អង្គការ​សហប្រជាជាតិនៅតែទាមទារឲ្យ​គណបក្ស​សង្គ្រោះជាតិចូលរួម​ការ​បោះឆ្នោត​ជាតិ​

មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ប្រញាប់​រក​ដំណោះស្រាយ​នយោបាយ ជា​បន្ទាន់​មួយ ដើម្បី​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ​នា​ពេល​ខាងមុខនេះ។ បើ​មិន​ដូច្នេះ​ទេ ការបោះឆ្នោត​នោះ នឹង​ត្រូវ​ចាត់ទុកថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។

អ្នករាយការណ៍​ពិសេស របស់​អង្គការសហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) សង្កត់ធ្ងន់​ថា “​គ្មាន​ការបោះឆ្នោត​ណាមួយ អាច​ចាត់ទុកថា ជា​ការ​ត្រឹមត្រូវ​បាន​ឡើយ ប្រសិនបើ​គណបក្សប្រឆាំង​ដ៏​ធំ​ជាងគេ​តែមួយ​គត់ ត្រូវ​បាន​ហាមឃាត់ មិន​ឲ្យ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​”។

ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ថ្ងៃ​ទី៣០ ខែ​មេសា នេះ អ្នកស្រី រ៉ូណា ស្មី​ត រម្លឹក​របប​លោក ហ៊ុន សែន ថា ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​គោរព​គោលការណ៍ ប្រជាធិបតេយ្យ​សេរី​ពហុបក្ស គឺ​ទាល់តែ គោរព​សិទ្ធិ​ប្រជាពលរដ្ឋ ក្នុង​ការ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ ហើយ​អ្នក​កាន់អំណាច​សព្វថ្ងៃ​នៅ​មាន​ឱកាស​ចុងក្រោយ ដើម្បី​ពិចារណា​ឡើងវិញ នូវ​ចំណាត់ការ​របស់​ខ្លួន ដោយ​ប្រញាប់​ដោះលែង មេដឹកនាំ​គណបក្សប្រឆាំង និង​លុបចោល​បម្រាម ដែល​ហាម​សិទ្ធិ​នយោបាយ​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ហើយ​ត្រូវតែ​ងាក​មក​ផ្លូវ​ត្រូវ​តាម​គន្លង​នៃ​រដ្ឋធម្មនុញ្ញ ដែល​ធានា​ឲ្យ​មានការ​បោះឆ្នោត​មួយ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ពោល​គឺ​ត្រូវ​ធានា​ធ្វើ​យ៉ាងណា ឲ្យ​គណបក្ស​នយោបាយ​ទាំងអស់ មាន​សិទ្ធិ និង​សេរីភាព ក្នុង​ការចូលរួម​ប្រកួតប្រជែង ដោយ​ស្មើភាព​គ្នា។

សេចក្តី​ប្រកាស​ព័ត៌មាន របស់​អ្នករាយការណ៍​ពិសេស ដែល​ធ្វើឡើង​នៅ​ថ្ងៃ​ដំបូង នៃ​ថ្ងៃ​ដែល​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (គ.ជ.ប​) ចាប់ផ្ដើម​ចុះបញ្ជី​គណបក្ស​នយោបាយ និង បេក្ខជន ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជាតិ​នេះ គឺជា​សារ​មួយ​រំលឹក​ដល់​របប​លោក ហ៊ុន សែន ឲ្យ​ប្រញាប់​រក​ដំណោះស្រាយ​នយោបាយ​ជាបន្ទាន់ និង​ឥត​បង្អង់​យូរ ព្រោះ​ពេលវេលា​សម្រាប់​ចុះបញ្ជី​គណបក្ស​នយោបាយ និង​បេក្ខជន​នេះ មាន​តែ ១៥ ថ្ងៃ​ប៉ុណ្ណោះ។ ផុត​ពី​នេះ គណបក្ស​នយោបាយ និង​បេក្ខជន​ឈរ​ឈ្មោះ នឹង​ខកពេល​ក្នុង​ការ​ចូលរួម​ប្រកួត ការ​បោះឆ្នោត​ជាតិ​ខាងមុខ ជាមិនខាន។

ជា​ចុងក្រោយ អ្នកស្រី រ៉ូណា ស្មីត បន្ថែម​ថា ការបោះឆ្នោត​ដែល​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គឺ​ទាល់តែ​របប​លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់ ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន និង​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប មាន​សិទ្ធិ​ជជែក​ដេញដោល​គ្នា និង​បញ្ចេញមតិ​ពិភាក្សា កិច្ចការ​នយោបាយ ដោយ​ចំហ និង​សេរី។

ជំហរ​របស់​អ្នករាយការណ៍​ពិសេស គឺ​ស្របគ្នា​ទៅ​នឹង​ជំហរ​របស់​សហគមន៍​អន្តរជាតិ រួមមាន​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ដែល​សុទ្ធតែ​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ងាក​មក​ស្ដារ​ ដំណើរ​ប្រជាធិបតេយ្យ នៅ​កម្ពុជា​ឡើង​វិញ ក្រោយ​របប​នេះ​បាន​បំផ្លាញ​វា​យ៉ាង​ដំណំ ដោយសារតែ​ការ​ចាប់​លោក កឹម សុខា ប្រធាន​គណបក្សប្រឆាំង​ដាក់​ពន្ធនាគារ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​បំបិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ក្នុង​ការ​ជួបជុំ​ជាដើម។

ចំណែក​ឯ​ប្រទេស​ជប៉ុន ដែល​នៅតែ​បន្ត​ជួយ​ដល់​គ.ជ.ប ក៏​បារម្ភ​អំពី​ការបោះឆ្នោត​ដែល​គ្មាន​វត្តមាន​គណបក្សប្រឆាំង​នេះ​ដែរ និង​សំណូមពរ ដដែល​ជា​ដែល ឲ្យ​របប​លោក ហ៊ុន សែន រៀបចំ​ការ​បោះឆ្នោត​ជាតិ​ខាងមុខ ឲ្យ​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​មាន​ការចូលរួម​ពី​គ្រប់​ភាគី រួម​ទាំង​គណបក្សប្រឆាំង​តែមួយគត់ ដែល​មាន​អាសនៈ​នៅ​រដ្ឋសភា មុន​បក្ស​កាន់អំណាច​រម្លាយ​ចោល៕ អាស៊ីសេរី

Leave a comment