ហុយផ្សែងទ្រលោមផោមក្នុងទឹក ! បុគ្គល ស្រិល វណ្ណា ជាកូនធម៌ ហ៊ីង ប៊ុនហៀង ស៊ីពោត ចង់ស្រី ល្បីពេញបណ្តាញសង្គម

ពត៌មានក្តៅនៅថ្ងៃនេះទាក់ទងនឹងបុគ្គល ស្រិល វណ្ណា ដែលប្រព្រឹត្តល្មើសវិន័យបញ្ញត្តិត្រង់សេពមេថុនធម្ម រហូតឈានដល់ការចាប់ផ្សឹកជាសាធារណៈ ករណីនេះកើតឡើងព្រោះតែខាងស្រីបញ្ចេញវិដេអូដែល​បានថតទុកសម្រាប់ធ្វើស៊ីបុគ្គលស្រិល វណ្ណា នេះ ឃើញថា ខាងស្រីមានកលល្បិចទុកជាមុនដោយបុគ្គលស្រិល វណ្ណា នេះ មិនដឹងខ្លួន  ហេតុនោះ ការណ៍នេះទើបក្លាយជារឿងល្បីល្បាញ ទាំងបុគ្គលស្រិល វណ្ណាជាអ្នកបួសទៀត រឹតតែក្លាយជាគោលដៃនៃការវាយប្រហារ ប៉ុន្តែការវាយប្រហារបុគ្គលដែលប្រព្រឹត្តខុសខាងមេថុនធម្មនោះមិនគួរធ្ងន់ធ្ងរជាងទោសឧក្រិដ្ឋសម្លាប់មនុស្ស ឬ ទោសឧក្រិដ្ឋដទៃទៀតនោះទេ គួរវាយប្រហារដើម្បីស្វែងរកចំណេះដឹងផ្នែកធម៌វិន័យខ្លះក៏ជាការប្រសើរ ។

លោក ហ៊ុន កុសល បានចេញអត្ថបទដាស់តឿនស្មារតីមួយដែលគួរអានដោយយកចិត្តទុកដាក់ ដូចខាងក្រោម

គ្រប់គ្នាអាចរិះគន់ទង្វើអាក្រក់បាន ប៉ុន្តែកុំរិះគន់បែបអត្តឃាត។
________________________

ពូជសាសន៍ខ្មែរ បានជ្រាប់ច្បាស់ថា ព្រះពុទ្ធសាសនា និងសាសនាព្រាហ្ម ជាដៃគូយ៉ាងសំខាន់ក្នុងការកសាងជាតិខ្មែរ នេះជាប្រវត្តិសាស្រ្តដែលគ្មានពួកទមិឡណាអាចលុបបំបាត់បាន។ ពួកខ្មែរខ្មែរក្រហម ប៉ុល ពត ធ្លាប់បានព្យាយាមបំបាត់វប្បធម៌វត្តអារាម និងព្រះពុទ្ធសាសនាចោលដែរ ប៉ុន្តែពួកខ្មែរក្រហម ប៉ុល ពត ត្រូវវិនាសអន្តរធានស្ទើរតែគ្មានដីកប់ខ្មោច។ យើងគ្រប់គ្នាដឹងច្បាស់ហើយថា ប៉ុល ពល ធ្លាប់ជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, បើនិយាយពីអំណាច ប៉ុល ពល ធ្លាប់កាន់កាប់ជីវិតពូជសាសន៍ខ្មែរ, ដីធ្លី, ព្រៃឈើ និងធនធាននានា ទាំងមូលនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែក្រោយ ប៉ុល ពត ស្លាប់ បែរជារកដីទំហំអាចកប់រាងកាយ និងឈើធ្វើជាមឈូស និងកំណាត់គល់ឈើបូជាសពខ្លួនឯងគ្មាន ជំនួសដោយយកកង់ឡាន និងក្តាកំណិតកំណាត់សម្រាប់បូជាទៅវិញ។

វត្តអារាមខ្មែរ គឺជាឃ្លាំងការពារវប្បធម៌ជាតិ និងជាកន្លែងផ្តល់ឱកាសឱ្យកុលបុត្រខ្មែរ ជាច្រើនសម្រាប់កសាងជីវិត រហូតកលបុត្រទាំងនោះ ខ្លះបានក្លាយជាមេធាវី, ខ្លះបានក្លាយជាអ្នកតាក់តែងច្បាប់សម្រាប់​ប្រទេសជាតិ, ខ្លះបានក្លាយអ្នកធុរកិច្ច, ខ្លះបានក្លាយជាបញ្ញវន្តជាន់ខ្ពស់សម្រាប់ប្រទេសជាតិ, ខ្លះបានក្លាយជានាយករដ្ឋមន្រ្តី, ខ្លះបានក្លាយជាអ្នកនយោបាយ, ខ្លះក្លាយជាគ្រូបង្រៀន, ខ្លះក៏នៅបួសជា​ព្រះសង្ឃសម្រាប់​គ្រប់គ្រង មើលថែព្រះពុទ្ធសាសនា និងវត្តអារាមបន្ត, ខ្លះបានក្លាយជាមេគ្រូសារ ជាឳពុក ម្តាយដ៏ល្អរបស់សង្គមជាតិ។

មិនតែប៉ុណ្ណោះទីអារាម ក៏ជាកន្លែងទទួលស្វាគមន៍នូវរបស់មិនមែនមង្គលជាច្រើន, កូនប្រុសល្អៗមិនដែលឱ្យមកបួសទេ យកតែកូនប្រុសអប់រំមិនបាន, ធ្លាប់ជាជនល្មើសច្បាប់ជាតិ, ធ្លាប់ជាអ្នកបង្ករឿង​នៅក្នុងសង្គម, បើនិយាយពីផ្ទះវិញ លុះត្រាតែផ្ទះនោះខ្មោចនៅ, បើសត្វវិញ លុះត្រាតែសត្វនោះ ជាសត្វចង្រៃ យល់ថាអាចនាំយកនូវអព្វមង្គលទើប ទើបយកមកផ្ញើនៅវត្ត ឬឱ្យបួសជាព្រះសង្ឃនៅវត្តអារាម តាមរយៈរឿងរាវនេះ យើងពិចារណាទៅ តើយើងប្រាថ្នាចង់បានល្អគ្រប់រឿងយ៉ាងម៉េច ពីព្រះពុទ្ធសាសនា និងវត្តអារាម ? ប៉ុន្តែបេះដូងដ៏ធំទូលាយរបស់វត្តអារាម មិនដែលពោលពាក្យថា ហត់នឿយ, មិនដែល​ពោលពាក្យថា ស្អប់ខ្ពើមរអើមចំពោះជោគវាសនានានារបស់មនុស្សឡើយ។ ព្រះពុទ្ធសាសនា និងអារាមរបស់ជាតិខ្មែរ តែងញញឹមទទួលយកដោយសេចក្តីសោមនស្សចំពោះរឿងអាក្រក់ និងល្អទាំងអស់​របស់ជាតិយើង។

ឆ្លៀតនៅក្នុងឱកាសនេះ ខ្ញុំសូមចូលរួមបង្ហាញការយល់ឃើញរបស់ខ្ញុំ ពាក់ព័ន្ធនឹងរឿង ចៅអធិការវត្តភ្នំបាក់លើ ស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឈ្មោះ ស្រិល វណ្ណា បានបែកធ្លាយវីដេអូជាមួយនារីម្នាក់ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨។ ប៉ុន្តែមុននឹងឈានដល់ការយល់ឃើញ ខ្ញុំបាទ សូមសំដែងការសោកស្តាយ និងសូមចូលរួមបង្ហាញការខូចចិត្ត​ចំពោះពុទ្ធសាសនិកជនខ្មែរ ទាំងក្នុង និងក្រៅប្រទេសចំពោះអធិករនេះ, ចំពោះអធិករនេះពិតជាធ្វើឱ្យប៉ះពាលដល់តម្លៃព្រះសង្ឃខ្មែរ និងព្រះពុទ្ធសាសនាយ៉ាងខ្លាំងក្លា។ ខ្ញុំពិចារណាដល់រឿងហេតុនេះ ទាំងស្រិល វណ្ណា និងភាគីខាងនារី សុទ្ធតែទទួលរងនូវការឈឺចាប់។ បើស្មារតីទន់ប្រាកដជា ជាអាចធ្វើរឿងផ្តេសផ្តាស។

វាជារឿងធម្មតាទៅហើយ ដង្កូវ ឬមេរោគនៅក្នុងរាងកាយ បើយើងត្រូវការវះកាត់ប្រាកដជាយយើងនឹងបាត់បង់សាច់ និងឈឺចាប់ខ្លះមិនខានឡើយ។ ខ្ញុំតែងគាំទ្រ និងលើកទឹកចិត្តចំពោះមតិយោបល់ និងការរិះគន់នានាគ្រប់អំពើទុច្ចរិតដែលកើតឡើងនៅសង្គមជាតិរបស់យើង ប៉ុន្តែរឿងសំខាន់មួយដែលយើងគិត និងពិចារណាឱ្យបានល្អិតល្អន់នោះគឺ “ភាពជាមនុស្ស”

ចំពោះសត្វមនុស្សតាំងពីខ្ញុំបានចូលរៀនសកលវិទ្យាល័យ រហូតខ្ញុំឈប់រៀននៅសកលវិទ្យាល័យ។ ក្រៅពីរៀននៅក្នុងសាលា ខ្ញុំបានអាន និងស្រាវជ្រាវសិក្សាទ្រឹស្តីកំពូលអ្នកប្រាជ្ញនានាជាច្រើនរូប ជាពិសេសសិក្សាប្រវត្តិអរិយជ និងទស្សនវិទូល្បីៗ នៅក្នុងពិភពលោក ខ្ញុំមិនទាន់ឃើញបុគ្គលទាំងនោះបង្រៀនមនុស្ស និងជម្រុញឱ្យមនុស្ស សម្លាប់មនុស្សដូចគ្នា, មិនទាន់ឃើញកំពូលមនុស្សទាំងនោះ ត្រូវតែចង់អាឃាត-ព្យាបាទគ្នា, ស្អប់ខ្ពើមគ្នា, រើសអើងគ្នា ឬជំរុញឱ្យមនុស្សបិទផ្លូវទាល់ច្រកចំពោះមនុស្សដូចគ្នាទេ, លោកគ្រាន់តែបង្រៀនមនុស្សឱ្យយល់ពីការពិតចំពោះមនុស្សដូចគ្នា។

ចំពោះការពិសោធន៍របស់ខ្ញុំផ្ទាល់ ជាង៣៦ឆ្នាំ នៃអាយុរបស់ខ្ញុំ, ខ្ញុំមិនទាន់ដែលជួបប្រទះមនុស្សមិនធ្លាប់មានកំហុស, ខ្ញុំមិនធ្លាប់ជួបប្រទះមនុស្សមានទង្វើល្អបរិសុទ្ធដូចជាផ្កាក្រពុំ, ខ្ញុំធ្លាប់ជួបតែមនុស្សដែលប្រព្រឹត្តខុស ហើយកែកំហុសរាប់មិនអស់ រួមទាំងទាំងខ្លួនខ្ញុំផ្ទាល់ក៏ជាមនុស្សប្រព្រឹត្តកំហុសដូចគ្នា។ ខ្ញុំយល់ថា យើងជាមនុស្សមាន ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត បានន័យថា មានរាងកាយជាមនុស្សដូចគ្នា មិនគួរមើលរំលងចិត្ត លោភៈ ទោសៈ មោហៈ ឬចិត្តដែលអាស្រ័យនឹងលោកធម៌ លាភ, យស, សរសើរ, សុខ ទេ ។

យើងយកពេលវេលាជាច្រើនគិតពិចារណាចំពោះទង្វើអាក្រក់របស់អ្នកដទៃ ប៉ុន្តែបើយើងបែងចែកពេលវេលាទាំងនោះ មកពិចារណាពីខ្លួនយើងខ្លះ ខ្ញុំជឿថា សេចក្តីសង្វេគ និងការតក់ស្លុតប្រាកដជាកើតឡើងចំពោះខ្លួនយើង។ សេចក្តីសន្តោស និងមេត្តាចិត្តប្រាកដជាផុសឡើង កណ្តាលដួងចិត្តរបស់យើងគ្រប់គ្នា។

នៅក្នុងគម្ពីបីកដព្រះពុទ្ធសាសនា, ឱវាទរបស់សាសនាគ្រីស្ត និងសាសនាឥស្លាម សុទ្ធមានការលើកឡើង និងបកស្រាយពន្យល់ពាក់ព័ន្ធនឹងកំហុសដ៏ធំៗមនុស្សជាតិ នៅក្នុងបុរាណកាល ជាឃាតករខ្លះ, មានពួកចោរលួច ចោរប្លន់ ចោរឆបោកខ្លះ, មានអ្នកប្រព្រឹទ្ធសាហាយផិតក្បត់ខ្លះ, មានបរិយាយពីអ្នកប្រព្រឹទ្ធអំពើថោកទាបបាបកម្មនានាក្នុងសម័យបុរាណខ្លះ, មានការបកស្រាយពីភាពសាហាវឃោឃៅ ព្រៃផ្សៃ របស់មនុស្សមុនសម័យវប្បធម៌មនុស្សកើតកើតឡើងខ្លះ, នៅក្នុងន័យនេះ ខ្ញុំចង់ជម្រាបជូនថា ការប្រព្រឹត្តមនុស្សជាតិកាលពីសម័យបុរាណ និងបច្ចុប្បន្នគឺដូចគ្នា បើមិនដូចហេតុអ្វីបានជាឱវាទរបស់​អ្នកត្រាស់ដឹង និងកំពូលអ្នកប្រាជ្ញកាលពីរាប់ពាន់ឆ្នាំទាំងនោះ នៅតែត្រឹមត្រូវរហូតដល់បច្ចុប្បន្ន?។ យើងជាមនុស្ស យើងគ្មានជម្រើណាមួយដែលល្អប្រសើរជាងយល់ពីមនុស្សដូចគ្នាទេ ប៉ុន្តែបើយើងជ្រើសយក​វប្បធម៌របស់តិរិឆ្ឆាន ក៏ជាជម្រើសរបស់យើងដែរ ព្រោះក្នុងគម្ពីសាសនា និងតម្រារបស់កំពូលអ្នកប្រាជ្ញទាំងអស់ គ្មានឡើយការបង្ខិតបង្ខំមនុស្សធ្វើតាមការទូន្នានរបស់លោក មានតែទុកច្រកឱ្យយើង​គ្រប់គ្នា​ពិចារណា សម្រេចយកប៉ុណ្ណោះ។

ជាជំនឿរបស់ខ្ញុំចំពោះមនុស្សជាតិ មនុស្សមិនអាចឈរ និងលើកតម្កើងវប្បធម៌ព្រៃផ្សៃរបស់តិរឆ្ឆានទេ ព្រោះមនុស្សជាតិតែស្រឡាញ់សេចក្តីល្អ រស់ក្នុងសេចក្តីថ្លៃថ្នូរពេញលេញជាមនុស្ស។ ជាចិត្តសាស្រ្តការប្រឹងប្រែងរបស់មនុស្សបច្ចុប្បន្ន គឺដើម្បីសេចក្តីថ្លៃថ្នូរ គ្រាន់តែការប្រឹងប្រឺងទាំងនោះខុសវិធី ទើបបណ្តាលឱ្យការប្រឹងប្រែងទាំងនោះ ត្រឡប់ទៅជាធ្វើឱ្យមនុស្សដូចគ្នាឈឺចាប់ទៅវិញ។ ចំពោះចំណុចនេះ ខ្ញុំគ្មានអ្វីបកស្រាយច្រើនទេ ប៉ុន្តែចាំឱវាទរបស់ព្រះពុទ្ធថា “គ្មានអ្វីបង្កភាពមហន្តរាយ ស្មើនឹងភាពល្ងង់ខ្លៅទេ” សុភាសិតអាមេរិកមួយថា “ភាពល្ងង់ខ្លៅមានច្រើនយ៉ាង ប៉ុន្តែសុទ្ធបង្កការវិនាសទាំងអស់”។

តាំងពីខ្មែរប្រទេសមានប្រវត្តិសាស្រ្តមក និយាយពីអរិយធម៌ និងទ្រឹស្តីល្អៗរបស់មនុស្សជាតិ លើផែនដីនេះ ខ្ញុំហ៊ានបានវាយតម្លៃថា ក្រឹត្យក្រមរបស់មនុស្សប្រតិបត្តិកន្លងមក គ្មានក្រឹត្យក្រមជាតិសាសន៍ណា មានភាពល្អប្រសើរ និងខ្ពង់ខ្ពស់ជាងក្រឹត្យក្រមរបស់ពូជសាសន៍ខ្មែរទេ។

សរុបសេចក្តីៈ ក្នុងនាមជាកូនចៅខ្មែរម្នាក់ ខ្ញុំសូមលើកទឹកចិត្តឱ្យប្រជាជនខ្មែរ គួរបណ្តុះចិត្តផ្តល់ឱកាសមនុស្សឱ្យបានច្រើន ជាជាងរុញស្ថានភាពអាក្រក់របស់មនុស្សទៅរកសេចក្តីស្លាប់។ ការឈឺចាប់របស់នរណាម្នាក់ យើងគួរយកមកពិចារណា នៅក្នុងចេតនាប្រកបដោយសុភវិនិច្ឆ័យ។ យើងគេ សុទ្ធតែមានការឈឺចាប់ និងមានខុស មានត្រូវដូចគ្នា។ ជនស៊ីវិលប្រព្រឹត្តល្មើស មានច្បាប់អាជ្ញា ជាទីសំអាងក្នុងការកាត់សេចក្តី។ អ្នកបួសប្រព្រឹត្តធម៌វិន័យ មានវិន័យធរ និងស្ថាប័នសាសនាជាអ្នកវិនិច្ឆ័យទោស៕

ដោយៈ ហ៊ុន កុសល ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨

Leave a comment