ព្រោះតែភ័យខ្លាចបាត់បង់អំណាចនៅថ្ងៃ ២៩ កក្កដាខាងមុខនេះ លោក ហ៊ុន សែន ប្រើប៉ូលិសដើរចាប់មនុស្សទៀតហើយ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា បញ្ជា​ឱ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់​វិធានការ​លើ​ក្រុម​មួយ ដែល​លោក​ចោទ​ថា បាន​ប្រជុំ​គ្នា​សម្ងាត់ ដើម្បី​រៀបចំ​ផែនការ​ញុះញង់​ថា ទឹកខ្មៅ​សម្រាប់​ឱ្យ​អ្នកបោះឆ្នោត​ជ្រលក់​ដៃ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា នឹង​ធ្វើ​ឱ្យ​អ្នកបោះឆ្នោត​ស្លាប់ ក្រោយ​រយៈពេល​២៤​ម៉ោង។ រីឯ​អ្នកវិភាគ សន្និដ្ឋាន​ថា ការចោទប្រកាន់​របស់​លោក ហ៊ុន សែន នេះ គ្មាន មូលដ្ឋាន​ច្បាស់លាស់ និង​អាច​ជា​លេស​នយោបាយ​ដើម្បី​គំរាម​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ផង និង​គំរាម​លើ​អង្គការ​សង្គម​ស៊ីវិល ឬ​ក្រុម​អ្នកណា​ដែល​មាន​និន្នាការ​ឯករាជ្យ ដែល​តែង​រិះគន់​របប​លោក ហ៊ុន សែន ឲ្យ​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​ពិតប្រាកដ។

loading...

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ លោក ហ៊ុន សែន បាន​អះអាង​ថា លោក​បាន​ដឹង​ព័ត៌មាន​សម្ងាត់​មួយ គឺ​មាន​ក្រុម​អ្នក​ចង់​បំផ្លាញ​ការបោះឆ្នោត​ដែល​របប​របស់​លោក​ខំ​រៀបចំ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាងមុខនេះ។

លោក ហ៊ុន សែន ដែល​រង​ការ​ចោទ​ថា ជា​មេដឹកនាំ​ផ្ដាច់ការ​យោធានិយម និង​ជា​មេដឹកនាំ​ពូកែ​លាប​ពណ៌ បាន​ចោទប្រកាន់​ទាំង​កំហឹង​និង​ប្រយោល​ថា ក្រុម​មួយ​នោះ បាន​ប្រជុំ​ជា​សម្ងាត់ ដើម្បី​រៀបចំ​ផែន​ការ​ដើរ​ញុះញង់​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​សម្រាប់​បោះឆ្នោត នឹង​អាច​ធ្វើ​ឲ្យ​អ្នកបោះឆ្នោត​ស្លាប់​ភ្លាមៗ ក្រោយ​ពួកគេ​ជ្រលក់​ម្រាមដៃ​រយៈពេល ២៤​ម៉ោង។ លោក ហ៊ុន សែន បញ្ជាក់​ថា ព័ត៌មាន​នេះ លោក​បាន​បញ្ជូន​ទៅ​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ និង​បញ្ជូន​ទៅ​ក្រសួងមហាផ្ទៃ​រួចរាល់​ហើយ ដើម្បី​ឲ្យ​ចាត់វិធានការ​បន្ទាន់ ឬ​ជួប​មួយ ត្រូវ​វៃ​មួយ មិន​លើកលែង​ឲ្យ​ឡើយ។ ទោះ​យ៉ាងណា​ក្តី លោក ហ៊ុន សែន មិនបាន​បញ្ជាក់​ថា ក្រុម​ប្រជុំ​សម្ងាត់​នោះ ជា​ក្រុម​ណា និង​ឈ្មោះ​អ្វី​នោះ​ទេ ប៉ុន្តែ​លោក​ចោទ​ថា ក្រុម​នោះ ធ្លាប់​លើកឡើង អំពី​រឿង​ទឹកខ្មៅ​លាង​ជ្រះ កាលពី ៥​ឆ្នាំមុន និង​មាន​ការ​ពាក់ព័ន្ធ​នឹង​ក្រុម​ដែល​អំពាវនាវ​ដល់​ពលរដ្ឋ​មិន​ឱ្យ​ទៅ​បោះឆ្នោត​ក្នុង​ពេល​ថ្មីៗ​នេះ។

loading...

ទន្ទឹមគ្នានេះ លោក ហ៊ុន សែន ក៏​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​នៃ​របប​លោក ដំឡើង​ប្រព័ន្ធ​តាមដាន​ការ​ធ្វើ​សកម្មភាព​នានា តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក ( Facebook) ដើម្បី​ទប់ស្កាត់ និង ចាត់​វិធានការ​ទៅលើ​អ្នកណា ដែល​បង្ហោះ​ព័ត៌មាន​អ្វី ដែល​លោក​អះអាង​ថា អាច​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​ការ​បោះឆ្នោត និង​ធ្វើ​ឲ្យ​មាន​ចលាចល​ផង​ដែរ។

បន្ទាប់ពី​ការ​លើកឡើង​របស់​លោក​ហ៊ុន សែន ប្រព័ន្ធ​ឃោសនា​លោក ហ៊ុន សែន បាន​សរសេរ​ថា កាលពី​៥​ឆ្នាំមុន អំឡុង​ពេល​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ មាន​អង្គការ​សង្គម​ស៊ីវិល​មួយ ចំនួន ក្នុង​នោះ​មាន​សមាគម​អាដហុក (Adhoc) និង​អង្គការ​ខុមហ្វ្រែល (Comfrel) ធ្លាប់​បាន​បង្ហាញ​នូវ​ក្តី​បារម្ភ​របស់​ខ្លួន ថា ទឹក​ថ្នាំ​ខ្មៅ​របស់​គ​.​ជ​.​ប​.​អាច​លាង​ជ្រះ​វិញ ក្នុង​ពេល​ដ៏​ខ្លី បន្ទាប់​ពី​ពួកគេ បាន​ធ្វើ​តេស្ត​សាកល្បង។ ប៉ុន្តែ​រឿង​ទឹកខ្មៅ​លាង​ជ្រះ​វិញ​នេះ អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​លោក អ៊ឹម សួស្តី ក៏បាន​ទទួលស្គាល់​ដែរ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៣ មិនមែន​តែ​ខាង​អង្គការ សង្គម​ស៊ីវិល​នោះ​ទេ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ការ​ចោទប្រកាន់​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន គឺ​មិន​មាន​ភាព​ជាក់លាក់​លើ​អង្គការ ឬ​ស្ថាប័ន​ណា មួយ​នោះ​ទេ ដូច្នេះ​លោក​មិន​ចង់​ឆ្លើយតប​អ្វី​ឡើយ។ ម្យ៉ាងទៀត សមាគម​អាដហុក មិនដែល​លើកឡើង​អំពី​បញ្ហា​ទឹកខ្មៅ​នោះ​ទេ។ «»

ដោយឡែក មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស បាន​ច្រាន​ចោល​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​គាំទ្រ​បក្ស​កាន់អំណាច ដែល​ព្យាយាម​ភ្ជាប់​អង្គការ​ខុមហ្វ្រែល​ទៅ​នឹង​សកម្មភាព​ល្មើសច្បាប់។ លោក​បន្ត​ថា អង្គការ​ខុមហ្វ្រែល គឺ​ធ្វើ​ការ​ប្រកបដោយ​វិជ្ជាជីវៈ​ច្បាស់លាស់ និង​គោរព​ទៅតាម​ច្បាប់​កម្ពុជា។ លោក​មិន​គាំទ្រ​ចំពោះ​អ្នក​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​ថា ទឹកខ្មៅ​អាច​សម្លាប់​ជីវិត​មនុស្ស​នោះ​ទេ។ «»

ចំពោះ​ការដំឡើង​ឧបករណ៍​តាមដាន​អ្នកប្រើប្រាស់​ហ្វេសប៊ុក​នោះ លោក កន សាវាង្ស យល់​ថា វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សេរីភាព​នៃ​ការ​ទ​ទូល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ។ លោក​ស្នើសុំ​ឲ្យ​មានការ​បកស្រាយ​ផ្លូវ​ច្បាប់​ឲ្យ​បាន​ច្បាស់លាស់​មុន​ចាត់វិធានការ។ លោក កន សាវាង្ស បន្ថែម​ថា លោក​ក៏​មិន​គាំទ្រ​ចំពោះ​ការ​គំរាមកំហែង និង​ការ​បំភិតបំភ័យ​នានា​ដល់​ប្រជាពលរដ្ឋ​នោះ​ដែរ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏​បដិសេធ​ថា ពួកគេ​មិន​បាន​ដឹង​អំពី​គម្រោង ឬ​ផែនការ ២៣ កក្កដា ដូច​ការ​ចោទប្រកាន់​របស់​លោក ហ៊ុន សែន នោះ​ឡើយ។ លោក ហ៊ុន សែន បាន​ព្រមាន​ថា ចំពោះ អ្នក​រៀបចំ​គម្រោង​បង្ក​ចលាចល​បំផ្លាញ​សន្តិសុខ នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៨​ខាងមុខ ឲ្យ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់ ហើយ​បើ​នៅតែ​រឹង​ទទឹង នឹង​ចាត់វិធានការ​បង្ក្រាប ដោយ​មិន​លើកលែង​នោះ​ទេ។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន មិន​គួរ​ប្រតិកម្ម​លឿន​បែបនេះ​នោះ​ទេ ព្រោះ​ព័ត៌មាន​ទាំងនេះ គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម ដែល​គ្មាន​ភស្តុតាង​ច្បាស់លាស់ ដើម្បី​ធ្វើការ​ចោទប្រកាន់​ឡើយ។ ម្យ៉ាងទៀត លោក​សន្និដ្ឋាន​ថា ការ​ចោទប្រកាន់​នេះ អាច​ជា​លេស​នយោបាយ​ដើម្បី​ធ្វើបាប​អង្គការ ឬ​ក្រុម​អ្នក​ណាមួយ​ដែល​លោក ហ៊ុន សែន គិត​ថា​មិន​បាន គាំទ្រ​របប​លោក។ លើស​ពី​នេះ លោក ហ៊ុន សែន ក៏​ចង់​គំរាម​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​ច្រើន​ដែរ។

ការបោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ខាងមុខនេះ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន រិះគន់ របប​លោក ហ៊ុន សែន ធ្ងន់ៗ​និង​បាន​ដាក់​ទណ្ឌកម្ម​ទៀត​ផង ដោយសារ​ពួកគេ​យល់ថា ការ​បោះឆ្នោត​នេះ ក្លែងក្លាយ គ្មាន​យុត្តិធម៌ ព្រោះ​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ បិទ​វិទ្យុ​ឯករាជ្យ និង អង្គការ​សង្គម​ស៊ីវិល​មុន​ការបោះឆ្នោត ដើម្បី​ធានា​ឲ្យ​លោក ហ៊ុន សែន ឈ្នះ​ឆ្នោត បន្ត​ក្ដោបក្ដាប់​អំណាច​តទៅទៀត។ ក្រុម​ប្រជាពលរដ្ឋ​ដែល​ស្រលាញ់​លទ្ធិ​ប្រជាធិបតេយ្យ បាន​បង្ហោះ​សារ​នៅ​លើ ហ្វេសប៊ុកថា ពួកគេ​នឹង​មិន​ទៅ​បោះឆ្នោត​ទេ ដើម្បី​ផ្លាស់ប្ដូរ​របប​លោក ហ៊ុន សែន។ ចំណែក​ពលរដ្ឋ និង​ពលករ​នៅ​ក្រៅ​ប្រទេស​ក៏​ប្រកាស​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​ចំ​ថ្ងៃ​បោះឆ្នោត​ដែរ ដើម្បី​កុំ​ឲ្យ​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត៕

loading...

Leave a comment