ដល់ពេលរាស្រ្តខ្មែរប្រើគ្រាប់បែកផ្សែងហើយ ចាំមើល ហ៊ុន សែន ទប់ទល់យ៉ាងម៉េច ដឹងគ្នាថ្ងៃ ២៩ កក្កដា ខាងមុខ

អ្នកតាមដានសង្គមអះអាងថា ដើម្បីបំបាត់​ការ​ដឹក​នាំ​ផ្តាច់​ការ​បែប​យោធា​នៅ​កម្ពុជា​ពលរដ្ឋ​មាន​សិទ្ធិ​បោះ​ឆ្នោត ត្រូវ​ធ្វើ​ពហិការ មិន​ទៅ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា​ខាង​មុខ។​ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​បង្ហាញ​របាយការណ៍​មួយ កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ដោយ​អះអាង​ថា លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ក្លាយ​ជា​មេ​ដឹក​នាំ​យោធា​ផ្តាច់ការ​ហើយ តាម​រយៈ​ការ​ប្រើប្រាស់​មន្រ្តី​យោធា និង​ប៉ូលិស ឲ្យ​ប្រើ​អំពើ​ហិង្សា និង​រំលោភ​សិទ្ធិមនុស្ស ដើម្បី​រក្សា​អំណាច​របស់​លោក។ ​

loading...

ស្ថាបនិកបណ្ដាញព្រះសង្ឃ​ឯករាជ្យ ព្រះតេជព្រះ​គុណ ប៊ុត ប៊ុនតិញ មាន​ថេរ​ដីកា​ក្នុង​វេទិកា​អ្នក​ស្តាប់​អាស៊ី​សេរី កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​២៩ ខែ​មិថុនា ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ថា ត្រូវ​ប្រើ​អំណាច និង​សិទ្ធិ​របស់​ខ្លួន ក្នុង​ការ​ជ្រើសរើស​មេ​ដឹក​នាំ​ប្រកាន់​យក​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។ ព្រះអង្គ​ស្នើសុំ​ឲ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត ត្រូវ​ហ៊ាន​បញ្ចេញ​មតិ​ពី​ការ​បាត់បង់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ខ្លួន​គាំទ្រ ដើម្បី​បង្ហាញ​សហគមន៍​អន្តរជាតិ​ថា ពលរដ្ឋ​ខ្មែរ​មិន​គាំទ្រ ការ​ដឹក​នាំ​ផ្តាច់​ការ​រយៈ​ពេល​ជាង ៣០ឆ្នាំ របស់​លោក ហ៊ុន សែន តទៅ​ទៀត​ឡើយ៖ «ទី១ ពលរដ្ឋ​យើង​ត្រូវ​ចេះ​គោរព​ឥស្សី គឺ EU US និងUN តាម​រយៈ​រូបភាព ២ គឺ​កុំ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា និង​រក្សា​ចិញ្ចឹម​ទឹក​ចិត្ត ជា​អ្នក​ការពារ និង​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ សូម​កុំ​ឆក់់​ឱកាស និង​ធ្វើ​ជា​អ្នក​ឱកាស​និយម។ ហើយ​មួយ​ទៀត គឺ​យើង​ធ្វើ​ដំណើរ​ក្នុង​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ​រឹងមាំ ដោយ​ប្រើ​សិទ្ធិ​របស់​ខ្លួន​ជា​ម្ចាស់​ឆ្នោត»។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ មាន​ថេរ​ដីកា​បន្ថែម​ថា ពលរដ្ឋ​ខ្មែរ​ទូទៅ បាន​ដឹង​ការ​ពិត អំពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស។ ការ​ប្រើ​អំពើ​ហិង្សា ការ​បាញ់​សម្លាប់​របស់​នាយ​ឧត្ដមសេនីយ៍ មេបញ្ជាការ​យោធា និង​កងរាជអាវុធហត្ថ​ទាំង​នោះ ដែល​បាន​អនុវត្ត​តាម​បទ​បញ្ជា​របស់​លោក ហ៊ុន សែន ប៉ុន្តែ​គ្មាន​នរណា​ហ៊ាន​ចេញ​មុខ​ប្រឆាំង​ឡើយ។ ព្រះអង្គ​ថា អ្នក​ដែល​ហ៊ាន​និយាយ​ការ​ពិត ដូច​លោក​បណ្ឌិត កែម ឡី​ ជា​ដើម ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​ត្រង់ កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៦។

loading...

ពលរដ្ឋម្នាក់ដែលសុំមិន​បញ្ចេញ​ឈ្មោះ បាន​លើក​ឡើង​ថា សូម្បី​តែ​និយាយ​ជាមួយ​អាស៊ី​សេរី ក៏​ត្រូវ​រង​ការ​គំរាម​កំហែង​ផង​ដែរ កុំ​ថា​ឡើយ​ដល់​ការ​បញ្ចេញ​មតិ ឬ​ក៏​រិះគន់​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន។ បុរស​ដដែល​នេះ​បន្ត​ថា ដោយសារ​តែ​ការ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់ អាជ្ញាធរ​មូលដ្ឋាន​បាន​តាម​ដាន​សកម្មភាព​ពលរដ្ឋ​អំពី​ថា តើ​ពួក​គេ​ទៅ​បោះ​ឆ្នោត​ឬ​អត់?៖ «ប្រជាធិបតេយ្យ​មាន​សំរាប់​តែ​អ្នក​មាន​អំណាច​ទេ។ គាត់​ចង់​និយាយ​អ្វី​ក៏​បាន ចង់​វាយ​ប្រហារ ឬ​ចាប់​អ្នក​ណា​ដាក់​គុក​ក៏​បាន។ ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​មិន​មាន​ប្រជាធិបតេយ្យ​ទេ សូម្បី​តែ​និយាយ​ជាមួយ​អាស៊ី​សេរី ក៏​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ដែរ ព្រោះ​គេ​តាម​ដាន។ នេះ​ជា​របប​ផ្តាច់ការ​ពិត​ប្រាកដ​ហើយ។ ប៉ុន្តែ របប​ផ្តាច់ការ​ក្នុង​សម័យ​ទំនើប​នេះ ពិបាក​លាក់​បាំង​ណាស់»។

ចំណែក​ពលរដ្ឋ​ជា​ស្ត្រី​ម្នាក់​ទៀត ដែល​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ដែរ​នោះ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន កន្លង​មក​នេះ ពុំ​ឃើញ​មាន​ការ​រីក​ចម្រើន​អ្វី​សោះ សំរាប់​ពលរដ្ឋ​រស់នៅ​តាម​មូលដ្ឋាន។ អ្នក​ស្រី​ក៏​បាន​សំណូមពរ​សុំ​ឲ្យ​របប​ដឹក​នាំ​ក្រុង​ភ្នំពេញ បញ្ឈប់​សកម្មភាព​រំលោភ​បំពាន និង​ងាក​មក​រក​ការ​អភិវឌ្ឍ​ឲ្យ​បាន​រីក​ចំរើន​ពិត​ប្រាកដ​សំរាប់​ប្រទេស​ជាតិ៖ «ខ្ញុំ​មើល​ទៅ​អត់​មាន​ឃើញ​រីក​ចំរើន​អ្វី​សោះ គឺ​ឃើញ​តែ​ការ​ដឹក​នាំ​ផ្តាច់​ការ​តែ​ម្តង ដូច​ជា លួច​ឆក់​ប្លន់ លួច​ជាតិ លួច​ពលរដ្ឋ​សព្វ​គ្រប់​ទី​កន្លែង។ សួរ​ថា គាត់​មាន​តែ​ល្បិច​ដដែល​ហ្នឹង រាល់​ថ្ងៃ​គាត់​មាន​តែ​ល្បិច​ដដែលៗ ចង់​ឲ្យ​គាត់​ធ្វើ​ឲ្យ​កែប្រែ ដើម្បី​ឲ្យ​រីក​ចំរើន​ដល់​ប្រជា​ពលរដ្ឋ កុំ​ឲ្យ​គេ​រង​ទុក្ខ​ទោស​ដោយសារ​គាត់»។

វាគ្មិន​ក្នុង​វេទិកា​អ្នក​ស្តាប់​អាស៊ី​សេរី លោក អេង ឆៃអ៊ាង អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​របប​លោក ហ៊ុន សែន រំលាយ ក៏​បាន​អះអាង​ថា របប​ដឹក​នាំ​កម្ពុជា​បច្ចុប្បន្ន​នេះ គឺ​ជា​របប​ផ្តាច់ការ​យោធា​និយម ដូច​ដែល​របាយការណ៍​របស់​អង្គការ ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​​ Human Rights Watch បាន​លាត​ត្រដាង​អញ្ចឹង៖ «ហេតុ​អ្វី​បាន​ជា​យើង​ថា ជា​របប​ដឹក​នាំ​ផ្តាច់ការ​យោធា​និយម គឺ​ខ្ញុំ​មើល​ទៅ​នាយករដ្ឋមន្ត្រី​ផ្កាយ៥ បង្ហាញ​ថា គាត់​ជា​មេទ័ព។ ចៅហ្វាយ​ខេត្ត​មួយ​ចំនួន ក៏​សុទ្ធតែ​ជា​យោធា ហើយ​របៀប​ចាត់ចែង គឺ​ក៏​យោធា​ផ្តាច់ការ។ ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន គឺ​បិទ​ទាំង​អស់ ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស រំលោភ​ធ្ងន់ធ្ងរ​មែនទែន តាំង​ពី​សិទ្ធិ​រស់​រាន​មាន​ជីវិត សិទ្ធិ​នយោបាយ និង​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់​ជា​ដើម»។

អង្គការ ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​​ Human Rights Watch បាន​បង្ហាញ​ឈ្មោះ​នាយ​ឧត្ដមសេនីយ៍​មាន​បាត​ដៃ​កខ្វក់​ទាំង​ ១២​រូប ដែល មាន​បាត​ដៃ​កខ្វក់​រំលោភ​សិទ្ធិ​មនុស្ស។​ របាយការណ៍​នេះ លាត​ត្រដាង​ទៀត​ថា កម្ពុជា​កាន់​តែ​ប្រែ​ក្លាយ​ទៅ​រក​របប​ផ្ដាច់​ការ និង​ការ​ដឹក​នាំ​បែប​ឯកបក្ស ដោយ​សារ​តែនាយ​ឧត្ដមសេនីយ៍​ទាំងនោះ ក្នុង​ជួរ​កង​កម្លាំង​សន្តិសុខ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ជា​ខ្នង​បង្អែក​នៃ​របប​នយោបាយ​មួយ​ពោរ​ពេញ​ទៅ​ដោយ​អំពើ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ និង​មាន​ចរិត​ផ្ដាច់​ការ​និយម៕ rfa khmer

loading...

Leave a comment