គសជស្នើឲ្យជប៉ុនផ្តាច់ជំនួយ គជប និង សហគមន៍អន្តរជាតិកុំទទួលស្គាល់ការបោះឆ្នោតខាងមុខ

គណបក្ស​សង្គ្រោះជាតិ ស្នើ​ឱ្យ​ប្រទេស​ជប៉ុន​ផ្ដាច់​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និង​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ កុំ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ជាតិ នា​ថ្ងៃទី២៩ ខែ កក្កដា ខាង​មុខ​នេះ ដោយសារ​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ក្នុង​ការ​បោះឆ្នោត ។

ក្រៅ​ពី​ស្នើ​ឱ្យ​ប្រទេស​ជប៉ុន​ផ្ដាច់​ជំនួយ​ និង​អំពាវនាវ ឱ្យ​សហគមន៍​អន្តរជាតិ កុំ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នោះ គណបក្ស​សង្គ្រោះជាតិ ដែល​មាន​អាសនៈ​ស្រប​ច្បាប់​ក្នុង​រដ្ឋសភា ​និង​មាន​ប្រជាពលរដ្ឋ​គាំទ្រ​ជាង ៣​លាន​នាក់ ក៏​បាន​អំពាវនាវ ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​ កុំ​ចូលរួម​ការបោះឆ្នោត។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍ នៅ​ថ្ងៃទី១៤ ខែ​ឧសភា ចេញ​តែ​ប៉ុន្មាន​ម៉ោង ក្រោយ​ថ្ងៃ​ផុត​កំណត់​ នៃ​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរ​ឈ្មោះ សម្រាប់​ការ​បោះឆ្នោត​ជាតិ គណបក្ស​សង្គ្រោះជាតិ ចាត់​ទុក​ការ​មិន​ទៅ​បោះឆ្នោត គឺ​មាន​ន័យ​ថា គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ចិត្ត។

នេះ​ជា​លើក​ទី​មួយ​ហើយ តាំង​តែ​ពី​ក្រោយ​ការ​រម្លាយ​គណបក្ស​ប្រឆាំង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដែល​គណបក្ស​សង្គ្រោះជាតិ ចេញ​សេចក្ដីថ្លែងការណ៍​ជា​ផ្លូវការ បញ្ជាក់​ជំហរ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​ទៅ​ចូលរួម​បោះឆ្នោត។ កន្លង​មក មាន​តែ​ប្រធាន​ចលនា​សង្គ្រោះជាតិ គឺ​លោក សម រង្ស៊ី ប៉ុណ្ណោះ ដែល​ប្រកាស​ជំហរ​បែប​នេះ​ជា​ញឹកញាប់។

ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ សម្រាប់​ចូលរួម​ប្រកួត​ប្រជែង ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ត្រូវ​បាន​បិទ​បញ្ចប់​​​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា នេះ វេលា​ម៉ោង​ ៥:៣០ ល្ងាច បន្ទាប់​ពី​បាន​បើក​ទទួល​ពាក្យ​អស់​រយៈពេល ១៥ថ្ងៃ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា រួច​មក។

អ្នកនាំពាក្យ​គ.ជ.ប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​គណបក្ស​ចំនួន ២០ បាន​ចុះ​បញ្ជី​រួចរាល់ ប៉ុន្តែ​មាន​តែ​គណបក្ស​ចំនួន ៤ប៉ុណ្ណោះ ដែល​គ.ជ.ប បាន​ទទួល ស្គាល់​ជា​ផ្លូវការ។ ចំណែកគណបក្សចំនួន ១៦ ទៀត កំពុងតែពិនិត្យឯកសារ។ លោកបន្តថា គ.ជ.ប បាន​សម្រេច ទុក​ពេល​៥ថ្ងៃទៀត សម្រាប់​គណបក្សទាំង ១៦ បំពេញ​បែបបទ​បន្ថែម៖ «ថ្ងៃនេះ គឺ​ជា​ថ្ងៃ​បិទ​បញ្ចប់។ ប៉ុន្តែ គណបក្ស​ដែល​បាន​មក​ចុះ​ហើយ បើសិនជា​ខ្វះ​ឯកសារ​អី គឺ​មាន​រយៈពេល​ ៥ថ្ងៃ ដែល​តាម​នីតិវិធី គឺ​ខាង​គាត់​ត្រូវ​យក​មក​បំពេញ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ។ បើ​ ៥ថ្ងៃនេះ គាត់​បំពេញ​អត់​បាន នោះ​គ.ជ.ប​នឹង​ចេញ​លិខិត​បដិសេធ»។

អ្នកនាំពាក្យ​មួយ​រូប​ទៀត របស់​គ.ជ.ប​ដែរ គឺ​លោក ឌឹម សុវណ្ណារុំ បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី១៤ ខែ ឧសភា ដោយ​បញ្ជាក់​ថា គណបក្ស​ដែល​បាន​បំពេញ​ត្រឹមត្រូវ​តាម​តម្រូវការ​របស់​គ.ជ.ប​ទើប​គ.ជ.ប​ទទួល​ស្គាល់​ជា​ផ្លូវការ៖ «មាន​ន័យ​ថា​ម៉េច​ទទួល​ស្គាល់​ជា​ផ្លូវការ។ មាន​ន័យថា គណបក្ស​ទាំងនោះ​បាន​បំពេញ​បែបបទ​ត្រឹមត្រូវ។ ឯកសារ​ទាំងអស់​ដែល​គាត់​ដាក់​មកត្រឹមត្រូវ។ ក្រុម​បច្ចេកទេស​ពិនិត្យ​មើល គ្រប់គ្រាន់។ ក្រុម​បច្ចេកទេស ក៏បាន​ពិនិត្យ​មើល​ ឱ្យ​មានការ​កែតម្រូវ​ផង​ដែរ ប្រសិនបើ​មានការ​ខ្វះខាត។ ដូច្នេះ គណបក្ស​ទាំងនេះ បាន​បំពេញ​លក្ខខណ្ឌ​ទាំង១០ រួច​រាល់​អស់​ហើយ។ (គ.ជ.ប) បាន​ទទួល​ស្គាល់​ចុះបញ្ជី​គណបក្ស​ទាំងបួន​នេះ ជា​ផ្លូវការ។ ដូច្នេះ គណបក្ស​នយោបាយ​ទាំងនេះ នឹង​ត្រៀម​ទៅ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជាតិ នា​ពេល​ខាងមុខ»។

គណបក្ស​៤ ដែល​ត្រូវ​បាន​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ ដោយ​គ.ជ.ប ក្នុង​នោះ​រួមមាន​ គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គណបក្ស​យុវជន​កម្ពុជា​ គណបក្ស​សញ្ជាតិ​កម្ពុជា​ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុនឆៃ ដែល​ទើប​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ប៉ុន្មាន​ថ្ងៃ ​កន្លង​ទៅ​នេះ។

គណបក្ស​នយោបាយ ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ រហូត​មក​ដល់​ពេល​នេះ មាន​ចំនួន ៤១​ ប៉ុន្តែ​មិន​បាន​ចុះ​បញ្ជី​នៅ​គ.ជ.ប ទាំងអស់​នោះ​ទេ។ ក្នុង​ចំណោម​គណបក្ស​នយោបាយ ទាំង ៤១ នេះ គឺ​គ្មាន​​ឈ្មោះ​គណបក្ស​សង្គ្រោះជាតិ​ទេ ដោយសារ​តែ​របប​លោក ហ៊ុន សែន បាន​រម្លាយ​គណបក្ស​នេះ​ចោល កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លង​ទៅ​នេះ និង​បាន​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ចំពោះ​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ទាំង ៥៥រូប និង​មន្ត្រី​ជាន់ខ្ពស់ ដែល​ជា​ក្បាល​ម៉ាស៊ីន​​បក្ស​ប្រឆាំង​នេះ​សរុប ១១៨រូប​ឯណោះ។

លោក ហង្ស ពុទ្ធា បញ្ជាក់​ថា សម្រាប់​គណបក្ស​ផ្សេង​ទៀត ដែល​មិន​បាន​ចុះបញ្ជី តាម ការ​កំណត់​របស់ គ.ជ.ប គឺ​មិន​មាន​ឱកាស​បាន​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា នោះ​ឡើយ។

ការ​បាត់បង់​ឱកាស ដោយសារ​តែ​ការ​មិន​ព្រម​​ផ្ដល់​នីតិសម្បទា​ឱ្យ​គណបក្ស​សង្គ្រោះជាតិ និង​មន្ត្រី​គណបក្ស​នេះ អាច​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​ឡើង​វិញ ដើម្បី​អាច​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត ទៅ​ខាង​មុខ ដូច្នេះ​គណបក្ស​សង្គ្រោះជាតិ បាន​ថ្កោលទោស​របប​លោក ហ៊ុន សែន និង​គ.ជ.ប ព្រោះ​បាន​ដក​ជម្រើស​របស់​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ឆ្នោត និង​បង្ហាញ​ច្បាស់​ថា ការ​បោះឆ្នោត​ជាតិ នៅ​ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨ នោះ គឺ​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ មិន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជា​ការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ក្រៅ​ពី​គណបក្ស​សង្គ្រោះជាតិ មាន​គណបក្ស​នយោបាយ​ចំនួន ៥​ផ្សេងទៀត បាន​ប្រកាស​ធ្វើ​ពហិការ ចូលរួម​ការ​បោះឆ្នោត​ខាង​មុខ​នេះ​ទេ។ គណបក្ស​ដែល​ប្រកាស​មិន​ចូលរួម​ ការ​បោះឆ្នោត​ទាំងនោះ​ រួមមាន គណបក្ស​អំណាចខ្មែរ គណបក្ស​ភ្លើង​ទៀន (ដែល​កើត​ចេញពី​គណបក្ស​ សម រង្ស៊ី) គណបក្ស​មហាសាមគ្គី​ជាតិ​ខ្មែរ គណបក្ស​សិទ្ធិមនុស្ស (របស់​លោក កឹម សុខា កាល​ពី​មុន) និង​គណបក្ស​ជាតិនិយម។ មូលហេតុ​នៃ​ការ​ប្រកាស​ធ្វើ​ពហិការ​នេះ រួមមាន ការ​ចោទប្រកាន់​ថា គ.ជ.ប មិន​ឯករាជ្យ ហើយ ធ្វើ​ការ​មិន​បាន​ល្អ និង​ស្ថានភាព​នយោបាយ​ច្របូកច្របល់ គ្មាន​ការ​ដោះស្រាយ ឬ​បើ​ចូលរួម​បោះឆ្នោត គឺ​គ្រាន់តែ​មក​លម្អ​ឆាកល្ខោន ឱ្យ​របប​ផ្ដាច់ការ​រៀបចំ​ការ​បោះឆ្នោត​ក្លែងក្លាយ ដើម្បី​បន្ត​កាន់​អំណាច របស់​ខ្លួន​តែ​ប៉ុណ្ណោះ​ជាដើម។

ទោះ​បី​ជា​កាលបរិច្ឆេទ​ឈប់​ចុះ​បញ្ជី​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត បាន​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​ទី១៤ ខែ​ឧសភា ទៅ​ហើយ​ក្តី សង្គម​ស៊ីវិល​នៅ​តែ​អំពាវនាវ​ឱ្យ​គ.ជ.ប និង​របប​លោក ហ៊ុន សែន បើក​ផ្លូវ​ឱ្យ​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ការ​បោះឆ្នោត ព្រោះ​បើ​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​នេះ លទ្ធផល​ឆ្នោត​នឹង​គ្មាន​ការ ទទួលស្គាល់​ជា​ផ្លូវការ​ឡើយ ទោះ​បី​ជា​មាន​គណបក្ស​នយោបាយ​តូចៗ​ចូលរួម ច្រើន​យ៉ាង​ក្តី។

មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ ខុមហ្រែល (COMFREL) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា ការ​ទុក​ពេល ៥​ថ្ងៃ​សម្រាប់​គណបក្ស ដែល​បាន​ចុះ​(បញ្ជី) តែ​មិន​ទាន់​បំពេញ​ឯកសារ​គ្រប់គ្រាន់​នេះ គឺ​មិនមែន​ជា​រឿង​ថ្មី និង​គ្មាន​បញ្ហា​ឡើយ ប៉ុន្តែ​លោក​សម្គាល់​ឃើញ​ថា គណបក្ស​ដែល​បាន​ចុះ​បញ្ជី​ទាំងនេះ មិន​មាន​កម្លាំង ស្មើ​ជាមួយ​គណបក្ស​កាន់​អំណាច​នោះ​ឡើយ៖ «យើង​មិន​ធ្វើការ​វាយ​តម្លៃ និង​សន្និដ្ឋាន​បន្ត​ទៀត​ទេ គ្រាន់តែ​ឱ្យ​តម្លៃ​ការ​សន្និដ្ឋាន​មួយ ត្រង់​ចំណុច​ថា គណបក្ស​ដែល​ធ្វើការ​ប្រកួត​ប្រជែង​ ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ​នេះ មក​ត្រឹម​ថ្ងៃ​ដែល​បាន​ប្រកាស​នេះ គឺ​ថា​គ្មាន​គណបក្ស​ណាមួយ​ ដែល​មាន​កម្លាំង​អាច​ប្រកួត​ប្រជែង​ស្មើ​នឹង​គណបក្ស​កាន់​អំណាច​ទេ។ នេះ​គឺ​អ្វី​ដែល​យើង​មើល​ឃើញ»។

អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ថ្លែង​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​ គ.ជ.ប គួរ​តែ​ធ្វើ​អ្វី ដែល​ខ្លួន​អាច​ធ្វើ​ទៅ​បាន ដើម្បី​អនុញ្ញាត​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ អាច​ចូលរួម​ប្រកួតប្រជែង​ ក្នុង​ការ​បោះឆ្នោត ព្រោះ​ពលរដ្ឋ​មាន​សិទ្ធិ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ និង​សិទ្ធិ​សម្រេច​ជ្រើសរើស​មេដឹកនាំ ទៅ​តាម​ការ​ពេញចិត្ត​របស់​ខ្លួន។

សហគមន៍​អន្តរជាតិ រួមមាន​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ផង សុទ្ធតែ​បាន​ព្រមាន​របប​លោក ហ៊ុន សែន រួច​ទៅ​ហើយ​ថា នឹង​មិន​ទទួល​ស្គាល់​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​នេះ​ទេ បើ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ការ​បោះឆ្នោត​ខាងមុខ​នេះ៕ អាស៊ីសេរី

Leave a comment