ក្រសួងពត៌មានចាប់ផ្តើមរាំងខ្ទប់ពត៌មានតាមបណ្តាញសង្គមដើម្បីបិទបាំងពត៌មានការបោះឆ្នោតក្លែងក្លាយនៅថ្ងៃ ២៩ កក្កដា ខាងមុខ

ក្រសួង​ព័ត៌មាន​នៃ​របប​ក្រុងភ្នំពេញ រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​ប្រកាស​អន្តរក្រសួង​ស្ដីពី​ការគ្រប់គ្រង​គេហទំព័រ និង​បណ្ដាញ​​សង្គម ជាមួយ​ក្រុម​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី៤ កក្កដា។ ក្រសួង​អះអាង​ថា ប្រកាស​អន្តរក្រសួង​នេះ​មាន​គោលបំណង​ធ្វើ​ឱ្យ​ការប្រើប្រាស់​គេហទំព័រ និង​បណ្ដាញ​សង្គម​មាន​លក្ខណៈ​ប្រសើរ​ឡើង ហើយ​ប្រកាស​នេះ នឹង​ត្រូវ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី៥ កក្កដា តទៅ។ អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន និង​មន្ត្រី​សិទ្ធិមនុស្ស យល់​ឃើញ​ប្រកាស​នេះ​នឹង​នាំមក​នូវ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺណិត​ទៅ​វិញ​ទេ។

ហ៊ុន សែន បញ្ជាបិទមាត់ប្រជាជន

អ្នកសារព័ត៌មាន និង​មន្ត្រី​សិទ្ធិមនុស្ស​មួយ​ចំនួន​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​របស់​ក្រសួង​ព័ត៌មាន​នោះ យល់ឃើញ​ដូចគ្នា​ថា ប្រកាស​អន្តរក្រសួង​ស្ដីពី​ការ​គ្រប់គ្រង​គេហទំព័រ និង​បណ្ដាញ​សង្គម​នេះ គួរតែ​ត្រូវ​បាន​លុបចោល ដើម្បី​ធានា​បាន​នូវ​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិ​ត​ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​របស់​កម្ពុជា។

loading...

អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន លោក ណុប វី ថ្លែង​ថា ក្រសួង​ព័ត៌មាន​ពន្យល់​ថា ការ​បង្កើត​ប្រកាស​អន្តរក្រសួង​នេះ គឺ​ដើម្បី​ធានា​បាន​នូវ​ការប្រើប្រាស់​គេហទំព័រ និង​បណ្ដាញ​សង្គម​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ និង​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ ឬ​ការ​ចែកចាយ​ព័ត៌មាន​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ ជាដើម ក៏ប៉ុន្តែ​លោក​ថា ក្រសួង​មិន​បាន​បកស្រាយ​ឱ្យ​បាន​លម្អិត​ពី​ពាក្យ​គន្លឹះ​ទាំងអស់​នេះ​ឡើយ។ លោក​យល់ថា ប្រកាស​អន្តរ​ក្រសួង​នេះ មាន​លក្ខណៈ​ជា​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ចំពោះ​ការប្រើប្រាស់​អ៊ីនធឺណិត និង​គាប​សង្កត់​លើ​សេរីភាព​សារព័ត៌មាន​ទៅវិញ​ទេ៖ «ខាង​រដ្ឋាភិបាល ខាង​ក្រសួង​យល់ឃើញ​ថា អ្វី​ដែល​គាត់​ធ្វើ​នេះ​ដើម្បី​ឱ្យ​មានការ​ប្រើប្រាស់​កាន់​តែ​ប្រសើរ ប៉ុន្តែ​រឿង​នេះ​ខ្ញុំ​យល់ថា ចង់​មិន​ចង់ វា​ធ្វើ​ឱ្យ​អ្នកប្រើប្រាស់ (អ៊ិនធើណិត) គាត់​មាន​គំនាប​ខ្លួនឯង ព្រោះ​បើ​គាត់​ប្រើប្រាស់​ស្រួល​មិន​ស្រួល ឬ​ចែក​រំលែក​អ្វីមួយ ដែល​គាត់​យល់​ថា គ្រាន់តែ​ជា​ការ​បញ្ចេញមតិ ប៉ុន្តែ​ខាង​រដ្ឋាភិបាល​យល់ថា មិនមែន​ជា​ការ​បញ្ចេញ​មតិ តែ​ជា​ការ​ប៉ះពាល់​ដល់​សន្តិសុខ​ជាង​អី​ហ្នឹង នោះ​វា​នឹង​មាន​គ្រោះថ្នាក់​ដល់​គាត់។ អញ្ចឹង​ចង់​មិន​ចង់ វា​គាបសង្កត់ ឬ​ធ្វើ​ឱ្យ​ពួកគាត់​មិន​ហ៊ាន​ចែករំលែក ឬ​សរសេរ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ដូច​ពីមុន​ទៀត»

loading...

លោក​បន្ថែម​ថា ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា នឹង​ប្រើប្រាស់​ច្បាប់​ចំនួន ៣ ជា​មូលដ្ឋាន ក្នុងការ​អនុវត្ត​ប្រកាស​នេះ គឺ ​ក្រមព្រហ្មទណ្ឌ ច្បាប់បោះឆ្នោត និង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ទៅលើ​ជន​ប្រព្រឹត្ត​ល្មើស។ ទោះ​បី​យ៉ាងណា អ្នកសារព័ត៌មាន​ឯករាជ្យ​រូប​នេះ​គិត​ថា របប​ក្រុងភ្នំពេញ​គួរតែ​លុបចោល​ប្រកាស​អន្តរក្រសួង​នេះ ដើម្បី​ជំរុញ និង​លើកកម្ពស់​សិទ្ធ​សេរីភាព​របស់​ប្រជាពលរដ្ឋ​វិញ ទើប​ជា​រឿង​ប្រសើរ៖ «សេចក្ដីប្រកាស​រួម​នេះ គួរតែ​លុបចោល ហើយ​អាច​ថា រដ្ឋាភិបាល​គួរតែ​ពិចារណា​មើល ថា​តើ​គោលការណ៍ ឬ​សេចក្ដីណែនាំ ឬក៏​ច្បាប់​ណា​ដែល​មាន​ទំនោរ​រឹតត្បិត​ទៅដល់​សិទ្ធិ​សេរីភាព និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ គួរតែ​មាន​ការពិចារណា​ក្នុង​ការ​ធ្វើ​វិសោធនកម្ម ឬមួយ​ក៏​លុបចោល​តែម្ដង ព្រោះថា​ការចូលរួម​របស់​ប្រជាពលរដ្ឋ គឺជា​ការធានា​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្ត​ភាព​នៅ​ក្នុង​សង្គម ហើយ​មួយវិញទៀត ធ្វើ​ឱ្យ​សង្គម​កាន់​តែ​មាន​តម្លាភាព ធ្វើ​ឱ្យ​សេវា​សាធារណៈ​នៅ​មូលដ្ឋាន​បាន​ប្រសើរ​ឡើង»។

ប្រកាស​អន្តរក្រសួង​ស្ដីពី​ការគ្រប់គ្រង​គេហទំព័រ និង​បណ្ដាញ​សង្គម​នេះ គឺជា​វិធានការ​មួយ​ក្នុង​ចំណោម​វិធានការណ៍​ផ្សេងទៀត ដែល​របប​លោក ហ៊ុន សែន កំពុង​ប្រើប្រាស់ ដើម្បី​គាបសង្កត់ និង​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន នៅមុន​ការបោះឆ្នោត​មកដល់​។ ប្រកាស​នេះ​បាន​ផ្ដល់​អំណាច​យ៉ាង​ច្រើន​សម្បើម​ដល់​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ ឱ្យ​ចាត់ការ​លើ​ពលរដ្ឋ អ្នកសារព័ត៌មាន ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា ដែល​គេ​គិត​ថា បាន​ផ្សព្វផ្សាយ ឬ​ចែកចាយ​បន្ត​នូវ​ព័ត៌មាន​ដែល​មិន​ស្រប​នឹង​ការ​ចង់​បាន​របស់​រដ្ឋ​អំណាច​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន។

ក្រសួង​ព័ត៌មាន គឺជា​អ្នកគ្រប់គ្រង​ការ​ចេញ​ផ្សាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិច ខ្លឹមសារ​ទាំងស្រុង សារ​ជា​អក្សរ សំឡេង រូបភាព វីដេអូ ឬ​ទម្រង់​ផ្សេងៗ ជាដើម។ ចំណែក​ក្រសួង​ប្រៃសណីយ៍ តម្រូវ​ឲ្យ​ក្រុមហ៊ុន​សេវា​អ៊ិនធឺណិត​ទាំងអស់ មាន​កម្មវិធី​សូហ្វវ៉ែ (Software) និង​បំពាក់​កម្មវិធី​គ្រប់គ្រង​អ៊ីនធឺណិត ដើម្បី​ងាយស្រួល​ក្នុង​ការ​ច្រោះ (Filter) ឬ​រាំង​ខ្ទប់ (Block) គេហទំព័រ ឬ​គណនី (Account ) ឬ​ទំព័រ (Page) របស់​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​ធ្វើ​អាជីវកម្ម ឬ​ការផ្សាយ​ណា ដែល​ពួកគេ​យល់ថា ល្មើស​ច្បាប់។ ក្រសួង​ទាំងពីរ​នេះ ក៏​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ដទៃ​ទៀត ដើម្បី​រាំង​ខ្ទប់ ឬ​បិទ​គេហទំព័រ ឬ​បណ្ដាញ​សង្គម​ណា ដែល​ធ្វើ​អាជីវកម្ម​ខុសច្បាប់ ឬ​ផ្សាយ​ល្មើសច្បាប់ ដែល​មាន​លក្ខណៈ​ញុះញង់ បំបែកបំបាក់​សាមគ្គីភាព ការរើសអើង ចេតនា​បង្ក​ចលាចល ដែល​បណ្ដាល​ឲ្យ​មានការ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ ប្រយោជន៍​សាធារណៈ និង​សណ្ដាប់ធ្នាប់​សង្គម ជាដើម រីឯ​ក្រសួង​មហាផ្ទៃ​វិញ គឺ​ជា​អ្នក​បង្ក្រាប រាល់​សកម្មភាព​ទាំងអស់​នេះ។

មន្ត្រី​នាំ​ពាក្យ​សមាគម​អាដហុក លោក សឹង សែនករុណា យល់​ឃើញ​ថា ដោយសារតែ​មិនទាន់​មាន​ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត ទើប​របប​លោក ហ៊ុន សែន បង្កើត​ប្រកាស​អន្តរក្រសួង​នេះ​ឡើង ដើម្បី​យក​ទៅ​អនុវត្ត​ភ្លាមៗ ឱ្យ​ស្រប​ទៅ​នឹង​ស្ថានការណ៍​របស់​កម្ពុជា នៅ​មុន​ការបោះឆ្នោត​មកដល់​នៅ​ចុងខែ​កក្កដា​នេះ។ លោក​ព្រួយបារម្ភ​ថា ពលរដ្ឋ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​អាច​នឹង​ត្រូវ​ក្លាយ​ជា​ជនរងគ្រោះ​ចំពោះ​សកម្មភាព​របស់​ខ្លួន​លើ​ប្រព័ន្ធ​អ៊ីនធឺណិត នៅ​ក្រោយ​ពេល​ដែល​ក្រសួង​ព័ត៌មាន​ធ្វើការ​ផ្សព្វផ្សាយ​ប្រកាស​អន្តរក្រសួង​នេះ ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​រួចហើយ​។ សំខាន់​ជាង​នេះ លោក​បារម្ភ​ថា វិធានការ​នេះ​អាច​នឹង​ត្រូវ​យក​ទៅ​អនុវត្ត​ចំពោះតែ​អ្នក​ដែល​មាន​មតិ​រិះគន់ ឬ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ប៉ុណ្ណោះ ជាជាង​ការ​យក​ទៅ​ប្រើប្រាស់​ដើម្បី​ផលប្រយោជន៍​សាធារណៈ ឬ​អនុវត្ត​ឱ្យ​បាន​ស្មើភាព​គ្នា៖ «តាម​ប្រកាស​របស់​អន្តរក្រសួង​នេះ ហាក់​ដូច​ជា​រដ្ឋាភិបាល​បើកដៃ​ឱ្យ​ក្រសួង​ទាំង​បី​ហ្នឹង មានអំណាច​ក្នុង​ផ្លូវច្បាប់​ទៅ​ធ្វើ​ការ​តាម​ជំនាញ​រៀងៗ​ខ្លួន ដូចជា ការ​ច្រោះ​ព័ត៌មាន (Filter) និង​ការ​រាំង​ខ្ទប់ (Block) ជាដើម។ នេះ​យើង​ឃើញ​ថា វា​ជា​រឿង​មួយ​ដែល​ដើរតួ​មុននឹង​ច្បាប់​គ្រប់គ្រង​អ៊ីនធឺណិត​មកដល់។ កាលណា​ចាត់​វិធានការ យើង​ព្រួយបារម្ភ​ថា មាន​ភាព​ប្រទាំង​ប្រទើស​រវាង​ច្បាប់​ដែល​មាន​ស្រាប់ ហើយ​និង​ច្បាប់​អ៊ីនធឺណិត​ដែល​មិនទាន់​កើត​ចេញ​មក​ហ្នឹង ហើយ​យើង​ប្រើ​វិធានការណ៍​នេះ វា​មិន​មាន​ភាព​ត្រឹមត្រូវ​នៅឡើយ​ទេ»។

បន្ទាប់​ពី​បាន​ដាក់​ចេញ​នូវ​ប្រកាស​អន្តរក្រសួង​នេះ​រួចហើយ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ជំនាញ​ដំឡើង​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ដើម្បី​តាមដាន​សកម្មភាព​នានា​លើ​ហ្វេសប៊ុក (Facebook) ដែល​លោក​អះអាង​ថា ជា​វិធានការ​ទប់ស្កាត់​អ្នក ដែល​ប៉ុនប៉ង​បង្ហោះ​ព័ត៌មាន​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត។ ចំណែក​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប ឯណោះ​វិញ ក៏​បាន​ដាក់​ចេញ​នូវ​បម្រាម​ជាច្រើន​ចំណុច​សម្រាប់​អ្នកសារព័ត៌មាន​ក្នុង​ការ​ចុះ​យក​ព័ត៌មាន​អំឡុង​ពេល​បោះឆ្នោត​ផង​ដែរ។ រាល់​វិធានការ និង​បម្រាម​ទាំងអស់​នេះ ត្រូវ​បាន​អ្នក​ជំនាញ​អះអាង​ថា គឺជា​ការអនុវត្ត​ផ្ទុយ​ទៅ​នឹង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ដែល​កម្ពុជា​បាន​ទទួល​ស្គាល់ និង​អនុវត្ត​នា​ពេល​កន្លង​ទៅ៕ rfa khmer

loading...

Leave a comment