ខ្លាសេដ្ឋកិច្ច​ អាចម៍កាយកប់ ៖ លោក ហ៊ុន សែន ស្តីបន្ទោសមន្រ្តីក្រោមឱវាទថា មិនជួយចូកជួយចែវ បែរជាជាន់កដកស្លាបរបបដឹកនាំរបស់លោក

នៅ​មិន​ដល់​ជាង​មួយ​ខែ​មុន​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​នៅ​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទទួលស្គាល់​អំពី​អំពើ​អសកម្ម​នានា​ដែល​កំពុង​កើតមាន​នៅ​ក្នុង​សង្គម​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក។ ក៏ប៉ុន្តែ លោក​បែរជា​ទម្លាក់កំហុស​ទាំងនោះ​ដាក់​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក ជា​អ្នកទទួលខុសត្រូវ​ទៅវិញ។ អ្នកវិភាគ​ថា ការ​គេចវេះ​មិន​ទទួលខុសត្រូវ និង​ទម្លាក់​កំហុស​ដាក់គ្នា បាន​ក្លាយ​ជា​វប្បធម៌​មួយ​ទៅ​ហើយ នៅ​ក្នុង​ការ​ដឹកនាំ​នៅ​សង្គម​កម្ពុជា ហើយ​ពេលខ្លះ​អ្នកដឹកនាំ​ថែមទាំង​ព្យាយាម​បំភ្លេច​ចោល​កំហុស​របស់​ខ្លួន​ទៀត​ផង។

loading...

អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត មាស នី មើលឃើញ​ថា បញ្ហា​នៃ​ការ​គេចវេះ​មិន​ចេះ​ទទួលខុសត្រូវ​របស់​ក្រុម​មេដឹកនាំ​ខ្មែរ បាន​ក្លាយ​ជា​តថភាព​មួយ​ទៅ​ហើយ​នៅ​ក្នុង​សង្គម​កម្ពុជា ដែល​ថ្នាក់លើ​ស្តី​បន្ទោស​ថ្នាក់ក្រោម ខណៈ​ថ្នាក់ក្រោម​បន្ទោស​ថ្នាក់​លើ នៅ​ពេល​ដែល​មាន​កំហុស​ឆ្គង​ណាមួយ​កើត​ចេញ​ពី​ការដឹកនាំ ឬ​អនុវត្ត​កម្មវិធី​ដឹកនាំ​របស់​ប្រទេស។ លោក​ថា វប្បធម៌​នៃ​ការ​មិន​ចេះ​ទទួលខុសត្រូវ និង​ទម្លាក់កំហុស​ដាក់គ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នេះ ពី​សំណាក់​ក្រុម​មេដឹកនាំ​ខ្មែរ នៅតែ​បន្ត​កើតមានឡើង​ក្នុង​សង្គម​កម្ពុជា​សព្វថ្ងៃ ខណៈ​ពេលខ្លះ​មេដឹកនាំ​ថែមទាំង​ព្យាយាម​បំភ្លេច​ចោល​ទង្វើ​អាក្រក់ៗ​ដែល​កើតមាន ក្រោម​ការដឹកនាំ​របស់​ខ្លួន​ទៀត​ផង៖ «នេះ​ជា​វប្បធម៌​មួយ ដែល​ពេលខ្លះ ចូលចិត្ត​បំភ្លេច​ចោល មិន​ត្រឹមតែ​មិន​ទទួលខុសត្រូវ​ទេ ពេលខ្លះ​បំភ្លេច​ចោល​ហើយ​កាយ​កប់​ត្រលប់​ឲ្យ​ជ្រៅ។ ខ្ញុំ​លើក​ឧទាហរណ៍​ជាក់ស្ដែង ដូចជា​រឿង​កោះ​ពេជ្រ រហូតមកដល់​ពេលនេះ យើង​អត់​ទាន់​រក​ឃើញ ឬ​តាម​ស៊ើបអង្កេត​អំពី​មូលហេតុ​ដែល​នៅ​ពីក្រោយ​ផង​ការ​ស្លាប់​របស់​មនុស្សរាប់រយ​នាក់។ ខ្ញុំ​ក៏​មាន​ការ​សោកស្ដាយ​ផង​ដែរ រឿង​ថ្មីៗ​នេះ នៅ​ខេត្ត​ក្រចេះ គឺជា​រឿង​ដែល​មិន​គួរ​រដ្ឋាភិបាល​ទុក​ឲ្យ​រំលង​ហើយ​មិន​មាន​ការស៊ើបអង្កេត ព្រោះ​ស្លាប់​មនុស្ស​មួយ​សន្ធឹក ហើយ​របួស​ហើយ​រងគ្រោះ​ស្ទើរ​មួយ​ភូមិ បែរជា​ស្ងាត់​ទៅវិញ ហើយ​បន្ទោស​ពី​រឿង​ផឹក​ស្រា។ មក​ដល់​ពេល​នេះ គឺ​មិន​ឃើញ​មាន​នរណា​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន ឬ​កោះហៅ​មក​សាកសួរ»។

លោក​បណ្ឌិត មាស នី បន្ត​ថា រឿងរ៉ាវ​ស្លាប់​មនុស្ស​ខ្មែរ ដ៏​កក្រើក​ទាំងនេះ នៅតែ​ស្ថិត​ក្នុង​អាថ៌កំបាំង​ដដែល ហើយ​ពលរដ្ឋ​ខ្មែរ​នៅតែ​មិន​អស់ចិត្ត។ លោក​ព្រមាន​ថា កាលណា​រឿងរ៉ាវ​ធំៗ​ទាំងនេះ មិន​មាន​ការ​ដោះស្រាយ​ពី​អ្នកដឹកនាំ​រដ្ឋ ហើយ​ចេះតែ​បន្ត​គេចវេះ នោះ​ពលរដ្ឋ​នឹង​នៅតែ​បន្ទោស​របប​ដឹកនាំ​នេះ​ជា​បន្ត ដែល​មិន​ព្រម​ទទួលខុសត្រូវ៖ «ទោះបីជា​មន្ត្រី​ហ្នឹង អ្នកណា​ក៏ដោយ​ដែល​ពាក់ព័ន្ធ​រឿង​ហ្នឹង រក​ឲ្យ​ឃើញ​មក អាហ្នឹង​កេរ្តិ៍​ឈ្មោះ​របស់​រដ្ឋាភិបាល​នឹង​ល្អ​ទៅតាម​ហ្នឹង ប៉ុន្តែ​បើសិនជា រដ្ឋាភិបាល​មិន​រក​ទេ ទោះបីជា​អាហ្នឹង​វា​មិនមែន​ជា​រដ្ឋាភិបាល​ធ្វើ​ក៏ដោយ ឬ​ក៏​មិនមែន​បក្សពួក​របស់​អ្នក​ណាមួយ​ក៏ដោយ ក៏​ប៉ុន្តែ​ការ​ខូច​ឈ្មោះ នៅតែ​ខូច​ឈ្មោះ​របស់​រដ្ឋាភិបាល​ដដែល»។

loading...

ការ​លើកឡើង​របស់​អ្នកវិភាគ​យ៉ាង​ដូច្នេះ ធ្វើឡើង​ក្រោយ​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទទួលស្គាល់​អំពី​បញ្ហា​អសកម្ម​មួយ​ចំនួន​ដែល​កើតមាន​នៅ​តាម​កន្លែង​មួយ​ចំនួន​ក្រោម​ការដឹកនាំ​របស់​លោក។ ថ្លែង​នៅ​ចំពោះ​មុខ​កម្មករ​និយោជិក​សរុប​ជាង ១​ម៉ឺន ៧​ពាន់​នាក់ ក្នុង​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២០ មិថុនា លោក ហ៊ុន សែន មិន​ត្រឹមតែ​ប្រកាស​មិន​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​ទាំង​នោះ​ឡើយ ប៉ុន្តែ​លោក​បែរជា​ទម្លាក់កំហុស​ទាំងនោះ​ដាក់​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ទៅវិញ៖ «ក៏ប៉ុន្តែ​ខ្ញុំ​សូម​ស្នើ​ថា សូម​កុំ​ខឹង​គោ​វាយ​រទេះ។ ខឹង​មេភូមិ​មក​ជេរ ហ៊ុន សែន ដែរ។ ទាស់​គ្នា​ជាមួយ​មេភូមិ មក​ជេរ ហ៊ុន សែន… ពិបាក​ណាស់​ទៅ​ហើយ​មួយ​គ្រួសារ ចុះ​ទម្រាំ​ពូ មន្ត្រី កងកម្លាំង​ប្រដាប់​ជាង​កន្លះ​លាន​នាក់ វា​មាន​មន្ត្រី​ល្អ និង​មន្ត្រី​មិនល្អ​ដែរ។ ដូច្នេះ​បានជា​យើង​ប្រឹងប្រែង​បន្ត សូម្បីតែ​តាកែវ​នេះ ត្រូវ​ចាប់​ចៅហ្វាយខេត្ត​តាកែវ​ញាត់​គុក មិន​ទាន់​ទាំង​កាត់​ក្តី​ផង ដោយសារ​វា​មានរឿង​។ គ្រាន់តែ​ចៅហ្វាយខេត្ត ២៥​នាក់ ក៏​វា​លំបាក ណាស់​ទៅ​ហើយ នៅ​អនុខេត្ត​ទៀត។ អ៊ីចឹង វា​មិនមែន​ល្អ​ទាំងអស់​នោះ​ទេ»។

លោក ហ៊ុន សែន ទទូច​សុំ​ឲ្យ​មានការ​យោគយល់​អំពី​បញ្ហា​អសកម្ម​នានា នៅ​ក្រោម​ការដឹកនាំ​ប្រទេស​របស់​លោក។ លោក​ក៏​មិន​បំភ្លេច​បន្ត​លើកឡើង​ពី​លេស​នៃ​ផលវិបាក​ដែល​បាន​បន្សល់ទុក​ដោយសារ​សង្គ្រាមស៊ីវិល​តាំងពី​សម័យ ប៉ុល ពត មក​ម្ល៉េះ ខណៈ​កម្ពុជា​បាន​បញ្ចប់​សង្គ្រាមស៊ីវិល​អស់​ជាង​២០​ឆ្នាំ​មក​ហើយ។

ជុំវិញ​បញ្ហា​នៃ​ការ​ទទូច​របស់​លោក ហ៊ុន សែន សុំ​ឲ្យ​មានការ​យោគយល់​ពី​ពលរដ្ឋ​នេះ លោក​បណ្ឌិត មាស នី យល់ឃើញ​ថា ការយោគយល់​ខ្លាំង​ពេក​នេះ គឺជា​មូលហេតុ​បណ្ដាល​ឲ្យ​មានការ​ចាប់ផ្ដើម​ធ្វើ​ឲ្យ​មាន​អំពើ​អយុត្តិធម៌​សង្គម​កាន់តែ​ធ្ងន់ធ្ងរ៖ «អ្នកណា​ដែល​មាន​អំណាច ជា​បក្សពួក​របស់​ខ្លួន​ទៅ​យោគយល់​ទៅ ប៉ុន្តែ​អ្នកដទៃ​ដែល​មិនមែន​ជា​បក្សពួក​របស់​ខ្លួន អ្នក​ក្រីក្រ អ្នក​ទន់ខ្សោយ គេ​មិនបាន​យោគយល់​ទេ គឺ​ត្រូវ​ធ្វើ​ទៅតាម​ច្បាប់។ នេះ​ជា​រឿង​ស្តង់ដារ​ពីរ។ អាហ្នឹង​ហើយ​ជា​ការ​ចាប់ផ្ដើម ធ្វើ​ឲ្យ​មាន​អំពើ​អយុត្តិធម៌​សង្គម។ ហើយ​សំខាន់​បំផុត​តែ​កាលណា​មានការ​យោគយល់​ហើយ ហើយ​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ​ទៀត អ៊ីចឹង​សង្គម​នោះ ទោះបី​រដ្ឋាភិបាល​យ៉ាងម៉េច​ក៏ដោយ គឺ​ប្រជាប្រិយភាព​ត្រូវតែ​ធ្លាក់​ទៅ​តាម​ហ្នឹងហើយ»។

លោក​បណ្ឌិត មាស នី ផ្ដល់​អនុសាសន៍​ថា មានតែ​ពលរដ្ឋ​ទេ​ដែល​គួរតែ​បំពេញ​តួនាទី​ជា​ពលរដ្ឋ​សកម្ម​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ទើប​អាច​ជួយ​ជំរុញ​ឲ្យ​ដោះស្រាយ​បញ្ហា​នៃ​ការ​មិន​ចេះ​ទទួលខុសត្រូវ​របស់​មេ​ដឹកនាំ​នេះ​បាន តាមរយៈ​ការ​នាំ​គ្នា​លើក​យក​បញ្ហា​អសកម្ម​ទាំងនោះ មក​ពិភាក្សា​ឲ្យ​បាន​ផុលផុស។ លោក​បណ្ឌិត​សង្កត់ធ្ងន់​ថា ការ​លើកឡើង​នេះ មិនមែន​ដើម្បី​ធ្វើ​បដិវត្ត​ពណ៌​នោះ​ទេ។ លោក​ថា កន្លងមក​មាន​ករណី​មួយ​ចំនួន ត្រូវ​បាន​ទទួល​ការ​យកចិត្ត​ចាត់វិធានការ​ដោះស្រាយ​ពី​មេដឹកនាំ ក្រោយពី​ពលរដ្ឋ​បាន​នាំគ្នា​លើកឡើង​យក​មក​ពិភាក្សា​យ៉ាង​ផុលផុស​នៅ​លើ​បណ្ដាញ​សង្គម​។ លោក​ស្នើ​ឲ្យ​ពលរដ្ឋ​បន្ត​ជួយ​លើកឡើង និង​បន្ត​តាមដាន​ករណី​អសកម្ម​ទាំងនេះ ជា​បន្ត​រហូត​ទាល់តែ​រឿងរ៉ាវ​ទាំងនោះ​ត្រូវ​បាន​ដោះស្រាយ​ចប់​សព្វគ្រប់។ លោក​ផ្ដល់​ជា​ឧទាហរណ៍​ថា បើ​គោ​វិញ ត្រូវការ​ជន្លួញ​ចាក់​ឲ្យ​ផ្អើល ដើម្បី​ឲ្យ​ស្ទុះ​ធ្វើការ​ទៅ​មុខ​ទៀត។

ការ​ប្រកាស​មិន​ទទួលខុសត្រូវ និង​ទម្លាក់កំហុស​ដាក់​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក ហ៊ុន សែន​នៅ​ពេល​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​នៅ​មិន​ដល់​ជាង ១​ខែ​ទៀត​ផង កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស ដែល​គណបក្ស​កាន់អំណាច​ពុំ​មាន​គូរ​ប្រកួតប្រជែង​ពិតប្រាកដ ខណៈ​គណបក្ស​នេះ​បាន​រម្លាយ​ដៃ​គូ​ប្រកួតប្រជែង​ដ៏​សំខាន់​របស់​ខ្លួន​ទៅ​ហើយ ដើម្បី​ធានា​អំពី​ជ័យជម្នះ​របស់​ខ្លួន​រួចជាស្រេច​នៅមុន​ការបោះឆ្នោត។

កន្លងមក រឿងរ៉ាវ​កក្រើក​ៗ​ជាច្រើន​ដែល​របប​លោក ហ៊ុន សែន មិនដែល​ចេះ​ទទួលខុសត្រូវ រួមមាន​ករណី​ពលរដ្ឋ​ជិត​២០​នាក់​ពុល​ស្លាប់ និង​រាប់​រយ​នាក់​រងគ្រោះ​ដោយសារ​ការ​ពុល​ទឹក​នៅ​ខេត្ត​ក្រចេះ និង​មណ្ឌលគិរី ករណី​ពលរដ្ឋ​ជាន់គ្នា​ស្លាប់​នៅ​កោះពេជ្រ ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​ជិត ៣៥០ នាក់​ស្លាប់ និង​រង​របួស​ជាង​៧០០​នាក់ ករណី​អំពើ​អយុត្តិធម៌​សង្គម ការរំលោភ​ដីធ្លី​ពលរដ្ឋ ការ​កាប់​បំផ្លាញ​ធនធានធម្មជាតិ​ព្រៃឈើ រ៉ែ និង​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​យុត្តិធម៌​រាប់មិនអស់​ជាដើម។ ពេលខ្លះ​លោក ហ៊ុន សែន មិន​ត្រឹមតែ​មិន​ទទួលខុសត្រូវ​ឡើយ លោក​ថែមទាំង​ស្ដីបន្ទោស​ពលរដ្ឋ​ដែល​ជា​អ្នក​បោះឆ្នោត​ឲ្យ​លោក​ថែមទៀត ដូចជា​ករណី​ម្ហូបអាហារ បន្លែ​ផ្លែឈើ មាន​ផ្ទុក​សារធាតុ​គីមី​ជាដើម៕ rfa khmer

loading...

Leave a comment