អាសន្នធំហើយ Hacker យួនហែកយកវេបសាយភ្នំពេញប៉ុស្តិ៍និងវេបសាយជាច្រើនទៀតទៅគ្រប់គ្រង

ក្រុម​ចោរ​ព័ត៌មានវិទ្យា ឬ​ហេកគ័រ (Hacker) គាំទ្រ​ដោយ​រដ្ឋ​វៀតណាម កំពុង​ប្រើប្រាស់​វែបសាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដើម្បី​បើក​ការវាយប្រហារ​ទៅលើ​អង្គការ​សិទ្ធិមនុស្ស​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​សន្តិសុខ​បណ្ដាញ​អ៊ីនធឺណិត​ឈាន​មុខ​មួយ ឈ្មោះ FireEye មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​កង់បេរ៉ា ប្រទេស​អូស្ត្រាលី ថ្លែងប្រាប់​សារព័ត៌មាន ABC អូស្ត្រាលី​ថា ក្រុម​ចោរ​ព័ត៌មានវិទ្យា​ឈ្មោះ APT32 ដែល​គាំទ្រ​ដោយ​រដ្ឋ​វៀតណាម កំពុងតែ​ធ្វើ​សកម្មភាព​វាយប្រហារ និង​លួច​យក​ទិន្នន័យ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ពី​បរទេស ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ​ឲ្យ​រដ្ឋ​វៀតណាម។

នាយិកា​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ (Licadho) អ្នកស្រី ណាលី ពីឡូក (Naly Pilorge) ត្រូវ​បាន​សារព័ត៌មាន​អូស្ត្រាលី ABC ស្រង់​ប្រសាសន៍​ថា ម៉ាស៊ីន​កុំព្យូទ័រ​ជាច្រើន​គ្រឿងក្នុង​ការិយាល័យ​របស់​អង្គការ​អ្នកស្រី បាន​ក្លាយ​ជា​គោលដៅ​វាយលុក​នៃ​មេរោគ​កុំព្យូទ័រ នៅ​ពេល​ដែល​បុគ្គលិក​អង្គការ​អ្នកស្រី ចូល​ទៅ​បើក​មើល​គេហទំព័រ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍។ អ្នកស្រី​ថា អង្គការ​អ្នកស្រី​បាន​ចាត់វិធានការ​បង្ការ​នានា​រួចហើយ​ដើម្បី​ទប់ស្កាត់​មេរោគ​នេះ។

បន្ថែម​ពីលើ​នេះ ប្រធាន​ផ្នែក​ស៊ើបអង្កេត​អង្គការ​លីកាដូ លោក អំ សំអាត ថ្លែងប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៥ ឧសភា ថា រឿងរ៉ាវ​នៃ​ការ​គ្រោង​វាយប្រហារ​នេះ កើត​មាន​ឡើង​តាំងពី​ថ្ងៃ​អង្គារ សប្ដាហ៍​មុន​នេះ​មក​ម្ល៉េះ៖ «នៅ​ក្នុង​ការិយាល័យ​របស់​លីកាដូ​យើង នៅ​ពេល​ដែល​យើង​បើក​ប្រើប្រាស់​អ៊ីនធឺណិត​របស់​លីកាដូ ហើយ​យើង​ចូល​វេបសាយ (Website) ភ្នំពេញ​ប៉ុស្តិ៍ គឺ​គេ​ព្យាយាម​ទាញ​យក​អ៊ីមែល​របស់​លីកាដូ។ យើង​មើល​ទៅ វា​ហាក់​ដូចជា មិន​ពិត ហើយ​វា មាន​ការ​សង្ស័យ ក៏​យើង​អត់​បាន​ចូល​ទៅ ដាក់​អ៊ីមែល​យើង​ចូល​ទៅ​ទេ។ ហើយ​យើង​ក៏​សួរ​ទៅ​អ្នក​ជំនាញ គេ​ថា​អ៊ីមែល​ហ្នឹង​ពី​មុន​មក គឺ​គេ​ធ្លាប់​ប្រើ​ប្រាស់​ក្នុង​ការ Hack ការ​បន្លំ​ហ្នឹង»។

ក្រុមហ៊ុន​សន្តិសុខ​បណ្ដាញ​អ៊ីនធឺណិត​អូស្ត្រាលី​ឈ្មោះ FireEye បញ្ជាក់​ថា ខ្លួន​បាន​រក​ឃើញ​ថា គេហទំព័រ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ឆ្លង​មេរោគ​របស់​ក្រុម​ចោរ​ព័ត៌មានវិទ្យា​ឈ្មោះ APT32 នេះ តាំងពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មក​ម្ល៉េះ។ ក្រុម​ចោរ​ព័ត៌មានវិទ្យា​ឈ្មោះ APT32 នេះ បាន​ប្រើប្រាស់​វេបសាយ​ល្បីៗ ដើម្បី​ជ្រើសរើស​គោលដៅ ហើយ​បន្ទាប់មក​បញ្ជូន​មេរោគ Malware ទៅលើ​គោលដៅ​ទាំងឡាយ​ណា​ដែល​បាន​ចូល​ទៅ​បើក​មើល​ទំព័រ​វេបសាយ​​ដែល​បាន​ឆ្លង​មេរោគ​នេះ ប្រសិនបើ​អ្នកប្រើប្រាស់ ចុច​បន្ត និង​ផ្តល់​ព័ត៌មាន​ដោយ​ពុំបាន​ប្រុងប្រយ័ត្ន។

យ៉ាងណាក៏ដោយ លោក អំ សំអាត បញ្ជាក់​ថា ប្រព័ន្ធ​កុំព្យូទ័រ​របស់​អង្គការ​លីកាដូ ពុំ​បាន​រងគ្រោះ​ពី​គោលដៅ​នៃ​ការវាយប្រហារ​នេះ​ឡើយ។ លោក​ស្នើ​ឲ្យ​បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល​ជា​ដៃគូ​នានា ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​នេះ៖ «យើង​គ្រាន់តែ​សុំ​ជម្រាប​ថា យើង​ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន ប្រសិន​ជា​មាន ឃើញ​នូវ​សញ្ញាណ​អី​មួយ ដែល​យើង​សង្ស័យ​ថា ជា​ការ​វាយប្រហារ ឬ​ការ Hack ចូល​ហ្នឹង សូម​កុំ​ឲ្យ​ផ្ដល់​ទិន្នន័យ ឬក៏​កុំ​ចូល​ទៅ​ក្នុង​វេបសាយ​ហ្នឹង​ឲ្យ​សោះ ពីព្រោះ​វា​អាច​ក្លាយ​ជា​ហានិភ័យ​មួយ​សម្រាប់​យើង ដែល​ងាយ​នឹង​ទទួលរង​នូវ​ការ Hack ចូល ឬក៏​បំផ្លាញ​នូវ​ទិន្នន័យ​របស់​យើង»។

កាលពី​ចុង​ឆ្នាំ​២០១៧ កន្លងទៅ ក្រុមហ៊ុន​សន្តិសុខ​ព័ត៌មានវិទ្យា វ៉ូឡិចស៊ីធី (Volexity) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ធ្លាប់​រាយការណ៍​ថា ក្រុម​ចោរ​ព័ត៌មានវិទ្យា​ឈ្មោះ ផ្កាឈូក​សមុទ្រ អូស៊ីនឡូថិស (OceanLotus) ឬ​ហៅថា APT32 នេះ ដែល​គេ​ជឿជាក់​ថា មាន​ប្រភព​មកពី​ប្រទេស​វៀតណាម កំពុង​បើក​យុទ្ធនាការ​តាមដាន​ឈ្លប​មើល និង​វាយប្រហារ​លុកលុយ​តាម​បណ្ដាញ​ព័ត៌មានវិទ្យា សំដៅ​ជាពិសេស​លើ​ប្រទេស​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រុម​អង្គការ​សិទ្ធិមនុស្ស និង​សង្គម​ស៊ីវិល ក្នុង​សហគមន៍​អាស៊ាន។

ក្រុមហ៊ុន​អាមេរិកាំង​ដដែល​នេះ លាតត្រដាង​ថា ការ​បើក​ការវាយប្រហារ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ពី​សំណាក់​ក្រុម​ចោរ​ព័ត៌មានវិទ្យា OceanLotus ឬ​ហៅថា APT32 នេះ ធ្វើឡើង​តាមរយៈ​គេហទំព័រ (Website) យុទ្ធសាស្ត្រ​មួយ​ចំនួន ដែល​ក្រុម​នេះ​លួច​ចូល​ទៅ​គ្រប់គ្រង​បាន ដោយ​ប្រើ​នូវ​វិធីសាស្ត្រ បច្ចេកទេស និង​ទម្រង់​វាយប្រហារ ប្រកបដោយ​ភាព​ស្មុគស្មាញ។ ក្រុម​ចោរ​ព័ត៌មានវិទ្យា OceanLotus ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​វៀតណាម​នេះ បាន​បើក​ប្រតិបត្តិការ​ដោយ​ជោគជ័យ ដោយ​ពុំ​មាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន និង​រដ្ឋាភិបាល ទៅលើ​គេហទំព័រ​ល្បីឈ្មោះ​ជាច្រើន ក្នុង​តំបន់​អាស៊ាន​នេះ ចាប់​តាំងពី​ឆ្នាំ​២០១៦ មក​ម្ល៉េះ៕

Leave a comment