អាមេរិករិះគន់ចិនរឿងបន្ថែមកម្លាំងទ័ពចូលក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង

ភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍កាលពីថ្ងៃទី 20 ខែឧសភា ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក បានរិះគន់រដ្ឋាភិបាលចិន ចំពោះការបន្ថែមកម្លាំងទ័ព ក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ដោយបញ្ជូនយន្តហោះទម្លាក់គ្រាប់បែករយៈឆ្ងាយជាច្រើនគ្រឿង ចូលទៅក្នុងតំបន់នោះជាលើកដំបូង ។

បញ្ចកោណថ្លែងថា “សហរដ្ឋនៅតែប្តេជ្ញាចិត្តថែរក្សាតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ជាតំបន់ចំហ និង សេរី  ប៉ុន្តែយើងបានឮរបាយការណ៍ថា ប្រទេសចិនកំពុងរុករុលបន្ថែមកម្លាំងទ័ពទៅសមុទ្រចិនខាងត្បូង ។ ទង្វើនោះគ្មានអ្វីក្រៅពីសាងភាពតានតឹងនិងអស្ថេរភាពក្នុងភូមិភាគនោះឡើយ ។

សារពត៌មាន China Daily  ជាបំពង់សំឡេងផ្លូវការរបស់ចិន បានផ្សាយព័ត៌មានថា យោធារំដោះប្រជាជន បានធ្វើការហ្វឹកហាត់ប្រើយន្តហោះទម្លាក់គ្រាប់បែក H-6K នៅក្នុងសមុទ្រចិនខាងត្បូង។
យន្តហោះធុននោះអាស្រ័យម៉ូដែលយន្តហោះដើមរបស់រុស្ស៊ី  ប៉ុន្តែផលិតដោយកងទ័ពចិន ប្រើសម្រាប់ទម្លាក់គ្រាប់បែករយៈឆ្ងាយ  និង បំពាក់ក្បាលនុយក្លេអ៊ែរដែល​អាចនឹងវាយប្រហារ​នាវា​ផ្ទុក​យន្តហោះអាមេរិក ។

លោក កឺ តាឆិង កាពីទែនយន្តហោះ H-6K បាននិយាយថាការហ្វឹកហ្វឺននេះជាការហាត់សមសេចក្តីក្លាហាននិងភាពប្រាកដនិយមក្នុងសង្គ្រាម។

ចិនបន្ថែមកម្លាំងទ័ពចូលទៅកាន់តំបន់ជម្លោះសមុទ្រចិនខាងត្បូងជាមួយបណ្តាប្រទេសអាស៊ាន រួមមាន ប្រទេសវៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និង ប្រ៊ុយណេ ដោយសារតែតំបន់នោះសម្បូរផ្កាថ្ម មានទឹកច្រើន​សម្រាប់​នេសាទ និង អាចមានវាលប្រេងនិងឧស្ម័នផងដែរ ។

ជាពិសេស នៅប្រជុំកោះ Spratly ចិនបានកសាងកោះសិប្បនិមិត្តរហូតដល់ទៅ 7 កោះ បំពាក់ដោយខីបណាវុធ រ៉ាដារ និង អាកាសយានដ្ឋាន ។

លោកឧត្តមនាវីឯក Phil Davidson មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក សរសេរសង្ខេបស្ថានការណ៍ទៅឱ្យសភា Congress ថា ចិនបានឈានដល់កម្រិតនៃការ​ចូលគ្រប់គ្រង​សមុទ្រចិន​ខាងត្បូងហើយ  និងថា មូលដ្ឋានយោធាផ្សេង ៗ ត្រូវបានប្រើដើម្បី ប្រឈមមុខជាមួយសហរដ្ឋអាមេរិកនៅក្នុងតំបន់នោះ ព្រោះចិនងាយស្រួលក្នុងការចល័តកងទ័ព ។

Leave a comment