កូនខ្លាតំណាងឪពុកកំពុងតែដើរជួសមុខឪពុកបណ្តើរ ៗ មិនយូរទេ នឹងក្លាយជាឪខ្លា

អ្នកវិភាគ​នយោបាយ​សង្កេត​ឃើញ​ថា មេ​យោធា​ជាន់ខ្ពស់ និង​ជា​កូន​លោក​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត កំពុង​ដើរ​តួនាទី​ជំនួស​ឪពុក​លោក​ដឹកនាំ​កម្ពុជា ជា​ជា​បណ្ដើរៗ​ហើយ។ លោក ហ៊ុន ម៉ាណែត កំពុង​ក្ដោបក្ដាប់​ការងារ​សំខាន់ៗ​នៅ​ក្នុង​ជួរ​កងទ័ព កិច្ច​ការងារ​នយោបាយ ចុះ​ស្វែងរក​ការ​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ​ក្នុងស្រុក និង​បរទេស​ជាដើម។ និយាយ​រួម​គឺ​លោក កំពុង​ដឹកនាំ​យុទ្ធសាស្ត្រ​ឲ្យ​ឪពុក​លោក និង​គណបក្ស​កាន់អំណាច​អាច​បន្ត​ដំណែង​ទៅ​មុខ​ទៀត។

loading...

លោក ហ៊ុន ម៉ាណែត បាន​ធ្វើ​សកម្មភាព​ច្រើន លើសលប់​បើ​ធៀប​ទៅ​នឹង​កូនប្រុស លោក ហ៊ុន សែន ពីរ​នាក់​ផ្សេងទៀត ដែល​មាន​តួនាទី​សំខាន់​ក្នុង​ជួរ​កងទ័ព និង​រដ្ឋសភា​ដែរ។ មន្ត្រី​គណបក្ស​ប្រឆាំង​យល់ថា លោក ហ៊ុន ម៉ាណែត អាច​នឹង​ស្នង​ដំណែង​ឪពុក​លោក​ទៅ​ថ្ងៃ​អនាគត ដូច​ប្រទេស​ផ្ដាច់ការ​កូរ៉េ​ខាងជើង ប៉ុន្តែ​ព្រមាន​ថា ការ​ស្នង​ដំណែង​តាម​ប្រទេស​ផ្ដាច់ការ នឹង​បណ្ដាល​ឲ្យ​មាន​ការ​តវ៉ា​ប៉ះ​បោល​ក្នុង​បក្ស​កាន់អំណាច​ផង និង​ពលរដ្ឋ​ខ្មែរ​ផង។

loading...

អ្នកវិភាគ​ព្រមាន​ថា លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​បេក្ខជន​តែមួយគត់ ដែល​នឹង​អាច​ស្នង​ដំណែង​ឪពុក​លោក ដែល​ជា​មេដឹកនាំ​ចាស់​វស្សា​បាន​ដឹកនាំ​កម្ពុ​ជាជាង​៣០​ឆ្នាំ​មកនេះ។ អ្នកវិភាគ​និង​ពលរដ្ឋ​ធ្លាប់​សំដែង​ការ​អស់​សង្ឃឹមថា និស្សិត​ដែល​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ខាងលិច​មួយ​រូប​នេះ នឹង​បាន​រៀន​សូត្រ​ពី​លទ្ធិប្រជាធិបតេយ្យ​ពី​ស្រុក​គេ ដើម្បី​ប្រែក្លាយ​កម្ពុជា​ឲ្យ​រីកចម្រើន។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ និយាយ​ថា ក្រុម​អ្នកកាន់អំណាច​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ព្យាយាម​តែងតាំង​សែស្រឡាយ ឬ​កូនចៅ​របស់​ខ្លួន​កាន់​ការងារ​របស់​ខ្លួន​ដោយ​មិន​ប្រគល់​ទៅ​ឲ្យ​អ្នកណា​ផ្សេង​នោះ​ទេ។ ជាងនេះទៅទៀត លោក​សង្កេត​ឃើញ​ថា នៅ​រយៈពេល​ចុងក្រោយ​នេះ លោក ហ៊ុន ម៉ាណែត ស្ទើរតែ​ដើរតួ​ជា​នាយករដ្ឋមន្ត្រី ដឹកនាំ​ប្រទេស​ទាំង​ផ្នែក​យោធា និង​នយោបាយ​ក្នុងស្រុក និង​បរទេស។

អ្វី​ដែល​អ្នកវិភាគ​កំពុង​មើល​ឃើញ​ថា លោក ហ៊ុន ម៉ាណែត កំពុង​បោះជំហាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​កម្ពុជា​នោះ រួមមាន​ដូចជា ការ​ចេញ​មុខ​ទៅ​ចរចា​ស្វែងរក​ដំណោះស្រាយ​នៅ​ប្រទេស​ប្រទេស​ជប៉ុន ជំនួស​ឪពុក​លោក ការស្វែងរក​ទិញ​ទឹកចិត្ត សកម្មជន​សិទ្ធិមនុស្ស និង​គណបក្សប្រឆាំង​ទាំង​នៅ​ក្នុង​ស្រុក និង​បរទេស​ជាដើម។

អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត មាស នី យល់​ថា សកម្មភាព​ទាំងនេះ​ទំនង​ជា​តម្រុយ​មួយ​បង្ហាញ​ថា លោក ហ៊ុន ម៉ា​ណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ទៅ​ថ្ងៃ​អនាគត។

លោក បណ្ឌិត មាស នី យល់ថា នៅ​ថ្ងៃ​ខាងមុខ​ទោះបី​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ដាក់​បេក្ខភាព លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី ប៉ុន្តែ​ឪពុក​លោក ដែល​ស្រលាញ់​សរសើរ​មិន​ដាច់​ពី​មាត់​នោះ នឹង​អាច​ស្នើ​ឡើង​ដោយ​ខ្លួនឯង​តែម្ដង។ សព្វថ្ងៃ​នេះ​កូនប្រុស​លោក​ពីរ​នាក់​ផ្សេងទៀត ទោះបី​មិនមែន​ជា​អ្នក​អាច​ស្នង​ដំណែង​ឪពុក​ក៏ដោយ ក៏​ពួកគេ​កាន់កាប់​ដំណែង​ក្នុង​រដ្ឋសភា និង​នាយក​ផ្នែក​ស៊ើបការណ៍​សំងាត់​របស់​ក្រសួង​ការពារជាតិ ដែល​អាច​ជា​ជំនួយ​ទ្រទ្រង់ ការ​ឡើង​ដំណែង​លោក ហ៊ុន ម៉ាណែត ដែរ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បដិសេធ​ព័ត៌មាន​ដែល​លើកឡើង​ថា លោក ហ៊ុន សែន កំពុង​រៀបចំ លោក ហ៊ុន ម៉ាណែត ធ្វើ នាយករដ្ឋមន្ត្រី​ទៅ​ថ្ងៃ​អនាគត។ លោក សុខ ឥសាន អះអាង​ថា គ្មាន​បុគ្គល​ណាមួយ​អាច​តែងតាំង​ជា​បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី​ដោយ​ស្វ័យប្រវត្តិ​នោះ​ទេ​នៅ​ក្នុង​គណបក្ស។ បេក្ខជន​នាយករដ្ឋមន្ត្រី ត្រូវ​ជ្រើសរើស ផ្អែក​ទៅ​លើ​គុណសម្បត្តិ​របស់​បុគ្គល ហើយ​នឹង​ធ្វើឡើង​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​បក្ស​តាមរយៈ​មហាសន្និបាត​បក្ស។

ផ្ទុយ​ពី​ការ​លើកឡើង​របស់ លោក សុខ ឥសាន លោក ហ៊ុន សែន ធ្លាប់​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោក​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី មួយ​គ្មាន​ពីរ​នៃ​របប​លោក​គ្រប់គ្រង។ ទោះបី​គណបក្ស​កាន់អំណាច​មាន​មន្ត្រី​សំខាន់ៗ​មាន​បទពិសោធន៍​ការងារ​ច្រើន​ក៏ដោយ ក៏​លោក ហ៊ុន សែន មិនដែល​ហ៊ាន​បញ្ចេញ​ឈ្មោះ​មន្ត្រី​ទាំង​នោះ​ដែរ។ សង្គម​ស៊ីវិល​ធ្លាប់​លើកឡើង​ថា រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង សុទ្ធ​សឹង​ជា​បេក្ខជន​ល្អ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី ដែល​អាច​ធ្វើ​កំណែទម្រង់​គណបក្ស​កាន់អំណាច​បាន​ទៅ​ថ្ងៃ​អនាគត។

កាល​ពី​ដើម​ឆ្នាំ​២០១៨ នេះ លោក ហ៊ុន សែន ទើបតែ​បញ្ចូល​ឈាម ថ្មី​របស់​លោក​ទៅ​ក្នុង​បក្ស​ដែល​ពួកគេ​មាន​សិទ្ធិ​ចូលរួម​សម្រេច​អ្វីមួយ​នៅ​ក្នុង​អង្គ​សន្និបាត​គណបក្ស។ ក្នុង​សន្និបាត​វិសាមញ្ញ​របស់​បក្ស លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ចូល​កម្លាំង​ថ្មី​រាប់រយ​នាក់​ក្នុង​សមាជិក​មជ្ឈិមបក្ស។ យុទ្ធសាស្ត្រ​នេះ អាច​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ទទួល​បាន​ការ​គាំទ្រ​ក្នុង​បក្ស បើសិនជា​មានការ​បោះឆ្នោត​ក្នុង​បក្ស ដើម្បី​ធ្វើការ​សម្រេចចិត្ត​ណាមួយ រាប់​តាំងពី​គោល​នយោបាយ​ប្រជែង​ក្នុង​ការ​បោះឆ្នោត និង​ការ​ជ្រើសតាំង​បេក្ខភាព​នាយករដ្ឋមន្ត្រី​ជាដើម​នោះ។

ទោះបីជា​យ៉ាងណាក៏ដោយ មន្ត្រី​គណបក្សប្រឆាំង​រំពឹង​ថា លោក ហ៊ុន ម៉ាណែត អាច​នឹង​ជួប​ឧបសគ្គ​ប្រសិនបើ​ឪពុក​លោក ប្រគល់​ដំណែង​ឲ្យ​នោះ។ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដែល​គណបក្ស​លោក​ត្រូវ​បាន​របប​លោក ហ៊ុន សែន រំលាយ ហើយ​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​យល់​ថា មាន​មូលហេតុ​ពីរ​ដែល​រាំង​ខ្ទប់​ផែនការ​លោក ហ៊ុន សែន មិន​ឲ្យ​លោក​ប្រគល់​ដំណែង​លោក​ទៅ​ឲ្យ​កូនប្រុស​លោក គឺ​សមាជិក​ក្នុង​បក្ស​មិន​យល់ព្រម និង​ហេតុផល​មួយទៀត​គឺ​ពលរដ្ឋ​នឹង​មិន​យល់ព្រម​នោះ​ទេ ព្រោះ​ប្រទេស​កម្ពុជា មិនមែន​ជា​របស់​គ្រួសារ​លោក ហ៊ុន សែន ឡើយ។ លោក​បន្ត​ថា ទោះ​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​កន្លងមក គេ​មិនបាន​និយាយ​ពី​ផែនការ​គ្រប់គ្រង​អំណាច​ត្រកូល​ហ៊ុន ប៉ុន្តែ​មិន​ប្រាកដ​ពួកគេ​គាំទ្រ​នោះ​ទេ។

លោក ហ៊ុន ម៉ាណែត ជា​អតីត​និស្សិត​ជាន់ខ្ពស់​សាលា​បណ្ឌិត​សភា​យោធា​សហរដ្ឋ អាមេរិក West Point Academy ដែល​បាន​ទទួល​អាហារូបករណ៍​ពី​អាមេរិក។ លោក​ជា​ឧត្ដមសេនីយ៍​ផ្កាយ​៣ កាន់​តំណែង​ជា​អគ្គ​មេបញ្ជាការ​រង​កងទ័ព​ជើងគោក ជា​មេបញ្ជាការ​រង​កង​អង្គរក្ស ជា​មេបញ្ជាការ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​នាយរង​សេនាធិការ​ចម្រុះ នៃ​កងយោធពលខេមរភូមិន្ទ។ រយៈពេល​ចុងក្រោយ​នេះ លោក ហ៊ុន ម៉ាណែត បាន​ប្រែក្លាយ​ជា​យុវជន ដែល​គេ​រំពឹង​ថា អាច​ជួយ​ឪពុក​លោក​ឲ្យ​ដើរ​ផ្លូវ​ត្រូវ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​នោះ ឥលូវ​នេះ កំពុង​បង្កើត​ករណី​ចម្រូងចម្រាស​ជាច្រើន​ករណី។ កាលពី​ឆ្នាំ​២០១៦ ពេល​លោក ហ៊ុន ម៉ាណែត មាន​វត្ត​មាននៅ​អាមេរិក​ដើម្បី​ស្វែងរក​ការ​គាំទ្រ​បក្ស​កាន់អំណាច និង​ឪពុក​លោក​នោះ អង្គរក្ស​លោក​បាន​ប្រើប្រាស់​អំពើ​ហិង្សា​វាយប្រហារ​លើ​ស្មៀន​រត់​លិខិតស្នាម​ម្នាក់​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់។ បញ្ហា​នេះ បណ្ដាល​ឲ្យ​លោក ហ៊ុន ម៉ាណែត មិន​ទាន់​ហ៊ាន​ធ្វើដំណើរ​មក​អាមេរិក​វិញ​នោះ​ទេ ពីព្រោះ​ករណី​កម្ពុជា​ឋិត​នៅ​ក្នុង​កណ្ដាប់​ដៃ​តុលាការ​ឯករាជ។

លោក ហ៊ុន សែន ដែល​អះអាង​ថា លោក​ផ្ទាល់ ជា​ស្ដេច​កន​ចាប់ជាតិ​នោះ ធ្លាប់​តំណាល​អួតអាង​គេឯង​ថា លោក ហ៊ុន ម៉ាណែត អាច​ជា​កូន​អ្នកតា​អញ្ចាញកោះថ្ម ដែល​អ្នកភូមិ​កោះ​ថ្ម ស្រុក​មេមត់ ខេត្ត​កំពង់ចាម ជឿ​ថា មាន​បារមី​ខ្លាំងពូកែ​មក​ចាប់កំណើត​ជាមួយ​នឹង​ភរិយា​លោក។ លោក​អះអាង​ទៀត​ថា ការដែល​លោក​ហ៊ាន​សន្និដ្ឋាន​បែបនេះ ត្បិត​ពេល​ដែល​កូនប្រុស​លោក​ចាប់កំណើត មាន​ពន្លឺ​ចែងចាំង​មួយ​ហោះ​ចេញ​ពី​ដើម​ពោធិ៍ នៃ​ខ្ទម​អ្នកតា​អញ្ចាញកោះថ្មនោះ រំលង​ផ្ទះ​របស់​លោក។

ទោះបី​លោក ហ៊ុន ម៉ាណែត មាន​សញ្ញាប័ត្រ​បណ្ឌិត​មក​ពី​ស្រុក​ប្រជាធិបតេយ្យ​ក្ដី ប៉ុន្តែ​លោក​ដើរ​មិន​ឆ្ងាយ​ពី​គន្លង​របស់​ឪពុក​លោក​ទេ ដូច​ពាក្យចាស់​លោក​ពោល​ថា ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់។ លោក ហ៊ុន ម៉ាណែត តែង​និយាយ​ទៅ​ណា​មិន​ឆ្ងាយ​ពី​គុណបំណាច់ ថ្ងៃ​៧​មករា ដែល​ឪពុក​លោក​ធ្លាប់​ជា​អតីត​ទាហាន​ខ្មែរក្រហម ក្រោម​ការ​ជ្រោមជ្រែង​ពី​វៀតណាម បាន​រំដោះ​ពលរដ្ឋ​ខ្មែរ​ពី​របប​ប្រល័យពូជសាសន៍។ លោក​ក៏​មិន​ភ្លេច​ពី​រំលឹក​គុណសម្បត្តិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លើ​កម្ពុជា។ មនុស្ស​ធ្លាប់​ស្គាល់ និង​និយាយ​ជាមួយ​លោក​អះអាង​ថា លោក ហ៊ុន ម៉ាណែត អាច​ដឹកនាំ​ប្រទេស​ផ្ដាច់ការ​ជាង​ឪពុក​លោក​ទៅទៀត​ទៅ​ថ្ងៃ​អនាគត៕ អាស៊ីសេរី

loading...

Leave a comment