ស្គាល់ខ្លួនឯងសំខាន់ជាងអ្នកដទៃ ៖ ទោះត្រូវចំណាយពេលវេលាយូរប៉ុនណា ឲ្យតែនៅរក្សាជំហរខ្ជាប់ខ្ជួនបាន ជោគជ័យប្រាកដជានឹងសម្រេច

កិត្យានុភាពប្រទេសជាតិកើតឡើងពីកិត្យានុភាពរបស់ប្រជាជន ។

loading...

ភាពអស់សង្ឃឹមគឺជាមារសត្រូវ នៃការតស៊ូរបស់អ្នក។ ចូរអ្នកក្រោកឡើងតស៊ូជាមួយនឹងភាពអស់សង្ឃឹមទាំងនោះ។ ចូរសំឡឹងមើលឧបសគ្គ គឹជាឱកាស។
ការស្រមៃមួយ ដែលខ្ញុំតែងរក្សាទុកក្នុងចិត្ត គឺ ខ្ញុំចង់ឱ្យយុវជនខ្មែរគ្រប់គ្នា ត្រូវរៀនតាំងជំហរ, រៀនរក្សាជំហរ, រៀនកំណត់គោលដៅរបស់ខ្លួនឱ្យបានត្រឹមត្រូវ, រឹងមាំ, ពិតប្រាកដ, ទោះជាខ្ញុំត្រូវប្រើពេលវេលាពេញមួយជីវិតរបស់ខ្ញុុំក៏ដោយ។

loading...

ស្មារតី ពឹងផ្អែកលើអ្នកដទៃខ្លាំងពេករហូតបាត់ជំហរខ្លួនឯងនោះ មិនមែនជាការសម្រេចចិត្តត្រឹមត្រូវទេ ការធ្វើដូច្នេះស្មើនឹងយើងបន្ទាបខ្លួនឱ្យអ្នកដទៃប្រើប្រាស់ ទៅតាមចេតនាដែលគេចង់បាន។
ឋានានុក្រមការងារវាជាតម្លៃខ្ពស់បំផុត ចំពោះប្រព័ន្ធការងារ ប៉ុន្តែគ្រប់ការងារនៅក្នុងប្រព័ន្ធណាមួយដែលយើងទទួលខុសត្រូវ ឬរួមជាមួយអ្នកដទៃ ចាំបាច់ត្រូវតែមានការចូលរួមសម្រេចពីយើង មិនអាចបាត់​សំឡេងរបស់យើងទេ ទោះជាមានតិច ឬ ច្រើន ។ យើងអាចរៀនសូត្រ និង បង្ហាញសេចក្តីគោរពចំពោះមនុស្សគ្រប់គ្នាបាន ប៉ុន្តែយើងក៏ត្រូវសួរ និង រៀនស្គាល់ពីខ្លួនឯងឱ្យបានច្បាស់លាស់ដែរ។


​​
គ្រប់ការសម្រេចចិត្តទាំងឡាយ សុទ្ធតែពាក់ព័ន្ធនឹងដំណើរជីវិតរបស់យើង ដូច្នេះ មុននឹងប្អូនៗយុវជនខ្មែរសម្រេចធ្វើអ្វីមួយ, គាំទ្រអ្វីមួយ ចូរប្អូនៗពិចារណាឱ្យលម្អិត ព្រោះដើម្បីចៀសវាង​បណ្តោយ​ខ្លួនយើងឱ្យក្លាយជាឧបករណ៍របស់ជន ក្រុមណាប្រើប្រាស់យើងក្នុងគោលបំណងទុច្ចរិតរបស់គេ។

តាមការសង្កេត ខ្ញុំឃើញយុវជនខ្មែរជាច្រើន មានសេចក្តីស្រឡាញ់, ចិត្តស្មោះត្រង់ និង ការលះបង់ច្រើនដើម្បីប្រទេសជាតិ ប៉ុន្តែបើចង់ក្លាយជាអ្នកនយោបាយ ឬ ចង់ក្លាយជាអ្វីក៏ដោយ បើយើងមានត្រឹមតែ​សេចក្តីស្រឡាញ់, ភាពស្មោះត្រង់ និង ការលះបង់ តែម្យ៉ាង គឺ មិនទាន់គ្រប់គ្រាន់ទេ យើងត្រូវមានចំណេះដឹង និង ប្រាជ្ញាឈ្លាសវៃពិតប្រាកដដែលកើតចេញពីប្រាជ្ញាញាណរបស់យើង ជាពិសេស សមត្ថភាពដែលអាចសម្រេចកិច្ចការធំបានដោយជំហរខ្លួនឯងពិតប្រាកដ។

មេដឹកនាំល្អ និង ត្រឹមត្រូវ អាចបណ្តុះមេដឹកនាំបន្តបន្ទាប់ដើម្បីឱ្យប្រទេសជាតិ សម្បូរទៅដោយមនុស្សមានសក្តានុពល និង អាចដឹកនាំបន្តទៀតបាន ។ ខ្ញុំចាំទ្រឺស្តី ណាប៉ូឡីអុង ហិល (Napoleon Hill) មួយថា “វាជាការពិតណាស់ គឺថា អ្នកអាចជោគជ័យល្អប្រសើរ និង លឿនបំផុតនោះ ដោយការជួយឱ្យអ្នកដទៃជោគជ័យ” ។ ខ្ញុំមិនគាំទ្រទេ ចំពោះអ្នកនយោបាយណា ដែលតែងតែបណ្តុះគំនិតឱ្យមនុស្សដើរតាមតែ​ខ្លួនឯង, មានចរិតអញនិយម, មនុស្សក្នុងបក្សតែមួយរិះគន់បន្តិចបន្តួចមិនបាន។

អ្នកនយោបាយដែលមានចរិតឬកពារបៀបនេះ មិនអាចកសាងសង្គមប្រជាធិបតេយ្យពិតប្រាកដបានទេ ព្រោះមានចរិតផ្តាច់ការ, ចិត្តចង្អៀតចង្អល់ ប្រកាន់ខឹងរឿងកំប៉ិកកំប៉ុក នេះហើយជាឬសគល់​ដែល​ធ្វើឱ្យប្រជាធិបតេយ្យងើបមិនរួច សម្លាប់រចនាសម្ព័ន្ធចោល ព្រោះតែការសម្រេចចិត្តនានាសិ្ថតនៅនឹងបុគ្គលតែម្នាក់ ។

សាងជាតិឱ្យរឹងមាំទៅបាន អាស្រ័យលើប្រជាជាតិខ្មែរ ត្រូវកសាងខ្លួនឯង ឱ្យរឹងមាំ មានសមត្ថភាពខ្ពង់ខ្ពស់ សំឡឹងបានវែងឆ្លាយ ជាតិយើងប្រាកដជានឹងរឹងមាំ មានកិត្យានុភាពឡើងវិញ។

ប្រទេសជប៉ុន មានកិត្យានុភាព ដោយសារប្រជាជនជប៉ុន មានកិត្យានុភាព មានការតាំងចិត្តខ្ពស់ រហូតដល់ជប៉ុនប្រៀបបញ្ញារបស់ខ្លួនថា មានពន្លឺដូចព្រះអាទិត្យ។ នេះហើយការតាំងចិត្តអធិដ្ឋានរបស់ជនជាតិជប៉ុន។​ យើងខ្មែរ ក៏អាចធ្វើបាន ព្រោះយើងខ្មែរក៏ជាមនុស្ស ជប៉ុនក៏ជាមនុស្សដែរ៕ Hun Kosal

loading...

Leave a comment