សង្រ្គាមវោហារ ៖ លោក ហ៊ុន កុសល បបួលលោក ខឹម វាសនា ឡើងវេទិកាសាធារណៈដេញដោលបញ្ហាសារពើក្នុងសង្គម

លោក ខឹម វាសនា ដែលគេស្គាល់ថាជាប្រធានបក្សជួង ហើយតែងតែវាយប្រហារភាគីប្រឆាំង និង អ្នកបួសក្នុងព្រះ​ពុទ្ធសាសនាដែលគ្មានអំណាចនោះ ឥឡូវនេះ បានពើបប្រទះនឹងគូតស៊ូសម័យថ្មីម្នាក់ គឺ លោក ហ៊ុន កុសល ជាអតីត​បព្វជិតក្នុងព្រះពុទ្ធសាសនា និង អ្នកតាមដាននយោបាយរបស់លោក ខឹម វាសនា មកយ៉ាងយូរអង្វែង ។

loading...

លោក ហ៊ុន កុសល បានបបួល លោក ខឹម វាសនា ឡើងតុមូល ឬ វេទិកាសាធារណៈ ដើម្បីដេញដោលបញ្ហាផ្សេង ៗ ដែលលោក តែងតែលើកឡើងវាយប្រហារភាគីប្រឆាំង និង អ្នកបួសក្នុងព្រះពុទ្ធសាសនានោះ ។

តាមពត៌មានផ្ទៃក្នុងឲ្យដឹងថា លោក ខឹម វាសនា ជាក្មួយរបស់លោក ចៀម​ យៀប ដែលណែនាំឲ្យលោក ខឹម វាសនា បង្កើតគណបក្សជួង បន្ទាប់ពីរូបលោក ត្រូវបានបណ្តេញចេញពីគណបក្សសមរង្សី ព្រោះលោក ខឹម វាសនា ចូលរួមលើក​ដៃគាំទ្រសន្ធិសញ្ញា​បំពេញបន្ថែម ឆ្នាំ ២០០៥ ដែលជាសន្ធិសញ្ញាផ្ទុយនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។

loading...

លោក ខឹម វាសនា មិនធ្លាប់បួសរៀនក្នុងព្រះពុទ្ធសាសនាទេ ប៉ុន្តែបានអានសៀវភៅរបស់ព្រះតេជគុណ ខៀវ ជុំ ដែលព្រះអង្គតែងលើកឡើងពីបញ្ហាសង្គមអសកម្មមួយចំនួន ហើយចុងក្រោយ លោក ខឹម វាសនា បានប្រកាស​ដោយខ្លួនឯងថា​ជាបុគ្គលឥតសាសនា ។

ការតាំងខ្លួនឯងជាមនុស្សឥតសាសនាហើយវាយប្រហារសាសនាដែលអ្នកដទៃគោរពបូជា ចាត់ជាកំហុសមួយ គឺ បំពានសិទ្ធិសេរីភាពនៃជំនឿសាសនារបស់អ្នកដទៃ ។

ព្រោះតែអំណួត និង អំណាងខ្នង លោក ខឹម វាសនា បានបំពារបំពានស្ថាប័នទាំង ៣ គឺ ជាតិ សាសនា និង ព្រះមហាក្សត្រ ទោះជាយ៉ាងនេះក៏ដោយ លោក ខឹម វាសនា នៅតែជាមនុស្សគ្មានទោស ។

ព្រោះហេតុនោះ លោក ខឹម វាសនា ទើបពើបប្រទះនឹងការប្រឆាំងជំទាស់ជាច្រើន ដែលជាដើមចមនៃ​ការបបួលឡើង​តុមូលនោះឯង ។

ហើយខាងក្រោមនេះជាសម្តីរបស់លោក ហ៊ុន កុសល ទាំងស្រុង ដែលបបួល លោក ខឹម វាសនា ឡើងតុមូល ៖

ខ្ញុំមានចិត្តបបួល ខឹម វាសនា ឡើងវេទិកាសាធារណៈ ដែលមានក្រឹត្យក្រមត្រឹមត្រូវ, មានទីកន្លែងត្រឹមត្រូវ អាចជា​សាលប្រជុំ​ណាមួយ និងមានអ្នកសម្របសម្រួលមានចំណេះដឹងត្រឹមត្រូវ និងគ្មានលម្អៀងទៅរកខាងណា។ ការចំណាយនានា ត្រូវចូលរួមស្មើភាពគ្នា។

នេះជាគម្រោងពិត ខ្ញុំនឹងប្រកាសស្នើទៅ លោក ខឹម វាសនា ជាផ្លូវការណ៍ តាមរយៈផេករបស់ខ្ញុំ។
សូមជម្រាបថា ជជែកដេញដោល លើវេទិកាសាធារណៈ ជាកិច្ចការថ្លៃថ្នូរមួយ, មិនមែនជារឿងចាញ់ឈ្នះរឿងបុគ្គល តែជាការប្រជែងគ្នាផ្នែកទស្សនៈ ដើម្បីស្វែងរកទស្សនៈដែលត្រឹមត្រូវ បង្ហាញសាធារណៈជន។

ដូចដែលខ្ញុំធ្លាប់បានប្រកាសជម្រាបជូនដល់ប្រិយមិត្តហ្វេសប៊ុក និងបងប្អូនអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ កាលពីទី៣០ ខែមេសា ឆ្នាំ២០១៨ នៅលើហ្វេសប៊ុកផ្ទាល់របស់ខ្ញុំថា ខ្ញុំនឹងធ្វើលិខិតអញ្ជើញ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឡើងលើវេទិការសាធារណៈ ជជែកតទល់គ្នា ដូច្នេះដើម្បីគោរពនូវពាក្យសំដី ខ្ញុំបានដាក់លិខិតអញ្ជើញ លោក ខឹម វាសនា នៅទីស្នាក់ការកណ្តាលគណបក្សនេះរួចហើយ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។ ខ្ញុំបាទ, កំពុងរង់ចាំការឆ្លើយតបពី លោក ខឹម វាសនា។ ខ្ញុំបាទ ហ៊ុន កុសល ត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើតការជជែកតទល់នេះ ជាមួយ លោក ខឹម វាសនា។

ការអញ្ជើញនោះ មានសេចក្តីដូចខាងក្រោម៖

ហ៊ុន កុសល បេក្ខភាពអ្នកនយោបាយខ្មែរ

រាជធានីភ្នំពេញ, ថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២

សូមគោរពអញ្ជើញ លោក ខឹម វាសនា ប្រធានគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)

កម្មវត្ថុ៖ “ចូលរួមវេទិកាជជែកវែកញែកទ្វេភាគីតទល់មុខគ្នាដោយមេត្រីភាព”

លោក ខឹម វាសនា ជាទីរាប់អាន!

ក្នុងនាមយើងជាខ្មែរមានសន្ដានជាអ្នកប្រកបដោយភាតរធម៌ និងសច្ចធម៌ស្មើមុខគ្នាចំពោះអភិស្ដម្ភ នៃជាតិមាតុភូមិ សាសនា និងព្រះមហាក្សត្រ និងជាអ្នកស្រឡាញ់ការជជែកវែកញែកប្រកបដោយខ្លឹមសារ និងហេតុផលត្រឹមត្រូវជា​សាកលដើម្បីបម្រើដល់សុខុមាលភាពផ្លូវចិត្ត និងការគិតពិចារណារបស់មហាជនខ្មែរទូទាំងនគរ, ខ្ញុំ ពិតជាមានចិត្តស្ញប់​ស្ញែង​ចំពោះភាពល្បីល្បាញ និងវោហារកោសល្យរបស់លោកប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យយ៉ាងខ្លាំង។

ឆ្លៀតនៅក្នុងឱកាសនេះ ខ្ញុំ សូមជម្រាប លោកប្រធានបក្ស (LDP) ថា មានសាធារណៈមតិរបស់ជាតិខ្មែរជាច្រើន បានចាត់ទុកលោកប្រមុខ ជាជនអន្ធពាល, ជាជនអន្យតិរ្ថិយ, ជាមនុស្សបែកកម្មដ្ឋាន, ជាមនុស្សខុសខ្នាត, ជាជនប្រមាថពូជសាសន៍ឯង, ជាជនកំសាកមិនហ៊ានប្រឈមតទល់ជាមួយដៃគូប្រកួតជាដើម។

ប៉ុន្តែសម្រាប់ ខ្ញុំ យល់ថា លោកប្រធានបក្ស (LDP) ជាមនុស្សអស្ចារ្យម្នាក់ មានសមត្ថភាពអាចអន្ទង​ព្រលឹងជាតិសាសន៍​ខ្មែររាប់ម៉ឺននាក់ ឱ្យដើរតាមលោកបាន។ ដូច្នេះ ដើម្បីឱ្យមហាជនខ្មែរ នៅទូទាំងប្រទេស ឈប់មានការយល់ច្រឡំ និងជ្រាបច្បាស់អំពីទេពកោសល្យពិសេសរបស់លោកប្រធានបន្ថែមទៀត,

ខ្ញុំបាទ ហ៊ុន កុសល ជាតំណាងយុវជនមួយចំនួនដែលមានសេចក្តីប្រាថ្នាចង់តទល់លើវេទិកាសាធារណៈជាមួយ លោក​ប្រធានបក្ស, សូមធ្វើការគោរពអញ្ជើញលោកពីចម្ងាយ ដើម្បីចូលរួមវេទិកាជជែកវែកញែកតទល់​មុខគ្នាទ្វេភាគី​ជាសាធារណៈដោយមេត្រីភាព ជាមួយខ្ញុំបាទផ្ទាល់ ក្រោមប្រធានបទជាក់លាក់មួយ ដែលប្រធានបទ កាលបរិច្ឆេទ ទីតាំង និងដំណើរការទូទៅ នឹងត្រូវព្រមព្រៀងគ្នាជាក្រោយ នៅពេលដែលលោកយល់ព្រមតាមការអញ្ជើញរបស់ខ្ញុំ៕

សូមលោកមេត្តាទទួលគារវកិច្ចដោយមេត្រីភាពអំពីខ្ញុំ!

សូមបញ្ជាក់: ក្រៅពី លោក ខឹម វាសនា គ្មានការជជែកណាមួយឡើយ ព្រោះគោលដៅខ្ញុំ គឺ ជួបជាមួយ លោក ខឹម វាសនា តែម្នាក់គត់!

-សង្ខេបប្រវត្តិរូប សរសេរដោយលោក ហ៊ុន កុសលផ្ទាល់

ខ្ញុំបាទ, ឈ្មោះ ហ៊ុន កុសល, កើតនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ១៩៨២ (ថ្ងៃទី១០ មេសានេះ ជាថ្ងៃដែលកំណត់ប្រើជាផ្លួវការ​ដោយខ្លួនឯង ដោយមិនដឹងថ្ងៃខែពិត ) នាភូមិតូច ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។

ឳពុករបស់ខ្ញុំ ឈ្មោះ ហ៊ុន ឆេង ជាកសិកររបស់នៅភូមិស្នោតូច ស្រុកដងទង់ ខេត្តកំពត់, ម្តាយរបស់ខ្ញុំ ឈ្មោះ គឹម ស៊ីថាវ លោកទទួលមរណភាព តាំងពីខ្ញុំនៅកុមារភាព។

-បច្ចុប្បន្ន ខ្ញុំបាទ រស់នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ប្រកបមុខរបរជាអ្នកធ្វើការឱ្យក្រុមហ៊ុនឯកជន ពាក់ព័ន្ធនឹងវិស័យ​ព័ត៌មាន (សូមការអនុគ្រោះដែលមិនអាចបញ្ចេញឈ្មោះស្ថាប័ន សង្ឃឹមបងប្អូនញាតិខ្មែរយល់ចំណុចនេះ)។

ខ្ញុំធ្លាប់បួសជាព្រះសង្ឃក្នុងព្រះពុទ្ធសាសនាចាប់តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៣, រយៈពេលជាង១៩ឆ្នាំ ខ្ញុំបានទទួលការអប់រំទាំងពីរផ្លូវ គឺទាំងផ្លូវលោក និងផ្លូវធម៌ ឬផ្លូវសាសនា។ ការតស៊ូរៀនសូត្រដោយសេចក្តីអត់ធ្មត់ យើងបានទទួលមេរៀនចេញសាលាផង និងមេរៀនជីវិតជាច្រើនដែរ។

ជាត្រកូលកសិករក្រីក្រ មកពីស្រុកស្រែដាច់ស្រយាល ខ្ញុំមានការយល់ដឹងយ៉ាងច្បាស់លាស់ពីជីវិតកសិករ និងតម្រូវការ​របស់អ្នកស្រែចម្ការ។ អារម្មណ៍ និងស្មារតីរបស់អ្នកស្រែចម្ការសុទ្ធតែមេរៀនដែលខ្ញុំ បានជ្រួតជ្រាប​យ៉ាងច្បាស់លាស់។ ជាពិសោធន៍, ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនកសិករ ក្រក្សត់ទាំងឡាយ ធ្វើយ៉ាងណាត្រូវជំរុញឱ្យកូនចៅរៀន​សូត្រឳ្យបាន​ច្រើន ទើបអាចផ្លាស់ប្តូរជីវិតរបស់យើងបាន ភាពក្រីក្រមិនមែនជាឧបសគ្គសម្រាប់ការរៀនសូត្រទេ ព្រោះខ្ញុំខ្លួនឯង ជាអ្នកឆ្លងកាត់រឿងនេះផ្ទាល់។ ទាំងជីវិតក្មេងវត្ត និងជីវិតជាអ្នកបួស ខ្ញុំបានឆ្លងកាត់យ៉ាងទូលំទូលាយ និងពិតប្រាកដ។

និងសូមប្រគេនយោបល់ដល់តេជគុណម្ចាស់គ្រប់ព្រះអង្គ និងផ្តាំផ្ញើដល់ក្មេងវត្តគ្រប់គ្នា កុំបោះបង់សេចក្តីសង្ឃឹម ត្រូវសម្រួចចិត្តឱ្យមុតស្រួចដើម្បីទម្លុះភាពលំបាកទាំងឡាយ សម្រាប់គោលដៅដើម្បីផ្លាស់ប្តូរដ៏សំខាន់បំផុតនោះ គឺជីវិត និងការសិក្សារៀនសូត្រ។ រឿងដ៏សំខាន់បំផុតនោះ គឺសូមកុំស្អប់ខ្ពើម និងគុំកួន ចំពោះការមើលងាយណាមួយឱ្យសោះ ព្រោះការមើលងាយនោះហើយ ទើបធ្វើឱ្យយើងមានកម្លាំងចិត្តតស៊ូយ៉ាងស្វិតស្វាញជាមួយនឹងឧបសគ្គ។

-ប្រវត្តិការសិក្សារៀនសូត្រ

២០០៤-២០០៨ ខ្ញុំបានបញ្ចប់បរិញ្ញាបត្រ ចិត្តវិទ្យា ពីសកលវិទ្យាល័យមហាចុឡាឡុងករណ៍រាជវិទ្យាល័យ ពីក្រុងបាងកក ប្រទេសថៃ។

-២០០៩-២០១៣ បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ ឬអនុបណ្ឌិត ឯកទេសរដ្ឋបាលធារណ ពីសកលវិទ្យាល័យ សយ៉ាម ក្រុងបាងកក, ប្រទេសថៃ។

ក្រៅពីនេះ ខ្ញុំបាទធ្លាប់ចូលចូលរួមកម្មអប់រំខ្លីៗ លើជំនាញនានាជាច្រើនពាក់ព័ន្ធសង្គម និងនយោបាយទាំងនៅក្នុង​ប្រទេសកម្ពុជា, ថៃ និងបណ្តាប្រទេសជឿនលឿនមួយចំនួនទៀត។

-ប្រវតិ្តការងារ

ខ្ញុំបាទ, ធ្លាប់ជាបុគ្គលិកធនាគារកម្រិតអន្តរជាតិមួយ។ នៅក្នុងវិស័យធនាគារនេះ ខ្ញុំបាទ ទទួលបន្ទុកជាមន្រ្តីផ្នែកលក់​រយៈពេលជាង១ឆ្នាំ។ ដោយនិស្ស័យពីកំណើត ខ្ញុំមិនអាចធ្វើការនៅធនាគារបាន ព្រោះការធ្វើការគ្រាន់តែដើម្បីប្រាក់ខែ ដោយគ្មានសេចក្តីស្រឡាញ់មិនមែនជាចរិតរបស់ខ្ញុំឡើយ។ ដោយសារស្រឡាញ់ និងចូលចិត្តនយោបាយ​ទើបជា​កម្លាំងជំរុញឱ្យខ្ញុំស្វែងការងារធ្វើដែលស្របនឹងស្រឡាញ់របស់ខ្លួន ក៏សម្រេចដាក់ពាក្យធ្វើការងារនៅបណ្តាញផ្សព្វផ្សាយ, តួនាទីជាផលិតករ ជាក្រុមហ៊ុនឯកជនមួយ នៅក្នុងប្រទេសរហូតមកដល់បច្ចុប្បន្ន។

-ការគាំទ្រនយោបាយ និងការវិវត្តន៍ទស្សនៈនយោបាយ

កាលនៅជាសាមណេរជំទង់, ខ្ញុំជាធ្លាប់អ្នកគាំទ្រគណបក្ស ហ្វុនស៊ិនប៉ិច (FUNCINPEC) ដោយកាលនោះមានទ្រង់​រណឬទ្ធិជា​ប្រធានគណបក្ស និងព្រះកូណានរោត្តម សីហនុ ជាព្រះបិតាស្ថាបនិកគណបក្សនេះឡើង។ ក្រោយការបណ្តេញ លោក សម រង្ស៉ី ចេញពីហ្វុនស៊ីនប៉ិច គណបក្សថ្មីមួយកើតឡើង គឺគណបក្ស សម រង្ស៊ី ចាប់តាំងពីពេលនោះមក ខ្ញុំតែងគាំទ្រ​គណបក្ស សម រង្ស៊ី។ (នៅក្នុងគ្រួសារមានតែឳពុករបស់ខ្ញុំទេ ដែលលោកគាំទ្រគណបក្សប្រជាជនកម្ពុជា ដល់បច្ចុប្បន្ន)។

រហូតដល់ឆ្នាំបង្រួបបង្រួមគ្នារវាង(អតីត)គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នៅថ្ងៃទី១៦‑១៧ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន គណបក្សទាំងពីរបានមូលមតិជាឯកច្ឆ័ន្ទក្នុងការបញ្ចូលគណបក្សទាំងពីរ ឱ្យទៅជាគណបក្សរួមតែមួយ ឈ្មោះថា គណបក្សសង្រ្គោះជាតិ។

ក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ ខ្ញុំបានចូលរួមគាំទ្រ និងដង្ហែគណបក្សក្នុងក្នុងឃោសនារកសំឡេងជាច្រើនកន្លែង នៅតាមបណ្តាខេត្តមួយចំនួន មានដូចជា ខេត្តសៀមរាប, ឧត្តរមានជ័យ, បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង និងរាជធានីភ្នំពេញ។ ប៉ុន្តែ ខ្ញុំមិនមែនជាបុគ្គលមានឈ្មោះនៅក្នុងរចនាសម្ព័ន្ធរបស់គណបក្សទេ ដោយចូលរួម​គ្រាន់តែជាអ្នកគាំទ្រដោយស្មោះចំពោះជាតិប៉ុណ្ណោះ ព្រោះចង់ឃើញមានការផ្លាស់ប្តូរ​របៀបដឹកនាំថ្មីសម្រាប់​ជាតិរបស់​យើង។

-ក្រោយបាតុកម្មឆ្នាំ ២០១៣ ទស្សននយោបាយរបស់ខ្ញុំ ចាប់ផ្តើមផ្លាស់ប្តូរ ព្រោះបាក់ទឹកចិត្ត។ ក្នុង២០១៤ បានឈប់អើពើរឿងនយោបាយទាំងស្រុង គឺបោះចោលតែម្តង ដោយខ្ញុំបង្វែការចាប់អារម្មណ៍ទៅការថតរូប​ទេសភាពលក្ខណៈកម្សាន្តវិញ និងធ្វើការនៅធនាគារហ្នឹងឯង។

ចូលដល់ចុងឆ្នាំ២០១៥ ខ្ញុំបានចាប់ផ្តើមគិតគូរ និងតាមដានរឿងនយោបាយឡើងវិញ។ ក្នុងឆ្នាំ២០១៦, ខ្ញុំបានជួបអ្នកវិភាគ​នយោបាយល្បីឈ្មោះ គឺ លោកបណ្ឌិត កែម ឡី ក្រោយជួបគាត់ខ្ញុំបានសម្រេចចិត្តដើរ និងរៀនសូត្រជាមួយគាត់​ដើម្បី​សន្សំការយល់ដឹងពីទស្សនៈសង្គម និងនយោបាយបន្ថែម ហើយខ្ញុំក៏បានចាត់ទុក​លោកបណ្ឌិត ជាមេដឹកនាំរបស់ខ្ញុំ។

ដោយសារកិត្តិយសលោកបណ្ឌិត កែម ឡី បានធ្វើឱ្យខ្ញុំបានស្គាល់ និងជួបបញ្ញវន្តខ្មែរជាច្រើន។ ការជួបជាមួយបងប្អូនញាតិខ្មែរ នៅខេត្តព្រៃវែង ជាវេទិកាចុងក្រោយ នៃជីវិតជាអ្នកវិភាគនយោបាយរបស់លោក លោក បណ្ឌិត កែម ឡី។ ល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ លោក បណ្ឌិត កែម ឡី បានប្រាប់ខ្ញុំ និងសមាជិកបណ្តាញ​អ្នកវិភាគខ្មែរ​ដទៃទៀតថា “ យប់នេះ លោកនឹងឡើងវិទ្យុអាស៊ីសេរីលើប្រធានបទ ស្តីពីរបាយការណ៍អង្គការ គ្លប់បល វិតនេស (Global Witness)។ ពួកយើងជូនពរគាត់ និងមានមតិចូលរួមជាមួយខ្លះដែរ ប៉ុន្តែពួកយើងមិនបានគិតដល់ថា លោកបណ្ឌិត នឹងត្រូវពលីកម្មនៅថ្ងៃបន្ទាប់ គឺថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ទេ។

នៅថ្ងៃនោះពួកយើង ពិតជាមិនអាចទទួលយកទេ ព្រោះពួកយើងមិនបានត្រៀមចិត្តនឹងទទួលយករឿងនេះទេ រហូតលោកបណ្ឌិតមិនអាចត្រឡប់វិញបាន ទើបពួកយើងព្រមទទួលយកនូវការពិតនេះ។

ក្រោយការស្លាប់លោកបណ្ឌិត ខ្ញុំក្លាយមនុស្សឯកោសាជាថ្មី ប៉ុន្តែខ្ញុំបានយកពេលវេលាអានសៀវភៅ និងធ្វើវិបស្សនា​កម្មដ្ឋានអប់រំចិត្តជាប្រចាំ និងការវាយតម្លៃលំហូរទឹកចិត្តអ្នកនយោបាយ និងចិត្តទឹកប្រជាជាតិយើង និងរកផ្លូវដើរ​ជាថ្មីម្តងទៀត។

-ឆ្នាំ២០១៧ ខ្ញុំបានសម្រេចបង្កើតហ្វេសប៊ុកផេកផ្ទាល់ខ្លួន ដោយឈ្មោះជាភាសាខ្មែរថា “ហ៊ុន កុសល បេក្ខភាព​អ្នកនយោបាយខ្មែរ” (Hun Kosal Cambodian Political Candidate) ដើម្បីផ្សព្វផ្សាយទស្សនៈ​នយោបាយ​កណ្តាលនិយម​ទៅកាន់បងប្អូនញាតិខ្មែរ ប៉ុន្តែសូមជម្រាបថា កណ្តាលនិយម មិនមែនជាអាជ្ញាកណ្តាលនិយមទេ គ្រាន់តែយើងផ្លាស់ប្តូរ​របៀបធ្វើ ដោយយកផ្លូវកណ្តាលជាមាគ៌ារបស់ព្រះពុទ្ធមកប្រើប្រាស់ឱ្យសមស្របទៅនឹងស្ថានភាពជាតិសាសន៍របស់យើង កំពុងបែកបាក់ផ្ទៃក្នុងជាតិយ៉ាងធ្ងន់ធ្ងរ ជាកង្វល់ដ៏ធំរបស់ជាតិខ្មែរទូទាំងប្រទេស។

ក្រៅពីនេះ ខ្ញុំក៏ជាសមាជិកស្ថាបនិកមូលនិធិ កែម ឡី មួយរូបផងដែរ។ ដោយមានលោក សៅរិ៍ កុសល ជាប្រធាន និងបណ្ឌិត សេង សារី ជាអគ្គលេខាធិការ។

-គោលទស្សនៈនយោបាយផ្ទាល់ខ្លួន ៣ដែលខ្ញុំនឹងដើរ គឺ

១-ត្រូវប្រឆាំងនឹងខ្លួនឯងកុំបណ្តោយឱ្យខ្លួនធ្លាក់ចូលទៅក្នុងអំពើទុច្ចរិតនានា

២-ត្រូវប្រឆាំងដោយសេចក្តីសន្តោស ពេលអ្នកនយោបាយដទៃធ្វើបំពានក្រឹត្យក្រមរបស់ប្រទេស យើងត្រូវប្រឆាំង អមដោយផ្តល់គំនិតល្អៗ

៣-ក្រោយអស់បុណ្យ អស់សក្តិមិនត្រូវសើចអក ពេបជ្រាយ ធ្វើទុក្ខបុកម្នេញគ្រប់រូបភាព

-ការអាន

សៀវភៅដែលខ្ញុំ ចូលចិត្តអាន គឺ សៀវភៅទស្សនវិជ្ជា, ចិត្តវិទ្យា, ប្រវត្តិសាស្រ្តនយោបាយ និងប្រវត្តិអ្នកនយោបាយ ទាំងអ្នកនយោបាយនិន្នាការប្រជាធិបតេយ្យ និងអ្នកនយោបាយនិន្នការកុម្មុយនិស្ត, សៀវភៅធម៌ព្រះពុទ្ធសាសនា និងសាសនាដទៃទៀត។

-កន្លែងកម្សាន្ត

ព្រៃភ្នំ និងសមុទ្រ ជាទីកន្លែងដែលខ្ញុំស្រឡាញ់ចូលចិត្តដើរលេងកម្សាន្ត។

-គតិប្រចាំថ្ងៃ

“ជនណាក៏ដោយ មុននឹងអ្នកធ្វើនយោបាយ អ្នកត្រូវគិតគូរ ពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋជាដំបូងសិន មុននឹងអ្នកនិយាយពីអំណាចបុណ្យសក្តិ” ។

-ខ្ញុំសូមផ្តាំផ្ញើដល់យុវជនខ្មែរទាំងអស់។ ជាតិរបស់យើងបែកបាកផ្ទៃក្នុង អ្នកដែលត្រូវចូលរួមរកគន្លឹះដើម្បីបង្កើតឯកភាព​ជាតិរបស់យើង គឺយើងទាំងអស់គ្នាជាអ្នកទទួលខុសត្រូវ គ្មានជាតិសាសន៍ដទៃណាជួយយើងទេ ដូច្នេះការរៀនសូត្រ ពង្រឹងសមត្ថភាព ពិតជាសំខាន់ចំពោះជាតិយើងខ្លាំងណាស់៕

ធ្វើនៅភ្នំពេញ, ថ្ងៃអង្គារ ០៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨។

loading...

Leave a comment