នៅពេលរាសីដាក់អារក្សជាន់ លោក ហ៊ុន សែន នឹងមានវាសនាដូចលោក ណាជិប ពីបទពុករលួយបំផ្លាញប្រយោជន៍ជាតិ

នាយកអង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស​អន្តរជាតិ ថា​លោកនាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន នឹង​មាន​វាសនា​មិនខុសពី​នាយករដ្ឋ​មន្រ្តី​ម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ (Najib Razak ) ដែលទើបចាញ់ឆ្នោត និង ត្រូវ​បានចាប់​ខ្លួន ព្រោះរឿង​អាស្រូវ​អំពើ​ពុករលួយ កាលនៅកាន់អំណាច។

loading...

នាយកអង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch លោក ប្រ៊ែដ អាដាម (Brad Adams) ប្រាប់​អាស៊ីសេរីថា លោក​ព្យាករណ៍ឃើញថា លោក ហ៊ុន សែន និង ក្រុម​គ្រួសារ និង មន្រ្តីនៃរបបរបស់​លោក ដែល​ប្រព្រឹត្តអំពើ​ពុករលួយ និង ការ​រំលោភសិទ្ធិមនុស្ស និង រំលោភប្រជាធិបតេយ្យនៅកម្ពុជា​ ថ្ងៃណាមួយ នឹង​ចៀស​មិន​ផុត​ ពី​ទទួល​ទណ្ឌកម្ម អំពី​អំពើ​បាប​របស់ខ្លួននោះឡើយ “ខ្ញុំរពឹង​ថា​លោក ហ៊ុន សែន នឹង​ចំណាយ​ពេល​ចុងក្រោយ នៃជីវិត​របស់​លោក នៅ​ក្នុង​ពន្ធនាគារ។ ខ្ញុំមិនដឹងថា វានឹង​កើតឡើង​នៅពេលណា​នោះទេ។ ក៏ប៉ុន្តែ ខ្ញុំ​មិន​ជឿថាលោក ហ៊ុន សែន ជាមនុស្ស​អមតៈ ដែល​អាច​នៅ​ក្រាញអំណាច​​អស់​មួយ​ជីវិតនោះឡើយ។ ថ្ងៃណាមួយ គាត់​នឹង​ធ្លាក់ចេញ​ពីអំណាច។ ពេលនោះហើយ ដែល​ប្រជាពលដ្ឋខ្មែរ នឹង​ទាមទារ​ឲ្យ​គេ​កាត់​ទោសគាត់ ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​គាត់​បាន​ប្រព្រឹត្ត ដូចជាការ​រំលោភសិទ្ធិមនុស្ស និង អំពើ​ពុករលួយ ក្នុងចំណោម​ឧក្រិដ្ឋកម្ម​ដទៃជាច្រើន​រាប់​មិន​អស់​ទៀត។ ខ្ញុំ​មិនអាច​និយាយបាន ថា​តើរឿង​នេះ​នឹង​កើតឡើង​នៅ​ពេលណានោះទេ”។

loading...

ទោះបីជាលោក ប្រ៊ែដ អាដាម មិន​អាចនិយាយបាន​ថា លោក ហ៊ុន សែន នឹង​ទទួល​ទណ្ឌកម្ម​នៅពេលណានៅឡើយ​ក្តី ក៏លោកបានបញ្ជាក់ថា តាមពិត​លោក ហ៊ុន សែន ត្រូវ​អស់​អំណាច និង ប្រឈមការ​ទទួល​ទោស តាំងពី​ឆ្នាំ ១៩៩៣ មកម្ល៉េះ។ កាលណោះ គណបក្ស​ប្រជាជនកម្ពុជា ចាញ់ឆ្នោត​ទៅខាង​គណបក្សហ្វ៊ុនស៊ិនប៉ិច ប៉ុន្តែ លោក ហ៊ុន សែន បាន​យកលេសនៃការ​បង្កើត​តំបន់​អបគមន៍ក្លែងក្លាយ ដើម្បី​កម្លាអង្គការ​សហប្រជាជាតិ ឲ្យ​យល់ព្រមផ្តល់តំណែង​ជា​សហនាយករដ្ឋ​មន្រ្តី​ឲ្យ​លោក។ លោក ប្រ៊ែដ អាដាម បន្តទៀតថា លោក ហ៊ុន សែន ប៊ិះតែនឹង​រងការថ្កោលទោស ម្តងទៀត​ កាលពី​ឆ្នាំ ១៩៩៨ នៅក្នុង​ការ​បោះឆ្នោត​ជាតិ​កាលណោះ ដែល​គណបក្សប្រជាជនកម្ពុជា អាចប្រហែលចាញ់ឆ្នោតទៀត ក៏ប៉ុន្តែ ដោយ​ការ​លួចបន្លំ ទើប​អាច​ឲ្យ​លោក ហ៊ុន សែន នៅ​បន្ត​ក្រាញអំណាច​បាន​ដដែល។ កាលណោះក៏មាន​ការ​តវ៉ា​ពីពលរដ្ឋខ្មែរគ្រប់ទិសទី។

លោកថា តាមរបាយការណ៍ បង្ហាញថា ក្នុងជួរគណបក្សប្រជាជនកម្ពុជានៅពេលនោះ ក៏ចង់​ដកលោក ហ៊ុន សែន ចេញ​ ដើម្បី​ដាក់ឲ្យទទួលទោស ឬ និរទ្ទេសខ្លួន​ដែរ ប៉ុន្តែ សំណាង​ល្អលោក ហ៊ុន សែន នៅអាចបន្ត​ក្រាញ​អំណាច​បាន​មួយអាណត្តិទៀត។ លោក ប្រ៊ែដ អាដាម បញ្ជាក់ទៀតថា រហូតដល់បោះឆ្នោតឆ្នាំ ២០១៣ លោក ហ៊ុន សែន ប្រហែលជាចាញ់ឆ្នោតទៅ​គណបក្សសង្គ្រោះជាតិ ប្រសិនបើ​ការ​រាប់​សន្លឹកឆ្នោត ធ្វើបាន​ត្រឹមត្រូវ និង កុំ​មានការ​លួច​បន្លំ។ ក្រោយការបោះឆ្នោត​ឆ្នាំ ២០១៣ នោះ ពលរដ្ឋខ្មែរ​រហូតដល់លាននាក់ បាន​ក្រោកតវ៉ាប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត​នេះ។

លោក ប្រ៊ែដ អាដាម បញ្ជាក់បន្ថែមថា គ្មាន​មេដឹកនាំផ្តាច់ការណាមួយ នៅលើ​ពិភពលោក អាច​គេចផុតពីការ​ផ្តន្ទាទោស ឬ ស្លាប់​ខ្លួន​នោះឡើយ បើ​នៅតែប្រព្រឹត្ត​អំពើ​ពុករលួយ និង ការ​រំលោភសិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ដូចជាលោក ហ៊ុន សែន។

ទោះជាយ៉ាងនេះក្តី មន្រ្តីនាំពាក្យ​របស់​របបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន អះអាងថាលោកមិនចាប់អារម្មណ៍ នឹងការ​លើក​ឡើង​របស់​លោក ប្រ៊ែដ អាដាមទេ ដោយសារ​លោកថា នាយកអង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch រូបនេះ យក​លោក ហ៊ុន សែន ជាសត្រូវ។ លោក ផៃ ស៊ីផាន បន្ថែមទៀតថា ការលើកឡើងបែបនេះ គឺជាការ​វាយប្រហារ​បែបលក្ខណៈបុគ្គល និង លម្អៀង ដែល​គ្មាន​ផ្តល់​ភាព​យុត្តិធម៌ដល់​លោក ហ៊ុន សែន នោះឡើយ <<គាត់​មើល​កម្ពុជា ដូចជាធុងសម្រាម។ ដូច្នេះ​ខ្ញុំ​មិន​ចាប់អារម្មណ៍​ជាមួយ​គាត់​ទេ ព្រោះមិនមាន​អ្វី​សម្រាប់​យុត្តិធម៌ ក្នុងការ​បញ្ចេញ​ព័ត៌មាន និង យុត្តិធម៌ក្នុងការ​វិនិច្ឆយអំពី​កម្ពុជានោះទេ>>។

លោក ផៃ ស៊ីផាន ការ​ពារលោក ហ៊ុន សែន ថាជាបុគ្គលស្អាតស្អំ ដោយ​លោកយោងទៅលើ​ប្រសាសន៍លោកនាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន ដែល​ធ្លាប់​អួតអាងថា លោកគ្មាន​ទ្រព្យធន ពីអំពើពុករលួយនោះទេ​ ព្រោះ​ទ្រព្យរបស់​លោក គឺមានតែ​នៅ​ក្នុងសាលារៀន វត្តអារាម អណ្តូង​ទឹក ឬ ប្រឡាយ​ទឹក​ប៉ុណ្ណោះ។

លោក ហ៊ុន សែន កាលជួបកម្មករ​រោងចក្រកាត់ដេរ នៅកោះពេជ្យ កាលពីខែ ធ្នូ ឆ្នាំ ២០១៧ ធ្លាប់ថ្លែងឌឺដាក់អន្តរជាតិ ដែល​ចង់​ដាក់ទណ្ឌកម្មលើ​លោក ហ៊ុន សែន និង មន្រ្តីរបស់លោក ទាក់ទងនឹង​ការ​បង្កកទ្រព្យសម្បត្តិ ថាគាត់​គ្មាន​ទ្រព្យ​ស្តុកស្តម្ភ ដូចគេ​ចោទទេ <<បើ​គេបង្កក​ក៏បង្កកទៅ! យក៍ទៅ! អ្នកឯងចង់ឆក់ប្លន់​ទ្រព្យសម្បត្តិ​​ ក៏ឆក់ទៅ យក៍ទៅ! ហើយ​នរណា​ភ្លើយក​លុយទៅទុកនៅក្រៅប្រទេស គេមាន យក​ទៅ។ ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​គេ​យក​ទៅទៀត។ កុំ​ឲ្យ​ខ្មែរ​ពូកែ​យក​លុយ ទៅ​ផ្ញើ​នៅ​បរទេស​នោះ។ ខ្ញុំសុខចិត្ត​ផ្ញើនឹង​សាលារៀន ឲ្យ​ក្មួយៗ​រៀន​ហើយ ផ្ញើ​នៅវត្ត​អារាម ឲ្យ​ចាស់​ៗ​សុំ​សីលហើយ>>។

ទោះបីជាលោក ហ៊ុន សែន អះអាងថា លោក​គ្មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភក្តី ក្នុង​ឋានៈជានាយករដ្ឋ​មន្រ្តីដែល​មាន​ប្រាក់ខែត្រឹមជាងមួយពាន់ដុល្លារនោះ (១,១៥០ ដុល្លារ) មាន​ទ្រព្យសម្បត្តិ ដើរចែកអំណោយ និង សង់ផ្លូវ ឬ សាលារៀន​ដាក់ឈ្មោះរូបលោក ស្ទើរ​ពេញផ្ទៃប្រទេស។ ម្យ៉ាង​ទៀត​ កាលពី​ខែ មេសា កន្លងទៅនេះ លោកបាន​ឡើង​គេហដ្ឋាន​ថ្មី ដ៏ធំស្កឹមស្កៃ នៅទួលក្រសាំង ក្រុង​តាខ្មៅ។

បើតាម​របាយការណ៍​អង្គការ​ឃ្លាំមើល​ពិភពលោក Global Witness ចេញផ្សាយ​កាលពីខែ កក្កដា ឆ្នាំ ២០១៦ បានរកឃើញនូវ​ទ្រព្យសម្បត្តិ​យ៉ាង​ស្តុកស្តម្ភ ក្នុងគ្រួសារ​ត្រកូលហ៊ុន ដែលបាន​មកពីអំពើ​ពុករលួយ និង ការ​កេងប្រវ័ញ្ចពី​ប្រជាពលរដ្ឋ​ខ្មែរ។ អង្គការ​នេះ​រកឃើញថា លោក ហ៊ុន សែន គ្មាន​ប្រាក់ចំណូល​អ្វី​ក្រៅ​ពី​ប្រាក់ខែជាងមួយពាន់ដុល្លារ​ក្នុងមួយខែនោះ ប៉ុន្តែ ក្រុមគ្រួសារ​ត្រកូលហ៊ុន មាន​ក្រុមហ៊ុនជាច្រើន ដែល​មាន​ទុនលើសពី ២០០ លាន​ដុល្លារ។

ការលើកឡើង​របស់​លោក ប្រ៊ែដ​ អាដាម អំពីជោគវាសនា​របស់លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន នេះគឺស្រប​គ្នាទៅនឹង​ព្រឹត្តិការចាប់ខ្លួន​អតីតនាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak ) ដែលត្រូវបាន​អាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួន នៅថ្ងៃទី ០៣ ខែ កក្កដា ពីបទ​ជាប់ពាក់ពាន់នឹង​អំពើពុករលួយ ដែល​មាន​ទឹក​ប្រាក់រហូតដល់ជាតិ ៤,៥ ពាន់លានដុល្លារ។ មុននឹង​ចាប់ខ្លួន​លោក ណាជីប រ៉ាហ្សាក់ សមត្ថកិច្ច​បាន​ចុះទៅឆែកឆេរផ្ទះរបស់លោក នឹង​រឹបអូសបាន​ប្រាក់ និង ទ្រព្យដ៏សន្ធឹកសន្ធាប់ សរុបជាទឹកប្រាក់ជាង ២២៥ លានដុល្លារ។

ការឆែកឆេរ និង ឈានដល់ការចាប់ខ្លួន​លោក ណាជីប រ៉ាហ្សាក់ នេះគឺនៅក្រោយ​គណបក្សកាន់អំណាចរបស់លោក ចាញ់ឆ្នោតកាលពីខែ ឧសភា។

លោក ប្រ៊ែដ អាដាម អះអាងថាលោក ហ៊ុន សែន ដឹង​ច្បាស់ខ្លួនលោកហើយថា ក្នុង​រយៈពេលកាន់អំណាចជាង ៣៣ ឆ្នាំមកនេះលោកបាន​ប្រព្រឹត្តអំពើ​ពុករលួយ​ជាច្រើន ដែលធ្វើឲ្យ​លោក ហ៊ុន សែន សព្វថ្ងៃក្លាយ​ជា​សេដ្ឋី​មាន​ទ្រព្យមហាសាល។ មនុស្ស​នៅជុំវិញគាត់ ក៏ក្លាយ​ជាសេដ្ឋី​ច្រើនណាស់​ដែរ។ មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន ដឹងថា​លោកពិតជាបាន​ប្រព្រឹត្តអំពើ​រំលោភសិទ្ធិមនុស្ស​របស់​មិនអស់ រួមមានការ​សម្លាប់ក្រៅប្រព័ន្ធច្បាប់​ និង ការ​បញ្ជាឲ្យ​ប៉ូលីស និង ទាហ៊ាន​វាយដំ ធ្វើបាប​អ្នកតវ៉ា និង ការ​បញ្ជាឲ្យ​ចាប់​មនុស្ស​ជាច្រើនផ្សេងទៀត។ ដោយសារ​តែអ្វី​កំពុង​កើតមានឡើង​ នៅប្រទេសម៉ាឡេស៊ី ទើបលោក ប្រ៊ែដ អាដាម យល់ថា លោក ហ៊ុន សែន នឹង​រឹតតែបង្ហាញ​ពី​ភាព​ឃោរឃៅ ដើម្បីបន្ត​ក្រាញអំណាចតទៅទៀត រហូតស្លាប់ខ្លួន។

ទោះជាយ៉ាងនេះក្តី លោក ប្រ៊ែដ អាដាម យល់ថា អ្វីដែលកើតឡើង​នៅប្រទេសម៉ាឡេស៊ី ជាមេរៀន​សម្រាប់​មន្រ្តី​បក្សកាន់អំណាច ឲ្យ​ភ្ញាក់រលឹក ងាកមករកគន្លងប្រជាធិបតេយ្យវិញ ដើម្បី​រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​ ដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ដើម្បីឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី បើសិនមន្រ្តីបក្សកាន់អំណាច​មិនចង់​ជួប​រឿង​អកុសលបែបនេះ។

ប៉ុន្តែ លោក ប្រ៊ែដ អាដាម ថាការបោះឆ្នោតនៅថ្ងៃទី ២៩ ខែ​កក្កដា ខាង​មុខនេះ គឺជាឆាកល្ខោននយោបាយ ដើម្បី​បន្លំភ្នែកប៉ុណ្ណោះ មិន​មែនជា​ការ​បោះឆ្នោត ដែលសេរី ត្រឹមត្រូវ និង យុត្តិធម៌ ដែលទទួលយកបាន​ពី​ពលរដ្ឋ​ខ្មែរ​ និង សហគមន៍អន្តរជាតិ​នោះឡើយ៕ rfa khmer

loading...

Leave a comment