ក្រុមហ៊ុនយួនគ្រោងមកដាំបន្លែផ្លែឈើឲ្យខ្មែរបរិភោគដល់ផ្ទះ មិនបាច់នាំបន្លែផ្លែឈើចូល នាំតែខាតថ្លៃដឹកជញ្ជូន

គម្រោង​វិនិយោគ​របស់​វៀតណាម លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ដោយ​ដាំ​បន្លែ និង​ផ្លែ​ឈើ​សម្រាប់​ផ្គត់​ផ្គង់​ក្នុង​ស្រុក​និង​ការ​នាំ​ចេញ បង្កើន​ឲ្យ​មាន​ក្តី​បារម្ភ។ ក្តី​បារម្ភ​ដោយ​សារ​តែ​ប្រទេស​វៀតណាម​ ត្រូវ​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ដែល​សហភាព​អឺរ៉ុប ព្រមាន​ថា​ជា​ប្រទេស​ផលិត​កសិកម្ម​ដែល​ប្រើ​ប្រាស់​ថ្នាំ​គីមី​នាំ​ឲ្យ​ខូច​ដល់​សុខភាព​អ្នក​ប្រើ​ប្រាស់។ នេះ​បើ​តាម​អ្នក​ជំនាញ​កសិកម្ម និង​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​កម្ពុជា។

loading...

ក្តី​បារម្ភ​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​វៀតណាម គឺ​ក្រុមហ៊ុន FLC Group ចង់​បោះ​ទុន​ទឹក​ប្រាក់​ប្រមាណ​១​​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៩ ដោយ​វិនិយោគ​លើ​ការ​ដាំ​ដុះ​បន្លែ និង​ផ្លែ​ឈើ​សម្រាប់​នាំ​ចេញ និង​ការ​ផ្គត់​ផ្គង់​ទេសចរ​ក្នុង​ប្រទេស​កម្ពុជា។

គម្រោង​វិនិយោគ​នេះ ត្រូវ​បាន​បង្ហាញ​ឡើង​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨ ក្នុង​ជំនួប​រវាង លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា និង​គណៈប្រតិភូ ក្រុមហ៊ុន​វៀតណាម FLC Group ។

loading...

បើ​តាម​សំដី​លោក​រដ្ឋមន្ត្រី​កសិកម្ម ដែល​ត្រូវ​សារព័ត៌មាន​មួយ​ចំនួន​ដក​ស្រង់​យក​មក​ចុះ​ផ្សាយ​បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​ចង់​បោះ​ទុន​វិនិយោគ​លើ​ការ​ដាំ​ដុះ​បន្លែ ម្ទេស និង​ផ្លែ​ឈើ​មួយ​ចំនួន សម្រាប់​ធ្វើ​ការ​នាំ​ចេញ និង​ការ​ផ្គត់​ផ្គង់​ទេសចរ​ក្នុង​ស្រុក វៀតណាម​ក៏​ចង់​ធ្វើ​ការ​កែ​ឆ្នៃ និង​វេច​ខ្ចប់ ផលិត​ផល​កសិកម្ម នៅ​កម្ពុជា​ក្នុង​គោល​បំណង​នាំ​ចេញ​ដែរ។

លោក សម វិទូ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (សេដាក) យល់​ថា កម្ពុជា​មិន​ចាំ​បាច់​ឲ្យ​មាន​ការ​វិនិយោគ​បរទេស​លើ​ការ​ដាំ​បន្លែ និង​ផ្លែ​ឈើ​នោះ​ទេ។ ប៉ុន្តែ​រដ្ឋ​ត្រូវ​បង្រៀន​បច្ចេកទេស​កសិកម្ម​ដល់​កសិករ​របស់​ខ្លួន។ លោក​ថា​បើ​ឲ្យ​បរទេស​មក​ធ្វើ​កសិកម្ម​នៅ​កម្ពុជា​ នោះ​វា​ប៉ះ​ពាល់​ដល់​មុខ​របរ និង​ការងារ​របស់​ពលរដ្ឋ​ខ្មែរ ហើយ​ផលិត​ផល​ទាំង​នោះ អាច​ប្រើ​ប្រាស់​គីមី​ច្រើន នាំ​ឲ្យ​ខូច​ឈ្មោះ​ផលិត​ផល​ខ្មែរ។

ចំណែក លោក សន ជ័យ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម បារម្ភ​ថា ក្រោយ​ពី​ជួល​ដី​ខ្មែរ​ធ្វើ​កសិកម្ម​ហើយ ដី​នោះ​អាច​នឹង​ខូច​គុណភាព​ដោយ​សារ​តែ​ការ​ប្រើ​ប្រាស់​ថ្នាំ​គីមី​នៅ​ពេល​វៀតណាម​ដាំ​បន្លែ។ ម្យ៉ាង​ទៀត ការ​ដែល​វៀតណាម​ចង់​ចេញ​មុខ​ជា​អ្នក​វេច​ខ្ចប់​ផលិត​ផល​កសិកម្ម របស់​ខ្មែរ​អាច​ធ្វើ​ឲ្យ​ខូច​មុខ​មាត់​ផលិត​ផល​កម្ពុជា​លើ​ទី​ផ្សារ​អន្តរជាតិ ខណៈ​ប្រទេស​វៀតណាម​ ត្រូវ​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ដែល​សហភាព​អឺរ៉ុប ព្រមាន​ថា​ជា​ប្រទេស​ផលិត​កសិផល​ដែល​ប្រើ​ប្រាស់​ថ្នាំ​គីមី​នាំ​ឲ្យ​ខូច​ដល់​សុខភាព​អ្នក​ប្រើ​ប្រាស់។

ទោះ​យ៉ាង​ណា ក្រសួង​កសិកម្ម នៅ​មិន​ទាន់​បញ្ជាក់​ថា ក្រុមហ៊ុន​វិនិយោគ​ដាំ​បន្លែ​របស់​វៀតណាម នឹង​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​បច្ចេកទេស ស្តីពី​ការ​ប្រើ​ប្រាស់​ថ្នាំ​គីមី​យ៉ាង​ណា​នៅ​ឡើយ​ទេ ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន​ដី និង​ខូច​សុខភាព​អ្នក​ប្រើ​ប្រាស់។

បើ​តាម លោក ទី សុគន្ធ រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​នេះ​ថា ​ការ​ដាំ​ដុះ​ផលិត​បន្លែ ផ្លែ​ឈើ​នៅ​កម្ពុជា​ទើប​តែ​បាន​ចំនួន​៥០​% ប៉ុណ្ណោះ ហើយ​នាំ​ចូល​ពី​ប្រទេស​ក្រៅ ៥០​% ដើម្បី​បំពេញ​តម្រូវ​ការ​លើ​ទីផ្សារ​។

​តួ​លេខ​ក្រសួង​កសិកម្ម​ដដែល បង្ហាញ​ថា​ប្រទេស​កម្ពុជា​បាន​ចំណាយ​លើ​ការ នាំ​ចូល​បន្លែ​ពី​ក្រៅ​ប្រទេស​ប្រមាណ ២០០​លាន​ដុល្លារ ក្នុង​១​ឆ្នាំៗ​ក្នុង​នោះ កម្ពុជា​បាន​នាំ​ចូល​បន្លែ​គិត​ជា​បរិមាណ ចំនួន​ជាង​១៤​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ​ ហើយ​បរិមាណ​នេះ គឺ​ស្មើ​នឹង​ជាង​ពាក់​កណ្តាល នៃ​បរិមាណ​តម្រូវ​ការ​បន្លែ​សរុប​នៅ​ក្នុង​ប្រទេស៕ បារាំង

loading...

Leave a comment