ការមិនទៅបោះឆ្នោតរបស់ពលរដ្ឋវេណេហ្សូអេឡាក្លាយជានិមិត្តរូបនៃការផ្លាស់ប្តូររបបផ្តាច់ការនៅកម្ពុជានាថ្ងៃ ២៩ កក្កដា ខាងមុខ

ការដេកផ្ទះរបស់ពលរដ្ឋ វេណេហ្ស៊ូអេឡា ពិតជាមានតំលៃមែន!

មុនការបោះឆ្នោតជាតិជ្រើសរើសរដ្ឋាភិបាលថ្មីកាលពីថ្ងៃទី២០ ឧសភា ២០១៨ មេដឹកនាំផ្តាច់ការដុះស្លែ Nicolás Maduro មកពីបក្សសង្គមនិយម (ពួកកុម្មុយនីស្ត) បានចាប់ចង រារាំង និងបណ្តេញមេដឹកនាំ​បក្សប្រឆាំង​សំខាន់ៗចេញពីប្រទេសទាំងអស់ដែលមេដឹកនាំបក្សប្រឆាំងទាំងនោះគឺជាអ្នកមានប្រជាប្រីយភាពអាចផ្តួលខ្លួនបាន។ ក្នុងនោះរួមមានលោក Leopoldo Lopez ប្រធានបក្ស Popular Will ត្រូវបាន​ហាម​ពីនយោបាយ និងស្ថិតក្នុងការឃុំខ្លួនពីឆ្នាំ២០១៧មក, លោក Henrique Capriles ប្រធានបក្ស Justice First ត្រូវបានហាមឃាត់មិនអោយធ្វើនយោបាយ១៥ឆ្នាំ, លោក Antonio Ledezma ប្រធានបក្ស Fearless People´s Alliance បានរត់ភៀសខ្លួនទៅប្រទេសអស្បាញ និងលោក Fredy Guevara ថ្នាក់ដឹកនាំ Popular Will កំពុងភៀសខ្លួននៅប្រទេសឈីលី។

ជាការឆ្លើយតប មេដឹកនាំបក្សប្រឆាំងទាំងនេះបានអំពាវនាវអោយពលរដ្ឋ វេណេហ្ស៊ូអេឡា កុំទៅចូលរួមបោះឆ្នោតជាតិនាពេលកន្លងទៅ ហើយជាលទ្ធផលគឺពលរដ្ឋ វេណេហ្ស៊ូអេឡា ៥៤% មិនបានទៅចូលរួម​បោះឆ្នោតឡើយ។ ឆ្លងតាមលទ្ធផលបោះឆ្នោតនេះ នាំអោយរដ្ឋាភិបាលថ្មីរបស់ជនផ្តាច់ការ Nicolás Maduro ក្លាយជារដ្ឋាភិបាលខុសច្បាប់ ដោយអន្តរជាតិប្រកាសមិនទទួលស្គាល់ អាមេរិកមិនទទួលស្គាល់ និងសហគមអឺរ៉ុបមិនទទួលស្គាល់ ហើយប្រទេសជាច្រើនបានកាត់ផ្តាច់ និងកាត់បន្ថយទំនាក់ទំនងការទូត។ លើសពីនេះគឺអាមេរិក និងសហគមអឺរ៉ុបបាន ចេញច្បាប់បង្កកទ្រព្យសម្បត្តិ រឹបអូសទ្រព្យសម្បត្តិ និងបិទទិដ្ឋាការពួកមេដឹកនាំផ្តាច់ការ Nicolás Maduro ថែមទៀត។ ក្នុងសភាពទាល់ច្រកនេះ មេដឹកនាំផ្តាច់ការ Nicolás Maduro បានប្រកាសស្នើរសុំអោយ មេដឹកនាំបក្សប្រឆាំងទាំង​អស់ព្រមចរចារ​ជាមួយ​ខ្លួនដើម្បីស្តារប្រទេសឡើងវិញ។

បញ្ជាក់៖ និយាយរួមស្ថានភាពនៅកម្ពុជាក៏មិនខុសពី វេណេហ្ស៊ូអេឡា ដែរ ដែលនេះជាមូលហេតុ លោកប្រធាន សម រង្ស៊ី បានអំពាវនាវអោយពលរដ្ឋខ្មែរកុំទៅបោះឆ្នោត។ ពោល«ដេកផ្ទះឈ្នះឯង»ដែលជាការតស៊ូមួយដ៏ងាយស្រួលបំផុតក្នុងការឈានទៅរកការផ្លាស់ប្តូរក្នុងស្ថានភាពនយោបាយហិង្សា/ផ្តាច់ការដូចកម្ពុជា។

ដោយឡែកអ្វីដែលគួរអោយស្តាយគឺបក្សតូចៗជាច្រើននៅកម្ពុជាមិនសាមគ្គីគ្នាជាមួយបក្សប្រឆាំង បែជាទៅរួមដៃជាមួយបក្សផ្តាច់ការ ដែលខុសគ្នាពីស្ថានភាពនៅ វេណេហ្ស៊ូអេឡា ដោយបក្សតូចៗបាន​រួមគ្នា​ជាមួយបក្សប្រឆាំងយ៉ាងរឹងមាំ ៕ Chham Chhany

Leave a comment