អាសន្នធំហើយបងប្អូនអើយ ច្បាប់ផ្តល់សញ្ជាតិឲ្យជនបរទេសបានអនុម័តទាំងស្រុងហើយដោយព្រឹទ្ធិសភាបក្សប្រជាជនកម្ពុជា

ព្រឹទ្ធសភា​នៃ​របប​លោក ហ៊ុន សែន បាន​អនុម័ត​ជា​ផ្លូវការ ដោយ​ឥត​កែប្រែ រាល់​ខ្លឹមសារ​ទាំងអស់​នៃ​ច្បាប់​ថ្មី​ស្ដីពី​សញ្ជាតិ។ សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​ការ​បន្ត​សម័យប្រជុំ​លើក​ទី​១ នីតិកាល​ទី​៤ របស់​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា នេះ ឲ្យ​ដឹង​ថា អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ឯកភាព​ទាំងស្រុង​លើ​ខ្លឹមសារ​ទាំងមូល​នៃ​ច្បាប់​នេះ ឥត​កែប្រែ ដោយ​សំឡេង ៥៩​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​សរុប ៦២ ​រូប។

បន្ទាប់ពី​ព្រឹទ្ធសភា​អនុម័ត​ច្បាប់​ថ្មី​ស្ដីពី​សញ្ជាតិ​នេះ នឹង​ត្រូវ​បញ្ជូន​ច្បាប់​នេះ​ទៅ​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​ពិនិត្យមើល​អំពី​ធម្មនុញ្ញភាព​នៃ​ច្បាប់​នេះ មុននឹង​ដាក់ថ្វាយ​ព្រះមហាក្សត្រ​ឡាយ​ព្រះ​ហស្ថលេខា​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រាប់​អាស៊ីសេរី​នៅ​មុន​ការផ្សាយ​នេះ​បន្តិច​ថា ច្បាប់​ថ្មី​ស្ដីពី​សញ្ជាតិ​នេះ ធ្វើឡើង​ដោយមាន​ការ​យក​ចិត្ត​ទុកដាក់ ពិភាក្សា​ល្អិតល្អន់ និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ហើយ​មិនមែន​ជា​លក្ខណៈ​បំបែកបំបាក់​ជាតិ​នោះ​ទេ៖ «យើងខ្ញុំ​ធ្វើ​នេះ ដើម្បី​ធ្វើ​ម៉េច​ធានា​ឯករាជ្យ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា។ បាទ​! បើ​គ្មាន​ការទទួលខុសត្រូវ​នោះ​ទេ មិនមែន​៣០​ឆ្នាំ​មកនេះ យើង​គង់វង្ស ទឹកដី​យើង​សល់​ប៉ុណ្ណឹង ដូច​ពីមុន​មកនេះ​ទេ ហើយ​ដែល​បន្សល់ទុក​ដោយ​ព្រះករុណា នរោត្តម សីហនុ។ យើង​រក្សាទុក​ក្នុង​រង្វង់ ១៨១.០៣៥ គីឡូ​ម៉ែត្រ​ការ៉េ។ ហើយ​ដោយសារតែ​យកចិត្តទុកដាក់​ខ្លាច​បាត់បង់​ហ្នឹងហើយ បានជា​យើង​ធ្វើការ​បោះ​បង្គោល​ព្រំដែន​ខណ្ឌ​សីមា​រវាង​ប្រទេស​យើង ជាមួយ​ប្រទេសជិតខាង»។

ច្បាប់​ថ្មី​ស្ដីពី​សញ្ជាតិ​នេះ មាន ១០​ជំពូក និង​ចែកចេញជា ៣៨​មាត្រា។ ច្បាប់​នេះ​មាន​គោលដៅ​ដើម្បី​កំណត់​នូវ​សិទ្ធិ​ទទួល​បាន និង​សិទ្ធិ​លះបង់​សញ្ជាតិ​ខ្មែរ។ សិទ្ធិ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​នេះ រួមមាន ការ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត ដោយ​ការ​ស្មុំ​កូន​ពេញលេញ ដោយ​ចំណង​អាពាហ៍ពិពាហ៍ និង​ដោយ​សញ្ជាតូបនីយកម្ម។

ច្បាប់​ថ្មី​ស្ដីពី​សញ្ជាតិ​នេះ រង​ការ​រិះគន់​ថា ធ្វើឡើង​ដោយ​ពុំ​មាន​ការពិគ្រោះ​យោបល់​ឲ្យ​បាន​ទូលំទូលាយ​ជាមួយ​ពលរដ្ឋ និង​សង្គម​ស៊ីវិល ព្រមទាំង​ហាក់​មាន​លក្ខណៈ​ជា​ការ​សម្ងាត់ ហើយ​ថា​អាច​នឹង​ក្លាយ​ជា​គ្រោះ​មហន្តរាយ​ថ្មី​មួយទៀត​សម្រាប់​អនាគត​កម្ពុជា ខណៈ​របប​លោក ហ៊ុន សែន ប្រញាប់ប្រញាល់ និង​ព្យាយាម​អនុម័ត​ច្បាប់​នេះ​ឲ្យ​ចប់​សព្វគ្រប់​នៅមុន​ការ​បោះឆ្នោត​ជាតិ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ខាងមុខ​នេះ។ ក្រុម​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​កម្ពុជា រិះគន់​ធ្ងន់ៗ​ថា ច្បាប់​ថ្មី​ស្ដីពី​សញ្ជាតិ​នេះ មាន​លក្ខណៈ​ធូររលុង ហើយ​ជា​ការ​បើកផ្លូវ​ឲ្យ​ជនអន្តោប្រវេសន៍​កំពុង​រស់នៅ​កម្ពុជា ក្លាយ​ជា​ពលរដ្ឋ​ខ្មែរ​ស្របច្បាប់។ ជាមួយ​គ្នា​នេះ ពួកគេ​ថា ច្បាប់​នេះ ក៏​ផ្ដល់​សិទ្ធិ​អំណាច​ឲ្យ​នាយករដ្ឋមន្ត្រី​ខ្លាំង​លើសលប់​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​សញ្ជាតិ ឲ្យ​ដល់​ជនបរទេស​នេះ៕

Leave a comment