនេះ បញ្ជាក់​និយមន័យ​នៃ​ពាក្យ «ការ​​សម្លាប់​​ក្រៅ​​ប្រព័ន្ធ​ច្បាប់» ថា ជា​អំពើ​​ដែល​​​ភ្នាក់ងាររដ្ឋ​​​​សម្លាប់​​មនុស្ស​មិន​មាន​ច្បាប់​អនុញ្ញាត ខណៈ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន និង​គ្មាន​អាវុធ​ក្នុង​ដៃ។

​​រដ្ឋប្រហារបង្ហូរឈាមនេះ ចាប់ផ្តើមពីថ្ងៃទី២ រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៩៧ ដោយ​កម្លាំង​របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ ដណ្តើម​យក​មក​គ្រប់គ្រង​នូវ​មូលដ្ឋាន​ទ័ពជើង​ទឹក​របស់​សម្តេច​ក្រុម​ព្រះ​នៅ​ព្រែក​តាទែន។ ​

មន្ត្រីប៉ូលិស និងយោធាជាន់ខ្ពស់របស់គណបក្ស ហ៊្វុនស៊ីប៉ិច ដែលត្រូវបានសម្លាប់ក្រៅប្រព័ន្ធច្បាប់នោះ រួមមាន លោកហូ សុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើងខណៈកំពុងជាប់ឃុំក្នុងក្រសួងមហាផ្ទៃ។ មន្ត្រី​ស្មោះ​ត្រង់​នឹង​សម្តេចក្រុម​ព្រះ ដទៃទៀតដែលអ្នកខ្លះត្រូវបានរងទារុណកម្មហើយ ទើបសម្លាប់នៅទីកន្លែងផ្សេងៗគ្នានោះ រួមមាន៖ ឧត្តមសេនីយ៍ ចៅ សម្បត្តិ ហៅ ង៉ូវ។ ឧត្តមសេនីយ៍ ក្រួច យឿម។ ឧត្តមសេនីយ៍ ព្រំ ឌិន។ ឧត្តមសេនីយ៍ លី សេងហុង។ ឧត្តមសេនីយ៍ ម៉ែន ប៊ុន ថន។​ លោក ជា ឬទ្ធី ឈុត។ វរសេនីយ៍ឯក សុខ វីរៈ។ ​ វរសេនីយ៍ឯក ថ្លាង ច័ន្ទ​សុវណ្ណាឫទ្ធិ។ ​ វរសេនីយឯក ហ៊ូវ សម្បត្តិ ព្រម​​ទាំ​ង​ពល​ទាហាន និង​​នាយ​​ទាហាន​​ជា​​ច្រើន​ទៀត។

បើទោះជាការិយាល័យសិទ្ធិមនុស្សអង្គការរសហប្រជាជាតិ ប្រចាំនៅកម្ពុជា បាន​ផ្ញើ​របាយការណ៍​ស្តីពី​ការ​សម្លាប់​ក្​រៅច្បាប់​នេះ ជូន​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា​ជា​បន្ត​បន្ទាប់ និង​ទទូច​ឲ្យ​មាន​ការ​ស៊ើប​អង្កេត ដើម្បី​នាំ​​​បុគ្គល ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​សម្លាប់​ក្រៅ​ច្បាប់​នេះ​​មក​នូវ​ការ​ផ្តន្ទាទោស​ក្ដី ក៏​រយៈ​ពេល ២១ឆ្នាំ​កន្លង​មក​នេះ មិន​មាន​ការ​ស៊ើប​អង្កេត​ណា​មួយ​បាន​ធ្វើ​ឡើង​នោះ​ទេ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន បញ្ជាក់​ប្រាប់​អាស៊ី​សេរី ថ្មីៗ នេះ​ថា បញ្ហា​នេះ​ចប់​យូរ​ហើយ មិន​មាន​ការ​ស៊ើប​អង្កេត​ទេ ហើយ​រដ្ឋាភិបាល​នៅ​ក្រោយ​ការ​ប្រយុទ្ធ​គ្នា​ថ្ងៃ​ទី៥-៦ ខែ​កក្កដា​នោះ ក៏​បាន​ចេញ​សៀវភៅ​ស​មួយ ដើម្បី​​ពន្យល់​បក​ស្រាយ​អំពី​ព្រឹត្តិការណ៍​នោះ​ដែរ៖ «អត់មានទេ​ពីព្រោះសម្តេចក្រុមព្រះជាមួយសម្តេចហ៊ុន សែន គឺ​មាន​សម្បទាន​នយោបាយ ដើម្បី​រក្សា​សណ្តាប់ធ្នាប់​នយោបាយ និង​ផល​ប្រយោជន៍សង្គម គឺសន្តិភាពនិងស្ថេរភាព។ សៀវភៅ​ស​ដែល​រដ្ឋាភិបាល​បាន​ចេញ​ស្តីពី​ការ​បង្ក្រាប​កម្លាំង​អនាធិបតេយ្យ អាហ្នឹង​ជា​ឯកសារ​ជាក់ស្តែង​ចេញ​ឆ្នាំ១៩៩៧​ហ្នឹង​ឯង ក្នុង​រវាង​ខែ​វិច្ឆកា។ សៀវភៅ​ស​មាន​ពីរ​ភាសា គឺ​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស ដែល​ជា​អំណះអំណាង​បង្ក្រាប​ក្រុម​អនាធិបតេយ្យ​ប្រដាប់​អាវុធ»។

ក្រោយព្រឹត្តិការណ៍ថ្ងៃ៥-៦ កក្កដា ភាគី​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ទី​២ ដែល​បាន​គ្រប់គ្រង​រាជរដ្ឋាភិបាល​ផ្តាច់​មុខ​បាន​ចេញ​សៀវភៅ«ស» មួយ​ព្យាយាម​បកស្រាយ​អះអាង​ប្រាប់​សហគមន៍​ជាតិ និង​អន្តរជាតិ​ពី​មូលហេតុ​ចាំបាច់ និង​ស្រប​ច្បាប់​​របស់​ខ្លួន ក្នុងការប្រើ​កម្លាំង​យោធា​បង្ក្រាប​កម្លាំង​សម្តេច​ក្រុម​ព្រះ។ សៀវភៅ «ស» សរសេរថា ព្រឹត្តិការណ៍យោធាថ្ងៃទី ៥-៦ គឺជាការ​សកម្មភាព​យោធា​ប្រឆាំងសម្តេច​ក្រុម​ព្រះ និងកម្លាំងយោធារបស់ព្រះអង្គ ក្នុងគោលដៅទប់ស្កាត់ការ​វិល​មក​វិញ​នៃ​កងទ័ព​ខ្មែរក្រហម។ សៀវភៅ «ស» បន្តចោទប្រកាន់សម្តេច​ក្រុម​ព្រះ ថាបានសហការជាមួយខ្មែរក្រហប្រឆាំងលោក ហ៊ុន សែន ហើយថា ព្រះអង្គបានប៉ុនប៉ងនាំអាវុធខុសច្បាប់ចូលក្រុងភ្នំពេញទៀតផង។

ទោះជាយ៉ាងណា ចំពោះការនាំអាវុធចូលសម្តេចក្រុម​ព្រះ​មិនបដិសេធទេ។ ព្រះអង្គធ្លាប់មានបន្ទូលថា ក្នុង​នាម​ព្រះអង្គ​ជា​នាយករដ្ឋមន្ត្រី​ទី១ ព្រះអង្គ​មាន​សិទ្ធិ​បញ្ជា​ទិញ​អាវុធ។ ប៉ុន្តែ​ភាគី​លោក​នាយករដ្ឋមន្ត្រី​ទី២ ហ៊ុន សែន តប​វិញ​ថា អាច​​​ធ្វើ​​​ដូច្នោះ​ទៅ​​​បាន លុះត្រា​តែ​ធ្វើ​តាម​រយៈ​ក្រសួង​ការពារ​ជាតិ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ​ចុះ លោក ប្រែដ អាដាមស៍ (Brad Adams) នៃ​​អង្គការ​​សិទ្ធិ​មនុស្ស Human Rights Watch អោយដឹងថា បើ​និយាយ​ពី​រឿង​នាំ​អាវុធ​ចូល​ខុស​ច្បាប់​នោះ គ្មាន​​អ្នក​ណា​នាំ​ចូល​ច្រើន​ជាង​លោក ហ៊ុន សែន នោះ​ទេ៖ «គាត់​ទិញ​អាវុធ​នាំ​ចូល​ច្រើន​ណាស់ យក​មក​ប្រើប្រាស់​សំរាប់​ក្រុម​អង្គរក្ស​ឯកជន​របស់​គាត់។ ត្រូវ​ចាំ​ថា ជា​ផ្លូវការ​លោក ហ៊ុន សែន មាន​អង្គរក្ស​ការពារ​គាត់​តាម​​រយៈ​​កងពល​តូច​លេខ៧០ (ង-៧០) រួច​ទៅ​​ហើយ​។ ប៉ុន្តែ​គាត់​បាន​ទៅ​បង្កើត​អង្គភាព​កងទ័ព​ឯកជន​ដ៏​ធំ​មួយ ដែល​មាន​គ្នា​យ៉ាង​តិច​មួយ​ពាន់ (១.០០០) នាក់ ក្នុង​ខែ​កក្កដា​ ឆ្នាំ១៩៩៧។ កងទ័ព​ឯកជន​ដែល​ស្ថិត​ក្រោម​បញ្ជា​ផ្ទាល់​របស់​លោក ហ៊ុន សែន នេះ គឺ​អាច​និយាយ​បាន​ថា ត្រូវ​បាន​​បំពាក់​​​អាវុធ និង​​ឧបករណ៍​​យោធា​​ទំនើបៗ ព្រមទាំង​ទទួល​បាន​ការ​ហ្វឹកហ្វឹន​ប្រសើរ​ជាង​អង្គភាព​ផ្សេង​ទៀត​នៃ​កងទ័ព​ជាតិ​ទៀត​ផង ហើយ​​ភារៈកិច្ច​របស់​ពួក​គេ គឺ​មិនមែន​ការពារ​ផល​ប្រយោជន៍​ជាតិ​ទេ។ ភារៈ​កិច្ច​របស់​ពួក​គេ​គឺ​ធ្វើអ្វីៗ តាម​​តែ​បញ្ជា​​របស់​​​លោក ហ៊ុន សែន ប៉ុណ្ណោះ ហើយ​ក្រុម​អង្គរក្ស​នេះ ក៏​ត្រូវ​បាន​ប្រើ​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ​ដែរ។ ដូច្នេះ លោក ហ៊ុន សែន មិន​​អាច​​​និយាយ​​ថា ហ៊្វុនស៊ីនប៉ិច នាំ​​អាវុធ​​ចូល​​ខុស​​ច្បាប់ ប៉ុន្តែ​​ខ្លួន​​គាត់​​វិញ​​​នាំ​​ចូល​​ច្រើន​​ជា​ង​​ទៅ​​ទៀត​​នោះ»។

ចំពោះការចោទក្នុងសៀវភៅសថា សម្តេច​ក្រុម​ព្រះបាននាំទ័ពខ្មែរក្រហមចូលក្រុងភ្នំពេញនោះ លោក ប៊្រែដ អាដាមស៍ (Brad Adams)​ ដែលជាមន្ត្រី​​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ​នៅ​ពេល​នោះ និយាយ​ថា លោក​បាន​ស្រាវជ្រាវ​រឿង​នោះ​ដែរ ប៉ុន្តែ​មិន​ឃើញ​មាន​ខ្មែរក្រហម​ទេ៖ «លោក ឱម យិនទៀង ទីប្រឹក្សា​របស់​លោក ហ៊ុន សែន បាន​ទូរស័ព្ទ​ទៅ​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ដែល​មាន​ខ្ញុំ​ធ្វើការ​នៅ​ទី​នោះ ហើយ​ប្រាប់​ថា ការិយាល័យ​យើង​គួរ​តែ​ចុះ​ទៅ​មើល​មូលដ្ឋាន​យោធា​មួយ​នៅ​ជាយ​ក្រុង​ភ្នំពេញ ដែល​មាន​កងទ័ព​ខ្មែរក្រហម​ជា​ច្រើន​នាក់​នៅ​ទី​នោះ ដើម្បី​អាច​បញ្ជាក់​ថា គណបក្ស​ ហ៊្វុនស៊ីនប៉ិច បាន​នាំ​ខ្មែរក្រហម​ចូល​ក្រុង​ភ្នំពេញ។ លោក ឱម យិនទៀង បន្ថែម​ថា ពួក​ខ្មែរក្រហម​ទាំង​នោះ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​តាំង​ក្រសាំង។ យើង​ក៏​បញ្ជូន​ក្រុម​យើង​ទៅ​ដែល​មាន​ទាំង​រូប​ខ្ញុំ​ផង។ ពេល​ទៅ​ដល់​យើង​បាន​សម្ភាសន៍​មនុស្ស​ទាំង​អស់​នោះ​ដាច់​ដោយ​ឡែក​ពី​គ្នា។ យើង​បាន​រក​ឃើញ​ថា ពួក​​គេ​មិនមែន​ខ្មែរក្រហម​ទេ ហើយ​គ្មាន​នរណា​ម្នាក់​មក​ពី​អន្លង់វែង​ដូច​រដ្ឋាភិបាល​អះអាង​នោះ​ឡើយ។ ​ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ​ប្រាប់​យើង​ថា ពួក​គេ​មក​ពី​ខេត្ត​ស្វាយរៀង និង​ព្រៃវែង ទី​ដែល​គ្មាន​ខ្មែរក្រហម​យូរ​មក​ហើយ។ ​ពួក​គេ​ប្រាប់​ថា ត្រូវ​បាន​​គេ​ល្បួង​យក​មក​ភ្នំពេញ ដើម្បី​ទទួល​បាន​ការងារ​ធ្វើ ហើយ​មិន​យល់​សោះ​ថា ហេតុអ្វី​បាន​ជា​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន។ ដូច្នេះ​យើង​ក៏​ពន្យល់​ប្រាប់​ទៅ​លោក ឱម យិនទៀង វិញ​ថា យើង​រក​មិន​ឃើញ​មាន​ខ្មែរក្រហម​ទេ។ ពេល​នោះ​​លោក ឱម យិនទៀង មិន​បាន​ខំ​ប្រកែក​អ្វី​សោះ​ជាមួយ​យើង​ទេ ពោល​គឹ​គាត់​មិន​បាន​ឆ្លើយ​តប​អ្វី​មួយ​ម៉ាត់​សោះ ពីព្រោះ​គាត់​ខ្មាស់​យើង»។

លោក ប៊្រែដ អាដាមស៍ (Brad Adams) បន្ថែមថា អ្នកដែលប្រើប្រាស់កម្លាំងខ្មែរក្រហមមែនទែននោះ គឺលោក ហ៊ុន សែន ទៅវិញទេ។ យ៉ាងហោចណាស់មានអតីតមេបញ្ជាការខ្មែរក្រហមពីររូប គឺលោក កែវ ពង្ស និងលោក ភុន ភាព បាន​ដឹក​នាំ​កូន​ទាហាន​របស់​ខ្លួន​ចួលរួម​ធ្វើ​សកម្មភាព​យោធា​ទម្លាក់​សម្តេច​ក្រុមព្រះ​ពី​នាយករដ្ឋមន្ត្រីទី១។

សម្តេចក្រុម​ព្រះ នរោត្តម រណឫទ្ធិ ដែលបានភៀសខ្លួនចេញពីទីក្រុងភ្នំពេញមួយថ្ងៃមុនថ្ងៃរដ្ឋប្រហារទៅប្រទេសបារាំង ហើយ​​បន្ទាប់​​មក​​បាន​​មាន​​បន្ទូល​​ប្រាប់​​អគ្គលេខាធិការ​​អង្គការ​​សហប្រជាជាតិ លោក កូហ្វី អាណន់ នៅ​ឯ​រដ្ឋធានី Washington សហរដ្ឋអាមេរិក​​ថា លោក​ជា​ជន​រងគ្រោះ​នៃ​​រដ្ឋប្រហារ​ ហើយ​​ទទូច​​ឲ្យ​​អង្គការ​​សហប្រជា​ជាតិ​​កុំ​​ទទួល​​ស្គាល់​​រដ្ឋាភិបាល​​ក្រោយ​​រដ្ឋប្រហារ៖ «អង្គការ​សហប្រជា​ជាតិ​មិន​ត្រូវ​ទទួល​ស្គាល់​រដ្ឋាភិបាល​ណា​មួយ​កើត​ចេញ​ពី​រដ្ឋប្រហារ​នោះ​ឡើយ»។

រាជរដ្ឋាភិបាលកម្ពុជា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ១៩៩៣ ដឹកនាំដោយនាយករដ្ឋមន្ត្រីពីររូប គឺសម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ីនប៉ិចដែលឈ្នះឆ្នោត ជានាយក​រដ្ឋមន្ត្រី​ទី​មួយ និងលោកហ៊ុន សែន ជា​នាយក​រដ្ឋមន្រ្តី​ទី​ពីរ តំណាងអោយគណបក្សប្រជាជនកម្ពុជា។ រូបមន្តដឹកនាំរដ្ឋថ្មីចែសបែបនេះ គឺ​ជា​លទ្ធផល​នៃ​ការ​សម្រប​​សម្រួល​​នយោបាយ​​ផ្សះផ្សារ​ជាតិ​របស់​អតីត​​ព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម​ សីហនុ បន្ទាប់​ពី​គណបក្ស​​ប្រជាជន​កម្ពុជា​ដែល​ចាញ់​ឆ្នោត ប៉ុន្តែ​មិន​សុខ​ចិត្ត​បាន​ប្រើ​កម្លាំង​ទាហាន និង​ប៉ូលិស​បណ្តេញ​ទាហាន​អង្គការ​សហប្រជាជាតិ អ៊ុនតាក់ ចេញ​ពី​ខេត្ត​ចំនួន៧ ហើយ​គំរាម​បំបែក​ប្រទេស​កម្ពុជា​ជា​ពីរ។ ​

ទោះជាយ៉ាងណា​ក្ដី លោក ប៊្រែដ អាដាមស៍ (Brad Adams) នៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch និង​ជា​​អតីត​​មន្ត្រី​​ជាន់​ខ្ពស់​​នៃ​​ការិយាល័យ​​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​​ប្រចាំ​​នៅ​​កម្ពុជា និយាយ​ថា អង្គហេតុ​នានា ដែល​កើត​ឡើងនៅចន្លោះពីថ្ងៃទី២ដល់ថ្ងៃទី៧កក្កដា ឆ្នាំ១៩៩៧នោះ បញ្ជាក់ថា លោកហ៊ុន សែន ជា​​អ្នក​​ធ្វើ​រដ្ឋប្រហារ។ លោកបន្តអះអាងថា នៅក្នុង​ខែមេសា ឆ្នាំ ១៩៩៦ តំណាង​របស់អគ្គលេខា​អង្គការ​សហប្រជាជាតិ​ ប្រចាំ​កម្ពុជា លោក បិននី វិដយ៉ួណូ (Benny Widyono) បាន​ផ្ញើរសារ​សម្ងាត់​ឯកជន​មួយទៅ​កាន់ទីក្រុង​ញូយក ដោយ​ពន្យល់ថា លោក ហ៊ុន សែន ចង់​ឡើង​កាន់​អំណាច​ដោយ​ការ​ប្រើកម្លាំង​ទ័ព៖ «លោក ហ៊ុន សែន ខឹងក្រេវក្រោធ ដោយសារ​តែ​​ព្រះអង្គម្ចាស់​រណឫទ្ធិ កាលពីខែមករា ឆ្នាំ ១៩៩៦ នៅក្នុងកិច្ច​ប្រជុំរបស់​គណបក្ស ​ហ្វ៊ុនស៊ិនប៉ិច សម្រេច​ព្រះទ័យថា មិនអាច​ធ្វើ​​រដ្ឋាភិបាល​​​ចម្រុះ​​​ជាមួយ​​​លោក ហ៊ុន សែន បានតទៅ​ទៀត​នោះឡើយ​។ សូមកុំភ្លេចថា លោក ហ៊ុន សែន និង​គណបក្ស​​ប្រជាជន​កម្ពុជា ដឹងច្បាស់ណាស់​ថា ខ្លួន​បាន​ចាញ់​ឆ្នោត​នៅឆ្នាំ ១៩៩៣។ ដូច្នេះ​ពួកគេ​​រិះរក​គ្រប់​មធ្យោបាយ​​សម្រាប់​​​ការ​​​បោះ​​ឆ្នោត​​​លើក​​​ក្រោយ ធ្វើ​យ៉ាង​​ណា​​ឲ្យ​​លោក ហ៊ុន សែន អាច​ឈ្នះ​ បន្ត​ក្រាញ​អំណាច​តទៅទៀត។ លោក ហ៊ុន សែន ជឿជាក់​ថា​គណបក្ស ប្រជាជន​កម្ពុជា​មាន​សិទ្ធិ និងត្រូវ​តែ​កាន់​រដ្ឋាភិបាល​រហូត មិន​ខ្វល់ថា បន្ត​កាន់អំណាច​តាមរយៈ​ការ​​​បោះ​​ឆ្នោត ឬ​តាម​រយៈកម្លាំង​ទ័ពនោះឡើយ។ ដូច្នេះហើយ​ បាន​​ជា​លោក ហ៊ុន សែន ចាប់​ផ្តើម​ជជែកជាមួយ​មន្រ្តី​គណបក្ស ប្រជាជន​កម្ពុជា​ឯទៀត អំពី​ការ​ប្រើកម្លាំង​ទ័ព ដើម្បី​កម្ទេច​គណបក្ស ​ហ៊្វុនស៊ិនប៉ិចចោល។ នោះហើយ​ គឺជាអ្វី​ដែល​ Benny Widyono រាយការណ៍ទៅញូយក កាលពីខែមករា ឆ្នាំ ១៩៩៦​ នោះ»។

កាលណោះ ប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ស៊ីម និងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ មិន​​បាន​យល់​​ព្រម​​ជាមួយ​លោក ហ៊ុន​ សែន ក្នុងការធ្វើរដ្ឋប្រហារនោះឡើយ។ នេះបើតាមការបញ្ជាក់របស់លោក ប៊្រែដ អាដាមស៍។

ទោះជាយ៉ាងណា ឆ្លើយតបទៅនឹងសំនួររបស់អ្នកកាសែតបរទេសក្រោយពីកំចាត់សម្តេចក្រុម​ព្រះបានជោគជ័យ លោក ហ៊ុន សែន បានចោទសម្តេចក្រុម​ព្រះ​ថា ជាអ្នកប្រើកម្លាំងមុន។

សំឡេងអ្នកកាសែតបទេស៖ Do you regret the use of force? តើ​លោកមានស្តាយពីការប្រើកម្លាំងទេ?

សំឡេងលោកហ៊ុន សែន៖ អត់មានស្តាយអីទាំងអស់ រឿងដែលគេប្រើគេប្រើមក​ទេ​តើ។ ម៉េចបាន​ជា​អ្នក​ឯង​​នៅ​​តែ​​​និយាយ​​​ពី​​​អា​​បញ្ហា​​ហ្នឹង បញ្ហាគឺ [prince] រណឬទ្ធិជាអ្នកប្រើកម្លាំងខ្ញុំ​[មិន]បានកម្លាំងឯណា? ខ្ញុំប្រើកម្លាំងគ្រាន់តែទប់ ឥឡូវ​លោក​ឯង​ឲ្យ​ខ្ញុំដកថយ ឬឲ្យ​​ខ្ញុំទប់​? ឥឡូវលោកឯងទៅអន្លង់វែងខ្លួនឯងទៅយកក្បាលទៅរងគ្រាប់ខ្លួនឯងទៅ។ You can go to Anlung Veng for shooting by Pol Pot។

លោក ប្រ៊ែដ អាដាមស៍ ថា គឺលោក ហ៊ុន សែន ទៅ​វិញ​ទេ ដែល​ខ្លាច​ចាញ់​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ ទើប​បាន​​ធ្វើ​​រដ្ឋ​ប្រហារ។ លោក​ថា រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧ គឺ​ជា​ការ​បំផ្លាញ​ចោល​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ដែល​កើត​ចេញេ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ គឺ​ក្រោយ​ពេល​ពលរដ្ឋ​កម្ពុជា​ទើប​តែ​បាន​ងើប​ចេញ​ពី​របប​កុម្មុយនិស្ត​ខ្មែរក្រហម និង​​​របប​​​គ្រប់គ្រង​​​ដោយ​​កងទ័ព​កុម្មុយនិស្ត​វៀតណាម។

សម្រាប់​ពលរដ្ឋ​កម្ពុជា ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ដោយ អាជ្ញាធរ​បណ្តោះ​អាសន្ន​នៃ​អង្គការ​​សហប្រជាជាតិ​​​នៅ​​​កម្ពុជា ហៅ​កាត់​ថា អ៊ុនតាក់ (UNTAC) គឺ​ជា​ថ្នាល​សម្រាប់​បណ្តុះ​នូវ​ពន្លក​សេរីភាព​នានា ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣ នៅ​ពេល​ក្រោយ​មក។

លោក ប៊្រែដ អាដាមស៍ ថា កាល​ណា​មនុស្ស​អត់​សេរីភាព​មនុស្ស​ក៏​អស់​សង្ឃឹម​ដែរ ប៉ុន្តែ អ៊ុនតាក់ បាន​នាំ​មក​នូវ​​​សេចក្តី​​​សង្ឃឹម​​​ដល់​​​ប្រជាជាតិ​​កម្ពុជា​​នៅ​​ពេល​នោះ៖ «អ៊ុនតាក់ ខំ​យក​សេរីភាព ដែល​មិន​ធ្លាប់​មាន មក​ជូន​ពលរដ្ឋ​ខ្មែរ មាន​ទាំង​សេរីភាព​ព័ត៌មាន សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​តវ៉ា សេរីភាព​ក្នុង​ការ​បើក​អង្គការ​សមាគម សិទ្ធិ​ក្នុង​កា​របង្កើត​គណបក្ស​នយោបាយ​​ជា​ដើម។ អ៊ុនតាក់ ក៏​​បាន​​នាំ​មកនូវ​ការ​បោះ​ឆ្នោត​មួយ​សម្រាប់​កម្ពុជា​ដែរ ហើយ​ការ​បោះ​ឆ្នោត​កាល​ណោះ គឺ​អង្គការ​សហប្រជាជាតិ​​ជា​​អ្នក​​រៀបចំ។ ជាអកុសល រដ្ឋប្រហារ​ឆ្នាំ១៩៩៧ បាន​ទាញ​ប្រទេស​កម្ពុជា ឲ្យ​ដើរ​បញ្ច្រាស​ទៅ​ក្រោយ ទៅ​​យុគ​សម័យ​​ខ្មៅ​​ងងឹត​មួយ ដែល​មេ​ដឹក​នាំ​ខ្មែរ នាំ​គ្នា​ដណ្តើម​អំណាច​គ្នា តាម​រយៈ​កម្លាំង​ប្រដាប់​អាវុធ និង​អំពើ​ហិង្សា។ ស្ថានភាព​​បែប​​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រងទុក្ខ​យ៉ាង​ខ្លាំង។ រដ្ឋប្រហារ​ដដែល​នោះ ក៏​បាន​ធានា​ឲ្យ​លោក ហ៊ុន សែន បន្ត​ក្រាញ​អំណាច​ជា​មេដឹកនាំ និង​ជា​មេបក្ស​ប្រជាជន​កម្ពុជា។ ភ្លាមៗ ក្រោយ​រដ្ឋប្រហារ លោក ហ៊ុន សែន ចាប់​ផ្តើម​គ្រប់គ្រង​បក្ស​ទាំង​ស្រុង។ គាត់​ចាប់​ផ្តើម​បញ្ចូល​មនុស្ស​របស់​គាត់ ទៅ​ក្នុង​ជួរ​មន្រ្តី​ជាន់​ខ្ពស់​ក្នុង​កងទ័ព និង​នគរបាល​ជាតិ។ គាត់​​ចាប់​​ផ្តើម​​ជម្រុះ​​ខ្សែ​លោក ស ខេង និង​លោក ជា ស៊ីម។ រដ្ឋប្រហារ​នោះ ធ្វើ​ឲ្យ​លោក ហ៊ុន សែន ក្លាយ​ជា​បុរស​ខ្លាំង និង​ជា​អ្នក​មាន​អំណាច​ដឹកនាំ​តែ​ម្នាក់​ឯង​គត់។ ដោយសារ​តែ​គាត់​ហ៊ាន​ធ្វើ​រដ្ឋប្រហារ ដោយ​មិន​ចាំបាច់​មាន​ការ​យល់​ព្រម​ពី​គណបក្ស​ ប្រជាជន​​កម្ពុជា លោក ហ៊ុន សែន ហ៊ាន​ធ្វើ​អ្វី​ស្រេច​តែ​ក្បាល​ចិត្ត។ គាត់​បបួល​ឲ្យ​មន្រ្តី​ក្នុង​ជួរ​បក្ស​តតាំង​នឹង​គាត់ ប៉ុន្តែ​គ្មាន​នរណា​ហ៊ាន​ក្អក​នោះ​ឡើយ។ គ្មាន​មន្រ្តី​ណា​ហ៊ាន​ឃាត់​ទង្វើ​ផ្តាច់​ការ​របស់​លោក ហ៊ុន សែន ឡើយ»។

មេធាវីការពារ​សិទ្ធិមនុស្ស​អន្តរជាតិ លោក ប្រ៊ែដ អាដាម បន្ត​ថា បើ​ទោះ​ជា​ឧក្រិដ្ឋកម្ម​សម្លាប់​មនុស្ស​ក្រៅ​​ច្បាប់​​នេះ​​​កន្លង​​ទៅ​​ជាង ២០​ឆ្នាំ​ក្តី ការ​វែក​មុខ​រក​ជន​ដៃ​ដល់ និង​អ្នក​​ពាក់ព័ន្ធ​មក​ផ្តន្ទាទោស នៅ​តែ​មាន​សារៈ​សំខាន់​ខ្លាំង ដោយសារ​មាន​មូលហេតុ​​ចម្បង​ពីរ​យ៉ាង គឺ​មូលហេតុ​ផ្ទាល់​ខ្លួន​របស់​ជន​រង​គ្រោះ និង​មូលហេតុ​នយោបាយ៖ «បើ​និយាយ​​ពី​​រឿង​​បុគ្គល​​ផ្ទាល់​​ខ្លួន គឺ​​កាល​​ណា​​សមាជិក​​គ្រួសារ​របស់​អ្នក ត្រូវ​គេ​ចាប់​ខ្លួន សម្រាត​សម្លៀក​បំពាក់ ចាប់​វាយ​ខ្នោះ រួច​ហើយ​ដឹក​ចេញ​ទៅ​ក្រៅ​ក្រុង​ភ្នំពេញ ក្រោយ​មក​ក៏​គេ​បាញ់​តម្រង់​ក្បាល ដើម្បី​សម្លាប់​ចោល អ្នក​ច្បាស់​ជា​ចង់​រក​យុត្តិធម៌​ឲ្យ​ជន​រង​គ្រោះ​នោះ។ អ្នក​​ច្បាស់​​ជា​​ចង់​​ឲ្យ​​គេ​​ធ្វើ​​យ៉ាង​​ណា​ ផ្តន្ទាទោស​ជន​ដៃ​ដល់ ដែល​បាញ់​សម្លាប់​មនុស្ស​បែប​នេះ។ ការ​ចង់​បាន​យុត្តិធម៌​បែប​នេះ គឺ​ជា​កត្តា​សត្យានុម័ត តាម​បែប​ធម្មជាតិ​របស់​មនុស្ស​លោក។ កាល​ណោះ ខ្ញុំ​ធ្វើ​ការ​ឲ្យ​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​​សហប្រជាជាតិ ហើយ​​ខ្ញុំ​​ខ្លួន​​ឯង​​ហ្នឹង ជា​អ្នក​ជីក​គាស់​សាកសព​ជន​រង​គ្រោះ​ទាំង​នោះ ដោយ​ផ្ទាល់​ដៃ​ថែម​ទៀត​ផង។ អ្នក​ដែល​គេ​ចាប់ និង​បាញ់​សម្លាប់​ចោល​ទាំង​នោះ អ្នក​ខ្លះ​គេ​ដឹក​ចេញ​ទៅ​កំពង់ស្ពឺ អ្នក​ខ្លះ​គេ​យក​ទៅ​សម្លាប់​ចោល​នៅ​ជ្រោះ​ពេជ្រនិល។ ខ្ញុំ​​កាយ​​រក​​ឃើញ​​សាកសព​​មនុស្ស​​ប្រុស​​ម្នាក់ មាន​ស្លៀក​តែ​ខោ​ខ្លី ដៃ​ជាប់​ខ្នោះ​ទាំង​ពីរ និង​មាន​រន្ធ​គ្រាប់​កាំភ្លើង​ផុង​ក្នុង​លលាដ៏​ក្បាល​គាត់។ សាកសព​របស់​គាត់​ គេ​កាយ​ដី​កប់​រាក់ៗ ប៉ុណ្ណោះ។ ខ្ញុំ និង​មន្រ្តី​ស៊ើបអង្កេត​ផ្នែក​សិទ្ធិមនុស្ស​របស់​​អង្គការ​​សហប្រជាជាតិ រក​ឃើញ​សាកសព​នោះ។ ក្រោយ​មក​ទើប​យើង​កំណត់​អត្ត​សញ្ញាណ​ដឹង​ថា អ្នក​ស្លាប់​ជា​អ្នកណា«។

លោក ប្រ៊ែដ អាដាម បន្តថា រីឯ​ហេតុផល​នយោបាយ​នោះ គឺ​ថា ការ​ស្រេកឃ្លាន​យុត្តិធម៌​ផ្ទាល់​ខ្លួន ក៏​វា​មាន​ភាព​​ពាក់ព័ន្ធ​​គ្នា​​នឹង​​យុត្តិធម៌​​ក្នុង​សង្គម​ទាំង​មូល​ដែរ ពីព្រោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បែប​នេះ នឹង​បន្ត​ធ្វើ​វា​ត​ទៅ​ទៀត កាល​ណា​គ្មាន​នរណា​ហ៊ាន​ចាប់​ទោស​អូស​ដំណើរ​ពួក​គេ​នោះ៖ «មនុស្ស​របស់​លោក ហ៊ុន សែន ដែល​ពាក់ព័ន្ធ​ក្នុង​រដ្ឋ​ប្រហារ​នោះ សុទ្ធតែ​រួច​​ទោស​​ទាំង​​អស់។ មិន​​តែ​​ប៉ុណ្ណោះ ជន​ដៃ​ដល់​ ដែល​ជា​ឃាតករ​សម្លាប់​មនុស្ស​កាល​ណោះ មាន​ច្រើន​នាក់​ណាស់ ដែល​បាន​ឡើង​បុណ្យ​ស័ក្តិ ពាក់​ផ្កាយ​ពេញ​ស្មា​ថែម​ទៀត​ផង។ មិន​បាច់​ទៅ​មើល​ឯណា​ឆ្ងាយ ក្នុង​នោះ​មាន​ឧត្តមសេនីយ៍ ចាប ភក្តី​ មួយ​​ដែរ។ គាត់​​ជាប់​​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ ពោល​គឺ​នៅ​ក្រោយ​រដ្ឋប្រហារ​នោះ។ កាល​ណោះ​គាត់​មាន​ឋានៈ​ត្រឹម​តែ​វរៈសេនីយ៍ឯក ឬ​ស័ក្តិ ៥ ប៉ុណ្ណោះ។ ប៉ុន្តែ​ឥឡូវ​នេះ គាត់​ឡើងស័ក្តិ​ដល់​ឧត្តមសេនីយ៍ ពាក់​​ផ្កាយ​​ហើយ។ គាត់​​ជា​​មនុស្ស​​ជំនិត​​របស់​​លោក ហ៊ុន សែន។ មិន​តែ​ប៉ុណ្ណោះ យើង​រក​ឃើញ​បន្ថែម​ទៀត​ថា នៅ​ឆ្នាំ ២០១៤ កាល​ផ្ទុះ​បាតុកម្ម​តវ៉ា​ទ្រង់ទ្រាយ​ធំ​ក្រោយ​បោះ​ឆ្នោត​ជាតិ គឺ​ក្រុម​ទាហាន​ក្នុង​កង​របស់​គាត់​ហ្នឹង​ហើយ ដែល​ចូល​ដៃ​ក្នុង​ការ​បង្ក្រាប​​អ្នក​តវ៉ា​​យ៉ាង​​ហិង្សា​​នោះ។ ដូច្នេះ​​អ្នក​​ដែល​ចូលដៃ​ក្នុង​អំពើ​ហិង្សា​ក្នុង​រដ្ឋប្រហារ​កាល​ឆ្នាំ ១៩៩៧ ឥឡូវ​នៅ​តែ​បន្ត​អំពើ​ហិង្សា​តទៅ​ទៀត​ រហូត​ដល់​ឥឡូវ​នេះ​ទៀត ដោយ​គ្មាន​ទោសពៃរ៍​អ្វី​ទាំង​អស់។ យើង​ត្រូវ​តែ​បញ្ចប់​វប្បធម៌​និទណ្ឌភាព​បែប​នេះ។ យើង​​ត្រូវ​​រួម​​គ្នា​​បំបាត់​​វប្បធម៌​នេះ​​ចោល មិន​​ត្រូវ​​ឲ្យ​មនុស្ស​របស់​លោក ហ៊ុន សែន ឡើង​ចាង ធ្វើ​អ្វី​បំពាន​បាន​ស្រេច​តែ​នឹង​ចិត្ត និង​រួច​ខ្លួន​រហូត​បែប​នេះ​បាន​ឡើយ»។

ទាំង​លោក អំ សំអាត នៃ​អង្គការ​សិទ្ធិមនុស្ស លីកាដូ (LICADHO) និង​លោក ប្រ៊ែដ អាដាម នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) យល់​ថា ការ​ទាមទាម​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​នៅ​ពេល​បច្ចុប្បន្ន​នេះ ពិត​ជា​ពិបាក ប៉ុន្តែ​គេ​មិន​ត្រូវ​អស់​សង្ឃឹម ហើយ​បោះបង់​ចោល​ការ​ទាមទារ​នេះ​ទេ។ លោក ប្រ៊ែដ អាដាមស៍ ថា ការ​រំលឹក និង​ការ​ផ្សាព្វផ្សាយនូវ​អំពើ​រំលោភ​សិទ្ធិមនុស្ស​ក្នុង​កាល​ទេសៈ​ណា​ក៏​ដោយ វា​មាន​សារៈ​សំខាន់​ណាស់៖ «គ្មាន​អ្វី​ជា​អមតៈ​នោះ​ទេ។ គ្មាន​នរណា​មាន​ភ្នែក​ទិព្វ ឬ​អាច​ព្យាករណ៍​ថា នឹង​មាន​អ្វីកើត​ឡើង​ទៅ​ថ្ងៃ​ខាង​មុខ​នោះ​ទេ។ ប៉ុន្តែ ខ្ញុំ​សុំ​ជម្រាប​ថា នៅ​ប្រទេស​ភូមា និង​ប្រទេស​ម៉ាឡេស៊ី ប្រហែល​ជា​អ្វីៗ មិន​អាច​​ផ្លាស់​ប្តូរ​ទៅ​រួច ដូច​សព្វថ្ងៃ​នេះ​ឡើយ បើ​កុំ​តែ​ពលរដ្ឋ​ភូមា និង​ម៉ាឡេស៊ី បន្ត​ផ្សាយ​ព័ត៌មាន​ពិត បន្ត​ហ៊ាន​និយាយ​ការ​ពិត​អំពី​ទង្វើ​អាក្រក់​របស់​អ្នក​កាន់​អំណាច បង្ហាញ​មុខ​ជន​រំលោភ​សិទ្ធិមនុស្ស​ ជន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​បន្ត​ធ្វើ​យុទ្ធនាការ និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​តវ៉ា ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ។ ខ្ញុំ​មិន​ហ៊ាន​ទស្សន៍ទាយ​មុន​ថា ប្រទេស​កម្ពុជា នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ។ ក៏​ប៉ុន្តែ ខ្ញុំ​ជឿជាក់​ថា ជន​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិមនុស្ស និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដល់​ឆ្អឹង នឹង​ចៀស​មិន​ផុត​ពី​ការ​កាត់​ទោស​នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​មិន​ខាន។ ថ្ងៃ​ណា​មួយ អ្នក​ទាំង​នោះ​នឹង​ធ្លាក់​ពី​អំណាច។ ពេល​នោះ រាល់​ការ​តស៊ូមតិ និង​តវ៉ា​របស់​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​ការ​ខំប្រឹង​ប្រែង​ផ្តល់​ព័ត៌មាន​ពិត​របស់​អ្នក​សារព័ត៌មាន នឹង​ទទួល​បាន​ផ្លែផ្កា​នៅ​ថ្ងៃ​ណា​មួយ»។

លោក ប៊្រែដ អាដាម និយាយ​ថា ការ​សម្លាប់​ពេល​នោះ គឺ​ចូល​ជា​បទឧក្រិដ្ឋ​រំលោភ​ច្បាប់​សង្គ្រាម។ លោក​ថា ប្រសិន​​បើ​​ការ​​បាត់​បង់​​ជីវិត​​មនុស្ស​​ដ៏​ច្រើន​នៅ​ក្នុង​ថ្ងៃ​រដ្ឋ​ប្រហារ​នោះ បណ្ដាល​មក​ពី​ការ​ប្រយុទ្ធ​គ្នា​លើ​សមរភូមិ ឬ​ក៏​ជា​ការ​សម្លាប់​ដោយ​ភ័ន្តច្រឡំ គេ​អាច​ទទួល​យក​បាន។ ប៉ុន្តែ​លោក​ថា នៅ​ពេល​ដែល​ជន​រង​គ្រោះ​ទាំង​នោះ​ត្រូវ​បាន​គេ​ដេញ​តាម​ចាប់ ហើយ​​​សម្រាត​​​សំលៀក​បំពាក់​​​ចេញ​​ពី​​ខ្លួន ចង​​មុខ​ចង​​ស្លាប​សេក ឬ​​ដាក់​ខ្នោះ រួច​ប្រើ​កាំភ្លើង​បាញ់​បំបែក​លលាដ៍​ក្បាល ហើយ​កប់​ក្នុង​រណ្ដៅ​រាក់ៗ នោះ​​គឺ​​ជា​​រឿង​​មួយ​​ដែល​​អសីលធម៌ និង​​អមនុស្សធម៌​​គួរ​​ឲ្យ​​ស្អប់​​ខ្ពើម។

យោង​តាមច្បាប់​អន្តរជាតិ ឧក្រិដ្ឋកម្ម​មួយ​ចំនួន​មិន​មាន​អាជ្ញាយុកាល​ទេ ពោល​ទោះ​ជា​បទល្មើស​នោះ​កន្លង​​ផុត​​​ទៅ​​​យូរយារ​​ប៉ុណ្ណា​​ក្តី ក៏​​ជន​​ល្មើស​​មិន​​អាច​​រួច​​ខ្លួន​​បាន​​ឡើយ ដូចជា ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍។

ដោយ​ហេតុ​ថា ឧក្រិដ្ឋកម្ម​ទាំង ៣​ប្រភេទ​នេះ មិន​មាន​អាជ្ញាយុកាល​នេះ​ហើយ ទើប​ផ្ដល់​ជា​មូលដ្ឋាន​ច្បាប់​​ដល់​កម្ពុជា ឲ្យ​​បង្កើត​​បាន​​សាលាក្ដី​​ខ្មែរ​ក្រហម ដែល​កំពុង​ជំនុំជម្រះ​ទោស​អតីត​មេដឹកនាំ​របប​ខ្មែរក្រហម​នា​ពេល​បច្ចុប្បន្ន បើ​ទោះ​ជា​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម​បាន​កន្លង​ផុត​ទៅ​ជាង ៣៩​ឆ្នាំ​ហើយ​ក្តី។ ការ​សម្លាប់​ឈ្លើយ​សឹក ការ​សម្លាប់​មនុស្ស​​គ្មាន​​អាវុធ​​ក្នុង​​ដៃ ឬ​​ការ​​សម្លាប់​​ជន​​ស៊ីវិល គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម។

ទាក់ទងនឹងការសម្លាប់មនុស្ស​ក្រៅ​ច្បាប់​នូវ​មន្ត្រី​ប៉ូលិស និង​យោធា​រាប់​សិប​នាក់ ដែល​ស្មោះត្រង់​នឹង​នាយករដ្ឋមន្ត្រី​​ទី​១ សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ នៅ​ក្នុង​អំឡុង​ពេល​រដ្ឋប្រហារ​ឆ្នាំ១៩៩៧ នោះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ហៅ​ការ​សម្លាប់​នោះ​ថា ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​ជា​បទល្មើស​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​​ត្រូវ​​តែ​​មាន​​ការ​​ស៊ើប​អង្កេត និង​ផ្តន្ទាទោស​តាម​ច្បាប់ ដើម្បី​ទប់ស្កាត់​អំពើ​និទណ្ឌភាព៕ rfa khmer

loading...

Leave a comment