ប្រធានគជប លោក ស៊ិក ប៊ុនហុក បានទៅដល់ខេត្តតាកែវដើម្បីណែនាំពលរដ្ឋឲ្យចេះបោះឆ្នោត

ក្រុមការងារ និង​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​ចាប់ផ្ដើម​យុទ្ធនាការ​ថ្ងៃ​ដំបូង​របស់​ខ្លួន​ហើយ ដោយ​នាំគ្នា​ចុះទៅ​ពន្យល់​គ្រូបង្រៀន គរុ​សិស្ស និង​ក្រុម​សិស្សានុសិស្ស ប្រមាណ​៨០០​នាក់ នៅ​សាលា​គរុកោសល្យ និង​វិក្រិតការ​ខេត្ត​តាកែវ។

loading...

គរុ​សិស្ស និង​គ្រូបង្រៀន ដែល​ចូលរួម​ស្ដាប់​ការ​បង្រៀន​នោះ ឱ្យ​ដឹង​ថា ក្រៅពី​ការ​ពន្យល់​អំពី​នីតិវិធី​បោះឆ្នោត ប្រធាន​គ.ជ.ប បាន​បកស្រាយ​ពី​អវត្តមាន​របស់​បក្ស​ប្រឆាំង ក្នុង​ការ​ចូលរួម​បោះឆ្នោត និង​បាន​ចែក​ឯកសារ​ស្ទង់​មតិ​អ្នកចូលរួម។

គ្រូបង្រៀន​នៅ​ខេត្ត​តាកែវ​ម្នាក់ ឱ្យ​ដឹង​ថា លោក ស៊ិក ប៊ុនហុក ប្រធាន​គ.ជ.ប មក​ពី​បក្ស​កាន់អំណាច បាន​ព្យាយាម​បកស្រាយ​ការពារ ដំណើរការ​បោះឆ្នោត​ដែល​គ្មាន​វត្តមាន​បក្ស​ប្រឆាំង និង​ប្រតិកម្ម​ចំពោះ​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ​មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត។

loading...

ការ​ចុះទៅ​ជួប​ពន្យល់​ពលរដ្ឋ​ម្ចាស់​ឆ្នោត ដោយ​ផ្ទាល់​ពី​ប្រធាន​គ.ជ.ប​នេះ ធ្វើឡើង​ក្រោយ​ពេល លោក សម រង្ស៊ី បាន​ទទូច​ឱ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ទូទៅ​ចែកចាយ​ខិត្តប័ណ្ណ អំពាវនាវ​ឱ្យ​អ្នកបោះឆ្នោត កុំ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទៅ​២៩ ខែ​កក្កដា ខាងមុខ ដោយ​លោក សម រង្ស៊ី ហៅ​ការរៀបចំ​ការបោះឆ្នោត ដោយ​គ្មាន​វត្តមាន​គណបក្សប្រឆាំង ជា​ការ​បោះឆ្នោត​លេងសើច ធ្វើឡើង​ដើម្បី​បង្គ្រប់​កិច្ច តាម​ការ​ចង់បាន​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

សារព័ត៌មាន​ក្នុងស្រុក​បាន​ដកស្រង់​សម្ដី អ្នកនាំពាក្យ​គ.ជ.ប លោក ហង្ស ពុទ្ធា បញ្ជាក់​ថា គ.ជ.ប នឹង​ធ្វើ​យុទ្ធនាការ​ពន្យល់​អ្នកបោះឆ្នោត​ទូទាំង​ប្រទេស ដោយ​ផ្តើម​ដំបូង​ចេញពី​ខេត្ត​តាកែវ។

ទោះ​បែបនេះ​ក្ដី សង្គម​ស៊ីវិល​ឃ្លាំមើល​ការបោះឆ្នោត និង​សមាគម​គ្រូបង្រៀន​ឯករាជ្យ​ខេត្ត​តាកែវ មើល​ឃើញ​ថា យុទ្ធនាការ​នេះ នឹង​មិន​មាន​ប្រសិទ្ធភាព​អាច​បង្វែរ​ឆន្ទៈ​របស់​អ្នកបោះឆ្នោត ឱ្យ​ងាក​មក​ចាប់អារម្មណ៍​នឹង​ការបោះឆ្នោត ដែល​គ្មាន​វត្តមាន​គណបក្សប្រឆាំង​បានទេ។ ពួកគេ យល់ថា ប្រសិនបើ​របប​ក្រុងភ្នំពេញ ព្រម​បន្ទន់​ឥរិយាបថ អនុញ្ញាត​ឱ្យ​មាន​វត្តមាន​គណបក្សប្រឆាំង​ក្នុង​ការ​ប្រកួតប្រជែង​ការបោះឆ្នោត និង​យល់ព្រម​ឱ្យ​មាន​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​បាន​ចូលរួម​ក្នុង​ដំណើរការ​បោះឆ្នោត​ដែរ ទើប​ជា​ការ​ប្រសើរ​ក្នុង​ការ​ទាក់ទាញ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត។

ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​ខេត្ត​តាកែវ លោក នី ច័ន្ទតារាវុធ សង្កេត​ឃើញ​ថា ទោះជា​គ.ជ.ប បាន​ខិតខំ​ពន្យល់ គ្រូបង្រៀន ឱ្យ​សិស្សានុសិស្ស​មួយ​ចំនួន នៅ​ខេត្ត​តាកែវ ប៉ុន្តែ​នៅតែ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​ពួកគេ​មួយ​ចំនួន បានសម្រេច​ចិត្ត​រួច​ហើយ ថា​នឹង​មិន​ទៅ​ចូលរួម​បោះឆ្នោត​ដាច់ខាត។

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស យល់​ថា យុទ្ធនាការ​ពន្យល់​អ្នក​បោះឆ្នោត​នៅ​តាម​មូលដ្ឋាន​នេះ ទោះជា ប្រធាន​គ.ជ.ប ចេញមុខ​ដោយ​ផ្ទាល់ ទៅ​ពន្យល់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​យ៉ាងណា ក៏​មិន​អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​ផ្លាស់ប្ដូរ​ចិត្ត​បាន​ដែរ។

អ្នកឃ្លាំមើល​ការបោះឆ្នោត មើល​ឃើញ​ថា ដើម្បី​អាច​ទាក់ទាញ​ពលរដ្ឋ​ឱ្យ​ចូលរួម​ការបោះឆ្នោត​បាន​ច្រើន គ.ជ.ប តែ​ម្នាក់​ឯង មិនមែន​អាច​ធ្វើ​ទៅ​រួច​ទេ លុះ​ត្រា​ណា មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​បន្ថែម​ទៀត ដូចជា គណបក្ស​នយោបាយ សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ទៀត៕ អាស៊ីសេរី

loading...

Leave a comment