ដឹងមូលហេតុនៅពីក្រោយខ្នងដែលក្រុមហ៊ុនវៀតណាមចង់មកដាំបន្លែនៅកម្ពុជា

កាលពីថ្ងៃទី ១០ ឧសភា ២០១៨ កន្លងទៅនេះ ​ក្រុមហ៊ុនវៀតណាម ឈ្មោះ FLC Group បានចូលជួបពិភាក្សាជាមួយលោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា ដោយប្រាប់ពីគម្រោងចង់​បោះ​ទុន​ទឹក​ប្រាក់​ប្រមាណ ​១ ​​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៩ ដើម្បីធ្វើវិនិយោគ​លើ​ការ​ដាំ​ដុះ​បន្លែ និង ​ផ្លែ​ឈើ​សម្រាប់​នាំ​ចេញ និង​ ការ​ផ្គត់​ផ្គង់​ទេសចរ​ក្នុង​ប្រទេស​កម្ពុជា។

ពត៌មានរឿងវៀតណាមចង់មកដាំបន្លែផ្លែឈើនៅលើទឹកដីកម្ពុជានេះធ្វើឲ្យកើតប្រតិកម្មយ៉ាងក្តៅគគុក ពីប្រជាពលរដ្ឋ​នៅលើបណ្តាញសង្គម អ្នកខ្លះបានចោទប្រកាន់វៀតណាមត្រង់ ៗ ថា មកបំផ្លាញរបរកសិកម្មនៅកម្ពុជា និង អ្នកខ្លះទៀត​បន្ទោសរដ្ឋាភិបាលដែលអសមត្ថភាពលើការស្វែងរកទីផ្សារបន្លែផ្លែឈើក្នុងស្រុក មិនទប់ស្កាត់ការនាំបន្លែផ្លែឈើ​របស់​ប្រទេសជិតខាងចូលមកក្នុងប្រទេស ជាដើម ។

តាមប្រភពពត៌មានក្រៅស្រុកឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុនវៀតណាមចង់មកដាំបន្លែផ្លែឈើនៅលើទឹកដីកម្ពុជានោះ ព្រោះទំនិញកសិកម្មរបស់វៀតណាមជាច្រើនដែលនាំចូលទៅអឺរ៉ុបត្រូវបានហាមឃាត់ស្ទើរតែទាំងអស់ព្រោះសម្បូរជាតិ​គីមីដ៏គ្រោះថ្នាក់ដល់អ្នកបរិភោគ ។

ព្រោះហេតុនោះ ក្រុមហ៊ុនវៀតណាមទើបចង់ប្រើប្រាស់ទឹកដីកម្ពុជាជាទីដាំបន្លែផ្លែឈើ​កសិកម្មហើយផ្គត់ផ្គង់ក្នុង​ស្រុកខ្មែរ​មួយផ្នែក និង មួយផ្នែកទៀត ក៏នាំចេញទៅអ៉ឺរ៉ុបក្នុងនាមជាខ្មែរ ។

ក្នុងន័យនេះ ធ្វើឲ្យអ្នកវិភាគសង្គមមើលឃើញថា ទង្វើរបស់ក្រុមហ៊ុនវៀតណាមអាចនឹងនាំឲ្យខូច​កិត្តិនាមខាងនាំ​ចេញ​ផលិត​ផល​បន្លែផ្លែឈើរបស់កម្ពុជានៅថ្ងៃអនាគត ។

ម្យ៉ាងទៀត បន្លែផ្លែឈើរបស់វៀតណាមដែលផ្គត់ផ្គង់ក្នុងស្រុកអាចនឹងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋខ្មែរ និង​បង្កឲ្យខូចគុណភាពដីទៀតផង ព្រោះវៀតណាមនិយមប្រើសារជាតិគីមីច្រើនក្នុងការដាំបន្លែផ្លែឈើ ។

សរុបសេចក្តីមក កម្ពុជាមានតែការខាតបង់ មិនបានជួយចរន្តសេដ្ឋកិច្ចអ្វីទេ ព្រោះផលប្រយោជន៍ផ្នែកបន្លែផ្លែឈើ​ត្រូវបានក្តោបក្តាប់ដោយក្រុមហ៊ុនវៀតណាម បង្កផលប៉ះពាល់ដល់អាជីវកម្មខ្នាតតូចរបស់ប្រជាពលរដ្ឋខ្មែរ ៕

Leave a comment