ពិតជាគួរឲ្យរីករាយសម្រាប់ប្រជាជនម៉ាឡេ ដែលរដ្ឋាភិបាលលោក មហាធៀ សម្រេចលែងយកពន្ធទំនិញ និង សេវា GST

ដូចការរំពឹងទុក ការយកពន្ធលើសេវាកម្មនិងទំនិញដែលធ្វើឲ្យប្រជាជន​ម៉ាឡេស៊ីត្អូញត្អែរខ្លាំង​កន្លងមកនោះ​នឹងលែងមាន​ទៀតហើយចាប់ពីថ្ងៃ ១ខែមិថុនានេះតទៅ។ នេះជាការប្រកាសនៅពុធទី ១៦ ខែឧសភា របស់ក្រសួងហិរញ្ញវត្ថុដែលជា​សេនាធិការនៃរដ្ឋាភិបាលថ្មីដឹកនាំដោយលោក មហាធៀ មហាម៉ាត់។

បើតាមទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama ក្រសួងហិរញ្ញវត្ថុបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដូច្នេះ៖« ការកំណត់​អាត្រា​ពន្ធស្មើសូន្យនឹងចាប់ផ្តើមពីថ្ងៃ ១ ខែមិថុនា ហើយវាមានអានុភាពអនុវត្តទូទាំង​ប្រទេសម៉ាឡេស៊ីទាំងមូល។ រាល់អាជីវកម្មដែលចុះបញ្ជីត្រូវអនុវត្តតាមការសម្រេចចិត្តនេះ ហើយស្របពេលជាមួយគ្នានោះគេត្រូវអនុវត្តតាម​រាល់លិខិតបទដ្ឋានទាំងអស់ដែលមានជាធរមាន»។

រដ្ឋាភិបាលមុនរបស់លោក ណាជីប រ៉ាហ្សាក់ បានដាក់ចេញពន្ធលើសេវានិងទំនិញនេះនៅឆ្នាំ ២០១៥ ហើយក្នុងឆ្នាំ ២០១៨ រដ្ឋាភិបាលនេះមានគោលដៅប្រមូលពន្ធឲ្យបាន ១១,០៥ ពាន់លានដុល្លារអាមេរិកដែលមានទំហំ ១៨ ភាគរយនៃ​ចំណូល​រដ្ឋសរុប។

គោលនយោបាយប្រមូលពន្ធនេះបានក្លាយជារឿងចម្រូងចម្រាសខ្លាំងកន្លងមក ព្រោះប្រជាពលរដ្ឋម៉ាឡេស៊ីយល់ថា វាជាបន្ទុកធ្ងន់លើជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ដូច្នេះហើយបានជាក្នុងការឃោសនាបោះឆ្នោតលោក មហាធៀ មហាម៉ាត់ ដែលជាប្រធានសម្ព័ន្ធបក្សប្រឆាំង បានសន្យាលុបពន្ធនេះចោលដើម្បីជួយលើកកម្ពស់ជីវភាពប្រជាជន។ លោកបានអះអាងថា រដ្ឋាភិបាលមានលុយ ដោយមិនចាំបាច់ដាក់កម្រិតពន្ធនេះឡើយ។

ក្រៅពីលុបចោលពន្ធលើសេវានិងទំនិញ ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី លោក មហាធៀ សន្យារក្សាតម្លៃប្រេងសាំងឲ្យនៅស្ថេរ ហើយបើមានការប្រែប្រួល រដ្ឋាភិបាលនឹងចំណាយលុយផ្តល់ការឧបត្ថម្ភ ។

លោកមហាធៀ បានបញ្ជាក់ដូច្នេះ៖« បទបញ្ជាត្រូវបានដាក់ចេញហើយ យើងក៏លែងប្រមូលពន្ធលើសេវា និង ទំនិញដែរ។ ចំពោះតម្លៃប្រេងវិញ ត្រូវពិនិត្យជាទៀងទាត់ ហើយវានឹងលែងមានការឡើងចុះហើយ។ តម្លៃបច្ចុប្បន្ននឹងនៅដដែល។ បើមានការចាំបាច់ យើងនឹងផ្តល់ការឧបត្ថម្ភ»៕ ថ្មី ៗ

Leave a comment