បែកធ្លាយគម្រោងសាងសង់ទំនប់វារីអគ្គិសនីដ៏មហាគ្រោះថ្នាក់នៅខេត្តក្រចេះ

របាយការណ៍​ស្ថាពរ​ស្តី​ពី​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​នៃ​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​សម្បូរណ៍ ក្នុង​ខេត្ត​ក្រចេះ ព្រមាន​ធ្ងន់​ៗថា ការ​អនុម័ត​សាង​សង់​ទំនប់​វារីអគ្គិសនីសម្បូហ៍​នៅ​លើ​ផ្ទៃ​អាង​ទន្លេ​មេគង្គ នឹង​មាន​ន័យ​ស្មើ​នឹង «ការ​សម្លាប់​ជីវិត» ​ទន្លេ​មេគង្គ។

loading...

របាយការណ៍​ដែល​សិក្សា​ស្រាវជ្រាវ​ដោយ​វិទ្យា​ស្ថាន​មរតក​ធនធាន​ធម្មជាតិ Natural Heritage Institute មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​សាន់ហ្វ្រាន់​ស៊ី​ស្កូ (San Francisco) សហរដ្ឋ​អាមេរិក ក្រោម​ការឧបត្ថម្ភ​ថវិកា​ពីរ​បប​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​ផ្អឹប​ទុកជា​សម្ងាត់​ដោយ​របប​លោក ហ៊ុន សែន ក្រោយ​សិក្សា​រួច​កាលពី​ចុង​ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​បែក​ធ្លាយ និង​យក​មក​ផ្សព្វ​​ផ្សាយ​ដោយ​កាសែត​អង់គ្លេស The Guardian នៅ​ថ្ងៃ​ទី១៦ ឧសភា​នេះ បាន​លើក​ឡើង​ពី​កង្វល់​នានា​ដែល​ថា គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី នៅ​ស្រុក​សម្បូរណ៍ ខេត្ត​ក្រចេះ គឺ​ជា​ការ​ជ្រើសរើស​ទី​តាំង​ដ៏​អាក្រក់​បំផុត​មួយ សម្រាប់​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ។

របកគំហើញ​សំខាន់​ដែល​របាយការណ៍​នេះ​រក​ឃើញ រួម​មាន ផល់​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ធនធាន​ត្រី ដោយ​សារ​តែ​ទំនប់​វារីអគ្គិសនី​នេះ នឹង​ធ្វើ​ការ​រាំង​ខ្ទប់​បម្លាស់ទី​ត្រី​ពី​ទន្លេ​សាប ដែល​ជា​ដៃ​​ទន្លេ​មេគង្គ ឆ្ពោះ​ទៅ​​ទន្លេ​មេគង្គ និង​តំបន់​ផ្នែក​ខាង​លើ​នៃ​ទន្លេ​នេះ។

loading...

កាសែត​ដ​ដែល​​នេះ ក៏​បាន​ស្រង់​ប្រសាសន៍​លោក ម៉ាក ហ្គ័រចូត (Marc Goichot) អ្នក​ជំនាញ​ការ​ផ្នែក​ធនធាន​ទឹក របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្ម​ជាតិ ឬ WWF ដែល​លោក​មាន​ប្រសាសន៍​ថា ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិច្ច​ប្រឹង​ប្រែង​អភិរក្ស​សត្វ​ផ្សោត ធនធាន​ត្រី ជីវភាព​រស់​នៅ និង​អាហារូបត្ថម្ភ​របស់​សហគមន៍​ជនបទ ព្រម​ទាំង​ការ​ធ្លាក់​ចុះ​អត្រា​ផ្ទៃ​រង​ទឹក​ភ្លៀង នៃ​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ ក្នុង​ប្រទេស​វៀត​ណាម។

ប្រសិន​បើ​អនុម័ត ទំនប់​វារីអគ្គិសនី​នេះ នឹង​តម្រូវ​ឲ្យ​មាន​នូវ​ការ​សាង​សង់​ទំនប់​ប៉េតុង ប្រវែង ៣៣ គីឡូ​ម៉ែត្រ កាត់​ទទឹង​ផ្ទៃ​​ទន្លេ​មេគង្គ ត្រង់​តំបន់​មួយ​នៅ​ស្រុក​សម្បូរណ៍ ខេត្ត​ក្រចេះ និង​មាន​ផ្ទៃ​បាត​អាង​ទំហំ​ដល់​ទៅ ៨២ គីឡូ​ម៉ែត្រ។

របាយការណ៍​ស្រាវជ្រាវ​នេះ ផ្ដល់​ជា​អនុសាសន៍​ថា ជំនួស​ឲ្យ​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​នេះ ការ​ដំឡើង​ប្រព័ន្ធ​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ នៅ​លើ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែល​មាន​ស្រាប់ នឹង​ជួយ​បង្កើន​សមត្ថភាព​ផលិត​ថាមពលអគ្គិសនី ទ្វេដង គឺ​រហូត​ដល់​ជាង ៨០០ ម៉េហ្កាវ៉ាត់។ យោង​តាម​របាយការណ៍​ដ​ដែល​​នេះ ថាមពល​ព្រះ​អាទិត្យ គឺជា​ជម្រើស​តែ​មួយ​គត់ ដែល​នឹង​ផ្ដល់​នូវ​អត្ថ​ប្រយោជន៍​សេដ្ឋកិច្ច​វិជ្ជមាន​ជា​រួម​ដល់​ប្រទេស​កម្ពុជា។

កាសែត The Guardian របស់​អង់គ្លេស ក៏​បាន​ស្រង់​ប្រសាសន៍​រដ្ឋលេខាធិការ​ក្រសួង រ៉ែ និង​ថាមពល លោក អ៊ិត ប្រាង ដែល​លោក​អះអាង​ថា គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​នេះ គឺជា​បញ្ហា​រ​ស៊ើប ហើយ​ថា វា​ជា​ការ​ឆាប់រហ័ស​ពេក ក្នុង​ការ​ផ្សព្វ​​ផ្សាយ​ព័ត៌មាន​ណា​មួយ​ពាក់​ព័ន្ធ​​នឹង​គម្រោង​នេះ។ លោក អ៊ិត ប្រាង បញ្ជា​ក់​បន្ថែម​ថា នៅ​មិន​ទាន់​មាន​សេចក្តី​សម្រេច​ចិត្ត​ណា​មួយ ជុំ​វិញ​ការ​អនុម័ត​គម្រោង​នេះ​នៅ​ឡើយ​ទេ នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ ខែ​កក្កដា នេះ។

ប្រសិន​បើ​ទទួល​បាន​ការ​អនុម័ត​ពីរ​បប​លោក ហ៊ុន សែន ក្រុម​ហ៊ុន​ចិន​ឈ្មោះ China’s Hydrolancang International Energy Company គឺជា​ក្រុម​ហ៊ុន​ឈាន​មុខ​គេ​សម្រាប់​អនុ​វត្ត​​គម្រោង​នេះ៕ អាស៊ីសេរី

loading...

Leave a comment