បទវិភាគ ៖ មិនទៅក៏ខុស បោះទៅក៏រលាយ តើម្ចាស់ឆ្នោតគួរជ្រើសរើសយកផ្លូវណា?

ការដែលពលរដ្ឋម្ចាស់ឆ្នោតទៅបោះឆ្នោត មានន័យថា ពលរដ្ឋត្រូវការបោះឆ្នោតគាំទ្រ ឬ ផ្លាស់ប្តូរគណបក្សនយោបាយ​ណាមួយដែលពួកគេយល់ថា អាចដឹកនាំប្រទេសជំនួសបក្សដែលពួកគេមិនបោះឆ្នោតឲ្យបាន ប៉ុន្តែបើបោះឆ្នោតឲ្យ​បក្សនយោបាយ​ដែលខ្លួនពេញចិត្តហើយ បែរជាត្រូវបានរំលាយចោលដោយលេសដែលមិនអាចទទួលយកបាន តើឲ្យពលរដ្ឋម្ចាស់ឆ្នោតគួរទៅបោះឆ្នោតទៀតឬទេ?

loading...

កាលពីពេលថ្មី ៗ នេះ ទាំងលោក ហ៊ុន សែន ទាំង គជប សុទ្ធតែអះអាងថា ការដែលពលរដ្ឋមិនទៅបោះឆ្នោត​ ចាត់ជាការ​ខុសច្បាប់  ឬថា ទាល់តែបោះឆ្នោតឲ្យបក្សក្រាញអំណាចទើបត្រូវច្បាប់ឬ?

បញ្ហាច្បាប់ក្រោមរបបដឹកនាំសព្វថ្ងៃកំពុងតែបង្កអសន្តិសុខសង្គម ព្រោះតែសង្កត់សង្កិនពលរដ្ឋដោយប្រើច្បាប់ដែល​បង្កើតដោយមនុស្សមួយក្តាប់តូចក្នុងគោលបំណងដើម្បីបំរើផលប្រយោជន៍នយោបាយបក្សពួករបស់ខ្លួន មិនមែន​ជាច្បាប់ដែលអនុវត្តដោយស្មើមុខលើពលរដ្ឋទូទៅដើម្បីស្ថេរភាពសង្គមជាតិទេ ។

loading...

ការបង្កើតច្បាប់ស្រេចតែអំពើចិត្តនេះឯងជាដើមចមនៃជម្លោះផ្ទៃក្នុងជាតិដែលបង្កឡើងដោយមនុស្សមានអំណាចមួយ​ក្តាប់តូច ត្រូវការក្រាញអំណាចដើម្បីរក្សាផលប្រយោជន៍ផ្ទាល់ខ្លួនដែលខិតខំស៊ីឡឹបកិប​កេងធនធាន​សម្បត្តិជាតិ​មក​ជាច្រើនទសវត្ស  ។

ព្រោះតែពលរដ្ឋមើលឃើញការបំផ្លាញធនធានសម្បត្តិជាតិរបស់អ្នកមានអំណាចមួយក្តាប់តូចនោះ ពលរដ្ឋទើបស្រុះគ្នា​បោះឆ្នោត​គាំទ្រគណបក្សផ្សេង គឺ គណបក្សសង្រ្គោះជាតិ ដែលត្រូវការស្តារមុខមាត់ប្រទេស ដែលខ្ទេចខ្ទាំដោយរបបផ្តាច់​ការកេញប្រវញ្ចសម្បត្តិជាតិនោះ  ប៉ុន្តែដោយសារពួកអ្នកមានអំណាចទាំងនោះក្តោបក្តាប់គ្រប់ស្ថាប័នជាតិ ទើបពួកគេ​បំផ្លាញ់ឆន្ទៈ​ការផ្លាស់ប្តូររបស់ពលរដ្ឋដោយប្រើច្បាប់ ដែលហៅថា រំលាយបក្សគូប្រជែងអំណាចរដ្ឋ ដើម្បីបន្តក្រាញ​អំណាចតទៅទៀត ។

មិនទៅក៏ខុស បោះទៅក៏រលាយ តើម្ចាស់ឆ្នោតគួរជ្រើសរើសយកផ្លូវណា?

ប្រទេសជាហត្ថលេខីក្រុងប៉ារីស ២៣ តុលា ១៩៩១ ជាសាក្សី និង ជាអ្នកធានាប្រជាធិបតេយ្យដល់ប្រជាពលរដ្ឋកម្ពុជា ប្រទេសទាំងនេះកំពុងតែសំឡឹងមើលការរៀបចំការបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ២០១៨ ខាងមុខ ហើយមានប្រទេស​ជាង ៤៥  សហភាពអន្តរសភា ១៧៨ ប្រទេស និង ប្រេសិតពិសេសខាងសិទ្ធិមនុស្សប្រចាំ​កម្ពុជាសុទ្ធតែមិនទទួល​ស្គាល់​ការរំលាយគណបក្សសង្រ្គោះជាតិនោះទេ ហើយចង់ឲ្យមានវត្តមានគណបក្សសង្រ្គោះជាតិនៅក្នុងការបោះឆ្នោតខាងមុខ ។

ហេតុផលដែលប្រទេសទាំងនោះប្រកាន់ខ្ជាប់ គឺ បើគ្មានវត្តមានគណបក្សសង្រ្គោះជាតិនៅក្នុង​ការបោះឆ្នោត​ខាងមុខ​នេះទេ ពួកគេមិនទទួលស្គាល់ការបោះឆ្នោតខាងមុខនោះទេ ទាំងរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតនោះនឹង​មិនត្រូវបានទទួលស្គាល់ថា មានភាពស្របច្បាប់លើឆាកអន្តរជាតិឡើយ ហើយកម្ពុជានឹងប្រឈមមុខការបាត់បង់​អាសនៈ​នៅក្នុងអង្គការសហប្រជាជាតិ ។

បើរឿងនោះក្លាយជាការពិត ចាត់ជារឿងអាម៉ាស់បំផុតសម្រាប់ប្រទេសជាតិ ដែលមានអាយុកាលរាប់ពាន់ឆ្នាំ ហើយ​ប្រឈមមុខតែជាមួយនឹងបញ្ហាអស្ថេរភាពនយោបាយព្រោះតែពាក្យថា ឈ្នះ ៗ ទោះដោយវិធីទុច្ចរិត​យ៉ាង​ណា​ក៏ដោយ ។

ដល់ពេលវេលាហើយដែលម្ចាស់ឆ្នោតជាង ៣ លានសំឡេងត្រូវសម្រេចចិត្តឲ្យស្របតាមជំហរអន្តរជាតិ ដើម្បីឆ្លុះ​បញ្ចាំង​ភាគីប្រជាធិបតេយ្យដែលត្រូវការផ្លាស់ប្តូរដោយអហិង្សាពិត ៗ ឥតក្លែងក្លាយ ។

ជម្រើសតែ ២ ប៉ុណ្ណោះ ដែលពលរដ្ឋម្ចាស់ឆ្នោតជាងកន្លះនគរអាចធ្វើបាន គឺ

១) មិនទៅបោះឆ្នោតដើម្បីបង្រ្គប់កិច្ចល្បិចល្ខោននយោបាយលោក ហ៊ុន សែន

២) ក្នុងករណីដែលបានទៅ គឺ មិនបោះឆ្នោតឲ្យគណបក្សនយោបាយណា

ជឿថា ពលរដ្ឋម្ចាស់ឆ្នោតដែលត្រូវការផ្លាស់ប្តូររបបដឹកនាំសព្វថ្ងៃ ប្រាកដជាអាចធ្វើបានតាមជំហរអន្តរជាតិ ៕

loading...

Leave a comment