សង្កេតឃើញកូនខ្មែរ ៩៩ % ធ្លាប់ឮពាក្យថា កុលសម្ពន្ធ ប៉ុន្តែមិនដឹងឫសគល់នៃពាក្យនេះទេ ចឹងទេ កុំអូសរំលង អានភ្លាម ដឹងភ្លែត

កុលសម្ពន្ធ – ជនជាតិដើម – ជនជាតិភាគតិច

១- អំពី«កុលសម្ពន្ធ»

អត្ថបទមុន ខ្ញុំបានរៀបរាប់ អំពីអ្វីដែលហៅថា « ជាតិ » ។
អត្ថបទខាងក្រោមនេះ អំពី ៖ កុលសម្ព័ន្ធ – ជនជាតិដើម – ជនជាតិភាគតិច គឺជា ភាគបន្តអំពីអត្ថបទមុន គឺ«ជាតិ» ។ យល់អំពីខ្លឹមសារ នៃអត្ថបទទាំងពីរ «ជាតិ» និង «កុលសម្ព័ន្ធ…» ជាជំនួយមូលដ្ឋាន ឲ្យងាយយល់អំពី ប្រវត្តិសាស្ត្រ សង្គមសាស្ត្រ និង ដំណើរវិវត្តិន៍ នៃអរិយធម៌ ។

កុលសម្ព័ន្ធ = កុល(វង្សត្រកូល) + សម្ព័ន្ធ(ចំណង ឬ ការចងភ្ជាប់)

កុលសម្ពន្ធ គឺជា សង្គមមនុស្សសម័យដើម ដែលកកើតឡើង តាមរបៀបធម្មជាតិ ឬ ច្បាប់ធម្មជាតិ ។ ចំណងធម្មជាតិ ដែលផ្សារភ្ជាប់ ចងក្រងបង្កើតជា «កុលសម្ពន្ធ» គឺភាសា ។
មនុស្សក្នុងកុលសម្ព័ន្ធមួយ និយាយភាសាតែមួយ ។

… រយឆ្នាំ ពាន់ឆ្នាំ មនុស្សបង្កើតកូន បង្កើតចៅ កាន់តែច្រើន … កុលសម្ពន្ធអាចបំបែក ជាពីរ ជាបី ឬ ជាច្រើនបំណែក ។ ដោយការឃ្លាតគ្នាឆ្ងាយ នៃពេលវេលា និង កន្លែងរស់នៅ ភាសានិយាយ ក៏មានការវិវត្តន៍ រៀងៗខ្លួន ពីខុសគ្នាតិច ទៅខុសគ្នាខ្លាំង រហូតដល់ខុសគ្នាស្រឡះ តែម្តង ។ ដូច្នេះហើយ បានជាកុលសម្ព័ន្ធ ឬ ប្រទេសជាតិ ដែលនៅក្បែរគ្នា ច្រើនមានភាសានិយាយ ស្រដៀងគ្នា … កុលសម្ព័ន្ធ ដែលនៅឆ្ងាយគ្នា ភាសានិយាយ កាន់តែខុសគ្នាឆ្ងាយ ។

មនុស្សគ្រប់ជាតិសាសន៍ ក្នុងលោក សុទ្ធតែមានបុព្វបុរស … ក្នុងអតីតកាល ដ៏យូរលង់ណាស់មកហើយ ចេញអំពីកុលសម្ព័ន្ធ ណាមួយ ។ មុនទទួល អរិយធម៌អំពីឥណ្ឌា … មុនមានឈ្មោះ កម្ពុជា … ខ្មែរ ក៏ជា«កុលសម្ព័ន្ធ» មួយដែរគឺ «កុលសម្ព័ន្ធខ្មែរ» ។

អាចនិយាយបានថា គ្រប់កុលសម្ព័ន្ធ សុទ្ធតែមាន អតីតកាល ក្នុង«បុរេប្រវត្តិ» ។

កុលសម្ព័ន្ធ« ខ្មែរ-មន-ព្នង »

ជនជាតិទាំងបី មានភាសានិយាយ ដែលស្ថិតក្នុងអំបូរខ្មែរ-មន តែមួយ ។ ដូច្នេះ ជាកុលសម្ព័ន្ធ ដែលអាច មានបុរេប្រវត្តិរួមគ្នា តាំងពីយូរលង់ ណាស់មកហើយ(មុនបែកភាសាគ្នា) ។
មន និង ខ្មែរ បានទទួលអរិយធម៌អំពីឥណ្ឌា មានសាសនា មានអក្សរប្រើ ហើយកកើត ជាប្រទេសជាតិមួយ ។ ប៉ុន្តែ ជនជាតិមន បានបាត់បង់ ទឹកដីរបស់ខ្លួន តាំងពីសតវត្សរ៍វ១៥/១៦ ហើយសព្វថ្ងៃ ក្លាយជា ជនជាតិភាគតិច នៃប្រទេសថៃ និងប្រទេសភូមា ។

សូមបញ្ជាក់ថា ប្រទេសភូមា បានទទួលអរិយធម៌ ស្ទើរតែ ១០០ភាគរយ អំពីជនជាតិ មន ។ ចំណែកកុលសម្ព័ន្ធ«ព្នង» មិនបានទទួលអរិយធម៌ អំពីឥណ្ឌាទេ … ពុំមានអក្សរប្រើ ហើយក៏បាន រស់នៅក្នុងភាព កុលសម្ព័ន្ធ រហូតដល់សព្វថ្ងៃ ។ យើងអាចនិយាយបានថា កុលសម្ព័ន្ធព្នង ជាកុលសម្ព័ន្ធ ដ៏ធំមួយ ។ កាលពីក្នុងសម័យបុរេប្រវត្តិ អាចធំជាង កុលសម្ព័ន្ធ ខ្មែរផង ។ ដោយទន់ខ្សោយ ផ្នែកប្រព័ន្ធរដ្ឋបាល … ដោយមិនមានអរិយធម៌ កុលសម្ព័ន្ធព្នង បានស្ថិតនៅក្នុង ភាពនគរចំណុះ របស់ក្រុងអង្គរ ជារៀងរហូត ប៉ុន្តែដោយជា កុលសម្ព័ន្ធដ៏ខ្លាំងមួយ ជនជាតិព្នង បានរក្សាប្រពៃណី និង បន្តការរស់នៅ លើទឹកដីរបស់ខ្លួន ប្រកបដោយសុខសន្តិភាព រហូតមកទល់ ១៩៧០ … មុនពេលនេះ ខ្មែរតិចតួចណាស់ ដែលរស់នៅលើទឹកដីព្នង ។

កុលសម្ព័ន្ធខ្មែរ មានវាសនាល្អជាងកុលសម្ព័ន្ធ មន និង ព្នង ដែលនៅមានប្រទេស ដល់សព្វថ្ងៃ … ប៉ុន្តែ ពុំមានចម្លើយប្រាកដ ក្នុងពេលអនាគត ទេ

២- អំពី« ជនជាតិដើម និង ជនជាតិភាគតិច »

ពាក្យទាំងពីរ អាចមានន័យ ដូចគ្នាខ្លះ ខុសគ្នាខ្លះ ។ ជនជាតិមន សព្វថ្ងៃជាជនជាតិ ភាគតិចនៅប្រទេសថៃ ប៉ុន្តែមិនមែន ជាជនជាតិដើម នៃប្រទេសថៃទេ (ជាជនជាតិដើម លើទឹកដីដែលគាត់រស់នៅ មានន័យថាមួយភាគ នៃទឹកដីថៃ) ។ ជនជាតិ អាបូរីហ្សែន ជាជនជាតិដើម នៃប្រទេសអូស្ត្រាលី ហើយអាចរាប់ថាជា ជនជាតិភាគតិចដែរ …

៣ – កុលសម្ព័ន្ធ នៅក្នុងពិភពលោក ៖

នៅទ្វីបអាសុី ៖ ទ្វីបអាសុី មានមនុស្សរស់នៅ ច្រើនជាងគេទាំងអស់ ។ បានផ្តល់អរិយធម៌ធំពីរ គឺចិន និង ឥណ្ឌា … មានអក្សរប្រើ តាំងពីយូរណាស់មកហើយ ។

នៅទ្វីបអឺរ៉ុប ៖ អរិយធម៌ក្រិក ដែលផ្សព្វផ្សាយនៅទ្វីបអឺរ៉ុប បានចាប់ផ្តើមក្រោយ អរិយធម៌អាសុី (ចិន+ឥណ្ឌា) ប៉ុន្តែប្រទេសទាំងឡាយ នៅទ្វីបអឺរ៉ុប មានការលូតលាស់ ព្រមៗគ្នា … រហូតដល់បច្ចុប្បន្ន មានតែជនជាតិភាគតិច មិននៅមានសល់កុលសម្ព័ន្ធ ទៀតឡើយ ។

នៅទ្វីបអាហ្វ្រិច ៖ ផ្ទុយអំពីទ្វីបអឺរ៉ុប … ទ្វីបអាហ្វ្រិច ជាទ្វីបនៃកុលសម្ព័ន្ធ ។ សូម្បីតែសព្វថ្ងៃ ភូមិសាស្ត្រ នៃទ្វីបអាហ្វ្រិច បែងចែកជាប្រទេស ជារដ្ឋ … មុនសម័យអាណានិគម ទ្ចីបអាហ្វ្រិក ស្ទីើរតែគ្មានអក្សរប្រើ ។ នេះលើកលែង ប្រទេសអេហ្សុីប ដែលមានអរិយធម៌ចំណាស់ ប្រទេសអេត្យូពី និងប្រទេសអារ៉ាប់មួយចំនួន ។

នៅទ្វីបអាមេរិច ៖ មុនការចូលទៅដល់ នៃពួកអឺរ៉ុប ទ្វីបអាមេរិកសម្បូរណ៍ ទៅដោយកុលសម្ព័ន្ធ សំខាន់ៗ

នៅអូស្ត្រាលី ៖ មុនការចូលទៅដល់ នៃពួកអង់គ្កេស … ជនជាតិដើមស្បែកខ្មៅ អាបូរីហ្សែន មានកុលសម្ព័ន្ធ ពាសពេញ ទឹកដីអូស្រ្តាលី ។

នៅទីផ្សេងទៀត ៖ តាមពិតមានមនុស្ស និង កុលសម្ព័ន្ធ រស់នៅពាស់ពេញពិភពលោក … សូម្បីតែនៅកោះ កណ្តាលមហាសមុទ្រ ដែលគេមិននឹកស្មានថា អាចទៅដល់បាន ។  អ្វីដែលខ្ញុំចង់លើក មកនិយាយនៅពេលនេះ គឺថា គ្រប់ប្រទេសជាតិក្នុងលោក សុទ្ធសឹងតែ មានប្រភពចេញអំពីកុលសម្ព័ន្ធ តែមួយ ឬ ច្រើនកុលសម្ព័ន្ធ ។

ហើយកុលសម្ព័ន្ធ ដែលសព្វថ្ងៃ ក្លាយជាជនជាតិដើម ឬ ជនជាតិភាគតិច ត្រូវតែទទួលការយកចិត្តទុកដាក់ អំពីរដ្ឋាភិបាល នៃប្រទេសដែលខ្លួនស្នាក់នៅ មិនត្រូវទទួលការមាក់ងាយ រំលោភសិទ្ធសេរីភាព ឡើយ ។ ជនជាតិភាគតិច ភាសា ទំនៀមទម្លាប់ និងវប្បធម៌ របស់ពួកគាត់ គឺជាបេតិកភ័ណ្ឌជាតិ និងជា បេតិកភ័ណ្ឌពិភពលោក ដែលត្រូវទំនុកបំរុង ថែរក្សា ។ Saveth Chea

Leave a comment