អាជួបខាំដឹកនាំធ្វើក្រមាវែងជាងគេលើលោក បំផ្លាញថវិកាជាតិដោយឥតប្រយោជន៍ មិនដឹងយកក្រមាទៅបង់ ឬ ស្លៀកយ៉ាងម៉េចកើត?

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក​រិះគន់​ថា ការ​ធ្វើក្រមា​វែង​ជាង​លើ​លោក​របស់​កូន​ប្រុសក ហ៊ុន សែនថា គ្រាន់​តែ ដើម្បី​ចង់​កេង​ចំណេញ​នយោបាយ ជា​ជាង​ការ​គិត​ពី​ប្រយោជន៍​ជាតិ។ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​ផ្តើម​ការ​ធ្វើ​ក្រមា ១.០០០​ម៉ែត្រ ដែល​គ្រប់គ្រង​ដោយ​លោក ហ៊ុន ម៉ានី នឹង​យក​ក្រមា​នេះ ឲ្យ​គណៈកម្មការ World Guinness Record វាស់វែង​ក្រមា នៅ​ថ្ងៃទី០១ ខែ​កក្កដា​ខាង​មុខ ដើម្បី​វាយ​តម្លៃ​ថា និង​ត្រួត​ពិនិត្យ​ពី​លក្ខខណ្ឌ​តម្រូវ​នៃ​ការ​បំបែក​កំណត់​ត្រា​ឯតទគ្គកម្ម​ពិភព​លោក​ក្រមា​នេះ។

loading...

មតិ​មួយ​ចំនួន​លើក​ឡើង​ថា មនុស្ស​មាន​ឥទ្ធិពល​ដូច​កូន​ប្រុស​លោក ហ៊ុន សែន ដែល​មាន​កំលាំង​យុវជន​រាប់​ម៉ឺន​នៅ​ក្នុង​ដៃ គួរ​រិះរក​គំនិត​ថ្នៃ​ប្រឌិត ឬ​បំផុស​សកម្មភាព​ណា​ដែល​ជួយ​ដោះ​ស្រាយ​បញ្ហា​សង្គម ជា​ជាង​ត្រឹម​ដឹក​នាំ​ក្រុម​យុវជន​មក​ត្បាញ​ក្រមា​ប្រវែង ១.០០០​ម៉ែត្រ។

loading...

អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់ បាន​សរសេរ​រិះគន់ ក្រុម​យុវជន​លោក ហ៊ុន ម៉ានី ដែល​នាំ​គ្នា​កាន់​បង្ហាញ​ក្រមា​នោះ​ថា ចិន​ធ្វើ​អគារ​បង្អួត​លោកា ខ្មែរ​ធ្វើ​ក្រមា​បង្អួត​លោក​កី។ លោក ឆន ប៊ុនហ៊ី ជា​ម្ចាស់​គណនី បាន​ឲ្យ​អាស៊ី​សេរី​ដឹង​ថា បើ​ផ្អែក​លើ​សមត្ថភាព ធនធាន កូន​ប្រុស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី គួរ​តែ​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​ជាង​នេះ៖ «ខ្ញុំ​មិន​ជំទាស់​ក៏​មិន​គាំទ្រ​ទេ ប៉ុន្តែ​គួរ​ងាក​មើល​អ្វី​ដែល​សំខាន់​ជាង​នេះ»។

មិនខុសពីអ្នកប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក​ម្នាក់​ទៀត កញ្ញា មាស លក្ខិណា យល់​ថា ក្នុង​ស្ថានភាព​ប្រទេស​មាន​វិបត្តិ​នយោបាយ​ដូច​សព្វថ្ងៃ​នេះ មិន​សម​នឹង​ការ​ការ​ធ្វើ​ក្រមា​វែង​ជាង​គេ​នោះ​ទេ។

លោក​បន្ត​ថា ការ​ធ្វើ​ក្រមា​នៅ​ពេល​នេះ គឺ​លោក ហ៊ុន ម៉ានី គ្រាន់​តែ​ចង់​រក​សម្លេង​ឲ្យ​គណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះ៖ «ខ្ញុំ​គិត​ថា បើ​ជា​ផ្នត់​គំនិត​មួយ ដើម្បី​ឲ្យ​ជាតិ​រុងរឿង គាត់​ត្រូវ​ធ្វើ​រឿង​ហ្នឹង​តាំង​ពី​ដើម​ទី​មក​ហើយ មិន​មែន​រយៈ​ជាង ៣០​ឆ្នាំ​ហើយ ទើប​ធ្វើ​កម្មវិធី​ល្អ​ក្នុង​ពេល​កៀក​បោះ​ឆ្នោត​នោះ​ទេ»។​

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ និយាយ​ថា លោក​គាំទ្រ​សកម្មភាព​ទាំង​ណា ដែល​បង្ហាញ​ការ​សាមគ្គី។ ប៉ុន្តែ​លោក​យល់​ថា លោក ហ៊ុន ម៉ានី​ ដែល​ជា​តំណាង​រាស្រ្ត​ផង ជា​កូន​នាយករដ្ឋមន្រ្តី​ផង និង​ជា​អ្នក​ដឹក​នាំ​យុវជន​ផង​នោះ​ គួរ​ដឹក​នាំ​យុវជន​ឲ្យ​ចូលរួម​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​សង្គម ដែល​កំពុង​កើត​មាន​សព្វថ្ងៃ​ដូច​ជា បញ្ហា​ដីធ្លី បញ្ហា​គ្មាន​ការងារ​ធ្វើ​ជាដើម៖ «ខ្ញុំ​គិត​ថា រឿង​ប្រឈម​របស់​កសិករ បញ្ហា​កសិផល បញ្ហា​ដីធ្លី ការ​កាប់​បំផ្លាញ​ព្រៃ​ដោយ​អ្នក​មាន​អំណាច គឺ​យុវជន​អាច​ចូលរួម​បាន»។

យុទ្ធនាការ​ក្រមា​ការ​បំបែក​ឯកទគ្គកម្ម ក្រមា​វែង​ជាង​គេ​លើ​ពិភព​លោក ១.០០០​ម៉ែត្រ ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ានី និង​ចលនា Go Go Cambodia បាន រៀបចំ​កម្មវិធី «រួម​គ្នា​ជឿ​ថា​ខ្មែរ​អាច​ធ្វើ​បាន» ដើម្បី​រួម​ត្បាញ​ក្រមា​នៃ​កម្មវិធី “បំបែក​ឯតទគ្គកម្ម ក្រមា​វែង​ជាង​គេ​នៅ​លើ​ពិភព​លោក” បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីតាំង​សួន​ច្បារ​វាល​ព្រះមេរុ។ យុទ្ធនាការ​ត្រូវ​បាន​ធ្វើ​យ៉ាង​ទូលំទូលាយ និង​មាន​ការ​ចូលរួម​ពី​មន្រ្តី​គ្រប់​ជាន់​ថ្នាក់​នៃ​របប​លោក ហ៊ុន សែន។

ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​ហៅ​កាត់​ថា អាកាប៉េ(AKP) ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវ​ការ​របស់​របប​ក្រុង​ភ្នំពេញ បាន​ដក​ស្រង់​សំដី​ក្រុម​ការងារ​យុវជន​ស្ម័គ្រ​ចិត្ត​ក្នុង​កម្មវិធី «រួម​គ្នា​ជឿ​ថា​ខ្មែរ​អាច ធ្វើ​បាន» កញ្ញា សាវី ធារ៉ា ថា កម្មវិធី​នេះ គ្រោង​នឹង​ធ្វើ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ ដោយ​រៀប​ក្បួន​ជា​បួន​ផែន​ធំៗ និង​មាន​អ្នក​ចូលរួម​ប្រមាណ ២.០០០នាក់ ក្នុង​ការ​លា​ក្រមា ដើម្បី​ឱ្យ​គណៈ កម្មការ World Guinness Record ត្រួត​ពិនិត្យ និង​វាស់វែង។​

លោក ហ៊ុន សែន ឪពុក លោក ហ៊ុន ម៉ានី ដែល​ធ្លាប់​ចូលរួម​ត្បាញ​ក្រមា​នេះ​ដែរ​នោះ បាន​សរសេរ​នៅ​ហ្វេសប៊ុក កាល​ពី​ដើម​ខែ​មិថុនា​ថា យុទ្ធនាការ​ក្រមា៖ «បំបែក​ឯតទកគ្គកម្ម ក្រមា​វែង​ជាង​គេ​លើ​ពិភពលោក» ធ្វើ​ឡើង​ក្នុង​គោលបំណង លើក​កម្ពស់​មោទនភាព​ជាតិ និង​កិត្យានុភាព​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ។ ទី២
បង្កើត​ការ​ចូលរួម​ចំណែក​ពី​ប្រជាជន​កម្ពុជា​គ្រប់​មជ្ឍដ្ឋាន​ទាំង​អស់ ដើម្បី​រួម​គ្នា​ថែ​រក្សា និង​លើក​ស្ទួយ​មត៌ក​វប្បធម៌​ប្រពៃណី​ខ្មែរ និង​ជំរុញ​ឲ្យ​មាន​សាមគ្គីភាព។

កន្លង​ទៅ លោក ហ៊ុន ម៉ានី ក៏​បាន​ដឹកនាំ​ក្រុម​យុវជន និង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើ​នំ​អន្សម​យក្ស ចាប៉ី​ដង​វែង និង​ចង្វាក់​រាំម៉ាឌីហ្ស៊ន ដើម្បី​បំបែក​កំណត់​ត្រា​ពិភពលោក ​ World Guinness Record ។ ប៉ុន្តែ ក្រោយ​ចូល​ក្នុង​សៀវភៅ World Guinness Record​​ នេះ​ហើយ គេ​មិន​ឃើញ​លោក ហ៊ុន ម៉ានី បំផុស​យុវជន​ឲ្យ​សិក្សា​ចាប៉ី​ដងវែង រក​ទីផ្សារ​សិល្បៈ​ចាប៉ី​ដងវែង ឬ​ក៏​រក​ទីផ្សារ​នំ​អន្សម​នោះ​ទេ។ លោក សន ជ័យ យល់​ថា បើ​កូន​ប្រុស​លោក ហ៊ុន សែន មាន​ការ​យក​ចិត្ត​ទុក​លើ​ក្រមា​ខ្មែរ​មែន​នោះ គឺ​ត្រូវ​ជួយ​ជ្រោមជ្រែង​រក​ទីផ្សារ​ជូន​ក្រមា​ខ្មែរ និង​ទប់ស្កាត់ ផលិតផល​បរទេស​ណា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទីផ្សារ​ក្រមា​ខ្មែរ​នៅ​ក្នុង​ស្រុក​វិញ​ល្អ​ជាង៕

loading...

Leave a comment