ធ្លាប់តែឮ មិនដែលដឹងសោះ ថា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យាជាអ្វី ថ្ងៃនេះ បានដឹងហើយ សូមជួយស៊ែរឲ្យមិត្រភក្តិបានដឹងផង

តើ វិទ្យាសាស្ត្រ science ជាអ្វី ?

អ្នកណាក៏ដឹងដែរថា សព្វថ្ងៃ យើងរស់នៅក្នុងសម័យវិទ្យាសាស្ត្រ ។ សម័យវិទ្យាសាស្ត្រ ជាសម័យចំរើនលូតលាស់ ផ្នែកបច្ចេកវិទ្យា ជាសម័យដែលប្រើឧបករណ៍ទំនើប ឧបករណ៍ស្វ័យប្រវត្តិ មានសំណង់​អគារខ្ពស់ៗ មានយានយន្តគ្រប់ប្រភេទ បម្រើការធ្វើដំណើរ … ៘

សម័យវិទ្យាសាស្ត្រ ខុសប្លែកអំពីសម័យបុរាណ ដែលមនុស្សរស់នៅពឹងផ្អែក លើធម្មជាតិស្ទើរតែទាំងស្រុង ។ ទស្សនៈខាងលើ ពិតជាត្រឹមត្រូវ ប៉ុន្តែនៅខ្វះខាត ដោយមិនបានផ្តល់អត្ថន័យពិត នូវអ្វីដែល​ហៅថាវិទ្យាសាស្ត្រ ។ ភាគច្រើន យល់ច្រឡំថា បច្ចេកវិទ្យា technology ថាជា វិទ្យាសាស្ត្រ science ។

វិទ្យាសាស្ត្រ ជាកម្រងចំណេះដឹង អំពីធម្មជាតិ ។ បច្ចេកវិទ្យា ជាមធ្យោបាយសម្រួលការរស់នៅ ឬសម្រួលការងារ អ្វីមួយ ។ ប៉ុន្តែបច្ចេកវិទ្យា តែងតែ ត្រូវការពឹងពាក់ ទ្រឹស្តីវិទ្យាសាស្ត្រ ដើម្បីឲ្យបានលទ្ធផល ប្រកបដោយប្រសិទ្ធភាព ។ ដើម្បីឲ្យយល់ច្បាស់ ខ្ញុំសូមជូនឧទាហរណ៍ ខ្លះៗ ៖

*** ការសាងសង់ស្ពាន (ដែលជាបច្ចេកវិទ្យា) តម្រូវគណនា ទំហំគម្រោងដែក កម្រាស់បេតុង ដែលជាផ្លែផ្កា នៃការសិក្សាវិទ្យាសាស្ត្រ ។

ដើមឡើយ កម្មវិធីអវកាស របស់ សូវៀត និង អាមេកាំង មានការបញ្ជូនយានអវកាស បង្ហោះជុំវិញផែនដី បង្ហោះទៅឋានព្រះច័ន្ទ បង្ហោះកាត់ប្រព័ន្ធព្រះអាទិត្យ … ទាំងនេះ ជាកម្មវិធីដែលមានលក្ខណៈវិទ្យាសាស្ត្រ សុទ្ធសាធ ។ និយាយឲ្យចំ ទាំងសហរដ្ឋអាមេរិក ទាំងសហភាពសូវៀត មិនបានរំពឹងទុកថានឹងទាញចំណេញអ្វីទាំងអស់ អំពីការស្រាវជ្រាវនេះ ។ គូសត្រូវទាំងពីរ ថែមទាំងសហការណ៍គ្នាក្នុងការចែក​រំលែក​ចំណេះដឹង និង បង្ហោះ និង ប្រើប្រាស់យានអវកាស រួមគ្នាទៀតផង ។

ផ្ទុយទៅវិញ ការបង្ហោះយានរណប ព្រោងព្រាតដែលហោះខ្វាត់ខ្វែង ជុំវិញផែនដី បម្រើការផ្សាយប្រព័ន្ធទូរស័ព្ទ smart-phone ឬ internet ឬ GPS ឬរហូតដល់បញ្ជា កាំជ្រួចអន្តរទ្វីប … ទាំងនេះ ជាបច្ចេកវិទ្យាទំនើប សុទ្ធសឹងផ្លែផ្កា ទាញយកអំពីការសិក្សាវិទ្យាសាស្ត្រអំពីការបង្ហោះយានអវកាស កាលពីទសវត្សរ៍ ៦០/៧០ ។

*** ការសរសេរកម្មវិធី computer program ត្រូវប្រើរូបមន្តគណិតសាស្ត្រ ៩៩% ។ កាលអ្នកប្រាជ្ញគណិតវិទ្យា សរសេររូបមន្ត ពីសតវត្សរ៍ ទី១៦/ ១៧ គាត់មិនបាននឹកស្មានថា ទ្រិស្តីរបស់គាត់ មានប្រយោជន៍ សម្រាប់បច្ចេកវិទ្យាសម័យទំនើប នាពេលបច្ចុប្បន្ននេះឡើយ ។

វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ជាដៃគូ ក្នុងអភិវឌ្ឍន៍សង្គមលោក ។ បច្ចេកវិទ្យា មានដំណើរលូតលាស់ ជាមួយសង្គមមនុស្ស ខុសពីវិទ្យាសាស្ត្រ ដែលកាលពីបុរាណ មានកំណើតជាមួយ ទស្សនវិជ្ជា មានន័យថា អ្នកប្រាជ្ញជំនាន់ដើម ជាអ្នកវិទ្យាសាស្ត្រផង និងជា ទស្សនវិទូ ផង ។

គេបានចាត់ទុកថា ៖

តារាវិទ្យា ឬ ការសិក្សាអំពីផ្កាយ … ដំណើរព្រះច័ន្ទ ព្រះអាទិត្យ រហូតយល់ដឹងថា ផែនដីមូល ជាវិទ្យាសាស្ត្រ ដែលមានវ័យចំណាស់ជាងគេ ។ គេនៅតែគោរព អ្នកប្រាជ្ញតារាវិទ្យា ជំនាន់បុរាណ ថ្វីត្បិតតែ ទ្រិស្តី ដែលគាត់សរសេរកាលណោះ ខុសក៏ដោយ … ដូចជា Aristote Aristolte យល់ខុសថា ព្រះអាទិត្យវិលជុំវិញផែនដី តែតាមពិតគឺផែនដី ដែលវិលជុំវិញព្រះអាទិត្យ ។

គណិតវិទ្យា ជាមាតា នៃវិទ្យាសាស្ត្រទាំងពួង ។ គ្រប់វិទ្យាសាស្ត្រ តែងតែត្រូវការ រូបមន្ត និង របៀបគណនា នៃគណិតវិទ្យា ។ ត្រីកោណមាត្រសាស្ត្រ trigonometry ត្រូវបានបង្កើតឡើង ដើម្បីតារាវិទ្យា ។ Informatics  ឬ អគ្គិសនី … ៘ ត្រូវពឹងពាក់រូបមន្តគណិតវិទ្យាទាំងស្រុង ។

កាលពីបុរាណកាល ការសិក្សាអក្សរភ្លេង មានឈ្មោះថា វិទ្យាសាស្ត្រនៃសម្លេង ។ បចុប្បន្ន ការសិក្សាអក្សរភ្លេង ជាចំណែកតូចមួយ នៃរូបវិទ្យា ហើយមានតែអ្នករៀនភ្លេងតែប៉ុណ្ណោះ ដែលរៀនអក្សរភ្លេង ។
តារាវិទ្យា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ដែលអ្នកសិក្សានៅវិទ្យាល័យ ជាមូលដ្ឋាននៃទ្រិស្តីវិទ្យាសាស្ត្រ ។ អរិយធម៌ចេះតែ មានការវិវឌ្ឍន៍ទៅមុខ មែកធាងនៃវិទ្យាសាស្ត្រ ក៏កាន់តែបែងចែក ជាច្រើនសាខា ដែលប្រទេសនីមួយ ខិតខំរៀបចំបញ្ចូល ក្នុង ប្រព័ន្ធនៃឧត្តមសិក្សា បង្កើនធនធានមនុស្ស អ្នកប្រាជ្ញបញ្ញវ័ន្ត ដើម្បីបម្រើសេដ្ឋកិច្ច និង សង្គមកិច្ច នៃប្រទេសជាតិគេ ។  Saveth Chea

Leave a comment