លោក ហ៊ុន សែន រំលាយគណបក្សសង្រ្គោះជាតិព្រោះខ្លាចចាញ់ឆ្នោតដូចនៅម៉ាឡេ

អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​លោក សុខ ឥសាន ប្រាប់​ទៅ​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ​ថា កុំ​ឲ្យ​យក​លទ្ធផល​បោះឆ្នោត​របស់​ប្រទេស​ម៉ាឡេស៊ី ដែល​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​នោះ​មក​ប្រៀបធៀប នឹង​ការបោះឆ្នោត​នៅ​កម្ពុជា ព្រោះ​ទិដ្ឋភាព​នយោបាយ​របស់​ប្រទេស​ទាំងពីរ​គឺ​ខុសគ្នា។ លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី​៩​ឧសភា អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​អស់សង្ឃឹម​ក្នុង​ការ​យក​ជ័យជំនះ​លើ​គណបក្ស​កាន់អំណាច ព្រោះ​សន្ទុះ​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​កំពុង​កើន​ឡើង ដូច្នោះ​គណបក្សប្រឆាំង​នៅ​កម្ពុជា នឹង​អាច​បោះឆ្នោត​ដូច​បក្ស​ប្រឆាំង​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែរ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់អំណាច​លោក សុខ ឥសាន និយាយ​ថា បក្ស​ប្រឆាំង​នៅ​ប្រទេស​កម្ពុជា​ស្លាប់​បាត់​ហើយ ដូច្នេះ​ពួកគេ​គ្មាន​លទ្ធភាព​ចូលរួម​ការប្រកួត ប្រជែង​នយោបាយ​ដូច​បក្ស​ប្រឆាំង​នៅ​ប្រទេស​ម៉ាឡេស៊ី​ឡើយ។ លោក​និយាយ​ថា លោក សម រង្ស៊ី ឲ្យ​តែ​ឃើញ​គណបក្សប្រឆាំង​ប្រទេស​ណា​ឈ្នះ​ឆ្នោត​គឺ​យក​លទ្ធផល​នោះ​មក​ប្រៀបធៀប​ជាមួយ​ប្រទេស​កម្ពុជា​ហើយ៖ «អ្នកណា​ឈ្នះ​អញ​ឈ្នះ​ដែរ មិនមែន​តាម​ពាក្យ​ថា​ទេ​ណា តាម​ការ​ខិតខំ​ធ្វើតាម​គុណសម្បត្តិ តាម​ស្នាដៃ ហី​ចុះបើ សម រង្ស៊ី ដើរ​តែ​ញុះញង់ ដើរ​អុចអាល ធ្វើ​ទៅៗ​កាន់តែ​មានគុណ​វិបត្តិ»។

កាលពី​ថ្ងៃ​ទី​៩ ឧសភា ពលរដ្ឋ​ប្រទេស​ម៉ាឡេស៊ី​បាន​បោះឆ្នោត​ទម្លាក់ គណបក្ស​កាន់អំណាច​គឺ​គណបក្សBarasan National របស់​លោក ណាជីប រ៉ូហ្សាក់ (Najib Rozak)។ លោក ណាជីប រ៉ូហ្សាក់ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​រង​ការ​ចោទ​ប្រកាន់​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​ក្រោយ​ពី​លោក​បាន​ដឹកនាំ​ប្រទេស​ពី​ឆ្នាំ​២០០៩មក។

លោក សម រង្ស៊ី លើកឡើង​នៅ​ពេល​លោក​ជួប​អ្នកគាំទ្រ​នៅ​រដ្ឋ Virginia សហរដ្ឋអាមេរិក​ថា ស្ថានភាព គណបក្សប្រឆាំង​នៅ​ម៉ាឡេស៊ី គឺ​ស្រដៀង​គ្នា​ទៅ​នឹង​គណបក្សប្រឆាំង​នៅ​កម្ពុជា​ដែរ ព្រោះ​មេ​បក្ស​ប្រឆាំង​ជាប់​ក្នុង​គុក​ដូចគ្នា ហើយ​កត្តា​នេះ​បាន​នាំ​ឲ្យ​គណបក្ស​នេះ ឈ្នះ​ឆ្នោត ព្រោះ​មាន​ការ​រួបរួមសាមគ្គី​គ្នា​រវាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ផ្សេងទៀត។ លោក សម រង្ស៊ី ស្នើ​ឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន​កុំ​បោះចោល​ការ​តស៊ូ ព្រោះ​គណបក្ស​ប្រឆាំង​អាច​នឹង​ទទួល​បាន​លទ្ធផល​ដូច​គណបក្សប្រឆាំង​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែរ៖ «យើង​ខិតខំ​តស៊ូ​យ៉ាង​ស្មោះត្រង់ ច្បាស់លាស់ ប្រជារាស្ត្រ​កាន់តែ​ច្រើន​ឡើង​នៅ​ខាងយើង​អត់​ទៅ​ណា គ្នា​យើង​ទាំងអស់​គ្នា​ច្បាស់លាស់ មិន​យូរ​មិន​ឆាប់​កម្ពុជា​នឹង​ដូច​ម៉ាឡេស៊ី​អ៊ីចឹង»។

អតីត​មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​កិច្ចការ​បោះឆ្នោត លោក យឿង សុធារ៉ា ឲ្យ​ដឹង​ថា បើ​សិន​ការបោះឆ្នោត​នៅ​ខែ​កក្កដា​ខាងមុខ មាន​គណបក្សប្រឆាំង​ចូលរួម គណបក្ស​ប្រឆាំង​នឹង​អាច​ទទួល​បាន​លទ្ធផល​ប្រហាក់ប្រហែល​នឹង​ការបោះឆ្នោត​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែរ។

ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០ ប្រទេស​ម៉ាឡេស៊ី​ជា​ប្រទេស​ទី​​៤ ដែល​មាន​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​លើ​គណបក្ស​កាន់អំណាច ហើយ​ប្រទេស​ដែល​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត គឺ​មាន​ប្រទេស​ភូមា ឥណ្ឌូណេស៊ី និង​ហ្វីលីពីន៕

ប្រភព ៖ អាស៊ីសេរី

Leave a comment