កើតហេតុការណ៍បាញ់បោះផូងផាង កាំភ្លើងច្រូងច្រាង បន្សល់សំបកគ្រាប់ព្រោងព្រាតនៅខេត្តកំពត

មន្ត្រី​យោធា​មួយ​ក្រុម ដែល​ផឹកស៊ី​ស្រវឹង​ចង់​បង្ហាញ​ឥទ្ធិពល​ថា ខ្លួន​ជា​អ្នក​ខ្លាំង​បាន​ទាញ​កាំភ្លើង​វែង​-​ខ្លី បាញ់​អស់​ ៤៨ ​គ្រាប់ នៅ​ចំណុច​ដីចម្ការ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង​ខាងជើង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​អាវុធហត្ថ​ខេត្តកំពត ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ក្នុង​ចំណោម​ជិត​ ១០​ នាក់ កាលពី​ម៉ោង​ ៥​ ល្ងាច​ថ្ងៃ​ទី ​៦ ខែឧសភា ឆ្នាំ​២០១៨  នេះ ។

loading...

ប្រភពពីលោក ហែម ចាន់​ដា​រ៉ា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តកំពត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​នេះ នៅ​ចំណុច​មុខ​ហាង យីហោ​«​មី​ហឺរ ៧​ យ៉ាង​» ស្ថិត​ក្នុងភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្តកំពត ។

លោក បន្ត​ថា ជនសង្ស័យ​ដែល​កម្លាំង​របស់​លោក​ឃាត់ខ្លួន​នោះ ជា​ថៅកែ​ហាង សាខា​កំពត ​«​មី​ហឹរ​៧​ យ៉ាង» មានឈ្មោះ ឡាយ ពិ​សិទ្ធិ ហៅ​ទុំ ភេទ​ប្រុស អាយុ​ ៣៦ ​ឆ្នាំ មាន​ទីលំនៅ ភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

loading...

ប្រភពដដែល បន្ថែម​ថា ជនសង្ស័យ​ខាងលើ ជា​មុខសញ្ញា​ម្នាក់ ក្នុង​ចំណោម​មុខសញ្ញា​ប្រមាណ​ជិត​១០​នាក់ ដែល​បាន​បាញ់បោះ​សេរី​ជិត​៥០​គ្រាប់​នៅ​ស្រុក​ទឹកឈូ ខេត្តកំពត ។

ប៉ុន្តែនៅ​​ព្រឹកថ្ងៃ​ទី៧​ ឧសភានេះ ជនសង្ស័យមិន​ទាន់​បាន​សារភាព​ពី​សកម្មភាព​របស់​ខ្លួន​នោះ​ឡើយទេ ហើយ​ហាក់ដូច​ជាលាក់បាំង​នូវ​គូកន​របស់​ខ្លួន​ថែម​ទៀត​ផង ។

គួរ​រម្លឹក​ថា មានការ​ភ្ញាក់ផ្អើល​មួយ​ដល់​ប្រជាពលរដ្ឋ ខណៈ​មាន​កម្លាំងយោធា​មួយ​ក្រុម​មក​ផឹកស៊ី​ស្រវឹង បាញ់បោះ​សេរី កាលពី​ម៉ោង ៥​ និង​ ៤៥​ នាទី​ល្ងាច​ថ្ងៃ​ទី​ ៥ ខែឧសភា ឆ្នាំ​ ២០១៨ នៅ​ចំណុច​ដី​បាក់​ចំការ ឈ្មោះ មឿ​ន ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង​ខាងជើង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្តកំពត ។

ក្នុង​នោះ​ដែរ សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកឈូបាន​បញ្ជាក់​ថា មាន​កម្លាំងយោធា​មួយ​ក្រុម​ប្រមាណ​ ១០​ នាក់ មធ្យោបាយ​ធ្វើ​ដំណើរ​រថយន្ត​ធុន​តូច​ ៤ ​គ្រឿង មក​ស៊ីផឹក​នៅ​កន្លែង​កើតហេតុ ហើយ​បាន​ធ្វើ​សកម្មភាព បាញ់បោះ​អានា​ធិ​ប​តេ​យ្យ​ចំនួន ​៤៨​ គ្រាប់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ មានការ​ភ្ញាក់ផ្អើល ​។

ក្រោយ​ពី​បាញ់បោះ​រួច​ហើយ ក្រុម​យោធា​ទាំង​អស់នោះ ក៏​បាន​ចាក​ចេញពី​កន្លែង​ស៊ីផឹក​បាត់​អស់ ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ ។ រហូត​ដល់​ម៉ោង​ជិត​៧​ល្ងាច​ថ្ងៃ​ដដែល ទើប​មាន​ព័ត៌មាន​ថា ការ​បាញ់បោះ​នោះ មាន​គ្រាប់​ទៅ​ត្រូវ​ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ សំ អ៊ូញ ភេទ​ស្រី អាយុ​ ៤៨ ​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ត្រាច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត រង​របួស​បៀម​គ្រាប់​នៅ​កែងជើង​ខាងឆ្វេង ។ ភ្លាម​ៗ​នោះ កម្លាំង​នគរបាល​មូលដ្ឋាន សហការ​ជាមួយ​ក​ម្លាំ​នគរបាល​ជំនាញ​ថ្នាក់លើ ចុះ​ដល់​កន្លែង​កើតហេតុ ក៏​ប្រទះ​ឃើញ​សំបក​គ្រាប់​ដែល​បាញ់​នោះ ជាក់ស្តែង​ចំនួន​៤៨​គ្រាប់ (​ប្រភេទ​អាកា ចំនួន​១១​គ្រាប់ និង​គ្រា​ប់ឡក់ ចំនួន​៣៧​គ្រាប់​) ៕ អង្រុត

loading...

Leave a comment