អាសន្នធំហើយ ៖ កម្ពុជានឹងជួបវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ ២០១៨ នេះ

ធនាគារជាតិបានព្រមានថា ការគំរាមកំហែងលើទីផ្សារនាំចេញរបស់កម្ពុជា គោលនយោបាយមិនច្បាស់លាស់របស់អាមេរិក និងការឡើងថ្លៃនៃអត្រាប្រាក់ដុល្លារជាដើម នឹង​គំរាម​កំហែង​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅឆ្នាំនេះ។

loading...

ក្នុងរបាយការណ៍ប្រចាំឆ្នាំស្ដីពី «វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៧ និងទស្សនវិស័យឆ្នាំ២០១៨» ដែលមាន​កម្រាស់ ៥ទំព័រ ធនាគារជាតិកម្ពុជាបានព្រមានថា ហានិភ័យមួយចំនួនពីមជ្ឈដ្ឋានខាងក្រៅ នឹងជះផលអវិជ្ជមានដល់សេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០១៨នេះ។

បើ​តាម​ធនាគារ​ជាតិ​កម្ពុជាតិ អត្រា​ប្រាក់ដុល្លារកាន់តែឡើងខ្ពស់ ភាពមិនច្បាស់លាស់នៃគោលនយោបាយរបស់សហរដ្ឋអាមេរិក និងការថយចុះនៃកំណើន​សេដ្ឋកិច្ច​នៅ​តំបន់ចាយ​ប្រាក់​អឺរ៉ូ នឹង​​ធ្វើឲ្យប៉ះពាល់ការប្រកួតប្រជែងនៃ​ការនាំចេញរបស់កម្ពុជា ជាពិសេស ការ​នាំ​ចេញ​ផលិត​ផល​កាត់​ដេរ។

loading...

ក្នុង​របាយការណ៍​ដដែល​នោះ ធនាគារជាតិបានព្រមានពីផលបះពាល់លើទីផ្សារនាំចេញវិស័យកាត់ដេររបស់កម្ពុជា ដោយ​បន្ទោស​ទៅ​លើ​​គោលនយោបាយគាំពារនិយម​ខាង​ពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងទ្វេភាគីរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាមួយ​បណ្ដា​ប្រទេសនាំចេញ​ផលិត​ផល​កាត់​ដេរ និងកិច្ចព្រមព្រៀងអន្ដរប៉ាស៊ីហ្វិក​មិន​មាន​អាមេរិក ដែល​នឹង​កើត​ឡើង​នា​ពេល​ខាង​មុខ។

មួយវិញទៀត ធនាគារជាតិក៏បានព្រមានពីការថយចុះជាងការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចចិន ដែលធ្វើឲ្យបះពាល់​ដល់​កំណើនសេដ្ឋកិច្ចកម្ពុជា​ផង​ដែរ ដែល​ពឹង​ផ្អែក​លើ​​វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគជាដើម។

ក្រៅពីហានិភ័យពីមជ្ឈដ្ឋានខាងក្រៅ កម្ពុជាក៏រំពឹងថា នឹងទទួលរងហានិភ័យពីមជ្ឈដ្ឋានខាងក្នុងផងដែរ ដូចជា ការថយចុះកំណើនក្នុងវិស័យសំណង់ កង្វះទីផ្សារលក់ផលិតផលកសិកម្ម ទំនុកចិត្តរបស់អ្នកវិនិយោគ និងការដំឡើងប្រាក់ខែដល់កម្មករក្នុងវិស័យកាត់ដេរ ដែលធ្វើឲ្យកម្ពុជា​ពិបាកប្រកួតប្រជែងក្នុងការនាំចេញ។

ក្នុងពិធីរំលឹកខួបថ្ងៃ​ ៧ មករាកន្លងទៅ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងថា កម្ពុជា​សម្រេចបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ក្នុងចន្លោះ ៦.៩​ភាគរយ ​​ដូច​ការ​ព្យាករ​ទុក តាមរយៈវិស័យឧស្សហ៍កម្ម នេសាទ សំណង់ កសិកម្ម និង​សេវាកម្ម។

លោក ​ហ៊ុន សែន ថ្លែងថា៖ «សេដ្ឋកិច្ចកម្ពុជាបានសម្រេចកំណើន ៦.៩ភាគរយក្នុងឆ្នាំ២០១៧។ កំណើនដ៏រឹង​មាំ​នេះ ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​​តាម​រយៈកំណើនផ្នែកវិស័យឧស្សាហកម្ម តំបន់នេសាទ សំណង់ កសិកម្ម និង​សេវាកម្ម ដូចជា ទេសចរណ៍ និង​អចលនទ្រព្យជាដើម»។

អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច លោក ង៉ែត ជូ យល់ថា ហានិភ័យសេដ្ឋកិច្ចនេះ ទំនងកើតចេញពីភាពតានតឹងផ្នែកនយោបាយនៅកម្ពុជា ដោយថា រដ្ឋាភិបាល​គួរមានភាពវ័យឆ្លាត និងបន្ទន់ឥរិយាបថ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ខ្លួន និងបញ្ចៀសបញ្ហាទាំងអស់នោះ។ លោកថា ទោះបីមហាអំណាចចិនបង្ហាញការគាំទ្រ និងបន្ដការវិនិយោគមកកម្ពុជាច្រើនសន្ធឹកសន្ធាប់ ប៉ុន្ដែ លោកថា ផលិតផលរបស់ចិនភាគច្រើន ត្រូវបាននាំទៅលក់នៅទីផ្សារអន្ដរជាតិ ដូចជា ទីផ្សារអឺរ៉ុប និងអាមេរិក។

លោក ង៉ែត ជូ យល់ថា ជំនួយរបស់ចិនអាចជួយកម្ពុជាបានតែរយៈពេលខ្លីប៉ុណ្ណោះ ខណៈ​លោកថា កម្ពុជា​មិនអាចរស់ដោយ កាត់ផ្ដាច់ទំនាក់ទំនងសេដ្ឋកិច្ច​ជាមួយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានឡើយ។

លោកថា៖ «ទាក់ទងជាមួយសហគមន៍អឺរ៉ុប Everything But Arms លក្ខខណ្ឌប្រព័ន្ធអនុគ្រោះពន្ធ ទាក់ទងការនាំចេញផលិតផលនាំចេញពីកម្ពុជា វាអាចពាក់ព័ន្ធជាមួយនឹងស្ថានភាពនយោបាយ ស្ថានភាពសង្គមរបស់យើង ខ្ញុំជឿជាក់ថា រដ្ឋាភិបាលមានភាពវ័យឆ្លាត បន្ទន់ឥរិយាបថនយោបាយ ដើម្បីកែសម្រួល ឲ្យវាស៊ីគ្នាទៅនឹងអ្វីដែលជាលក្ខខណ្ឌផ្ដល់ប្រព័​ន្ធអនុគ្រោះពន្ធ […]អ្វីដែលចិនអាចជួយបាននោះ គឺតែមួយរៈពេលខ្លីទេ គឺមានន័យថា ដាក់លុយចូលក្នុងការរកស៊ី​ ប៉ុន្ដែសួរថា រកស៊ីធ្វើអី បើការនាំចេញ បើសិនការនាំចេញទៅបរទេសអត់បាន»។

​រដ្ឋាភិបាលដឹកនាំ​ដោយ​លោក ហ៊ុន សែន បានទទួលរងការថ្កោលទោសជាបន្ដបន្ទាប់ពីសហគមន៍អន្ដរជាតិ ហើយក្នុងនោះ សហភាពអឺរ៉ុប និងអាមេរិក បានព្រមានសើរើប្រព័ន្ធអនុគ្រោះជាមួយកម្ពុជា ប្រសិន​បើ​មិនស្ដារ​ស្ថានការណ៍​ប្រជាធិបតេយ្យ​ឲ្យ​វិល​ត្រឡប់​ទៅ​រក​ស្ថានភាព​ដើម​ទេ​នោះ។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ វិភាគថា សហគមន៍អន្ដរជាតិនឹងបន្ថែមទណ្ឌកម្មលើកម្ពុជា បើសិនអ្នកនយោបាយខ្មែរ មិនរកដំណោះស្រាយសមស្របណាមួយនៅមុនការបោះឆ្នោត។ ដើម្បីចៀសផុតហានិភ័យសេដ្ឋកិច្ចនេះ លោកយល់ថា រដ្ឋាភិបាល គួរ​បើកលំហរប្រជាធិបតេយ្យឡើងវិញ​ តាមរយៈការអនុញ្ញាតឲ្យអតីតគណបក្សសង្គ្រោះជាតិ អាចចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំ២០១៨។

លោកថា៖ «រដ្ឋាភិបាលត្រូវសម្រួល​ផ្ដល់សិទ្ធិជូនដល់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សធំជាងគេ ដើម្បីឲ្យគាត់មានសិទ្ធិ បង្កើតគណបក្សថ្មីឡើងវិញ មានសិទ្ធិចុះឈ្មោះឲ្យគេបោះឆ្នោត។ បើធ្វើទាន់ អ្វីៗ​នឹងប្រសើរឡើងវិញ ទាំងសម្ពាធក៏ដោយ ការគំរាមទណ្ឌកម្មក៏ដោយ ខ្ញុំយល់ឃើញថា វានឹងល្អមកវិញ»។

ទោះរំពឹងថា នឹងប្រឈមហានិភ័យមួយចំនួនក្ដី កម្ពុជាបាន​ព្យាករណ៍ថា នឹងអាចរក្សាកំណើនសេដ្ឋកិច្ចរឹងមាំរបស់ខ្លួននៅចន្លោះ៦.៩ភាគរយ​ដូចឆ្នាំ២០១៧ ដោយធនាគារជាតិថា នឹងបន្ដអនុវត្តគោលនយោបាយរូបិយវត្ថុដោយប្រុងប្រយ័ត្ន អភិវឌ្ឍវិស័យធនាគារសំដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថិរភាពហិរញ្ញវត្ថុជាដើម។​

ប៉ុន្ដែ ស្ថាប័នអន្ដរជាតិមួយចំនួនបានវាយតម្លៃខុសគ្នាបន្ដិចពីកម្ពុជា ដោយមូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF) ​ព្យាករ​ណ៍ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០១៨​ ស្ថិត​នៅចន្លោះ ​៦.៨ភាគរយ ធនាគារ​ពិភព​លោក​ថា នៅចន្លោះ ៦.៩ភាគរយ និងធនាគារ​អភិវឌ្ឍ​ន៍​អាស៊ី​​ថា​ ស្ថិតនៅចន្លោះ ៧.១ភាគរយ៕ VOD

loading...

Leave a comment