បុរសវ័យ ៧០ ឆ្នាំ ដែលគ្រាន់តែស៊ែរពាក្យជេរប្រមាថស្តេច ត្រូវបានចាប់ខ្លួននៅខេត្តសៀមរាប ក្រោមច្បាប់ថ្មីដែលអនុម័តដោយរបបលោក ហ៊ុន សែន

បុរស​ម្នាក់​ទៀតហើយ ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​បទ​ប្រមាថ​ព្រះមហាក្សត្រ។ ការ​ចាប់ខ្លួន​នេះ​ធ្វើឡើង​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​២០ ឧសភា ក្រោយពេល​បុរស​រូប​នេះ គ្រាន់តែ​បាន​ចែកចាយ​បន្ត (Share) នូវ​រូបភាព​អង្គ​ព្រះមហាក្សត្រ មាន​បង្កប់​ន័យ​ប្រមាថ​ព្រះ​ចេស្ដា​របស់​ព្រះអង្គ តាមរយៈ​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក​ឈ្មោះ បាន សម្ភីរ ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​១៣ ឧសភា កន្លងទៅ។

loading...

ប្រធាន​សាលាដំបូង​ខេត្ត​សៀមរាប និង​ជា​ចៅក្រម​ស៊ើបសួរ លោក ងួន ណារ៉ា បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ បាន សម្ភីរ អាយុ ៧០ ឆ្នាំ រស់នៅ​ភូមិ​ពន្លឺព្រះផុស ឃុំ​កំពង់ក្ដី ស្រុក​ជីក្រែង ខេត្ត​សៀមរាប មាន​មុខរបរ​ជាជាង​កាត់សក់។ លោក​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការពិនិត្យ​ពី​តុលាការ​ពី​បទ «ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ» ដែល​បាន​ប្រព្រឹត្តិ​នៅ​ភូមិ​ពន្លឺ​ព្រះផុស ឃុំ​កំពង់ក្ដី ស្រុក​ជីក្រែង ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​១៣ ឧសភា ស្របតាម​មាត្រា ៤៣៧ (​ស្ទួន​) នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ។ ចៅក្រម​ស៊ើបសួរ លោក ងួន ណារ៉ា បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​ជន​ត្រូវ​ចោទ ទៅ​ពន្ធនាគារ​ខេត្ត​សៀមរាប រង់ចាំ​ពេល​មាន​សេចក្ដី​សម្រេច​ជាថ្មី ដែល​មិន​កំណត់​ពេលវេលា​ជាក់លាក់។

loading...

នេះ គឺជា​ការ​ចាប់ខ្លួន​លើក​ទីពីរ​ហើយ ក្រោយ​ពេល​ដែល​រដ្ឋសភា​ជាតិ បាន​អនុម័ត កាលពី​ខែ​កុម្ភៈ វិសោធកម្ម​ក្រមព្រហ្មទណ្ឌ​ដ៏​ចម្រូងចម្រាស ពាក់ព័ន្ធ​នឹង​អំពើ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ។ កាលពី​ថ្ងៃ​ទី​១៣ ឧសភា សមត្ថកិច្ច​បាន​ចាប់ខ្លួន​នាយក​សាលាបឋមសិក្សា​ម្នាក់ ក្នុង​ខេត្ត​កំពង់ធំ ឈ្មោះ ឃាង ណាវី អាយុ ៥០ ឆ្នាំ ក្រោយពី​នាយក​សាលា​រូប​នោះ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ក្នុង​ន័យ​ចោទ​ប្រកាន់​ថា ព្រះមហាក្សត្រ និង​សមាជិក​រាជវង្ស​ដទៃ​ទៀត បាន​ចូល​ដៃ​ចូល​ជើង​ជាមួយ​របប​លោក ហ៊ុន សែន ក្នុង​ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ​កន្លង​មក។

យោង​តាម​ច្បាប់​ថ្មី​ដែល​រង​ការ​រិះគន់​ពី​ក្រុម​សិទ្ធិមនុស្ស​នេះ ប្រសិនបើ​តុលាការ​រក​ឃើញ​ថា ជន​ត្រូវ​ចោទ ពិតជា​បាន​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​មែន​នោះ បុរស​ទាំងពីរ​នាក់​នេះ អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី ១​ឆ្នាំទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល ឬ​ស្មើនឹង​ប្រាក់ ៥០០ ទៅ ២.៥០០ដុល្លារ​អាមេរិក៕ អាស៊ីសេរី

loading...

Leave a comment