ព្រោះខ្លាចពលរដ្ឋមិនទៅបោះឆ្នោត គជប ប្រើតុលាការជាឈ្នាន់ដើម្បីបំបិទសំឡេងប្រឆាំងការបោះឆ្នោត

ការប្រកាសចាត់វិធានការតាមផ្លូវច្បាប់នេះ គឺធ្វើឡើងស្របពេលដែលអតីតមេដឹកនាំនៃគណបក្សប្រឆាំង​ និងមន្រ្តី ជាពិសេសអ្នកគាំទ្រនៃគណបក្សនេះជាច្រើនបានប្រកាសដោយការបញ្ជាក់ជំហររបស់់ពួកគេក្នុងការមិនទៅចូលរួម ការបោះឆ្នោតនាពេលខាងមុខ ប្រសិនណាបើគ្មានវត្តមានរបស់ គណបក្សសង្រ្គោះជាតិដែលទទួលបានការគាំទ្រពី ពលរដ្ឋជិតពាក់កណ្ដាលលាននាក់ចូលរួមប្រកួត ប្រជែងនៅក្នុងការបើឆ្នោតទេនោះ ។

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានប្រកាសអោយដឹងថា ចំពោះករណីបុគ្គល ណាដែលបានញុះញុងចំពោះពលរដ្ឋមិនអោយទៅចូលរួមបោះឆ្នោតនោះ គជប បានសម្រេចរៀបចំ និងបានដាក់ពាក្យប្ដឹង ទៅក្រសួងមហាផ្ទៃរួចរាល់ហើយ ។

ការប្រកាសអំពីការដាក់ពាក្យប្ដឹងរបស់លោក ទេព នីថា ទៅលើអ្នកញុះញុងនេះ ធ្វើឡើងនៅក្នុងឱកាសដែលលោកបាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ ស្ដីពី ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅទីស្ដីការ គ.ជ.ប ។

ទោះជាយ៉ាងណា បើតាមលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង ដែលបានប្រកាសមិនអោយពលរដ្ឋទៅ បោះឆ្នោតម្ដងហើយម្ដងទៀតនោះ បានអះអាងថា ការបោះឆ្នោតខាងមុខនេះ គឺគ្រាន់តែជាឆាកល្ខោននយោបាយ មួយដែលរៀបចំធ្វើឡើងដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែប៉ុណ្ណោះ ។

ថ្វីបើបែបនេះក្ដី សម្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន វិញ នៅតែអះអាងថា ការបោះឆ្នោតនេះ គឺជាការបង្ហាញអោយ ឃើញពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងជាក់ច្បាស់ ។ លោកថា ទោះបីជាគ្មានវត្តមានរបស់អតីតគណបក្សសង្រ្គោះ ជាតិ ចូលរួមក៏ដោយចុះ ប៉ុន្តែនៅតែមានវត្តមានរបស់គណបក្សនយោបាយជាច្រើន ទៀតដែលចូលរួមប្រកួតជាមួយនឹង គណបក្សកាន់អំណាចសព្វថ្ងៃ ។

ជាថ្មីម្ដងទៀត នៅលើហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៧ ឧសភា នេះ លោកបានប្រកាស អំពាវនាវដល់ប្រជាពលរដ្ឋអោយអញ្ជើញទៅបោះឆ្នោត ៕

Leave a comment