ការដែលពលរដ្ឋមិនទៅបោះឆ្នោត ចាត់ជា មហាបាតុកម្មអហិង្សាមួយដែលលោក ហ៊ុន សែន ពិបាកទប់ទល់ ព្រោះប៉ះពាល់ភាពស្របច្បាប់របស់រដ្ឋាភិបាលថ្មី

ប្រជាពលរដ្ឋ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា របប​លោក ហ៊ុន សែន កំពុងតែ​គំរាមកំហែង​ប្រជាពលរដ្ឋ​គ្រប់​រូបភាព​និង​ជំរុញ​ពលរដ្ឋ​ឲ្យ​ចេញទៅ​បោះឆ្នោត​ឲ្យ​បាន​ច្រើន ទោះបី​ពួកគេ បោះ​ឲ្យ​គណបក្ស​ណា​ក៏​ដោយ។ អ្នកវិភាគ​យល់ថា មូលហេតុ​ដែល​ចង់បាន​ចំនួន​អ្នក​បោះឆ្នោត​ច្រើន ព្រោះ​គណបក្ស​កាន់អំណាច បារម្ភ​ខ្លាច​មិន​មាន​ការ​ទទួល​ស្គាល់​ពី​ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ។

loading...

មជ្ឈដ្ឋាន​នានា មើល​ឃើញ​ថា របប​លោក ហ៊ុន សែន កំពុង​ប្រើ​គ្រប់​វិធីសាស្ត្រ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត​ឲ្យ​បាន​ច្រើន ដើម្បី​យក​ចំនួន​អ្នក​បោះ ឆ្នោត​ច្រើន​នោះ សម្រាប់​ការពារ​ខ្លួន​ក្រោយពេល​បោះឆ្នោត​ដែល​អាច​នឹង​មាន​ការរិះគន់​ពី​គ្រប់ទិសទី។

ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ម្នាក់ លោក យក់ គីមឈិត រៀបរាប់​ថា អាណត្តិ​ទី​៦​នេះ គណ បក្ស​កាន់អំណាច បាន​ដឹង​មុន​ជាស្រេច​ថា​គណបក្ស​នេះ ពិតជា​ឈ្នះ​ឆ្នោត ព្រោះ​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដែល​ជា​ដៃគូ​ប្រគួត​ដ៏​ស្វិតស្វាញ​ចេញពី​សង្វៀន​នយោបាយ​រួច​ទៅ​ហើយ។ចំពោះ​គណបក្ស​តូចៗ ឬ​គណបក្ស​ដែល​បង្កើត​ថ្មី គឺ​គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​គណបក្ស​កាន់អំណាច​បារម្ភ​នោះ​ទេ។ លោក យក់ គីមឈិត បន្ត​ថា អ្វី​ដែល​ធ្វើ​ឲ្យ​គណបក្ស​របស់​លោក ហ៊ុន សែន ព្រួយបារម្ភ​នោះ គឺ​ខ្លាច​ពលរដ្ឋ​មិន​ចេញទៅ​បោះឆ្នោត​ច្រើន ម្លោះ​ហើយ​ទើប​នៅមុន​ការបោះឆ្នោត​នេះ របប​លោក ហ៊ុន សែន ខំ​ប្រើ​គ្រប់​វិធីសាស្ត្រ ដើម្បី​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ឲ្យ​បាន​ច្រើន ទោះបីជា​បោះ​ឲ្យ​គណបក្ស​ណា​ក៏​ដោយ។

loading...

ដោយឡែក សមាជិក​ក្រុមការងារ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង លោក គង់ ម៉ាស់ មាន​ប្រសាសន៍​ថា អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន គ្រប់​ជាន់ថ្នាក់ កំពុងតែ​គំរាមកំហែង​ពលរដ្ឋ​តាម ភូមិ​-​ឃុំ នានា​ឲ្យ​ចេញទៅ​បោះឆ្នោត​គ្រប់គ្នា បើ​ពុំ​នោះ​ទេ​ពួកគេ​នឹង​ប្រឈមមុខ​ច្បាប់ និង​ជួប​ការ​លំបាក ក្នុង​ការ​រក​សេវា​ពី​អាជ្ញាធរ។ លើស​ពី​នេះ​សកម្មជន​របស់​គណ​សង្រ្គោះជាតិ កំពុង​ត្រូវ​បាន​បំភិតបំភ័យ និង​ឃ្លាំមើល​យ៉ាង​ដិតដល់​ពី​អាជ្ញាធរ។ របប​លោក ហ៊ុន សែន ក៏បាន​ដាក់​សម្ពាធ​ដល់ បណ្ដា​ក្រុមហ៊ុន និង​រោងចក្រ​សហគ្រាស អោយ​ជួយ​ព្រមាន​ទៅ​បុគ្គលិក និង​កម្មករ ថាបើ​មិន​មាន​ស្នាម​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​ទេ នឹង​បណ្ដេញ​ចេញពី​ការងារ​ជាដើម។ លោក គង់ ម៉ាស់ ចាត់​ទុក​ទង្វើ​ទាំងនេះ ថា ជា​ទង្វើ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អារម្មណ៍​ពលរដ្ឋ​ម្ចាស់​ឆ្នោត។ «»

ក្រុម​អ្នកឃ្លាំមើល​ការបោះឆ្នោត មើល​ឃើញ​ថា អាណត្តិ​ទី​៦​នេះ ខុស​ពី​អាណត្តិ​មុនៗ គឺ​បន្ទាប់ពី​មាន ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ហើយ​នោះ របប​លោក ហ៊ុន សែន និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏​ព្យាយាម​ជួយ​សម្រួល​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ដែរ ដែល​មិន​មាន​ឡើយ​កាល​ពី​ពេល​បោះឆ្នោត​មុន។ កាល​ពី​ពេល​ថ្មីៗ​នេះ ក្រសួង​ការងារ បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន និង​រោងចក្រ​សហគ្រាស អនុញ្ញាត​ឲ្យ​បុគ្គលិក និង​កម្មករ​ឈប់​សម្រាក ៣​ថ្ងៃ ដើម្បី​ទៅ​បោះឆ្នោត។ រីឯ​ក្រសួង​អប់រំ ក៏បាន​ប្រកាស​ឲ្យ​សិស្ស​និស្សិត​ឈប់​សម្រាក ៣​ថ្ងៃ​ទៅ​បោះឆ្នោត​ដែរ។ ក្រៅ​ពី​នេះ លោក​ហ៊ុន សែន ក៏​បញ្ជា​មិន​ឲ្យ​រថយន្ត​ឈ្នួល​ដំឡើង​ថ្លៃ​ពេល​ពលរដ្ឋ ទៅ​បោះឆ្នោត​ដែរ។

សមាជិក​ក្រុម​អ្នក​វិភាគ​វ័យក្មេង លោក បុង ដែត មានប្រសាសន៍ថា ទោះបីជា​មានការ​សម្របសម្រួល​ផង និង​គំរាមកំហែង​ផង​ក្ដី ក៏​ប្រហែលជា​ប្រជាពលរដ្ឋ អាច​ពហិការ​មិន​ទៅ​បោះឆ្នោត​ច្រើន​ដែរ ហើយ​បើ​ទោះ​មាន​អ្នក​ខ្លះ​ទៅ​បោះឆ្នោត ក៏​ពួកគេ​អាច​គូស​សន្លឹកឆ្នោត​ចោល​ដែរ ព្រោះ​ពួកគេ​យល់​ថា ការបោះឆ្នោត​នេះ មិន​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ពិតប្រាកដ និង​មិន​អាច​កែប្រែ​ជីវភាព​ពួកគេ​បានទេ។ លោក បុង ដែត បន្ត​ថា ជា​ការ​ពិត​គឺ​គណបក្ស​កាន់​អំណាច បាន​ដឹង​ខ្លួន​ជាមុន​ថា​នឹង​ឈ្នះ​ឆ្នោត ព្រោះ​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះជាតិ ប៉ុន្តែ​គណបក្ស​កាន់អំណាច ត្រូវការ​ចំនួន​អ្នក​បោះ​ឆ្នោត​ច្រើន ដើម្បី​ងាយស្រួល​ពន្យល់​ទៅ​សហគមន៍​ជាតិ និង​អន្តរជាតិ ក្រោយ​ពេល​បោះឆ្នោត​រួច។ ប៉ុន្តែ យ៉ាងណាក្តី សហគមន៍​ជាតិ និង​អន្តរជាតិ ក៏​មិន​ងាយ​ជឿ​លើ​ការ​បកស្រាយ​ណាមួយ​ដែរ ព្រោះ​ពួកគេ ប្រាកដជា​បាន​សិក្សា​យ៉ាង​ស៊ីជម្រៅ​អំពី​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​រួច​ទៅ​ហើយ។

ក្រុម​អ្នកឃ្លាំមើល​ការបោះឆ្នោត មើល​ឃើញ​ថា ការបោះឆ្នោត​អាណត្តិ​ទី​៦​នេះ គឺ​មានការ​រឹតត្បិត​និង ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ជាង​ពេល​ណាៗ​ទាំងអស់ ព្រោះ​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​រំលាយ អង្គការ​សង្គម​ស៊ីវិល ត្រូវ​បាន​ធ្វើទុក្ខបុកម្នេញ​ដូចជា​ការ​បិទ «បន្ទប់​ស្ថានការណ៍» ដែល​ជា​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ឃ្លាំមើល​ការបោះឆ្នោត ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ត្រូវ​បាន​រឹតត្បិត​និង​បិទ ចំណែក​ម្ចាស់​ឆ្នោត ត្រូវ​រង​ការ​ដាក់​សម្ពាធ​ឲ្យ​ទៅ​បោះឆ្នោត​ជាដើម៕

loading...

Leave a comment