ពត៌មានក្តៅ ៗ ហុយ ៗ ស្រីស្រស់ដែលបង្ហោះវីដេអូសម្លាប់សត្វព្រៃធ្វើអាហារបានចូលសារភាពនៅរសៀលថ្ងៃនេះ

នៅ​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ស្ដ្រី​ដែល​បានសម្លាប់​សត្វព្រៃ​ជាច្រើន​ប្រភេទ យក​ធ្វើជា​ម្ហូប​ហើយ​បង្ហោះ​តាម Youtube និង​ប្តី​របស់​នាង​ដែលជា​អ្នក​ថត​នោះ បាន​ចូលមក​ក្រសួងបរិស្ថាន​ហើយ ដើម្បី​សារភាព​ទោសកំហុស ដែល​រូបគេ​បាន​ប្រព្រឹត្ត​កន្លងមក។

ការ​ចូលមក​សារភាព​ទោសកំហុស​របស់​ស្ដ្រី​រូបនេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី ក្រសួងបរិស្ថាន ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ អំពើ​ទង្វើ​របស់​ស្ដ្រី​ស្រស់​សោភា​រូបនេះ។

ស្ត្រី​រូបនេះ និង​ប្តី​របស់​នាង​បាន​សារភាពថា សត្វ​ទាំងនោះ​មិនមែន​ពួកគេ​ជា​អ្នក​សម្លាប់​ឡើយ ពោល​ទិញ​ត​ពី​គេ ហើយ​យកមក​ថត​វីដេអូ និង​រូបភាព​ដើម្បី​បង្ហោះ​តាម Youtube និង Facebook គោលបំណង​ស្វែងរក​ថវិកា​តែប៉ុណ្ណោះ។ នៅ​រសៀល​ថ្ងៃនេះ ពួកគេ​ទាំង២នាក់ បានធ្វើ​កិច្ចសន្យា​នៅ​ចំពោះមុខ​មន្ត្រី​ក្រសួងបរិស្ថាន​ពី​ទោសកំហុស​របស់​ពួកគេ ហើយនឹង​បញ្ឈប់​ទង្វើ​បែបនេះ​ទៅទៀត។

សូមបញ្ជាក់ថា ស្ត្រី​រូបនេះ បាន​បង្កើត​ទំព័រ Youtube មួយ​ឈ្មោះ «Natural Life TV» ហើយ​បានបង្ហាញ​សកម្មភាព​យក​សត្វព្រៃ​ជាច្រើន​ប្រភេទ មាន​សត្វ​ខ្លះ​ជា​ប្រភេទ​សត្វ​កម្រ​ថែមទៀត​មក​បង្ហោះ​លើ​ទំព័រ Youtube របស់​នាង។

ការ​បង្ហោះ​នេះ គឺមាន​គោលបំណង​ស្វែងរក​ការមើល​ឲ្យ​បាន​ច្រើន ដើម្បី​ទទួលបាន​ថវិកា​នៃ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នានា​តាមរយៈ​ក្រុមហ៊ុន Google៕ ព្រំ សាន

Leave a comment