លោក ហ៊ុន សែន លេងល្បែងថ្មី រុញមេទ័ពគ្រាក់ ៗ ឈរឈ្មោះជាតំណាងរាស្រ្ត រុញកូនចៅខ្លួនឯងឡើងជាមេទ័ពជំនួស

មន្ត្រី​កំពូល​ក្នុង​ជួរ​កងទ័ពមួយចំនួន​នឹង​ត្រូវ​ព្យួរ​មុខដំណែង ចាប់ពី​ដើមខែ កក្កដា ខាងមុខ​នេះ ដើម្បីចូលរួមឈរឈ្មោះបោះឆ្នោតជាតំណាងរាស្រ្តមន្រ្តីបក្សកាន់អំណាច ស្រប​ពេល​ដែល​កូនៗ​របស់​ថ្នាក់ដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា ជា​ពិសេស​កូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្ដើម​ឡើង​ដំណែង​ជាមន្រ្តីយោធាយ៉ាង​រហ័ស។ អ្នកវិភាគនយោបាយយល់ថា ការដែលគណបក្សកាន់​អំណាច​ សម្រេចដាក់​មេទ័ពជាន់ខ្ពស់ ច្រើន​រូប​ជាបេក្ខភាព​តំណាង​រាស្រ្ត​អាណត្តិ ទី០៦នេះ អាចជាតម្រុយថ្មីមួយ បញ្ជាក់ថា គណបក្សកាន់អំណាច កំពុងមានបញ្ហា​ផ្ទៃ​ក្នុង​បក្ស។

loading...

អ្នកវិភាគយល់ថា ការដាក់បេក្ខភាពជាមន្ត្រីយោធាជាន់ខ្ពស់់ពីក្រសួងការពារជាតិនេះ គឺស្មើនឹងការផ្លាស់​ប្តូរមុខតំណែងក្រុមមេទ័ព​ទាំង​បី​រូបនោះ​ ដែល​មកឈរឈ្មោះតំណាងរាស្រ្តនៅពេលនេះ។ អ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ និយាយ​ថា ករណីនេះគឺជាតម្រុយមួយបង្ហាញថា លោក ហ៊ុន សែន អាចមិនទុកចិត្ត​មេទ័​ពទាំងបីរូប។ លោកបន្តថា កន្លងមកលោក ហ៊ុន​ សែន ក៏ធ្លាប់ដកតួនាទីលោក កែ កឹមយ៉ាន ចេញពីអគ្គមេបញ្ជាការ​កងយោធពលខេមរភូមិន្ទ និងមេទ័ពពាក់ផ្កាយ​ពេញ​លើស្មានមួយចំនួនចេញពីតួនាទីដែរ <<ណាមួយ​យើង​ឃើញ​តម្រុយហ្នឹង វាអាច​ចូល​ក្នុង​លក្ខណៈមួយថា គាត់​អាច​មិន​ទុកចិត្ត​អ្នកទាំងបីហ្នឹង ឬយ៉ាង​ម៉េច ឬ ចង់​ដោះដូរ ឬ ដាក់​នរណាមួយផ្សេង>>។

loading...

យ៉ាងហោចណាស់ មន្ត្រី​កំពូល​ក្នុង​ជួរ​កង​យោធពល​ខេមរភូមិន្ទ​បី​រូប នឹង​ត្រូវ​ព្យួរ​មុខតំណែង ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ។ ក្នុង​នោះ​មាន​ទី​មួយ គឺ​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ ទីពីរ​គឺ លោក គន់ គីម អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​ផង និង ជា​នាយសេនាធិការ​ចម្រុះ នៃ​កង​យោធពល​ខេមរភូមិន្ទ​ផង ទីបី​គឺ​លោក មាស សុភា ជា​អគ្គមេបញ្ជាការរង​ដែរ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ផង។ ដោយឡែក​មន្ត្រី​ជាន់ខ្ពស់ នៃ​ក្រសួងការពារជាតិ ដែល​ជា​មន្ត្រី​ទីបួន ដែល​ត្រូវ​ព្យួរ​មុខតំណែង​ដែរ គឺ​លោក ទៀ បាញ់ ដែល​ជា​ឧបនាយករដ្ឋមន្ត្រី​ផង និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ។

ការ​ព្យួរ​មុខតំណែង​នេះ ត្រូវ​បាន​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក ឈុំ សុជាតិ អះអាង​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី២២ ខែ​ឧសភា ថា ដោយសារ​អ្នក​ទាំងនោះ ត្រូវ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តាម​មណ្ឌល​ផ្សេងៗ សម្រាប់​ការ​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជាតិ នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ។

លោក ឈុំ សុជាតិ មិន​បាន​បញ្ជាក់​ថា តើ​ការ​ព្យួរ​តួនាទី​អ្នក​ទាំងនេះ នឹង​ចាប់​ធ្វើ​នៅ​ពេល​ណា ឲ្យ​ជាក់លាក់​នៅឡើយ​ទេ។ ប៉ុន្តែ បើ​តាម​ច្បាប់បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ មន្ត្រី​កង​យោធពលខេមរភូមិន្ទ​ដូច​ពួកគាត់ ដែល​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​បែបនេះ ត្រូវ​ដាក់​ពាក្យសុំ​ច្បាប់​ឈប់​ពិសេស យ៉ាងតិច ៧​ថ្ងៃ មុនថ្ងៃ​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត។ បើ​តាម​ប្រតិទិន​របស់​គ.ជ.ប យុទ្ធនាការ​ឃោសនាបោះឆ្នោត នឹង​ចាប់ផ្ដើម​ធ្វើ​រយៈពេល ២១ ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី៧ ខែ​កក្កដា ដល់​ថ្ងៃទី២៧ ខែកក្កដា។

ការណ៍​ដែល​មន្ត្រី​ក្នុង​ជួរ​កងទ័ព ដែល​ជា​ស្ថាប័ន​អព្យាក្រឹត្យ មក​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា បែប​នេះ ធ្វើ​ឲ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំមើល​ការបោះឆ្នោត មាន​ការ​ភ្ញាក់ផ្អើល។ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​ខុមហ្រ្វែល (Comfrel) លោក កន សាវាង្ស អះអាង​ថា ការណ៍​ដែល​មន្ត្រី​គ្រាក់ៗ ក្នុង​ស្ថាប័ន​ជាតិ ដែល​កាន់​តំណែង​រាប់​ទសវត្សរ៍​ដែលគប្បីជា​មនុស្ស​ អព្យាក្រឹត្យ បែរជា​ងាក​មក​ប្រកាស​ប្រឡូក​ចូល​ក្នុង​ឆាក​នយោបាយ ដើម្បី​បម្រើ​ឲ្យ​ប្រយោជន៍​គណបក្ស​កាន់អំណាច​បែបនេះ គឺ​ចៀស​មិន​ផុត ពី​ទំនាស់​ផលប្រយោជន៍នោះទេ៖«ទោះបី​ចង់​មិន​ចង់ មាន​ន័យថា មាន​ការ​គិត​ពី​ប្រយោជន៍ នៃ​ការ​ចំណេញ​បក្ស​របស់​ខ្លួន នេះ​ជា​រឿង​ចៀស​មិន​ផុត​ទេ ដោយសារតែ​ពួកគាត់​ជា​មន្ត្រី​នយោបាយ​ផង ជា​មន្ត្រី​ស្ថាប័ន​ការពារ​ជាតិ​ផង ជា​មន្ត្រី​ប៉ូលិស​ទាហាន​ផង។ ប្រការ​នេះ ផ្តល់​នូវ​សិទ្ធិ​អំណាច អត់​ច្បាស់លាស់​រវាង​ស្ថាប័ន​ឯករាជ្យ និង​ស្ថាប័ន​នយោបាយ»។

ទោះជាយ៉ាងណាក៏ដោយចុះ យោងតាមរដ្ឋធម្មនុញ្ញកម្ពុជា មន្ត្រីសាធារណៈ ដូចជាមន្ត្រីយោធា និងនគរបាលជាន់ខ្ពស់ មិនអាចរក្សាមុខតំណែងដដែល ហើយទៅកាន់មុខតំណែងមួយទៀតជាតំណាងរាស្ត្រក្នុងពេលតែមួយបាននោះទេ ពោលពួកគេត្រូវតែលាលែងចេញពីតំណែងយោធា​និងនគរបាលទាំងនោះពេលជាប់ឈ្មោះជាតំណាងរាស្ត្រហើយ បើពុំដូច្នោះទេវាជាអំពើរំលោភរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា​៧៩ចែងថា ៖អាណត្តិនៃសមាជិករដ្ឋសភាមានវិសមិតភាពជាមួយការបំពេញមុខងារសាធារណៈជាសកម្ម និងជាមួយមុខងារជាសមាជិកនៃស្ថាប័នដទៃទៀតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ វារលែងតែទៅបំពេញមុខងារក្នុងគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល។

ក្នុងករណីនេះ សមាជិករដ្ឋសភារូបនោះ មានឋានៈជាសមាជិករដ្ឋសភាធម្មតា ប៉ុន្តែមិនត្រូវមានមុខតំណែងអ្វីទាំងអស់ក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ និងក្នុងគណៈកម្មាធិការផ្សេងៗនៃរដ្ឋសភា។​

លោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចដាក់​បេក្ខភាព​តំណាងរាស្រ្តអាណត្តិទី០៦នេះ គឺតម្រូវឲ្យនាយឧត្តមសេនីយ៍ ប៉ុល​ សារឿន ឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តលេខរៀងទី១ នៅមណ្ឌលខេត្ត ព្រះសីហនុ និង លោក មាស សុភា ឈរជាបេក្ខជនតំណាងរាស្រ្តពេញសិទ្ធិនៅមណ្ឌលព្រះវិហារ។ លោក គន់ គីម ​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​ នៅ​ខេត្ត​ឧត្តរមានជ័យ។

ការ​ព្យួរ​តួនាទី​មន្ត្រីថ្នាក់​កំពូល​ៗ មក​ធ្វើជា​បេក្ខជន​តំណាងរាស្ត្រ​ មិនមែន​ជា​រឿង​ចៃដន្យនោះទេ គឺស្រប​ពេល​ដែល​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា កំពុងតែ​ដំឡើង​ឋានៈ​កូនចៅ​របស់​ខ្លួន ឲ្យ​ឡើង​កាន់​តំណែង​ធំៗ​ក្នុង​ជួរ​កងទ័ព​នេះ ដែល​មិន​យូរ​មិន​ឆាប់អ្នក​ទាំងនោះ ទំនងនឹង​ចូល​ដណ្ដើម​យក​តំណែង​កំពូលៗ​ទាំងនេះ ដើម្បី​ត​ទាយាទ​នៃ​គ្រួសារ​ត្រកូល​អ្នក​មាន​អំណាច ក្នុង​ការ​បន្ត​ក្ដោបក្ដាប់​អំណាច គ្រប់គ្រង​កម្ពុជា​យូរ​ទៅមុខទៀត។

លោក ហង្ស វិទូ យល់ឃើញទៀតថា គណបក្សប្រជាជនកម្ពុជា នឹង​ដាក់នរណាម្នាក់ដែលជាមនុស្សលោក ហ៊ុន សែន ទុកចិត្ត ឬជាសាច់ញាតិលោក ហ៊ុន សែន ឲ្យទទួលតួនាទីជំនួសមេទ័ពទាំងបីនាក់នេះ។ ជា​ឧទាហរណ៍ កាលពី​ខែ​កុម្ភៈ កន្លង​ទៅ​នេះ លោក គន់ គីម បាន​ប្រកាស​ផ្ទេរសិទ្ធិ​ដឹកនាំ បញ្ជា​ការងារ​សេនាធិការ​ចម្រុះ ទៅ​កូនប្រុស​ច្បង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ទទួល​ដឹកនាំ​ការងារ​សេនាធិការ​ចម្រុះ ផ្នែក​កងទ័ព​នេះ ចាប់​ពី​ពេល​នោះ​មក <<យើង​អាចសង្ស័យថា នេះជាការត្រៀម​បង្កា​បក្ស អ្នកណា​ម្នាក់​ដែល​ស្និទ្ធនឹង​ខ្លួន ដើម្បី​អាច​ជំនួយ​ឧត្តមសេនីយ៍ធំៗទាំងបីនាក់​ ក៏ថាបាន>>។

ស្រប​ពេល​ដែលមន្រ្តី​គ្រាក់ៗ​ក្នុង​ជួរ​កងទ័ព ចាប់ផ្តើម​ព្យួរការងារ កូនៗ​របស់​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន ​ក្នុង​ជួរ​បក្ស​កាន់អំណាច រួម​ទាំង​កូន​ប្រសា​ផង សុទ្ធតែ​ត្រូវ​បាន​ដំឡើង​តួនាទី​ធំៗ យ៉ាង​ឆាប់រហ័ស ទាំង​ក្នុង​ជួរ​នគរបាល​ជាតិ កង​យោធពល​ខេមរភូមិន្ទ និង​តួនាទី​ដឹកនាំ​ធំៗ​ផ្សេងទៀត។ លោក ហ៊ុន ម៉ាណែត កំពុង​ដើរ​តួនាទី​ ជំនួស​ឪពុក​ដឹកនាំ​ប្រទេស​ជា​បណ្ដើរៗហើយ ដោយ​លោក​កាន់តួនាទី​ធំៗ​ស្អេកស្កះ ក្នុង​ពេល​តែ​មួយ។ លោក​ជា​ឧត្ដមសេនីយ៍​ផ្កាយ​៣ កាន់​តំណែង​ជា​អគ្គ​មេបញ្ជា​ការ​​រង​ផង ជាកងទ័ព​ជើងគោកផង ជា​មេបញ្ជាការ​រង​កង​អង្គរក្សផង ជា​មេបញ្ជាការ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្មផង និង​ ជា​នាយរង​សេនាធិការ​ចម្រុះ នៃ​កងយោធពលខេមរភូមិន្ទផង។ ខណៈកំពុង​ក្ដោបក្ដាប់​ការងារ​សំខាន់ៗ លោកក៏ចុះ​ស្វែងរក​ការ​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ​ក្នុងស្រុក និងក្រៅស្រុក​។

ជារួម សព្វថ្ងៃនេះ ​កូនៗ ​របស់​លោក ហ៊ុន សែន កំពុង​កាន់​តួនាទី​សំខាន់​ក្នុង​ជួរ​ទាហាន និង​ប៉ូលិស។ ​កូនប្រុស​ទី​ពីរ​របស់​លោក គឺ​លោក ហ៊ុន ម៉ានិត គឺជា​ឧត្ដមសេនីយ៍​ផ្កាយ​៣ កាន់​តំណែង​ ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច នៃ​ក្រសួងការពារជាតិ និង​ជា​នាយរង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី។ រីឯ​កូនប្រុសពៅរបស់លោក គឺលោក ហ៊ុន ម៉ានី ក្រៅពីមានតួនាទីជាតំណាងរាស្រ្ត លោកក៏ជាមន្រ្តីជាន់ខ្ពស់ក្នុងជួរយោធាដែរ។ កូន​ប្រសារ​របស់ ហ៊ុន សែន គឺ​លោក ឌី វិជ្ជា ជា​អគ្គ​ស្នងការ​នគរបាល​ជាតិ៕ អាស៊ីសេរី

loading...

Leave a comment