មន្រ្តីស៊ីភីភីប្រចាំវាំងស្តេច ចេញមុខបំភ្លឺជំនួសស្តេចថា ព្រះមហាក្សត្រទ្រង់ចេញព្រះរាជសារដោយគ្មានការគំរាមកំហែង

ក្រសួង​ព្រះបរមរាជវាំង បំភ្លឺថាព្រះរាជសារ​របស់​ព្រះ​មហាក្សត្រ ដែល​​ឡាយ​​ព្រហស្ត​លេខា​ថ្ងៃ​ទី ១៨  ខែឧសភា គឺ​ជា​ព្រះរាជ​សារ​ពិត មិន​​មាន​​ការ​​​ក្លែងក្លាយ​​នោះ​ឡើយ។​

សេចក្តីប្រកាសព័ត៌មាន ពី​ព្រះបរមរាជវាំងចេញ​នៅ​ថ្ងៃ​ទី៨ ខែមិថុនា ធ្វើ​ឡើង​ក្រោយពេល ដែល​​មជ្ឈដ្ឋាន​ទូទៅ ដាក់ការ​សង្ស័យ​​អំពី​ភាព​មិនប្រក្រតី នៃ​ព្រះរាជសារ ដែល​អំពាវនាវ​​​ឲ្យ​​ប្រជាពលរដ្ឋ​គ្រប់គ្នា​ ចេញទៅ​បោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា​ខាង​មុខ ក្នុង​ស្ថានភាព​ដែល​ពលដ្ឋ​ម្ចាស់​ឆ្នោតជាងបីលាននាក់ ដែលគាំទ្រគណបក្ស​សង្គ្រោះជាតិ បាត់​បង់​ឱកាស និង​សិទ្ធិក្នុងការ​ជ្រើសរើស​មេដឹកនាំ និង​គណបក្ស​​នយោបាយ​​ដែល​ខ្លួន​ពេញ​ចិត្ត។ ការ​សង្ស័យ​នេះ គឺ​ដោយសារ​​ព្រះរាជសារ​​នោះ ត្រូវ​បាន​ផ្អិប​ទុក​យូរ​ថ្ងៃ​ពេក រហូតដល់ជិត ២០ថ្ងៃឯណោះ ក្រោយ​ថ្ងៃឡាយព្រះហស្ត ទើបត្រូវ​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន ផ្សាយ​ចេញ​ជា​សាធារណៈ។

មុន​សេចក្តីបំភ្លឺពី​ព្រះបរមរាជវាំង អតីតប្រធានគណបក្សសង្គ្រោះជាតិ និង​​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ហៅ​​ព្រះរាជ​សារ​​ចុង​ក្រោយ​​របស់​​ព្រះមហាក្សត្រ​​ថា ​បើ​មិន​ក្លែងក្លាយ​ទាំង​ស្រុងទេ ក៏ក្លែងក្លាយ​ត្រង់​កាលបរិច្ឆេទនេះដែរ។ លោក សម រង្ស៊ី ជឿថា កាល​បរិច្ឆេទក្នុង​ព្រះរាជសារ ត្រូវ​គេច្នៃ​ថយក្រោយ​រហូត​ដល់ជិត ២០ថ្ងៃ​នេះ ព្រោះដាក់ថ្ងៃ​ក្លែងក្លាយ​ ១៨ ឧសភានេះ គឺដាក់ឲ្យ​បាន​មុន​លិខិត​របស់​លោក ដែល​ថ្វាយ​ព្រះមហាក្សត្រ តាំងពីថ្ងៃទី២៣ ខែឧសភា។ កាលពីថ្ងៃទី២៣ ខែឧសភា​នោះ លោក សម រង្ស៊ី បាន​​សរសេរ​​លិខិត​​មួយ​ច្បាប់​ ថ្វាយទៅ​ព្រះមហាក្សត្រ ដើម្បីស្នើសុំ​ព្រះអង្គ​កុំធ្វើតាមអ្វី ដែលរបបលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា កំពុងតែស្នើសុំ​ព្រះអង្គ​ឲ្យ​ធ្វើ​អន្តរាគមន៍ ដើម្បីជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត ថ្ងៃ​ទី២៩ ខែកក្កដា​ខាង​មុខ​នេះ។​

លោក សម រង្ស៊ី បាន​សរសេរ​បន្ថែម ថ្វាយព្រះករុណព្រះមហាក្សត្រ នៅពេលនោះ ដោយ​ទូលព្រះអង្គថា ការបោះឆ្នោត​ថ្ងៃ​ទី២៩ កក្កដា ខាងមុខនេះ គឺប្រកបដោយភាពចម្រូងចម្រាស់ និងភាពគ្រោះថ្នាក់ ពីព្រោះ​វា​ជា​ការ​រៀបចំ​បន្ត​ពី​នយោបាយ​បផ្តាច់ការ បង្ក្រាបប្រជាពលរដ្ឋ ដែលសហគមន៍អន្តរជាតិ បានថ្កោលទោសជាទូទៅ ហើយ​វា​ក៏​កំពុង​តែ​ធ្វើ​ឲ្យ​សង្គម​ជាតិ​ប្រេះ​ស្រាំ​​គួរ​​ឲ្យ​បារម្ភ។ ក្នុងកាលៈទេសៈបែបនេះ ព្រះមហាក្សត្រ​​មាន​​តួនាទី​​ប្រមូល​​ផ្តុំ និង​​បង្រួបបង្រួម​​កូន​​ចៅ​​ព្រះអង្គ​ឡើង​វិញ ដោយ​​ឈរ​​លើ​​គុណ​​តម្លៃ និង​​គោលការណ៍​ប្រកប​ដោយ​គតិយុត្តិធម៌ ដែល​កូន​ចៅ​ព្រះ​អង្គ​ទាំង​អស់​គោរព​ស្រឡាញ់ និង​ចង់​បាន។

លោក សម រង្ស៊ី ថែមទាំងរម្លឹកព្រះមហាក្សត្រ អំពី​ព្រះករុណាព្រះវររាជបិតារបស់ព្រះអង្គ គឺ​ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេច​​ ព្រះ​នរោត្តម​ សីហនុ ដែលតែងតែមានព្រះរាជហឫទ័យ បង្រួបបង្រួមប្រជាជាតិខ្មែរទាំងមូល​ជុំវិញ​ព្រះអង្គ។ ឧទាហរណ៍ ដូចជានៅឆ្នាំ ១៩៩៨ និង ២០០៣ ព្រះអង្គបានបដិសេធ មិន​យាង​ទៅ​បើក​សម្ពោធ​រដ្ឋសភា​ថ្មី​ណា​មួយ ដែល​មិន​មាន​វត្តមាន​អ្នក​តំណាងរាស្ត្រ​ជាប់​ឆ្នោត មក​ពី​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ ជាពិសេស គណបក្ស​ហ្វ៊ុនស៊ីនប៉ិច និង​​គណបក្ស សម រង្ស៊ី។

ប៉ុន្តែ នៅក្រោយ​ការ​ចេញ​ព្រះរាជសារ ព្រះមហាក្សត្រ កាលពីថ្ងៃ​ទី៥ ខែ​មិថុនា លោក សម រង្ស៊ី មិន​ជឿ​ថា ព្រះរាជសារ​នោះ ធ្វើ​នៅមុន​លិខិត​របស់​លោកថ្វាយ​​ទៅ​ព្រះមហាក្សត្រ​​នោះ​ឡើយ។ លោក​សង្ស័យ​ថា ការ​​ដាក់​​កាល​​បរិច្ឆេទ​​ថយ​​ក្រោយ​បែប​នេះ គឺ​ដើម្បី​​បិទ​បាំង​​ភាព​​អាម៉ាស់ បើ​ដាក់​​កាល​បរិច្ឆេទ​​ពិត​ប្រាកដ ក្រោយ​​ថ្ងៃ​ចេញ​លិខិត​​របស់​លោក។

ចំណែក​ឯ​​អ្នកវិភាគ លោកបណ្ឌិត ឡៅ ម៉ុងហៃ ជាអតីតទីប្រឹក្សាផ្ទាល់​​របស់​លោក កឹម សុខា អនុប្រធាន​ទី​ ១ រដ្ឋ​សភា ដាក់​ការ​សង្ស័យ​​បន្ថែម​មួយ​ទៀត​​ទៅ​លើ​ភាព​មិន​​ប្រក្រតី​នៃ​កាល​បរិច្ឆេទ​នោះ ដោយ​​លោក​កត់​​សម្គាល់​ត្រង់​​ការ​​​មិន​​ថ្លែង​​ព្រះរាជ​សារ ដោយ​​​ផ្ទាល់​​​ព្រះឱស​ព្រះអង្គ តាម​រយៈវិទ្យុ ឬ​ទូរទស្សន៍ ដូច​អ្វីដែលព្រះមហាក្សត្រ​ធ្លាប់​ធ្វើកន្លងមក ក្នុង​​ព្រឹត្តិការណ៍​​ដ៏​​សំខាន់​​ខ្លាំង​បែប​នេះ។

មិន​តែប៉ុណ្ណោះ មជ្ឈដ្ឋានទូទៅ ដែលដាក់ការសង្ស័យ​ទៅលើ​ព្រះរាជសារលិខិត ដែលធ្វើឡើង​​ក្នុង​ស្ថានការណ៍​វិបត្តិ​​នយោបាយ និង​ស្របពេលដែល​របបលោក ហ៊ុន សែន កំពុង​កៀរគរ​រក​ការ​គាំទ្រ​ក្នុង​ការ​​បោះ​ឆ្នោត ដើម្បី​រក​ភាព​ស្រប​ច្បាប់​ឲ្យ​រដ្ឋាភិបាល​ ដែល​កើត​​ចេញ​ពី​ការ​បោះ​ឆ្នោត គ្មាន​​វត្ត​មាន​​បក្ស​​ប្រឆាំង​នេះ សន្និដ្ឋាន​​ថា​អង្គព្រះមហាក្សត្រ​រង​សម្ពាធ ឬ​ការ​​​គំរាម​​កំហែង​​​​ពី​​​របប​​លោក ហ៊ុន សែន ដោយសារ​តែ​ប្រវត្តិនៃការ​គម្រាម​​រម្លាយ​របប​រាជា​និយម ដែល​លោក ហ៊ុន សែន ធ្លាប់​ព្រមាន កាលពី​​ឆ្នាំ២០០៥ ពេល​ដែល​អតីត​ព្រះមហាក្សត្រ ព្រះបរម​រតនកោដ្ឋ ព្រះបាទសម្តេច​​ ព្រះ​នរោត្តម​ សីហនុ ដែល​មិន​ចង់​​ចុះ​​ព្រះហស្ត​លេខា​លើ​​សន្ធិសញ្ញា​​បំពេញ​​បន្ថែម រឿង​​ព្រំដែន​​ជាមួយ​ប្រទេស​វៀតណាម៖ «ខ្ញុំ​និយាយ​​ជាមួយ​​សម្តេច​ក្រុម​ព្រះ​ហើយ​ ខ្ញុំ​ថា​ព្រះអង្គ និយាយ​ប្រាប់​ឯកឧត្តម ស៊ុន ចាន់ថុល កុល​ ផេង អ៊ឹង​ កន្ថាផាវី ស៊ីសុវត្ថិ ប៉ាណារ៉ា លើ​​យន្ត​ហោះ​តាម​​ទូរស័ព្ទ ខ្ញុំ​ថា​​ព្រះអង្គ​​ បើ​​លើក​​នេះ​​វា​ពិបាក​​ស៊ីញ៉េ ត្រូវ​​ពិនិត្យ​​ឡើង​​វិញ យើង​គួរ​ទុករាជានិយម​ ឬ​ធ្វើ​​សាធារណៈរដ្ឋ​ ឲ្យ​វាមាន​ប្រធានាធិបតី​​តែ​​ម្តង? ឬហោច​ណាស់​​ដាក់​បញ្ចូល​​ក្នុង​​រដ្ឋ​ធម្មនុញ្ញ លើ​មាត្រា​ណាមួយ។ ដែល​កាល​ណា​​ដាក់​ទៅ​ក្នុង​រង្វង់​ប៉ុន្មានថ្ងៃ ត្រូវ​ឡាយ​ព្រះ​ហស្តលេខា។ បើ​មិន​ឡាយ​ព្រះហស្ត​លេខា ​ គឺនឹង​ចូល​ជាធរមាន»។

ទោះជាយ៉ាងនេះក្តី នៅក្នុងសេចក្តី​ប្រកាស​ព័ត៌មានដដែលនៅថ្ងៃនេះ ក្រសួង​ព្រះបរមរាជវាំង បដិសេធដាច់អហង្ការ និង​ច្រាន​ចោល​​ទាំង​ស្រុង នូវ​អ្វី​ដែល​ក្រសួង​នេះហៅថា ជា​​ការ​​ចោទ​ប្រកាន់​បំផ្លើស ប្រាស​ចាក​ការ​ពិត។

ទោះបីជាក្រសួង​ព្រះបរមរាជវាំង អះអាងថា ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ជា​ព្រះរាជ​សារ​ពិត និង​គ្មាន​ការ​​គំរាម​​កំហែង​​យ៉ាង​​ណា​ក្តី ក៏​​ក្រសួង​​នេះ មិន​​បាន​​បញ្ជាក់​អំពី​មូលហេតុ នៃ​​ការ​​ត្រូវ​​ផ្អិប​ទុក​ព្រះរាជ​សារ​​រហូត​ដល់​ជិត ២០ថ្ងៃ ទើប​​បញ្ចេញ​​ជា​សាធារណៈ​​បែប​​នេះ​​ឡើយ។

នៅលើគេហទ័ព័រផ្លូវការរបស់​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម​ សីហមុនី ក៏មិន​ឃើញមានចុះផ្សាយ​ព្រះរាជសារនោះដែរ។ អាស៊ីសេរី មិន​​អាច​​សុំ​ការ​​បំភ្លឺ​ពី​ព្រះ​រាជ​ខុទ្ទកាល័យ​​ព្រះមហាក្សត្រ​ជុំវិញ​រឿង​នេះ​បាន​ទេ ដោយសារ​ទូរស័ព្ទ​​នៅ​​លើ​​គេហទំព័រ​​នោះ មិន​​អាច​​​ទាក់ទង​​បាន។

ប៉ុន្តែ អតីត​នាយព្រះរាជខុទ្ធកាល័យព្រះមហាក្សត្រ លោក អ៊ុំ ដារ៉ាវុធ ប្រាប់​​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៨ ខែ មិថុនា​​ថា ខ្លឹមសារក្នុងព្រះរាជសារ​របស់​ព្រះមហាក្សត្រ មិន​អនុញ្ញាត​​ឲ្យ​យក​មក​ធ្វើ​ជា​ប្រធានបទ ក្នុងការ​បកស្រាយណាមួយ​​នោះ​ឡើយ៖ «ព្រះរាជ​សារ​​របស់​ព្រះករុណ ព្រះមហាក្សត្រ​ខ្មែរ មិន​​អាច​មាន​​​អ្នក​ណា​​អាច​​បកស្រាយ ឬ​យក​​មក​ធ្វើ​​ជា​​ប្រធានបទ​​ទៅ​លើ​​ព្រះរាជសារ​ទេ ពីព្រោះ​នេះ​ជា​គោលការណ៍​មួយ»។

ទោះបីជាព្រះរាជសាររបស់​ព្រះមហាក្សត្រ អំពាវឲ្យ​ប្រជាពលរដ្ឋគ្រប់គ្នា ចេញទៅបោះឆ្នោត​យ៉ាង​ណាក្តី ក៏នេះគ្រាន់តែ​ជាទម្លាប់​របស់ស្ថាប័នព្រះមហាក្សត្រ ដែល​​តែង​តែ​​អំពាវនាវ​​បែប​នេះ នៅ​រៀងរាល់​ការ​បោះ​ឆ្នោត​នីមួយៗ។ បើ​តាម​ការ​អះអាង​របស់​អ្នក​ច្បាប់​លើក​ឡើង​ថា ចំពោះ​​ថា​តើ​​ពលរដ្ឋ​​ទៅ​បោះឆ្នោត ឬ​មិន​​ទៅ​បោះឆ្នោត គឺជាសិទ្ធិ មិន​មែនជា​​កាតព្វកិច្ច​​នោះ​ឡើយ ពោលគឺបើទៅ ឬ​ក៏​មិន​ទៅ​បោះ​ឆ្នោត ក៏​គ្មាន​ទោស​​ពៃរ៍​អ្វី​នោះ​​ដែរ។ ពលរដ្ឋ​​គ្រប់​​រូប​ មាន​​សិទ្ធិ​ក្នុង​ការ​​សម្រេច​​ជ្រើស​រើស​គណបក្ស​នយោបាយ និង​​មេ​ដឹក​នាំ​ ដែល​ខ្លួន​​ពេញ​ចិត្ត ស្រប​​ទៅ​តាម​​ឆន្ទៈ​​របស់​​ខ្លួន៕ អាស៊ីសេរី

Leave a comment