ពត៌មានក្លែងក្លាយដែលឈានដល់ការរំលាយគណបក្សសង្រ្គោះជាតិចេញពីមាត់ហ៊ុន សែន និង Fresh News

អ្នក​ជំនាញ​ផ្នែក​បណ្ដាញ​សង្គម​ លើកឡើង​ថា​ ​ព័ត៌មាន​ក្លែងក្លាយ ​ឬ​ Fake news ​នៅតែ​ជា​បញ្ហា​ដែល​គួរ​អោយ​ព្រួយបារម្ភ​ ស្រប​ពេល​ដែល​ព័ត៌មាន​ក្លែងក្លាយ ​ត្រូវ​បាន​គេ​បង្កើត​ឡើង​ និង​បន្ត​ចែកចាយ​នៅ​លើ​អ៊ីនធឺណិត​។ ​ពួកគេ​ចង់​ឲ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ស្វែងយល់​ឱ្យ​ ​ច្បាស់​ពី​របៀប​ផ្ទៀងផ្ទាត់​ព័ត៌មាន​ ​មុននឹង​ធ្វើ​ការ​ចែក​រំលែក​ព័ត៌មាន​ទាំងនោះ​ ​ទៅកាន់​អ្នកដទៃ​។​

loading...

ថ្វី​បើ​បណ្ដាញ​សង្គម​ដូចជា​ Facebook ,​ Youtube ​ឬ​ប្លុក ​( Blog )​ ​សុទ្ធតែ​បាន​​ផ្ត​ល់​​សារប្រយោជន៍​ជាច្រើន​ដល់​មនុស្ស​អាច​ទាក់ទង​ ​កម្សាន្ត​ ​ធ្វើ​អាជីវកម្ម​ ​ចែកចាយ​ ​និង​ទទួល​ព័ត៌មាន​ក៏​ដោយ​ ​ក៏ប៉ុន្តែ​បណ្ដាញ​សង្គម​ទាំង​នេះ​ ​ក៏​បាន​បើក​ឱកាស​ ​ឱ្យ​ជន​មួយ​ចំនួន​ប្រើប្រាស់​មុខងារ​របស់​បណ្ដាញ​សង្គម​ដែល​មាន​ ​ដើម្បី​បង្ក​អោយ​អ្នកប្រើប្រាស់​ផ្សេងទៀត​ទទួល​រងគ្រោះថ្នាក់​ផង​ដែរ​។

​ក្នុង​ចំណោម​បញ្ហា​ទាំងអស់​ក្នុង​នោះ​ ព័ត៌មាន​ក្លែងក្លាយ​គឺ​ជា​បញ្ហា​ចម្បង​ ​ដែល​ទាមទារ​ឱ្យ​មាន​ការទប់ស្កាត់​ ​និង​លុបបំបាត់​ចោល​។

loading...

​ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អង្គការ​សង់ត្រាល់​ ​( Central ) ​លោក​ ង៉ែត ​ម៉ូសេ ​សង្កេតឃើញ​ថា​ ​ព័ត៌មាន​ក្លែងក្លាយ​កំពុង​រីករាល​ដាល​ច្រើន​នៅ​លើ​អ៊ីនធឺណិត​ ​ជាពិសេស​បណ្ដាញ​សង្គម​ដូចជា​ Facebook ​និង​យូធូប ​និង​គេហទំព័រ​ ដែល​កើត​ចេញ​ពី​អ្នកកាសែត​ខ្វះ​វិជ្ជាជីវៈ​ ​អ្នក​រកស៊ី​តាម​អ៊ីនធឺណិត​ ​ឬ​សកម្មជន​នយោបាយ​។​

លោក​ថា​គោលបំណង​នៃ​អ្នក​ដែល​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ​ ​អាច​ដើម្បី​រក​ការចាប់អារម្មណ៍​ ​ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​បន្ថែម​ តាមរយៈ​ការ​អូស​ទាញ​មនុស្ស​ឱ្យ​ចូល​មើល​គេហទំព័រ​របស់​ខ្លួន​ ​ឬ​ជា​ក្រុម​គាំទ្រ​នយោបាយ​ ​ដែល​ប្រើប្រាស់​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​វាយប្រហារ ​អង្គភាព​ ​បុគ្គល ​ឬ​ដើម្បី​អូសទាញ​ការ​គាំទ្រ​ផ្នែក​នយោបាយ​ ​ឬ​ហិរញ្ញវត្ថុ​ជាដើម​។

​ទម្រង់​នៃ​ព័ត៌មាន​ក្លែងក្លាយ ​អាច​ជា​ព័ត៌មាន​ដែល​បង្កើត​ឡើង​ ​ដោយ​ព័ត៌មាន​ខុស​ទាំងស្រុង​ ​ឬ​ជា​ការប្រើប្រាស់​បរិបទ ​ឬ​ខ្លឹមសារ​ខុស​ ​បង្កើត​ជា​ព័ត៌មាន​ដើម្បី​គោលបំណង​វាយប្រហារ​បុគ្គល ​ឬ​ស្ថាប័ន​ណាមួយ​ ​ឬ​ជា​ទម្រង់​នៃ​ព័ត៌មាន​ ​ដែល​ប្រើប្រាស់​ រូបភាព​ ​ឬ​វីដេអូ ​ផ្ទុយ​នឹង​ខ្លឹមសារ​នៃ​ព័ត៌មាន​។

​កាលពី​ឆ្នាំ​ ២០១៧ ​អ្នកលេង​បណ្ដាញ​សង្គម​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​អប់រំ ​បន្ទាប់ពី​ពួកគេ​បាន​យក​រូបភាព​នៃ​ការ​ធ្លាក់​យន្តហោះ​ ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ​ទៅ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ Facebook ​ដោយ​អត្ថាធិប្បាយ​ថា​បាន​កើតឡើង​ ​នៅ​ខេត្ត​សៀមរាប​។ ​ព័ត៌មាន​ក្លែងក្លាយ​នោះ​ ត្រូវ​បាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ Facebook ​ជាច្រើន​ ​បាន​ចែករំលែក​ត​ៗ​គ្នា​ទៅលើ​គណនេយ្យ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ ​ដែល​ធ្វើ​អោយ​អ្នកប្រើប្រាស់​ខ្លះ​ជឿ​ថា​ហេតុការណ៍​គឺជា​ការពិត​។

​ក្រៅពី​នេះ​ ​គេ​ក៏​សង្កេតឃើញ​មាន​ការ​បំភ័ន្ត​ព័ត៌មាន​មួយ​ចំនួន​ផ្សេងទៀត​ តាមរយៈ​ ការប្រើប្រាស់​ ​ឈ្មោះ​ ឡូហ្គោ ​របស់​ស្ថាប័ន​ព័ត៌មាន​ណា​មួយ​ ​ឬ​ការ​បង្កើត​អាសយដ្ឋាន​គេហទំព័រ​ដែល​ស្រដៀង​ទៅ​នឹង​អាសយដ្ឋាន​វែបសាយ​របស់​ស្ថាប័ន​ព័ត៌មាន​ណា​មួយ​ជាដើម​។

​ទោះបីជា​យ៉ាងណា​ ​លោក​ ង៉ែត ​ម៉ូសេ ​មានប្រសាសន៍​ថា​ទម្រង់​ព័ត៌មាន​បែបនេះ​ ងាយស្រួល​នៅ​ក្នុង​ការ​ផ្ទៀងផ្ទាត់​ថា​ ​ពិត ​ឬ​ក៏​មិន​ពិត​។ ​តែ​លោក​មាន​ការ​បារម្ភ​ចំពោះ​ទម្រង់​ព័ត៌មាន​ក្លែងក្លាយ​មួយ​ប្រភេទ​ទៀត​ ​គឺ​ការប្រើប្រាស់​បច្ចេកវិទ្យា​ AI artificial intelligence ​ដើម្បី​ផលិត​ជា​វីដេអូ​មនុស្ស​កំពុង​ធ្វើ​អត្ថាធិប្បាយ​។

​កាលពី​ពេល​ថ្មី​នេះ​ ​មាន​ការ​ភ្ញាក់ផ្អើល​មួយ​ ​នៅ​លើ​បណ្ដាញ​សង្គម​យូធូប ​ទាក់ទង​នឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​ AI ​ផលិត​ជា​វីដេអូ​នៃ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ ​បារ៉ាក់ ​អូបាម៉ា ​និយាយ​អំពី​ព័ត៌មាន​ក្លែងក្លាយ​។ ​នៅ​ក្នុង​វីដេអូ​នេះ​ លោក​ Jordan Peele ​ដែល​មាន​សំឡេង​ដូច​ទៅ​នឹង​សំឡេង​ ​អតីត​ប្រធានាធិបតី​អាមេរិក​ លោក​បារ៉ាក់ ​អូបាម៉ា ​បាន​ប្រើ​ AI ​នេះ​ដើម្បី​បង្កើត​ចលនា​មាត់​របស់​លោក​ ​អូប៉ា​ម៉ា ​ឱ្យ​និយាយ​ទៅ​តាម​អ្វី​ដែល​លោក​កំពុង​និយាយ​។

​ទាំងនេះ​ជា​ទម្រង់​ផ្សេង​ៗ​គ្នា​នៃ​ ការផលិត​ព័ត៌មាន​ក្លែងក្លាយ​នា​ពេល​បច្ចុប្បន្ន​នេះ​។​

ភាព​សំបូរ​បែប​នៃ​ព័ត៌មាន​ក្លែងក្លាយ ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​លើ​អ៊ីនធឺណិត​ទាំងនេះ​ ធ្វើ​អោយ​លោក​ង៉ែត ​ម៉ូសេ ​បារម្ភ​ថា​នឹង​ជះឥទ្ធិពល​អាក្រក់​ ​ដល់​ពលរដ្ឋ​កម្ពុជា​នៅ​ក្នុង​ការសម្រេចចិត្ត​ ​ដោយសារតែ​ការសម្រេចចិត្ត​ទាំងនោះ​គឺ​ផ្អែក​ទៅលើ​ព័ត៌មាន​ក្លែងក្លាយ​ដែល​ពួកគេ​ទទួល​បាន​ជា​រៀងរាល់​ថ្ងៃ​។

​“​ព័ត៌មាន​មិន​ពិត​អត់​ចំណេញ​អ្វី​ទាំងអស់​ដល់​សង្គម​ ​ជាពិសេស​អ្នកអាន​តែម្តង​។ ​ប្រសិនបើ​នៅតែ​មាន​ព័ត៌មាន​មិន​ពិត ​ជាពិសេស​នៅលើ Facebook ​ដែល​ជា​កន្លែង​ពលរដ្ឋ​ខ្មែរ​ចូល​មើល​ច្រើន​ជាង​គេ​នោះ​ ​វា​នឹង​ផ្តល់​ភាព​អវិជ្ជមាន​ច្រើន​ដល់​ការគិត​របស់​មនុស្ស​។ ​អញ្ចឹង​ព័ត៌មាន​មិន​ពិត​កាន់តែ​ច្រើន​ ​អ្នកអាន​កាន់តែ​ច្រើន​ ​អញ្ចឹង​ការគិត​របស់​គាត់​អាច​ខុស ​ដោយសារ​គាត់​ទទួល​បាន​ព័ត៌មាន​ខុស​។ ​អញ្ចឹង​ទាមទារ​អោយ​អ្នកអាន​ត្រូវ​យកចិត្តទុកដាក់​ឱ្យ​មែនទែន​ ​មុននឹង​ជឿជាក់​លើ​ព័ត៌មាន​ណា​មួយ​ ​ដែល​ចេញពី​ស្ថាប័ន​ ​ឬ​ប្រភព​ដែល​គាត់​កំពុងតែ​អាន ​និង​មើល​ហ្នឹង​ឯង​”

​ក្រុមហ៊ុន​ Facebook ​ដែល​ជា​បណ្ដាញ​សង្គម​ដ៏​ល្បី​ ​និង​មាន​អ្នកប្រើប្រាស់​ជាង​ ១ ពាន់​លាន​នាក់​ជា​រៀងរាល់​ថ្ងៃ​ ​បាន​ព្យាយាម​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ ​ដែល​បាន​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ បន្ទាប់ពី​ក្រុមហ៊ុន​បណ្តាញ​សង្គម​មួយ​នេះ​រង​ការចោទប្រកាន់​ថា​ ​ជា​ដើម​ហេតុ​ដែល​ធ្វើ​ឱ្យ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​មាន​ការ​លម្អៀង​។

​កាលពី​ថ្ងៃ​ទី​ ២៣ ​ខែឧសភា​ ​ក្រុមហ៊ុន​ Facebook ​បាន​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ចំនួន​ ៣ ក្នុង​ការ​បញ្ចប់​ព័ត៌មាន​ក្លែងក្លាយ​ ​ក្នុង​នោះ​រួមមាន​ការលុបចោល​នូវ​ខ្លឹមសារ ​និង​គណនេយ្យ​ Facebook ​ដែល​បាន​ធ្វើ​ផ្ទុយ​នឹង​គោល​ការណ៍​ប្រើប្រាស់​ ការកាត់បន្ថយ​ការ​រីក​រាលដាល​នៃ​ព័ត៌មាន​មិន​ត្រឹមត្រូវ​ និង​ខ្លឹមសារ​ខុស ​និង​ការ​រំឭក​អ្នកប្រើប្រាស់​តាមរយៈ​ការផ្តល់​ព័ត៌មាន​ បន្ថែម​ជុំវិញ​ព័ត៌មាន​ដែល​បាន​ឃើញ​ ​ដើម្បី​ផ្ដល់​ជា​តម្រុយ​សម្រាប់​អ្នកប្រើប្រាស់​មុន​ពេល​ចុច​អាន ​ទុកចិត្ត​ ​និង​ចែកចាយ​បន្ត​។​

ស្រដៀង​គ្នា​នេះ​លោក​ ង៉ែត ​ម៉ូសេ ​ក៏​បាន​លើកឡើង​នូវ​វិធីសាស្ត្រ​មួយ​ចំនួន​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ ក្នុង​ការកំណត់​នូវ​ព័ត៌មាន​ក្លែងក្លាយ​ផង​ដែរ​។

“​ដើម្បី​សង្កេតឃើញ​ថា​ព័ត៌មាន​ហ្នឹង​គឺ​ជា​ព័ត៌មាន​មិន​ពិត ​អ្នកអាន​អ្នកមើល ​គួរតែ​មើល​ ​ខ្ញុំ​និយាយ​ចំពោះ​បណ្ដាញ​សង្គម​ Facebook ​សិន ​អ្នកអាន​អ្នកមើល​គួរតែ​មើល​សិន​ថា​តើ​ ​ទំព័រ ​ឬ​គណនី ​ដែល​ចែកចាយ​ព័ត៌មាន​នោះ​គឺជា​អ្នកណា ​ជា​មនុស្ស​ពិត​ទេ ​ឬ​ជា​ឈ្មោះ​ក្លែងក្លាយ​? ​តើ​ការផ្សាយ​គាត់​កន្លង​មក​យ៉ាងម៉េច​ដែរ​? ​តើ​មាន​មិត្តភ័ក្ដិ​យើង​ចុច​ Likes ​ច្រើន​ទេ​?​ ​តើ​ផេក​ហ្នឹង​គាត់​ផុស​រឿង​អ្វី​ខ្លះ​?​ ​ទី​ពីរ​ទី​បី​ទៀត​ ​គឺ​យើង​ចូល​មើល​លើ​វែបសាយ​នៅ​ខាងក្រោម​អត្ថបទ​ហ្នឹង​ ​មើល​ថា​តើ​វែបសាយ​ហ្នឹង​គួរ​ទុកចិត្ត​បាន​ឬ​អត់​ ព្រោះ​មាន​វែបសាយ​ច្រើន​ណាស់​ ​អ្នកអាន ​អ្នក​ស្តាប់​គួរ​មាន​ប្រភព​ព័ត៌មាន​គួរ​ទុកចិត្ត​សិន ​ប្រសិនបើ​ប្រភព​ព័ត៌មាន​ទាំងអស់​នោះ​មិន​បាន​ផ្សាយ​ព័ត៌មាន​ដែល​យើង​គួរ​ទុកចិត្ត​ទេ ​មិន​គួរ​ទុកចិត្ត​ ​និង​ចែកចាយ​ព័ត៌មាន​ទាំងអស់​នោះ​ទេ​។ ​”

​ក្រៅពី​នេះ​លោក​ ង៉ែត ​ម៉ូសេ ​ក៏​បាន​ស្នើ​ដល់​ក្រសួង​អប់រំ ​និង​ស្ថាប័ន​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​ព័ត៌មាន​ ​ឬ​បច្ចេកវិទ្យា​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ ​ទៅ​ដល់​ពលរដ្ឋ​កម្ពុជា​ ​ជាពិសេស​យុវជន​ឱ្យ​បាន​ស្វែងយល់​ពី​ការវិភាគ​ព័ត៌មាន​ ​ដើម្បី​ចៀសវាង​ការ​ចែកចាយ​ ​និង​ជឿ​ទុកចិត្ត​លើ​ព័ត៌មាន​មិន​ពិត​តទៅ​ទៀត​។

​ទាក់ទង​នឹង​ការទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​នេះ​ ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ ​លោក​ ហ៊ុន ​សែន ​កាលពី​ដើម​ខែ​មេសា ​កន្លងទៅ​បាន​ព្រមព្រៀង​ជាមួយ​មេដឹកនាំ​វៀតណាម​ក្នុង​ការ​បង្កើត​ច្បាប់​ស្ដីពី​ព័ត៌មាន​ក្លែងក្លាយ​មួយ​ឡើង​ ក្នុង​បំណង​សំដៅ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ទាំង​ឡាយ​ណា ​ដែល​របប​ក្រុង​ភ្នំពេញ​យល់​ថា​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ខុស ​និង​ព័ត៌មាន​មិន​ពិត​។

នាយក​ប្រតិបត្តិ ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​ ​និង​យុត្តិធម៌​នៅ​កម្ពុជា​ ​( COMFREL ) ​លោក​ ​គល់​ ​បញ្ញា​យល់ឃើញ​ថា​ ​ច្បាប់​បង្ក្រាប​ព័ត៌មាន​ក្លែងក្លាយ ​គួរ​អនុវត្ត​លើ​ប្រព័ន្ធ​ព័ត៌មាន​របស់​របប​លោក​ ហ៊ុន ​សែន ​មុន​គេ ​ដោយ​លោក​យល់​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​របប​ក្រុង​ភ្នំពេញ​ ​តែងតែ​ផ្ដល់​ព័ត៌មាន​ក្លែងក្លាយ​ ​និង​បំភ្លៃ​ ​ច្រើន​ជាង​បណ្ដាញ​ព័ត៌មាន​ដទៃ​ទៀត​ ​ដើម្បី​ឃោសនា ​លើក​តម្កើង​របប ​និង​មេដឹកនាំ​របស់​ខ្លួន​ ​ហើយ​វាយប្រហារ​ចំពោះ​ក្រុម​ប្រឆាំង​៕ អាស៊ីសេរី

loading...

Leave a comment